អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បុណ្យ​ណូអែល​ឆ្នាំ​២០១៤ ស្ថិត​ក្នុង​ភាព​សោក​សង្រេង​របស់​អ្នក​កាន់​សាសនា​កាតូលិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូច​ជា​រៀងរាល់​ឆ្នាំ​ មនុស្សម្នា ​អ្នក​គោរព​សាសនា​កាតូលិក ​ទូទាំង​ពិភពលោក​ បាន​បារព្ធ​ពិធី​បុណ្យ​ណូអែល​ រឺ​បុណ្យ​គ្រឹស្តម៉ាស់ នៅ​ថ្ងៃ​ទី២៥ ខែធ្នូ ​ដែល​ថ្ងៃ​នេះ​ហើយ ​ជា​ថ្ងៃ​កំណើត​​របស់​ព្រះ​យេស៊ូគ្រឹស្ត។ តាម​ទំនៀម​ទំលាប់ ​សម្តេចប៉ាប​ដែល​ជា​ប្រមុខ​សង្ឃកាតូលិក​ធំ​បំផុត​ ​នឹង​ ថ្លែងសារ​ជូនពរ​ពិភពលោក​ទាំង​មូល។ អ្វី​ដែល​គេ​រំពឹង​ ថានឹង​បានឮ ​នៅ​ក្នុង​សន្ទរៈកថា​របស់​សម្តេចប៉ាប​ នៅ​ថ្ងៃ​នេះ​ គឺ ការ​អំពាវនាវ​រក​សន្តិភាព​ នៅ​មជ្ឃឹមបូព៌ា ​ព្រោះ​ថា​ឆ្នាំ​២០១៤​នេះ ជា​ឆ្នាំ​អកុសល​ខ្លាំង​ណាស់​ សំរាប់​អ្នក​កាន់​សាសនា​កាតូលិក​ នៅ​តំបន់​នេះ។

សម្តេច​ប៉ាប ហ្វ្រង់ស័រ នៅ​ខាងមុខ វិហាតបាស៊ីលីក​ សាំងព្យែរ (Basilique Saint-pPierre) កំពុង​ថ្លែង​សង្ឃដីកា​​នៅថ្ងៃបុណ្យ​ណូអែល ២៥ ធ្នូ ២០១៤
សម្តេច​ប៉ាប ហ្វ្រង់ស័រ នៅ​ខាងមុខ វិហាតបាស៊ីលីក​ សាំងព្យែរ (Basilique Saint-pPierre) កំពុង​ថ្លែង​សង្ឃដីកា​​នៅថ្ងៃបុណ្យ​ណូអែល ២៥ ធ្នូ ២០១៤ REUTERS/Alessandro Bianchi
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ​២០១៤ ឆ្នាំ​អកុសល​សម្រាប់​អ្នក​កាន់​សាសនា​កាតូលិក​ នៅ​មជ្ឈឹមបូព៌ា៖

ថ្ងៃនេះ​ជា​ថ្ងៃ ​បុណ្យ​ណូអែល​ របស់​អ្នក​កាន់​សាសនា​កាតូលិក ​ទូទាំង​ពិភពលោក។ តាម​ប្រពៃណី ​សម្តេច​ប៉ាប​ ហ្រ្វង់ស័រ ​នឹង​ធ្វើ​សន្ទរកថា​មួយ​ នៅ​ថ្ងៃ​នេះ​ ដើម្បី​ជូនពរ ​គ្រឹស្តបរិស័ទ ក៏​ដូចជា​ពិភពលោក​ទាំងមូល។ ដូចគ្នា​ដែរ សម្តេច​សង្ឃ ​នឹង​ឆ្លៀត​ឱកាស​នេះ ធ្វើការ​សរុប​ហេតុការណ៍​ ដែល​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​កន្លង​ទៅ។ បើ​យើង​សង្កេត​មើល​ទៅ ឆ្នាំ​២០១៤​នេះ ពិភពលោក​បាន​ជួប​ហេតុការណ៍​អកុសល​ច្រើន​ណាស់។

ឆ្នាំ២០១៤ នេះ ​ជា​ឆ្នាំ​អកុសល ​ព្រោះ​ថា​មាន​អំពើ​ហឹង្សា ​កើតឡើង​ច្រើន​មែនទែន។ តួយ៉ាង​ ដូចជា​អំពើ​ហិង្សា​ ដែល​បង្កឡើង​ដោយ​ពួក ឧទ្ទាម​ជីហាត​អ៊ីស្លាម​ជ្រុល​និយម។ ក្នុង​សេចក្តី​ថ្លែង​សន្ទរកថា​របស់​សម្តេច​ប៉ាប​ មិនមែន​មាន​តែ​ពាក្យ​ជូនពរ​នោះ​ទេ​ តាម​ទំនៀមទំលាប់ ​សម្តេច​ប៉ាប​នឹង​ធ្វើ​ការ​អំពាវនាវ​ ឲ្យ​មនុស្សជាតិ​ទាំងអស់​ស្រលាញ់​គ្នា ជួយគ្នា កសាង​សន្តិភាព។ ឆ្នាំនេះ ជាឆ្នាំ​ដែល​ពិភពលោក​ជួប​រឿងរ៉ាវ​អាក្រក់​ជាច្រើន ដូច​ជា​អំពើ​ហិង្សា​ សង្គ្រាម និង​ការ​រីក​រាលដាល​នៃ​មេរោគ​អេបូឡា​ជាដើម។

អំពើ​ហិង្សា ​ការ​សម្លាប់​រង្គាល និង​ការ​និរទេស​ ប្រជាជន​ស្លូតត្រង់​ អ្នកកាន់​សាសនា​កាតូលិក នៅ​តំបន់​មជ្ឈឹមបូព៌ា ​ជា​រឿង​អនោចអធម៌​ខ្លាំង​ណាស់។ ពួក​ជីហាត​អ៊ីស្លាម​នៅ អ៊ីរ៉ាក់ និង​ស៊ីរី បាន​ធ្វើទុក្ខ​បុកម្នេញ ​ទៅ​លើ​ប្រជាជន​អ្នកកាន់​សាសនា​កាតូលិក។ អ្នក​កាន់​សាសនា​កាតូលិក​រាប់ម៉ឺន​នាក់ នៅ​អ៊ីរ៉ាក់ ត្រូវ​ពួក​ជីហាត ​សម្លាប់​និង​ដេញចេញ​ពី​ផ្ទះ​សម្បែង យ៉ាង​វេទនា​បំផុត។

តាម​ធម្មតា​បុណ្យ​ណូអែល​នេះ ​ជា​បុណ្យ​ដែល​គេ​សប្បាយ​រីករាយ ប៉ុន្តែ​សម្រាប់​អ្នក​កាន់​សាសនា​កាតូលិក​នៅ​អ៊ីរ៉ាក់ ​និងស៊ិរី ពួកគេ​ប្រារព្ធ​ពិធី​នេះ​ ទាំង​ទុក្ខព្រួយ​បំផុត ដោយសារ​តែ​ខ្វះសព្វ​ខ្វះគ្រប់ ដើរ​រសាត់អណ្តែត​គ្មាន​ទីដៅ ដើម្បី​រត់គេច​ចេញ​ពី​ការ​កាប់សម្លាប់​របស់​ពួក​ជីហាត​អ៊ីស្លាម។

សន្តិភាព និង​សេចក្តីសុខ​របស់​មនុស្សជាតិ​ ជា​ការ​ព្រួយ​បារម្ភ​របស់​សម្តេចប៉ាប៖
បញ្ហា​មាន​ច្រើន​ផ្សេងទៀត ​ដែល​សម្តេចប៉ាប​ នឹង​លើកឡើង​នៅ​ក្នុង​សង្ឃដីកា​របស់​ព្រះអង្គ។ ឧទាហរណ៍ ដូចជា​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ការ​រីក​រាល​ដាល​ នៃ​មេរោគ​អេបូឡា នៅ​ទ្វីប​អាហ្វ្រិក ព្រមទាំង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ជាដើម។ តាម​ធម្មតា សម្តេចប៉ាប មិនមែន​លើកឡើង​តែ​ពីបញ្ហា​ ដែល​ទាក់ទង​ទៅ​នឹង​សាសនា​កាតូលិក មួយ​មុខ​នោះ​ទេ តែ​សម្តេចប៉ាប នឹង​លើកឡើង​ពី​បញ្ហា​ទូទៅ ​ដែល​ទាក់ទង​នឹង​សុខសន្តិភាព​របស់​ពិភពលោក​ទាំងមូល។

ចំនុច​មួយ​ទៀត​ដែល​សំខាន់​ដែរ  ដែល​គេ​រំពឹង​ថា សម្តេច​ប៉ាប​នឹង​លើក​មក​និយាយ គឺ​ទាក់ទិន​ទៅ​នឹង​ទុក្ខវេទនា​របស់​ជនភៀសខ្លួន ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន។ ក្នុង​ឆ្នាំ​២០១៤​នេះ មាន​ជន​ភៀសខ្លួន​រាប់រយ​រាប់ពាន់​នាក់ ដែល​បាន​ភៀសខ្លួន​ ពី​ទ្វីប​អាហ្វ្រិក នាំ​គ្នា​ជិះទូក​ឆ្លង​សមុទ្រ​ ទៅ​កាន់​ទ្វីប​អឺរ៉ុប។ ពេល​លិច​ទូក​ម្តងៗ​ មាន​អ្នកស្លាប់​រាប់រយ​អ្នក។ ប្រជាជន​អាហ្វ្រិក​ទាំង​នោះ សុទ្ធសឹង​តែ​មក​ពី​ប្រទេស​ក្រីក្រ​បំផុត ហើយ​ពួកគេ​ដើរ​រាប់រយ​គីឡូមែត្រ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ឲ្យ​ពួក​អ្នក​រត់ការ​ ដើម្បី​បាន​ជិះទូក​ឆ្លង​មកអឺរ៉ុប។

យើង​ឃើញ​ថា ​ការ​អភិវឌ្ឍន៍ ​វា​គ្មាន​ភាព​ស្មើ​គ្នា​ទេ ​នៅ​លើ​ពិភពលោក​យើង​នេះ។ អ្នក​មាន​កាន់​តែមាន ឯ​អ្នក​ក្រ​វិញ ​កាន់​តែ​វេទនា​ទៅៗ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​មេដឹក​នាំ​តាម​ប្រទេស​ក្រីក្រ​ទាំង​នោះ​ សុទ្ធសឹង​តែ​ជា​មេ​ដឹកនាំ​ផ្តាច់ការ ​ពុក​រលួយ​ យក​មាន​តែ​បក្សពួក​គ្នា​ឯង ទុក្ខ​ឲ្យ​ប្រជាជន​ក្រលំបាក។ បញ្ហា​ទាំងអស់​នេះ​ហើយ​ ដែល​សម្តេចប៉ាប ហ្រ្វង់ស័រ នឹង​លើកឡើង​ នៅ​ក្នុង​សន្ទរកថា​របស់​ព្រះអង្គ។

សង្ឃដីការ របស់​សម្តេចប៉ាប មាន​នរណា​ស្តាប់?
យើង​កុំ​ភ្លេច​ថា ​អ្នក​កាន់​សាសនា​កាតូលិក ​មាន​ទាំងអស់​ ជាង​១២០០​លាន​នាក់។ នៅ​ទីណា​ ក៍​មាន​អ្នក​កាន់​សាសនា​កាតូលិក​ដែរ​ ជា​ពិសេស​ប្រទេស​ធំៗ​​នៅ​អឺរ៉ុប និង​អាមេរិក​ជាដើម។ ថ្វីត្បិតតែ​ ប្រទេស​ទាំងអស់​នៅ​អឺរ៉ុប​ និង​អាមេរិក ​មិន​មាន​ប្រជាជន​កាន់​សាសនា​កាតូលិក​ ទាំងអស់​មែន  ប៉ុន្តែ​វប្បធម៌​កាតូលិក ​បាន​ចូលជ្រាប​ ទៅ​ជ្រៅ​ក្នុង​សង្គម និង​ផ្នត់​គំនិត​របស់​ប្រជាជន​ទាំង​អស់ ​ព្រោះថា​ប្រទេស​ទាំង​នោះ​ មាន​ប្រវត្តិ​គោរព​សាសនា​កាតូលិក ​តាំងតែ​ពី​យូរយា​ណាស់​មក​ហើយ។ ដូច្នេះ ​ទោះ​ចង់​មិន​ចង់ ​សម្តី​របស់​សម្តេច​ប៉ាប មាន​គេ​ស្តាប់​ច្រើន​ណាស់ ​មិន​ថា​ប្រជាជន​ធម្មតា ​រឺ​អ្នក​ដឹកនាំ​នោះ​ទេ។

មួយវិញទៀត ខ្លឹមសារ​នៃ​សង្ឃដីកា​របស់​សម្តេច​ប៉ាប ​មិនមែន​សំដៅ​និយាយ​តែ​ពីរឿង​សាសនា​កាតូលិក​នោះ​ទេ។ សង្ឃដីកា​ព្រះអង្គ ជា​ការ​អំពាវនាវ សុំ​សន្តិភាព និង​ការ​បង្រួបបង្រួម​គ្នា​ទូទាំង​ពិភពលោក។ ដូច្នេះ ទោះបី វា​មិនមាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ក៏ដោយ​ ក៏​វា​មាន​ខ្លឹមសារ ​ជា​និមិត្តរូប ​ឲ្យ​មនុស្សជាតិ​ទាំងមូល​ យក​ទៅ​គិត និង​មាន​ការ​ភ្ញាក់​រលឹក។

ជាក់ស្តែង កាល​ពី​យប់​ថ្ងៃ​ទី​២៤ នៅ​ក្នុង​ពិធី​សូត្រ​ធម៌​ កណ្តាល​អធ្រាត្រ​ ត្រៀម​ចូល​បុណ្យ​ណូអែល នៅ​បាស៊ីលិក សាំងព្យែរ ក្នុង​បុរីវ៉ាទីកង់ ​សម្តេចប៉ាប​បាន​ថ្លែង​ថា ពិភពលោក​ទាំងមូល ​ត្រូវការ​នូវ​ការ​សណ្តោស​ប្រណី ​អាណិត​អាសូរ​គ្នា ​ឲ្យ​បាន​ច្រើន​ជាង​នេះ ទើប​សន្តិភាព ​និង ​សេចក្តី​សុខ​សប្បាយ​ បាន​ដល់​មនុស្សជាតិ​ទាំង​អស់។

ហ៊ាន​ទទួល​ការ​រិះគន់ ​ទើប​មាន​ការ​រីក​ចម្រើន៖
អ្វី​ដែល​ជា​ការ​ភ្ញាក់ផ្អើល​មួយ​ទៀតនោះ គឺ​សម្តេចប៉ាប បាន​ឆ្លៀត​រិះគន់ ស្ថាប័ន​កាតូលិក នៅ​បុរីវ៉ាទីកង់​ដោយ​ផ្ទាល់​ទៀតផង។ សម្តេច​ប៉ាប​​ លោក​បាន ថ្លែង​រិះគន់ លើ​ថ្នាក់​ដឹកនាំ​សង្ឃ​ធំៗ ក៏​ដូច​ជា​មន្ត្រី​នៅ​វ៉ាទីកង់ ​ដែល​ភ្លេចខ្លួន​ យក​សុខ​តែ​ខ្លួនឯង ​មិន​បាន​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​មនុស្សជាតិ។ សម្តេច​ប៉ាប​បាន​ប្រៀប​ប្រដូច​ មន្ត្រី​សង្ឃ​កាតូលិក​ទាំង​នោះ​ថា ដូច​ជា​អ្នក​ជំងឺ ដែល​ពោរពេញ​ទៅ​ដោយ​មេរោគ​ច្រណែន​ឈ្នានីស​គ្នា មេរោគ​យក​លាភសក្ការៈ​តែ​រៀងៗ​ខ្លួន និងមេរោគ​និយាយ​ប៉ប៉ាច់ប៉ប៉ោច​ឥត​ប្រយោជន៍។ សម្តេចប៉ាប​បន្ត​ថា បើ​កាលណា​យើង បដិសេធ​មិន​ព្រម​ធ្វើ​ការ​កែប្រែ​ខ្លួន រឺ​ក៏​បដិសេធ​ មិន​ព្រម​ទទួល​ការ​រិះគន់​ពី​អ្នក​ដ៏ទៃ ហាក់​ដូច​ជា​មនុស្ស​ ដែល​បដិសេធ​ថាខ្លួន​ឯង​មាន​ជំងឺ មិន​ព្រម​ទៅ​ពេទ្យ ​ហើយ​ដល់​ថ្ងៃ​មួយ មេរោគ​ទាំង​នោះ នឹង​រីក​រាលដាល​ធ្ងន់ទៅៗ​ ព្យាបាល​លែង​ជា។

សកម្មភាព​​ទាំងអស់​នេះ ធ្វើឲ្យ​សម្តេច​ប៉ាប ​មាន​ប្រជាប្រិយ​ភាព កាន់តែ​ខ្លាំងឡើងៗ​ មិន​ថា​ក្នុង​ចំណោម​ អ្នក​កាន់​សាសនា​កាតូលិកទេ ​ សូម្បី​អ្នក​មិនកាន់​សាសនា​កាតូលិក ក៏​គោរព​សរសើរ​ព្រះអង្គ​ដែរ ព្រោះ​លោក ​មាន​សេចក្តី​ក្លាហាន ហ៊ាន​រិះគន់ ខុស​ថា​ខុស ត្រូវ​ថា​ត្រូវ។

នៅ​បេត្លេហឹម ដី​កំណើត​របស់​ព្រះ​យេស៊ូ បុណ្យ​ណូអែល​ឆ្នាំ​២០១៤ ដូច​បុណ្យ​កាន់ទុក្ខ៖
ជា​ធម្មតា នៅ​យប់​ថ្ងៃ២៤ ធ្នូ​ នៅ​តាម​បណ្តា​វិហារ​សាសនា​កាតូលិក​ទាំងអស់ គេ​មាន​ពិធី​សូត្រធម៌។ ពិធី​ដែល​សំខាន់ នឹង​ដែល​មាន​គ្រឹសាសនិក​ចូលរួម​ច្រើន​ជាង​គេ​នោះ គឺ ពិធី​ដែល​ប្រព្រឹត្ត​ទៅ​ នៅ​ទីក្រុង​បេត្លេហឹម ​ក្នុង​តំបន់​ស៊ីហ្សកដានី។ ទីក្រុង​នេះ​ហើយ ដែល​ជា​កន្លែង​កំណើត​របស់​ព្រះ​យេស៊ូ។ បច្ចុប្បន្ន​នេះ ទីក្រុង​នេះ ​មាន​ប្រជាជន​ភាគច្រើន​ ជា​ជនជាតិ​ប៉េឡេស្ទីន ដែល​ប្រកាន់​សាសនា​អ៊ីស្លាម។ តែ​ទោះ​បី​ជា​យ៉ាងណា កា​ប្រារព្ធ​ពិធី​បុណ្យ​ ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​ស្ងប់ស្ងាត់​ ប្រៀបដូច​ជា​ការ​កាន់ទុក្ខ​អញ្ចឹង ព្រោះ​ថា​នៅ​មិន​ឆ្ងាយ​ពី​នោះ​ប៉ុន្មាន នៅ​អ៊ីរ៉ាក់ និង​ស៊ីរី​ឯណោះ ពួក​ជីហាត​អ៊ីស្លាម​ បាន​ធ្វើបាប​ប្រជាជន​ កាន់​សាសនា​កាតូលិក ​យ៉ាង​អមនុស្សធម៌​បំផុត។

ចំណែក​នៅ​ចិន​ឯនោះ​វិញ  អាជ្ញាធរ បាន​ហាមឃាត់​ មិន​ឲ្យ ​ប្រជាជន ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ទេ ព្រោះ​រដ្ឋ​ចិន​យល់​ថា ​បុណ្យ​នេះ​ជា​បុណ្យ​របស់​ប្រទេស​លោក​ខាងលិច មិនមែន​ជា​បុណ្យ​ប្រពៃណី​ចិន​ទេ។ អាជ្ញាធរ​បាន​តម្រូវ​ឲ្យ ​យុវជន ​សិស្ស​និស្សិត មើល​ខ្សែ​ភាពយន្ត​ឃោសនា ​ពី​ស្នាដៃ​សម្រេច​បាន​របស់​គណបក្សកុម្មុយនីស្ត​ចិន​វិញ ជាជាង​ ទៅ​ប្រារព្ធ​ពិធី​បុណ្យ​បែប​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ