អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន ជួបប្រមុខរដ្ឋាភិបាល ប្រមុខការទូត និងថ្នាក់ដឹកនាំហ៊្វុនស៊ិនប៉ិច ស្ដីពីទំនាក់ទំនងប្រទេសទាំងពីរ

លោក វ៉ាង យី រដ្ឋ​មន្ត្រី​ការបទេស​ចិន បាន​ផ្តើម​ទស្សនកិច្ច ២​ថ្ងៃ​នៅ​កម្ពុជា កាលពី​ថ្ងៃ អង្គារ ទី២០​ សីហា​។ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រមុខ​ការទូត​ចិន លោក វ៉ាង យី បាន​ជួប​ជា​បន្តបន្ទាប់ ដាច់​ដោយ​ឡែក​ពី​គ្នា ជា​មួយ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក ហោ ណាំហុង និង​ថ្នាក់​ដឹកនាំ​គណបក្សហ៊្វុនស៊ិនប៉ិច។ ជា​កិច្ច​ប្រជុំ​ដើម្បី​បង្កើន​ទំនាក់ទំនង រវាង​ប្រទេស​កម្ពុជា​និង​ចិន ក៏​ដូច​ជា​ការ​ពង្រឹង​ទំនាក់ទំនង​គណបក្សកុម្មុយនិស្ត​​ចិន និង​គណបក្សប្រជាជន​កម្ពុជា ព្រម​ទាំង​គណបក្សហ៊្វុនស៊ិនប៉ិច។

ជំនួប​រវាង​លោក វ៉ាង យី រដ្ឋមន្ត្រីការបទេស​ចិន និង​លោក​ ហោ ណាំហុង
ជំនួប​រវាង​លោក វ៉ាង យី រដ្ឋមន្ត្រីការបទេស​ចិន និង​លោក​ ហោ ណាំហុង @Siv Channa
ផ្សាយពាណិជ្ជកម្ម

ស្រប​ពេល​នៃ​ការ​​ប្រារព្ធ​​ខួប​​អនុស្សា​វីយ៍​​លើកទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ចិន នៅ​ឆ្នាំ​២០១៣​នេះ ប្រមុខ​ការទូត​ចិន លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស បាន​បំពេញ​ទស្សនកិច្ចពីរថ្ងៃ នៅ​កម្ពុជា ចាប់ផ្តើមពីថ្ងៃទី២០សីហា។ ទស្សនកិច្ច​រដ្ឋ​មន្ត្រីការបរទេស​ចិន ក៏​កំពុង​​ប្រព្រឹត្តទៅ នៅ​ក្នុង​បរិយាកាស​តានតឹង​ផ្នែក​នយោបាយ​នៅ​កម្ពុជា ក្រោយ​ការបោះ​ឆ្នោត។​

នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី២១​ សីហា​នេះ លោក​រដ្ឋមន្ត្រីការបរទេស​ចិន បាន​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព កាល​ពី​ម៉ោង ៩ ព្រឹក។ នៅ​ម៉ោង ១០ លោក វ៉ា យី បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ហ៊្វុនស៊ិនប៉ិច និង​នៅ​ម៉ោង ១១ រដ្ឋ​មន្ត្រីការបរទេស​ចិន បាន​ជួប​រដ្ឋមន្ត្រី​ការបរទេស លោក ហោ ណាំហុង។

សម្រាប់​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​ចិន និង​ថ្នាក់​ដឹកនាំ​ហ៊្វុនស៊ិនប៉ិច ត្រូវ​បានលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ប្រាប់​វិទ្យុបារាំង​ថា ជា​កិច្ច​ប្រជុំ​ដើម្បី​ពង្រឹង ទំនាក់ទំនង​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្សកុម្មុយនិស្ត​ចិន ក៏​ដូច​ជា​ការ​ពង្រឹង​ទំនាក់ទំនង​កម្ពុជា-ចិន។ ទំនាក់ទំនង​រវាង​ហ៊្វុនស៊ិនប៉ិច និង​គណបក្សកុម្មុយនិស្ត​ចិន ដែល​កើត​ឡើង ចាប់​តាំង​ពី​ហ៊្វុនស៊ិនប៉ិច នៅ​ជា​រណសិរ្ស​តស៊ូ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ព្រះមហាវីរក្សត្រ មុន​ការ​បោះឆ្នោត​ឆ្នាំ១៩៩៣។

បន្ទាប់​ពី​កិច្ចប្រជុំ​ជាង ២​ម៉ោង ចាប់​ពី​ម៉ោង​ជាង ៩​ព្រឹក រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក ប្រាក់ សុខុន រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី បាន​នាំពាក្យ​​ប្រាប់​អ្នកកាសែត​ថា ចិន​បាន​សាទរ​នូវ​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​កៅអី​ភាគច្រើន នៅ​ក្នុង​រដ្ឋសភា។

សភាពការណ៍​បោះឆ្នោត ក៏​ត្រូវ​បាន​លោក ប្រាក់ សុខុន លើក​ឡើង​ថា ត្រូវ​បានពិភាក្សា ក្នុង​កិច្ចប្រជុំ ដោយ​ចិន​មើល​ឃើញ​ពី​ការ​ប្រសើរ ហើយ​រដ្ឋមន្ត្រី​ការបរទេសចិន ជំរុញ​ឲ្យ​កម្ពុជា ដោះ​ស្រាយ​បញ្ហា​បោះ​ឆ្នោត​ដោយ​សន្តិវិធី តាម​រយៈ​ការ​ជជែក​ចរចា សម្រាប់​រក​ច្រក​​ចេញ​ពី​វិបត្តិ​នយោបាយ ក្រោយ​ការ​បោះឆ្នោត។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក ប្រាក់ សុខុន អះអាង​ពី​ជំហរ​របស់​រដ្ឋាភិបាល និងគណបក្ស​ប្រជាជនកម្ពុជា គឺ​ដូច​អ្វី​ដែល​លោក​នាយករដ្ឋមន្រ្តី បាន​ប្រកាស នោះ​គឺគ្មាន​អ្វី​ផ្លាស់​ប្តូរ​ទេ។ ពោល​គឺ​កិច្ច​ប្រជុំ​រដ្ឋ​សភា​លើក​ដំបូង និង​ការ​បង្កើត​រដ្ឋាភិបាល នឹង​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក ដោយ​គ្មានការ​ជាប់គាំង​នយោបាយ​ឡើយ។

ក្រោយ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួច​មក រដ្ឋ​មន្ត្រី​ការបរទេស​ចិន បាន​ជួបជា​មួយ​រដ្ឋមន្ត្រី​ការបរទេស លោក ហោ ណាំហុង នៅ​ក្នុង​ជំនួប​អាហារ​ថ្ងៃ​ត្រង់ នៅសណ្ឋាគារ អាំងទែរ កុងទីណង់តាល់ ដើម្បី​ជជែក​ពិស្តារ​ពី​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​កម្ពុជា និង​ចិន មុន​នឹង​ប្រមុខ​ការ​ទូត​ទាំង​ពីរ ចេញ​សេចក្តី​ថ្លែង​កា​រណ៍​រួ​ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ