អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជំនួបកំពូល​សហភាព​អាហ្វ្រិក​ផ្តោតលើ​វិបត្តិ​អាហ្វ្រិកកណ្តាល​​ និង​​ស៊ូដង់​ខាងត្បូង​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ សហភាពអាហ្វ្រិក​មាន​សមាជិក​​៥៤ប្រទេស បាន​រៀបចំ​កិច្ចជំនួបកំពូល​ខ្លួន​ លើកទី​២២​ នៅរដ្ឋធានី​អាឌី អាបេបាស ប្រទេស​អេត្យូពី គឺ​ទីស្នាក់ការ​​សហភាព​អាហ្វ្រិក​​​តែម្តង។ ជំនួប​កំពូល​នេះ ​បាន​ផ្តោត​សំខាន់​លើ​​​ប្រទេស​ស៊ូដង់​ខាងត្បូង និង​អាហ្វ្រិកកណ្តាល ជាប្រទេស​រងគ្រោះ​ដោយ​សង្គ្រាម សម្លាប់​មនុស្ស​​ច្រើនសន្ធឹកសន្ធាប់​ ស្ទើរតែ​ក្លាយ​ជា​អំពើប្រល័យ​ពូជសាសន៍​ទៅហើយ។ ដោយឡែក សម្រាប់​ឆ្នាំ​២០១៤នេះ ​លោក​ ម៉ូហាមេដ​ អ៊ុល អាប់ឌែល អាហ្ស៊ីស ប្រធានាធិបតី​ម៉ូរីតានី ធ្វើជាប្រធាន​ផ្លាស់វេន​សហភាព​អាហ្វ្រិក​ សម្រាប់​អាណត្តិ​មួយឆ្នាំ បន្ត​ពី​លោក​ ហៃឡឺម៉ារីយ៉ាំ ដឺសាឡេង ជា​នាយករដ្ឋមន្ត្រី​អេត្យូពី។

ជំនួបកំពូល​សហភាពអាហ្វ្រិក​ កាលពី​ខែ​មករា ឆ្នាំ២០១៣
ជំនួបកំពូល​សហភាពអាហ្វ្រិក​ កាលពី​ខែ​មករា ឆ្នាំ២០១៣ Photo: Union africaine
ផ្សាយពាណិជ្ជកម្ម

តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ នៅទីក្រុង​អាឌី អាបេបាស ប្រទេស​អេត្យូពី សហភាព​អាហ្វ្រិក​ ដែល​មាន​ប្រទេស​អាហ្វ្រិក​ចំនួន​៥៤ជា​សមាជិក​​ បាន​បើកជំនួប​កំពូល​​របស់​ខ្លួន​លើកទី២២ ដើម្បី​ស្វែង​រកដំណោះស្រាយ​វិបត្តិ​នយោ​បាយ​អោយ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង​ស៊ូដង់​ខាងត្បូង។

ដំបូងឡើយ ប្រទេស​សមាជិក​សហភាព​អាហ្វ្រិក​​ទាំងអស់​ ចង់​ពិភាក្សា​គ្នា​លើ​ប្រធានបទ​កសិកម្ម​និង​សុវត្ថិភាព​សន្តិសុខ​នៃចំណីអាហារឯណោះទេ។ ប៉ុន្តែ ពួកគេបាន​ប្តូរ​ចិត្ត​មកវិញ ដោយ​សម្រេច​ថា ត្រូវតែ​ផ្តល់អាទិភាពនៃការពិភាក្សា​ទាក់ទង​​​​ដំណោះស្រាយ​​បញ្ហា​ជួយ​អាហ្វ្រិក​កណ្តាល និង​ស៊ូដង់​ខាងត្បូង​វិញ​ ព្រោះថាសហភាព​អាហ្វ្រិក​មិនអាច​អោបដៃ បន្ត​មើល​​ការ​​​កាប់សម្លាប់ ឆក់ប្លន់ ចាប់រំលោភប្រជាជន​ស្លូតត្រង់​ ដែល​កំពុង​តែ​ស៊ីរូង​ប្រទេស​ទាំង២នេះ តទៅទៀត​​បានឡើយ។

គួរបញ្ជាក់​ថា ​​​នៅ​ស៊ូដង់​ខាងត្បូង​ តាំងតែ​ពី​ពាក់កណ្តាល​ខែធ្នូមក កងទ័ព​រដ្ឋាភិបាល​​ ប្រធានាធិបតី​​​​ ​សាល់វ៉ា កៀ និង​កងកម្លាំង​​គាំទ្រ​អតីតអនុ​ប្រធានាធិបតី​រៀក ម៉ាស្ហា បាន​ប្រឈមមុខ​​​ ដណ្តើមអំណាច​គ្នា។ ហើយ​ទោះបី​ជា​​ភាគីទាំង២​បានចុះហត្ថលេខា​លើ​បទឈប់បាញ់គ្នា​ កាលពី​ថ្ងៃ​២៣មករា ​រួចហើយ​ក្តី ក៏​ការប្រឈមមុខ​នៅតែ​បន្ត គ្មាន​គោរព​តាមបទឈប់បាញ់​បន្តិចសោះឡើយ។ គ្រាន់តែ​​ត្រឹម​៦​សប្តាហ៍​ប៉ុណ្ណោះ មាន​មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​សម្លាប់ ហើយ​ជាង​៨សែននាក់​ ត្រូវ​គេបណ្តេញចេញ​ពី​ទីលំនៅ។ អ្វីដែល​គួរអោយ​បារម្ភ​នៅពេលនេះ គឺ​ការភ័យខ្លាច​ថា ការប្រឈមនេះ អាច​ធ្វើអោយ​ផ្ទុះ​ជម្លោះ​សហគមន៍​ជាតិពិន្ធុ គឺ​ជម្លោះ​រវាង​សហគមន៍​​ ឌីនកា របស់​ប្រធានាធិបតី​សាល់វ៉ា កៀ និង​សហគមន៍​​​នូអេ របស់​អតីត​អនុ​ប្រធានាធិបតី ម៉ាស្ហា ដែល​ត្រូវបាន​លោក​សាល់វ៉ា កៀ ទំលាក់ពីអំណាច​កាលពីខែ​កក្កដា​នោះ។

នៅ​ឯសាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ឯណោះវិញ ទោះជា​មាន​កងកម្លាំង​​សហភាព​អាហ្វ្រិក មីស្កា ដាក់ពង្រឹង​សន្តិសុខ​ម្តេចក្តី ទោះជា​មានកងទ័ព​បារាំង​ចុះទៅជួយ​ការពារ​សន្តិសុខ​ក្តី ប្រទេសអាហ្វ្រិកកណ្តាល​នៅតែ​រងវិបត្តិ ​គិតតាំង​ពី​​ខែ​មិនា ឆ្នាំ២០១៣មក ពោលគឺ​ជិតមួយឆ្នាំហើយ។ វិបត្តិ​សាធារណរដ្ឋ​អាហ្វ្រិកកណ្តាល​ចាប់ផ្ទុះឡើង កាលពី​ខែ​មិនា ឆ្នាំ​មុន ពេល​​ក្រុមឧទ្ទាម​សេឡេកា​​ធ្វើ​​​រដ្ឋប្រហារយោធា​ទំលាក់​ប្រធានាធិបតី ហ្វ្រង់ស៊័រ បូស៊ីសេ។ ភាពអានាធិបតេយ្យ កាប់សម្លាប់ ឆក់ប្លន់ ចាប់រំលោភ​ បានកើតឡើង​ស្ទើរតែ​រាល់ថ្ងៃ។ ប្រជាជន​រាប់ពាន់នាក់​បានបង់ជីវិត ហើយ​រាប់សែននាក់​ទៀត​បានភៀសខ្លួន។ ជម្លោះ​រវាង​អ្នកកាន់សាសនា​គ្រិស្ត​និង​អ្នកកាន់សាសនា​អ៊ីស្លាម​ក៏បាន​ផ្ទុះឡើង​ផងដែរ។ ទោះជាមាន​កងកម្លាំង​​ការពារ​សន្តិសុខ​មីស្កា​​​របស់​សហភាព​អាហ្វ្រិក ទោះជា​មានកងទ័ព​បារាំង​ ​ក៏​ភាព​អនាធិបតេយ្យ​​នៅតែ​បន្ត​យាយី​អាហ្វ្រិក​កណ្តាល​រៀងរាល់ថ្ងៃ។ ​

ដូច្នេះ​ សហភាព​អាហ្វ្រិក​មិនអាច​បិទភ្នែក បិទត្រចៀក​បានទៀតទេ។ ព្រោះថា បញ្ហា​អាហ្វ្រិក​នេះ​គឺជារឿង​​ផ្ទៃក្នុង​អាហ្វ្រិក​ តែ​វាបែរ​ជា​​​​រង្គើ​ខ្ទរខ្ទា​ រហូត​​ដល់ត្រចៀក លោកបាន គីមូន​ ជា​​​អគ្គលេខាធិកា​អង្គការ​សហប្រជាជាតិ​​​ ទៅទៀត។ លោកបាន គីមូន បាន​ព្រមាន​ថា នឹង​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋ​ នៅ​ស៊ូដង់​ខាងត្បូង។ លើសពីនេះ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ ទើប​បាន​​អនុម័ត​អោយ​កងទ័ព​អឺរ៉ុប ចុះទៅអាហ្វ្រិក​កណ្តាល​សម្រាប់​រយៈពេល​៦ខែ។ កងទ័ព​អឺរ៉ុប​មានសិទ្ធិ​ប្រតិបត្តិការ​​​ពេញលេញ​ ក្នុង​ករណី​ចាំបាច់។ ដូច្នេះ វាជា​ភាព​អាម៉ាស​​មួយ​ ដោយសារតែ​​អាហ្វ្រិក​ខ្លួនឯងផ្ទាល់​ មិនអាច​ដោះស្រាយ​បញ្ហាខ្លួនឯងបាន បែរជា​អោយ​អង្គការ​សហប្រជាជាតិ​បញ្ជូនទ័ព​ប្រទេស​លោកខាងលិច​ ទៅ​ជួយ​ដោះស្រាយ​អោយ​ទៅវិញ។​

មិនត្រឹម​​អសមត្ថភាព​​ដោះស្រាយ​បញ្ហា​ខ្លួនឯងប៉ុណ្ណោះទេ កន្លងមក​សហភាព​អាហ្វ្រិក​ថែមទាំង​បានចោទ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​កំពុង​កាត់ទោស​មេដឹកនាំ​អាហ្វ្រិក​មួយចំនួន​នោះ ថា​គ្មានភាព​សុក្រិត លំអៀង​ទៅរក​បណ្តា​ប្រទេស​ស្បែកសទៀតផង។ ​​​​​

ដូច្នេះ បើទោះជា​ចង់រឺមិនចង់ ក្នុង​ជំនួប​កំពូល​ថ្ងៃព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​នេះ សហភាព​អាហ្វ្រិក​ ដែល​បានបង្កើត​ជាង​៥០ឆ្នាំ​មកហើយ​នោះ ត្រូវ​តែហើបគូទ រត់ម៉ារ៉ាតុង​​​​ជជែក​លម្អិត​ឡើងវិញ ពីបញ្ហា​សន្តិសុខ​​ស៊ូដង់ខាងត្បូង និង​អាហ្វ្រិកកណ្តាល ប្រសិន​បើ​​ខ្លួនពិតជា​​មានសមត្ថភាព​ក្នុង​ការដោះស្រាយ​បញ្ហា​មែននោះ។ ​ការអភិវឌ្ឍន៍​ទ្វីបអាហ្វ្រិក​​ មិន​អាច​​ដំណើរការ​បានឡើយ ប្រសិន​បើអាហ្វ្រិក​​គ្មាន​ស្ថិរភាព​សន្តិសុខ ស្ថិរភាព​​ទេនោះ។

ដោយឡែក បញ្ហា​នៅពេលនេះ ស្ថិត​​ត្រង់​ថា ​សហភាព​អាហ្វ្រិក​នៅ​យឺតយ៉ាវ​ ក្នុង​ការស្វែង​រកដំណោះស្រាយ​វិបត្តិ។ សហភាព​អាហ្វ្រិក​នៅ​ពិបាក​​​បង្កើត​កងកម្លាំង​​ដែល​អាច​ប្រតិបត្តិ​ការ​បាន​ភ្លាមៗ ក្នុងករណី​មាន​ស្ថានការណ៍​អាសន្ន​កើតឡើង។ ទោះយ៉ាងនេះ​ក្តី កាលពី​ថ្ងៃពុធ​ ក្រុមប្រឹក្សា​ផ្នែកសន្តិភាព​និង​សន្តិសុខ​សហភាព​អាហ្វ្រិក​បានប្រាប់​អោយដឹងថា មេដឹកនាំ​អាហ្វ្រិក​សំខាន់ៗ​បាន​ពិភាក្សា​គ្នា ពី​ការប្រើកម្លាំង​ទ័ព រឺក៏​ការ​អន្តរាគមន៍ឆាប់​រហ័ស​​ក្នុង​ជម្លោះ​​​នៅ​អាហ្វ្រិក។ វិធានការ​នេះ អាច​នឹង​ចាប់ដំណើរការ​​នៅ​ចុងឆ្នាំ២០១៥ខាងមុខ​នេះ។​ ​នៅពេលនេះ គេ​នៅចាំមើលថា ​តើ​សហភាព​អាហ្វ្រិក​អាច​កម្រើក​ខ្លួន​បានប៉ុណ្ណា ដើម្បី​ដោះស្រាយ​វិបត្តិ​​​​​ស៊ូដង់ខាងត្បូង និង​អាហ្វ្រិកកណ្តាល៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ