អានតួអត្ថបទ
កម្ពុជា

សន្តិ​សុខ​​ត្រូវ​បាន​​បង្កើន​​ ខណៈ​​ដែល​​បាតុ​កម្ម​​មិន​​គោរព​​ការ​ណែ​នាំ​​

សន្តិសុខ​សណ្តាប់​ធ្នាប់​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​រឹតបណ្តឹង និង​ការពារ​យ៉ាង​យក​ចិត្តទុក​ដាក់​ ខណៈ​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅតែ​ចចេស​ធ្វើ​មហា​បាតុកម្ម​អហិង្សា ​រយៈពេល​​បីថ្ងៃ​ ដែល​អាចមាន​ការ​ហែ​ក្បួន​ពេញទី​ក្រុង ជាការ​ខុស​ទៅនឹង​ការអនុញ្ញាត​របស់​ក្រសួង​មហា​ផ្ទៃ។ យ៉ាង​ណាក្តី​ ​កម្លាំង​សមត្ថកិច្ច​អាច​ធ្វើ​ការ​បង្ក្រាប ប្រសិន​បើ​បាតុកម្ម​នោះ​ឈាន​ដល់​អំពើ​ហិ​ង្សា។

រោង​តង់​ប្រក់​កៅ​ស៊ូ ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​។
រោង​តង់​ប្រក់​កៅ​ស៊ូ ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​។ RFI/Kim Yuthana
ផ្សាយពាណិជ្ជកម្ម

អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​បង្កើន​សន្តិសុខ​ការពារ សម្រាប់​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចាប់​ផ្តើមធ្វើ​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ។ ជាការ​បង្កើន​សន្តិសុខ ក្រោយពី​គណបក្សប្រឆាំង​មួយ​នេះ​ប្រកាស​ធ្វើបាតុកម្ម​ដោយ​ដេក​នៅ​នឹង​​កន្លែង​ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​​ដង្ហែ​ក្បួន​ក្នុង​ទីក្រុង។

លោក ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា កម្លាំង​អាវុធហត្ថ​ទាំងអស់​នៅ​ទីក្រុង​ភ្នំពេញ ​ត្រូវបាន​ប្រាប់​ឲ្យ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​សម្រាប់​ការពារ​សន្តិសុខ​នៅក្នុង​រាជធានី​ភ្នំពេញ នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ប្រកាស​ធ្វើបាតុកម្ម ដោយ​មិន​គោរព​ទៅតាម​សេចក្តីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងមហាផ្ទៃ​នោះ។

លោក​បន្តថា កម្លាំង​អាវុធហត្ថ​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​គោលដៅ​ការពារសំខាន់ៗ​ នៅក្នុង​ទីក្រុង និង​ជាយក្រុង ពិសេស​នៅ​ម្តុំ​ទីលាន​ប្រជាធិបតេយ្យ ទីកន្លែង​ដែល​ការប្រមូលផ្តុំ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​នៅ​ទីនោះ។

ប៉ុន្តែ ការបង្កើន​កម្លាំង​ការពារ​នេះ ក៏ត្រូវ​បាន​គេ​មើលឃើញ​ផងដែរ​ថា បាន​ធ្វើឡើង​ក្រោយពី​អង្គភាព​កំចាត់មីន​ស៊ីម៉ាក់​បានធ្វើ​ការកំទេច​គ្រាប់បែក​កែច្នៃ និង​គ្រាប់កាំភ្លើង M-79 នៅ​ពីរ​កន្លែង​​ផ្សេងគ្នា ដែល​ត្រូវបាន​ប្លុង​ចោល​ដោយ​ជន​មិន​ស្គាល់មុខ កាលពី​ថ្ងៃ​សុក្រ។ ការរកឃើញ​​​និង​ការ​កំទេច​គ្រាប់​ទាំងអស់នោះ​ គឺ​បាន​កើតឡើង​​ពីរ​ថ្ងៃ​ប៉ុណ្ណោះ មុន​បាតុកម្ម​​​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​គ្រោង​ធ្វើ​ នៅ​ថ្ងៃអាទិត្យស្អែក​នេះ។

គួរ​បញ្ជាក់ថា ក្រសួងមហាផ្ទៃ​និង​សាលា​រាជធានី​ភ្នំពេញ បានសំរេច​រួចហើយ ​ថា​នឹង​អនុញ្ញាតអោយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ធ្វើបាតុកម្ម​តែមួយ​ថ្ងៃ គឺ​ថ្ងៃទី១៥កញ្ញា​ និង​រយៈពេល​តែ១២ម៉ោង​ប៉ុណ្ណោះ។ ហើយក៏​មិន​អនុញ្ញាត​​ឲ្យ​ដើរ​ហែ​​ក្បួន ឬ​​ក៏​បោះជំរុំ​ស្នាក់​នៅ​ លើ​ទីលាន​នោះ​ផងដែរ។ ប៉ុន្តែ ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃ​សៅរ៍​នេះ នៅតែ​អះអាងថា បាតុកម្ម​នៅតែ​ធ្វើឡើង​ដូច​ការគ្រោងទុក​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ដដែល​ ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​លើកទីមួយ ដោយមាន​ការដើរ​ហែ​ក្បួន ​ក្នុង​ទីក្រុង​ថែមទៀត​ផង។

បែបណាក៏ដោយ បើតាម​លោក ខេង ទី​តូ ប្រសិនបើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ខុស​នឹង​និតិ​វិធី​ច្បាប់ ហើយ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង​នោះ កងកម្លាំង​អាច​នឹងធ្វើ​ការ​ទប់ស្កាត់​និង​បង្ក្រាប ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ភាពចលាចលផ្សេង។

នៅ​ថ្ងៃ​សៅរ៍​​នេះ រោងតង់​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​សង់​ឡើង​​ដែលមាន​ប្រវែង​ប្រហែល២០០ម៉ែត្រ និង​ទទឹង៦ម៉ែត្រ ដោយមាន​អ្នកយាម​ការពារ​យ៉ាង​ហ្មត់ចត់​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខណៈដែល​បាតុកម្ម​ជា​លើក​ទី​ពីរ ​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​នេះ។

លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​បាន​ថ្លែងថា អាជ្ញាធរ​កំពុង​ប្រជុំ​ពិចារណា​​ចាត់វិធានការ ​ចំពោះ​ការសាងសង់​​រោង​​​ប្រក់​កៅស៊ូ​តង់ ​របស់​គណបក្ស​សង្គ្រោះជាតិ​​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ