ស្លូវ៉ាគីចូលកាន់តំណែងជាប្រធានផ្លាស់វេនសហភាពអឺរ៉ុប
នៅថ្ងៃសុក្រ១កក្កដានេះ ប្រទេសស្លូវ៉ាគីចូលកាន់តំណែងជាប្រធានផ្លាស់វេនសហភាពអឺរ៉ុប បន្តពីប្រទេសហូឡង់ សម្រាប់អាណត្តិ៦ខែ។ ការទទួលតួនាទីពិសេសរបស់ស្លូវ៉ាគីពេលនេះ ចំពេលអឺរ៉ុបកំពុងវឹកវរ ដោយសារអង់គ្លេសសម្រេចដើរចេញពីអឺរ៉ុប។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:១៣
ក្នុងនាមស្លូវ៉ាគីជាប្រធានផ្លាស់វេនរបស់សហភាពអឺរ៉ុប បន្តពីប្រទេសហូឡង់ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោកRobert Fico ប្តេជ្ញាមិនអោយអនាគតអឺរ៉ុបទាំង២៧ប្រទេស ស្ថិតក្រោមការសម្រេចចិត្តរបស់ក្រុមប្រទេសមួយក្តាប់តូចឡើយ។ យោងតាមនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោកRobert Fico ប្រទេសសមាជិកអឺរ៉ុបត្រឹមតែមួយ រឺក៏២ប្រទេស មិនអាចធ្វើការសម្រេចចិត្តធំដុំ លើអនាគតរបស់អឺរ៉ុបទេ។
នាយករដ្ឋមន្ត្រីស្លូវ៉ាគីបានអំពាវនាវកុំអោយផ្តល់អាទិភាពតែលើទស្សនៈយល់ឃើញរបស់ប្រទេសស្ថាបនិកអឺរ៉ុប បែបយ៉ាងបារាំងរឺអាល្លឺម៉ង់ ពេក។ សម្រាប់ស្លូវ៉ាគី ប្រទេសដែលចូលជាសមាជិកអឺរ៉ុបក្រោយឆ្នាំ២០០៤ ដូចជាប៉ូឡូញ រឺក៏ហុងគ្រីក៏មានទស្សនៈយល់ឃើញ ដែលគេត្រូវផ្តល់តំលៃអោយផងដែរ។
សម្រាប់តួនាទីជាប្រធានអឺរ៉ុប នាយករដ្ឋមន្ត្រីស្លូវ៉ាគីចង់រៀបចំនយោបាយអន្តោប្រវេសន៍និងការសុំសិទ្ធិជ្រកកោននៅអឺរ៉ុប អោយបានសមស្របសមភាពរវាងបណ្តាប្រទេសជាសមាជិកអឺរ៉ុប។
ស្លូវ៉ាគីស្ថិតនៅអឺរ៉ុបកណ្តាល ចូលជាសមាជិកសហភាពអឹរ៉ុបកាលពីឆ្នាំ២០០៤។ ចំពេលដែលអង់គ្លេសទើបបោះឆ្នោតសម្រេចដើរចេញពីអឺរ៉ុប កាតព្វកិច្ចជាប្រធានសហភាពអឺរ៉ុប ជាសម្ពាធសម្រាប់ស្លូវ៉ាគី ព្រោះស្លូវ៉ាគីខ្លួនឯង ក៏កំពុងប្រឈមនឹងការកើនឡើងនៃក្រុមជាតិនិយម ដែលស្អប់នយោបាយអឺរ៉ុបដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ