អានតួអត្ថបទ
កម្ពុជា

ក្រុម​ការងារ​រួម​កម្ពុជា​-ថៃ​បើក​កិច្ច​ប្រជុំ​លើក​ទី​២​និយាយ​ពី​ការ​ដក​ទ័ព​

ក្រុម​ការងារ​​រួម​​កម្ពុជា​-​ថៃ​ បាន​​ជួប​ប្រជុំ​ជា​​លើក​​ទី​​២​នៅ​ក្នុង​​ទីក្រុង​​ភ្នំពេញ​នា​​ថ្ងៃ​​ពុធ​ទី​​២៧​ខែ​​មិថុនា​​នេះ​។​ កិច្ច​ប្រជុំ​ដែល​​ដឹកនាំ​​ដោយ​​នាយ​​ឧត្តម​សេនីយ៍​កងទ័ព​​ប្រទេស​​ទាំង​​ពីរ​ បាន​​ផ្តោត​​ការ​ពិភាក្សា​​លើ​​ការ​ដក​​កងទ័ព​​កម្ពុជា​-​ថៃ​ ចេញ​ពី​​តំបន់​​ព្រំដែន​​ប្រាសាទ​​ព្រះវិហារ​ស្រប​តាម​​ដីកា​​បង្គាប់​​របស់​​តុលាការ​​យុត្តិធម៌​​អន្តរជាតិ​ ទី​ក្រុងឡាអេ​ថ្ងៃ​​១៨​​កក្កដា​ ឆ្នាំ​​២០១១​។​ លោក​នាយ​​ឧត្តមសេនីយ៍​ នាង​ ផាត ​ដែល​​តំណាង​​ឲ្យ​​ភាគី​​កម្ពុជា​ បាន​ប្រកាស​ថា ​កម្ពុជា​​សន្យាថា​និង​​ត្រៀម​​ខ្លួន​អនុវត្ត​​តាម​​ការ​សម្រេច​​ដក​ទ័ព​ស្រប​​តាម​​ការ​ស​ម្រេច​រ​បស់​​តុលាការ​។​ ពោល​​គឺ​​រង់ចាំ​​តែ​​ភាគី​​ថៃ​​ប៉ុណ្ណោះ​។​​

ក្រុម​ការងារ​រួម​កម្ពុជា-ថៃ​បើក​កិច្ច​ប្រជុំ​លើកទី២​ និយាយ​ពីការដកទ័ព​នៅថ្ងៃ២៧​មិថុនា២០១២
ក្រុម​ការងារ​រួម​កម្ពុជា-ថៃ​បើក​កិច្ច​ប្រជុំ​លើកទី២​ និយាយ​ពីការដកទ័ព​នៅថ្ងៃ២៧​មិថុនា២០១២ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

​លោកនាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​សហប្រធាន​កិច្ច​ប្រជុំ តំណាង​ឲ្យ​ភាគី​កម្ពុជា បាន​លើកឡើង​ថា ភាគី​កម្ពុជា​រង់ចាំ​ដោយ​រីករាយ ដើម្បី​ទទួល​យក​​នូវ​សំណូមពរ និង​យោបល់​ស្ថាបនា​ពី​មិត្ត​ថៃ ក្នុង​បែបបទ​នៃ​ការរៀបចំ​កែសម្រួលដក​កង​ទ័ព​​ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។

​លោកនាយ​ឧត្តមសេនីយ៍ មាន​ការជឿជាក់​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ រួម​ទាំង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ពិតជា​រង់ចាំ​លទ្ធផល​វិជ្ជមាន នៃ​កាលបរិច្ឆេទ​សម្រួល​កង​ទ័ព ក្នុង​រយៈពេល​មួយ ដើម្បី​សន្តិភាព​យូរអង្វែង តាម​បណ្តោយ​ព្រំដែន និង​ការស្រឡាញ់​យកចិត្តទុកដាក់​ពី​មិត្ត​ភ័ក្តិ​អន្តរជាតិ ក្នុង​គោលបំណង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ​នោះ​។

​លោកនាយ​ឧត្តមសេនីយ៍ នាង ផាត ដែល​ដឹកនាំ​មេទ័ព​កម្ពុជា ជួបប្រជុំ​ជាមួយ​ភាគី​ថៃ នៅ​ថ្ងៃ​ពុធ​នេះ បាន​លើកឡើង​ថាអង្គប្រជុំ បាន​សង្កត់​ពី​បញ្ហា​ពិនិត្យឡើងវិញ​ការកែសម្រួលដក​​កង​ទ័ព​និង​ការដោះមីន​លើ​ទីតាំង​ដី​ជាក់ស្តែង នៅ​ចំណុច A.B.C.D. ដែល​ជា​ការអនុវត្ត​សាលដីកា​បង្គាប់​របស់​តុលាការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១១​។​

​លោកនាយ​ឧត្តមសេនីយ៍ បាន​បញ្ជាក់ទៀតថាកម្ពុជា​បាន​បញ្ជូន​ឯកសារ​រួចរាល់​ទៅកាន់​ក្រសួង​​ការបរទេស​ឥណ្ឌូនេស៊ី ដោយ​បញ្ជាក់​ថា កម្ពុជា​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជូន​នូវ​ដីកា​បង្គាប់​របស់ តុលាការ​អន្តរជាតិ​។​

​សេចក្តីប្រកាស របស់​រដ្ឋាភិបាល​កម្ពុ​ជា បាន​លើកឡើង​ថា កិច្ចប្រជុំ​ក្រុមការងារ​រួម​កម្ពុជា​-​ថៃ ​លើក​​ទី​​២ នៅថ្ងៃនេះ បាន​ផ្តោត​សំខាន់​លើ​ផែនការ​សកម្មភាពដើម្បី​អនុវត្ត​ពេញលេញ​ដីកា​បង្គាប់​​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្នុង​រឿង​ដកទ័ពពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារនិង​រក្សា​បរិយាកាសនិង​ស្ថានភាព​ស្ងប់ស្ងាត់នៅក្នុង​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន (PDZ) កំណត់​ដោយ​តុលារ​យុត្តិធម៌​អន្តរជាតិ ICJ ឲ្យ​ដូច​សភាពការណ៍ មុន​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨​។​

លទ្ធផល ដែល​សម្រេច​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​រួម​កម្ពុជា​-​ថៃ លើក​ទី ១ នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​៣-៥ ខែ​មេសា ឆ្នាំ​២០១២ ដើម្បី​លើក​ផែនការ​កែសម្រួល​កងទ័ព និង​តួនាទី នៃ​ក្រុម​សង្កេតការណ៍​រួម ក៏​ត្រូវ​លើកឡើង​ផងដែរ​។​ មក​ដល់​ព្រលប់​ថ្ងៃ​ពុធ​នេះ ក្រុមការងារ​រួម​កម្ពុជា​-​ថៃ មិន​ទាន់​បញ្ចប់​កិច្ចប្រជុំ​នៅឡើយ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ