អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ប្រលង​បាក់​ឌុប​លើក​ទី​២​ជា​ឱកាស​សម្រាប់​សិស្ស​ប៊ិះ​ជាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​ទស្សនៈ​ជា​ច្រើន​ពី​ក្រុម​បញ្ញវន្ត​ ហាក់​ស៊ី​សង្វាក់​គ្នា​ថា ​ការ​ត្រៀម​ប្រលង​បាក់​ឌុប​លើក​ទី​២​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ពាក់​កណ្តាល​ខែ​តុលា​ខាង​មុខ​ នឹង​មិន​សង្ឃឹម​ថា​ សិស្ស​អាច​ត្រៀម​លក្ខណៈ​បាន​ល្អ​ជា​ទូទៅ​ឡើយ។​ ពេល​វេលា​ដ៏​ខ្លី​រួម​ផ្សំ​នឹង​សិស្ស​ខ្វះ​មូល​ដ្ឋាន​គ្រឹះ​ផង​នោះ​នឹង​ជម្រុញ​ឲ្យ​សិស្ស​នៅ​តែ​ជាប់​តិច​តួច​ដូច​ជា​ការ​ប្រលង​លើក​ទី​មួយ​ដែរ​ ពោល​គឺ​ការ​ប្រលង​លើក​ទី​២​នេះ ​គ្រាន់​តែ​ជា​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្ស​ដែល​មាន​ពិន្ទុ​ប៊ិះជាប់​នៅ​ក្នុង​ការ​ប្រលង​លើក​ទី​១​ប៉ុណ្ណោះ ​តែ​សិស្ស​ដែល​ខ្សោយ​ជា​ប្រពៃណី​ទៅ​ហើយ​នោះ ​មិន​មាន​ចំណុច​ណា​មួយ​ជា​ការ​សង្ឃឹម​នោះ​ទេ។

វិស័យ​​អប់​រំ​ដែល​​ជា​មូល​ដ្ឋាន​​គ្រឹះ​​សម្រាប់​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​​ដើម្បី​កសាង​ជាតិ​ទៅ​ជំនាន់​ក្រោយ​​កំពុង​ស្ថិត​​ក្នុង​​ស្ថាន​ភាព​​មិន​​សូវ​​មាំ​ទាំឡើ​យ​​។​
វិស័យ​​អប់​រំ​ដែល​​ជា​មូល​ដ្ឋាន​​គ្រឹះ​​សម្រាប់​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​​ដើម្បី​កសាង​ជាតិ​ទៅ​ជំនាន់​ក្រោយ​​កំពុង​ស្ថិត​​ក្នុង​​ស្ថាន​ភាព​​មិន​​សូវ​​មាំ​ទាំឡើ​យ​​។​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ការ​ប្រលង​សញ្ញាបត្រ​ទុតិយភូមិ​ឬ​ប្រលង​បាក់​ឌុប​លើក​ទី​២​ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួង​អប់​រំ​ជាតិ​នោះ ​វា​ហាក់​ដូច​ជា​ស៊ី​គ្នា​ទៅ​នឹង​សុភាសិត​បុរាណ​ខ្មែរ​មែន​ទែន​ ដែល​ថា​«ក្របី​បាត់​ទើប​ធ្វើ​របង​ ដល់​ពេល​ប្រលង​ទើប​ខំ​រៀន»​។

តាម​រយៈ​សុភាសិត​នេះ ​ភាគ​ច្រើន​នៃ​កូន​សិស្ស​ខ្មែរ​បាន​បើក​ចំហរ​របង​របស់​ពួក​គេ​ជាង​១០​ឆ្នាំ​មក​ហើយ​ ហើយ​ទើប​តែ​ឆ្នាំ​ចុង​ក្រោយ​របស់​គេ​ទេ​ទើប​ពួក​គេ​ចាប់​ផ្តើម​ស្វះ​ស្វែង​រក​ឈើ​មក​ធ្វើ​របង ​ក៏​ប៉ុន្តែ​អ្វី​ៗ​បាន​បាត់​បង់​រួច​ទៅ​ហើយ​ រួម​ទាំង​ក្របី​ ដែល​ជា​ទ្រព្យ​ដ៏​ចាំ​បាច់​ក្នុង​ការ​ជួយ​ទៅ​ដល់​ជីវភាព​ស្រែ​ចំការ​ផង​ដែរ។

តើ​ការ​អនុញ្ញាត​ឲ្យ​ប្រលង​បាក់​ឌុប​ជា​លើក​ទី​២​ ដោយ​គ្រាន់​តែ​ត្រៀម​លក្ខណៈ​ត្រឹម​តែ​មួយ​ខែ​កន្លះ​នោះ ​វា​មាន​សារៈ​សំខាន់​ជា​ទូទៅ​បែប​ណា​ខ្លះ?​ ពិត​ជា​មាន​តិច​តួច​ណាស់ ​ដោយ​សារ​អ្វី​ៗ​វា​ហួស​ពេល​អស់​ទៅ​ហើយ​ កុំ​ថា​ឡើយ​មាន​ប្រលង​លើក​ទី​ពីរ​ សូម្បី​ទី​បី ​ឬ​ទី​ច្រើន​ជាង​នេះ ​ក៏​ហួស​ដែរ​ ដោយ​សារ​តែ​មិន​មាន​មូល​ដ្ឋាន​គ្រឹះ​ពី​ថ្នាក់​ក្រោម​មក។

ក្រុម​សាស្ត្រាចារ្យ​ និង​អ្នក​ជំនាញ​ខាង​ការ​សិក្សា​អប់រំ​ បាន​យល់​ដូច​ៗ​គ្នា​ថា ​មិន​មាន​ឱកាស​ច្រើន​ទៀត​ទេ​ ហើយ​សំណាង​ក៏​គ្មាន​សេស​សល់​សំណាង​អ្វី​ដែរ​សម្រាប់​សិស្សា​នុសិស្ស​ដែល​មិន​បាន​ប្រឹង​ប្រែង​ ចាក់​គ្រឹះ​របស់​ខ្លួន​ឲ្យ​បាន​រឹង​មាំ​តាំង​ពី​ថ្នាក់​ក្រោម​មក។

ការ​ចង្អុល​បង្ហាញ​ផ្លូវ​ឲ្យ​រៀន​ត្រៀម​ ដោយ​ក្រសួង​អប់​រំ​ចាប់​តាំង​ពី​ប្រកាស​លទ្ធផល​នៃ​ការ​ប្រលង​លើក​ទី​មួយ ​កាល​ពី​ដំណាច់​ខែ​មុន​ មិន​មាន​ឥទ្ធិពល​សម្រាប់​សិស្ស​ដែល​មិន​បាន​ត្រៀម​ខ្លួន​ឯង​កាល​ពី​១០​ឆ្នាំ​មក​ហើយ​នោះ​ទេ។​តែ​វា​មាន​ប្រយោជន៍​សម្រាប់​សិស្សានុសិស្ស​ ដែល​ប្រលង​ធ្លាក់​លើក​ទី​១ ​មួយ​ចំនួន​ដែល​បាន​ពិន្ទុ​ប៊ិះ​ជាប់។

មាន​ន័យ​ថា​ពួក​គេ​ក៏​ជា​សិស្ស​ដែល​រៀន​គ្រាន់​បើ​នៅ​ក្នុង​ថ្នាក់​ដែរ​ ក៏​ប៉ុន្តែ​គេ​អាច​ភ្លាត់​ស្នៀត​ម្តង​ម្កាល។​ដូច្នេះ​ការ​ភ្លាត់​ស្នៀត​របស់​ពួក​គេ​ដោយ​នឹក​ស្មាន​មិន​ដល់​ ការ​ប្រលង​លើក​ទី​២​ក៏​អាច​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្ស​ប្រភេទ​នេះ​លុប​លាង​នូវ​បរាជ័យ​របស់​ពួក​គេ​ ដោយ​គ្រាន់​តែ​បំពេញ​បន្ថែម​បន្តិច​បន្ទួច​ប៉ុណ្ណោះ​នូវ​អ្វី​ដែល​ពួក​គេ​ខ្វះ​ខាត​ កាល​ពី​ប្រលង​លើក​មុន​ គេ​ក៏​នឹង​អាច​ក្លាយជា​បេក្ខជន​ជ័យ​លាភី​ផង​ដែរ​នៅ​ថ្ងៃ​ទី​១៣​ខែ​តុលា​ខាង​មុខ​នេះ។

ផ្ទុយ​ទៅ​វិញ​ចំពោះ​សិស្ស​ដែល​មិនបា​ន​ត្រៀម​ខ្លួន​ពី​តូច​មក​នោះ ​គឺ​ចប់​ហើយ​ ហើយ​មាន​តែ​ពាក្យ​ស្តាយ​ក្រោយ​ប៉ុណ្ណោះ។​ នេះ​មិន​មែន​ជា​ការ​បំបាក់​ស្មារតី​យុវជន​ខ្មែរ​នោះ​ទេ ​ក៏​ប៉ុន្តែ​ការ​ទាញ​សម្មិតកម្ម​ទាំង​អម្បាល​មាន​ខាង​លើ ​គឺ​ដោយ​ផ្អែក​ទៅ​លើ​លក្ខណៈ​វិទ្យាសាស្ត្រ ​និង​ស្ថានភាព​ជាក់​ស្តែង​របស់​នៃ​ការ​សិក្សា​នៅ​ប្រទេស​កម្ពុជា។

ជា​មួយ​នឹង​ការ​បត់​បែន​នឹក​ស្មាន​មិន​ដល់​លើ​វិស័យ​អប់រំ​បែប​នេះ ​មិន​មែន​ធ្វើ​ឲ្យ​សិស្ស​មួយ​ចំនួន​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​ខក​ចិត្ត​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​សិក្សា​ថ្នាក់​ទុតិយភូមិ​របស់​ពួក​គេ​នោះ​ទេ​ គឺ​ពួក​គេ​បាត់​បង់​ក្តី​សង្ឃឹម​អស់​រលីង​ចាប់​តាំង​ពី​មាន​ការ​ប្រកាស​កែ​ទម្រង់​ដូច​ផ្លេក​បន្ទោរ​របស់​ក្រសួង​អប់​រំ​ នៅ​ពេល​ដែល​កុង្សីយ៍​ថ្មី​របស់​ក្រសួង​នេះ​ឡើង​ដឹក​នាំ​កាល​ពី​ឆ្នាំ​ទៅ​មក​ម្ល៉េះ។

គ្រាន់​តែ​ឮ​ថា​ការ​ប្រលង​បាក់​ឌុប ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​តឹង​តែង​ ក្រោម​ការ​ចូល​រួម​ឃ្លាំ​មើល​ពី​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ អ្នក​ស្ម័គ្រ​ចិត្ត​អង្គការ​សង្គម​ស៊ីវិល​ កាល​ពី​ដើម​ឆ្នាំ​សិក្សា​សិស្ស​ដែល​ពឹង​ផ្អែក​ទៅ​លើ​កំលាំង​ធន​ធាន​ហិរញ្ញវត្ថុ​ម៉ែ​-ឳ​ អ្នក​ដែល​ជំនាញ​ខាង​ចំលង​តាម​គេ​និង​សិស្ស​ដែល​ពឹង​ពាក់​លើ​សំណៅ​ឯក​សារ​ ដូច​ដែល​កើត​មាន​កាល​ពី​ជំនាន់​លោក​ អតីត
​រដ្ឋ​មន្ត្រី​អប់​រំ​ អ៊ឹម​ សុធី​ នោះ ​បាត់​បង់​អស់​រលីង​នូវ​ក្តី​សង្ឃឹម​ជា​ស្រេច​ទៅ​ហើយ​។

នេះ​និយាយ​មួយ​ឆ្នាំ​មុន​ ប្រលង​ផង​ ចុះ​ទម្រាំ​ទុក​ពេល​ឲ្យ​ពួក​គេ​មួយ​ខែ​កន្លះ​ទៀត​ គ្មាន​នរណា​ម្នាក់​រំពឹង​ថា​ ខ្មោច​ដែល​ងាប់​ទៅ​ហើយ​នោះ​អាច​រស់​ឡើង​វិញ​ភ្លាម​ៗ​ បែប​នេះ​បាន​ទេ ​ខណៈ​ដែល​ក្រសួង​អប់​រំ​នៅ​តែ​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​រៀប​ចំ​ប្រលង​ដូច​អ្វី​ដែល​បាន​កើត​មាន​កាល​ពី​ថ្ង​ទី៤ ​ទី ​៥ ​ខែ​សីហា​កន្លង​ទៅ​នេះ។​ មាន​ន័យ​ថា​ការ​សិក្សា​មិន​អាច​ចាប់​បញ្រក​ដូច​ជា​កូន​ក្មេង​ខ្លាច​ថ្នាំ​ពេទ្យ​បាន​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ​ការ​ប្រលង​បាក់​ឌុប​លើក​ទី​២​ខាង​មុខ​នេះ​ត្រូវ​គេ​រំពឹង​ថា​ អាច​នឹង​ជាប់​ក្នុង​រង្វង់​ពី​១០​ ទៅ ​២០​ ភាគ​រយ​បន្ថែម​ទៀត។ ​ហើយ​បន្ទាប់​ពី​នេះ​គេ​ត្រូវ​ងាក​ទៅ​រក​ចំណុច​ខ្សោយ​ទាំង​សិស្ស​ទាំង​គ្រូ​ទាំង​មន្ត្រី​ជាន់​ទាប​នឹង​ជាន់​ខ្ពស់​នៃ​វិស័យ​អប់​រំ​ ថា​តើ​ត្រូវ​កែ​លម្អ​យ៉ាង​ដូច​ម្តេចខ្លះ?​ ជា​ការ​ពិត​ នៅ​ពេល​ដែល​មាន​សិស្ស​ជាប់​តិច​តួច​ពោល​គឺ​ប្រលង​ដល់​ទៅ​ពីរ​ដង​មិន​បាន​ជាប់​ ពាក់​កណ្តាល​ទេ​នោះ ​នោះ​គេ​ត្រូវ​សំលឹង​មើល​ទៅ​លើ​ការ​បណ្តុះ​បណ្តាល​វិញ​ម្តង។​អ្វី​ដែល​ត្រូវ​កែ​សម្រួល​នោះ​គឺ ​សមត្ថភាព​គ្រូ​បង្រៀន​និង​ប្រាក់​បៀវត្ស ​វិធី​សាស្ត្រ​បង្រៀន​ ឯក​សារ​សម្រាប់​គាំ​ទ្រ​ការ​រៀន​ និង​បង្រៀន​ និង​បរិស្ថាន​សាលា​ជា​ដើម។​

ការ​ចាប់​ផ្តើម​ឡើង​វិញ​ទាំង​អស់​នេះ ​គឺ​ចាំ​បាច់​ត្រូវ​មាន​ការ​ចូល​រួម​ពី​មាតាបិតា​សិស្ស​ផង​ដែរ។
ហើយ​អ្វី​ដែល​សិស្ស​ខ្លួន​ឯង​ត្រូវ​កែ​ប្រែ​នោះ ​គឺ​បញ្ចប់​ការ​ផ្តេក​ផ្តួល​ទៅ​លើ​អ្នក​ដទៃ​ មាន​អាណា​ព្យាបាល ​ប្រាក់​កាស ​និង​អន្តរាគមន៍​ផ្សេង​ៗ ​ព្រម​ទាំង​សិក្សា​ប្រកប​ដោយ​មាន​ជំនឿ​ជឿ​ជាក់​លើ​ខ្លួន​ឯង។​ នៅ​ឲ្យ​ឆ្ងាយ​ពី​ស្នេហា និង​សំភារៈ​និយម។​កុំ​យក​ពេល​វេលា​សិក្សា​ដ៏​មាន​តំលៃ​ទៅ​ជួប​ជុំ​គ្នា​ ផឹក​ស្រា ​ធ្វើ​បង​ធំ​តាម​ដង​ផ្លូវ​ កាត់​បន្ថយ​ការ​ប្រើ​ហ្វេស​ប៊ុក ​ និង​ប្រព្រឹត្តិ​អំពើ​អប្បាយមុខ​ផ្សេង​ៗ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ