អានតួអត្ថបទ
កូរ៉េ​ខាង​ជើង-អ.ស.ប.

ក្រុមប្រឹក្សា​សន្តិសុខ​ថ្កោលទោស​ការ​បាញ់​សាកល្បង​រ៉ុកកែត​របស់​កូរ៉េ​ខាង​ជើង

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​ចេញសេចក្តីថ្លែងការណ៍​មួយ កាល​ពី​យប់ថ្ងៃ​ពុធ ម្សិលមិញ ថ្កោលទោស​ការ​បាញ់​សាកល្បង​​រ៉ុកកែត​ដោយ​​​​​កូរ៉េ​ខាងជើង។ ក៏ប៉ុន្តែ ចិន​នៅតែ​បន្ទ​ជំទាស់​មិន​ឲ្យ​​ក្រុមប្រឹក្សា​សន្តិសុខ​ដាក់​ទណ្ឌកម្ម​លើ​របបដឹកនាំ​ក្រុងព្យុងយ៉ាង ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ ក្នុងពេល​ជាមួយគ្នា​នេះ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ទទួលស្គាល់ថា នៅពេលនេះ ផ្កាយរណប​ដែល​បាញ់​បង្ហោះ​ដោយ​កូរ៉េ​ខាងជើង​កំពុង​តែ​ធ្វើ​ដំណើរ​លើ​គន្លងតារាវិថី​ជាធម្មតា ដែល​ជាការ​បញ្ជាក់​អំពី​ជោគជ័យ​របស់​កូរ៉េ​ខាងជើង។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​អះអាង​ថា​ផ្កាយរណប​របស់​កូរ៉េ​ខាង​ជើង​កំពុង​ធ្វើ​ដំណើរ​ជា​ធម្មតា​នៅលើ​គន្លង​តារាវិថី
រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​អះអាង​ថា​ផ្កាយរណប​របស់​កូរ៉េ​ខាង​ជើង​កំពុង​ធ្វើ​ដំណើរ​ជា​ធម្មតា​នៅលើ​គន្លង​តារាវិថី REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​បើក​កិច្ចប្រជុំ​បន្ទាន់ កាល​ពី​ម្សិលមិញ ភ្លាមៗ ក្រោយ​ពី​កូរ៉េខាងជើង​បាន​ធ្វើការ​បាញ់​សាកល្បង​រ៉ុកកែត ដោយ​អះអាង​ថា​ជា​ការ​បាញ់​​បង្ហោះ​ផ្កាយរណប។ នៅក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ ក្រុមប្រឹក្សា​សន្តិសុខ​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​ការបាញ់​សាកល្បង​រ៉ុកកែត​របស់​កូរ៉េ​ខាងជើង ដោយ​អះអាង​ថា វាជាការ​រំលោភ​យ៉ាង​ជាក់ច្បាស់​ទៅលើ​សេចក្តីសម្រេច​​ពីរ​របស់​ក្រុមប្រឹក្សា​សន្តិសុខ។​

គួររំឭកឡើងវិញ​ថា កាលពីឆ្នាំ​២០០៦ និង​ឆ្នាំ​២០០៩ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ធ្លាប់​បាន​ចេញ​សេចក្តីសម្រេច​ចំនួន​ពីរ ដែល​ហាមឃាត់​មិន​ឲ្យ​កូរ៉េ​ខាងជើង​ធ្វើ​សកម្មភាព​សាកល្បង​ណាមួយ​ដែល​ទាក់ទង​នឹង​នុយក្លេអ៊ែរ ឬ​បច្ចេកវិទ្យា​មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ (Ballistic Missile)។ បើទោះជា​កូរ៉េ​ខាងជើង​អះអាង​ថា ការបាញ់​សាកល្បង កាល​ពីថ្ងៃ​ពុធ គឺ​ជា​ការ​បាញ់​បង្ហោះ​ផ្កាយរណប ក៏ប៉ុន្តែ ក្រុមប្រឹក្សា​សន្តិសុខ​ចាត់ទុក​ថា តួរ៉ុកកែត​ដែល​ផ្ទុក​ផ្កាយរណប​នោះ គឺ​ប្រើ​បច្ចេកវិទ្យា​មីស៊ីល។

កាលពីម្សិលមិញ​នេះ ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាងជើង ក៏​បាន​​អនុម័ត​គាំទ្រ​​សេចក្តីថ្លែងការណ៍​ ដែល​ថ្កោលទោស​កូរ៉េ​ខាងជើង​នេះ​ដែរ ក៏ប៉ុន្តែ ចិន​នៅតែ​បន្ត​ជំទាស់​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ដាក់ទណ្ឌកម្ម​លើ​របបដឹកនាំ​ក្រុងព្យុងយ៉ាង​ដដែល បើទោះជា​មាន​ការ​ទទូច​ទាមទារ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​យ៉ាង​ណា​ក៏ដោយ។ ចិន​ទទូច​ថា ការ​ដាក់ទណ្ឌកម្ម​មិនមែន​ជា​មធ្យោបាយ​ល្អ ក្នុងការ​ដោះស្រាយ​វិបត្តិ​កូរ៉េ​ខាងជើង​នោះទេ គឺ​មានតែ​បង្ក​ឲ្យ​មាន​ភាពតានតឹង​កាន់តែខ្លាំងឡើង​ថែមទៀត។

ក្រសួង​ការពារជាតិ​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ឲ្យដឹង នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ផ្កាយរណប​ដែល​បាញ់​បង្ហោះ​ដោយ​កូរ៉េ​ខាងជើង កំពុង​ធ្វើ​ដំណើរ​ជាធម្មតា​នៅលើ​គន្លង​តារាវិថី។ នេះ​ជា​ការបញ្ជាក់​បន្ថែម​ថា ការបាញ់​សាកល្បង​រ៉ុកកែត​របស់​កូរ៉េ​ខាងជើង កាលពីថ្ងៃ​ពុធ គឺ​ពិត​ជា​ទទួលបាន​ជោគជ័យ​​ក្នុង​ការ​បញ្ជូន​ផ្កាយ​រណប​ទៅ​ក្នុង​តារាវិថី​ពិតមែន ក៏ប៉ុន្តែ គេនៅតែ​មិនទាន់​អាច​សន្និដ្ឋាន​បាន​​នៅឡើយទេ​ថា ផ្កាយរណប​នេះ​នឹង​អាច​ដំណើរការ​បាន​ពិតប្រាកដ​មែន។ តើ​ផ្កាយរណប​នេះ​មាន​បេសកកម្ម​អ្វី​ពិតប្រាកដ​ ក៏​គេ​នៅតែ​មិនទាន់​អាច​ដឹង​ច្បាស់​នៅឡើយដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ