អានតួអត្ថបទ
កម្ពុជា

លោក សួន សេរីរដ្ឋា មាន​គម្រោង​អញ្ជើញ​លោក ហ៊ុន សែន មក​សួរ​ដេញ​ដោល ​បន្ទាប់​ពី​លោក សម រង្ស៊ី

​លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសបុក​ផ្លូវការរបស់​លោក​នៅ​ថ្ងៃ​នេះ​ថា លោក​មាន​គម្រោង​អញ្ជើញ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន មក​សួរ​ដេញដោល​គ្នា​នៅ​លើ​វេទិការ​នយោបាយ​មួយ បន្ទាប់​ពី​ការ​អញ្ជើញ​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​។ ប៉ុន្តែ​ក្រុម​អ្ន​ក​វិភាគ​បានមើល​ឃើញ​ថា វេទិការ​នេះ​ ទំនង​ជាមិន​អាច​ទៅ​រួច​នោះ​ទេ​។

លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ និង​លោក​សម រង្ស៊ី គណបក្ស​សង្គ្រោះ​ជា​តិ​។​
លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ និង​លោក​សម រង្ស៊ី គណបក្ស​សង្គ្រោះ​ជា​តិ​។​ @RFI
ផ្សាយពាណិជ្ជកម្ម

លោក សួន សេរីរដ្ឋា ដែល​កំពុង​ចូលរួម​នៅក្នុង​វេទិការ​មួយ​នៅ​ខេត្ត​កំពង់​ស្ពឺ​ បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នៅ​លើ​ទំព័រ​ហ្វេស​បុក​របស់​លោក កាល​ពីថ្ងៃ​​ទី​១​៦​តុលា​ថា ហេតុអ្វី​បាន​ជា​គណបក្ស​អំណាច​ខ្មែរ​ មិន​អញ្ជើញ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន ​ឲ្យមក​ឡើង​វេទិកា​ដេញ​ដោល​គ្នា ដូច​ដែល​លោក​បាន​អញ្ជើញ​លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​?
លោក សួន សេរីរដ្ឋា បាន​ឆ្លើយ​តប​ថា លោក​ ហ៊ុន​ សែន​ ក៏​ត្រូវ​តែ​អញ្ជើញ​មក​សួរ​ដេញ​ដោល​ដែរ តែ​មិន​មែន​ពេល​នេះ​ទេ​។ បើ​តាម​ប្រធាន​គណបក្ស​អំណាច​ខ្មែ​រ​រូប​នេះ ​គម្រោង​នៃ​ការ​អញ្ជើញ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នឹង​ធ្វើ​ឡើង បន្ទាប់​ពីការ​អញ្ជើញ​លោក​ស​​ម​ រង្ស៊ី​ព្រោះ​ថា លោក​ហ៊ុន សែន បច្ចប្បន្ន ប្រៀប​ដូច​ជា​ម្ចាស់​ខ្សែ​ក្រវ៉ាត់​ទៅ​ហើយ ​ដែល​ត្រូវការ​ជើង​ខ្លាំង​ម្នាក់​ទៅ​ដណ្តើម​។

សូម​បញ្ជាក់​ថា​​ កាល​ពី​ថ្ងៃ​ទី​១៦​តុលា​ លោក សួន សេរីរដ្ឋា បាន​ប្រកាស​នៅ​លើទំព័រ​ហ្វេសបុក​របស់​លោក​ថា គណបក្ស​អំណាច​ខ្មែរ នឹង​អញ្ជើញ​លោក សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​មាន​កៅ​អី​ក្នុង​សភា ឡើង​វេទិកា​មួយ​ដែល​មាន​ឈ្មោះ​ថា «ភាព​ជា​អ្នក​នយោបាយ​» ដែល​គ្រោង​​នឹ​ង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី ៧ វិច្ឆិកា ២០១៥ ខាង​មុខ​។

វេទិ​ការ​នេះ គឺ​ដើ​ម្បី​ផ្ត​ល់​ឱកាស​ឲ្យ​អ្នក​ចូល​រួម បាន​សួរ​ដេញ​ដោល​ដោយ​សេរី​ ក្នុង​នាម​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឆ្លើយ​តប​តាម​រយៈទំព័រ​ហ្វេសបុក​ភ្លាម​ថា ​មេដឹក​នាំបក្ស​សង្គ្រោះជាតិ​នឹង​មិន​ចំណាយ​ពេល​ចូលរួម​ពិភាក្សា​ជា​មួយ​បក្ស​អំណាច​ខ្មែរ​ ដែល​ជា​បក្ស​គ្មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​នោះ​ទេ​។ ដូចគ្នា​អញ្ចឹង​ដែរ​ លោក មុត ចន្ថា ប្រធាន​ខុទ្ទកាល័យ​របស់​លោក កឹម សុខា បាន​ហៅ​ការ​អញ្ជើញ​នេះ​ថា ជា​យុទ្ធសាស្រ្ត​ចង់​ល្បី​ឈ្មោះ​របស់​លោក សួន សេរីរដ្ឋា តែ​ប៉ុណ្ណោះ​។

យ៉ាងណា​ក៏​ដោយ លោក​ទេព វីរៈ អ្នក​នាំ​ពាក្យ​គណបក្ស​អំណាច​ខ្មែរ​បាន​បញ្ជាក់​ថា ​គណបក្ស​នៅ​តែរក្សា​គម្រោង​បង្កើត​វេទិការ​នេះ​ដដែល ហើយការ​បដិសេធ​យ៉ាង​ណា​នោះ ​គឺ​ទុក​ឲ្យ​ប្រជាពល​រដ្ឋ​ជា​អ្នក​វាយ​តម្លៃ​។

គួរ​កត់​សំគាល់​ថា លោក សួន សេរីរដ្ឋា ដែល​ទើបវិល​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ ​កាល​ពី​ថ្ងៃ​ទី​១​ខែ​តុលា​ឆ្នាំ​២០១៥​នេះ បាន​ធ្វើ​សកម្មភាព​គួរ​ឲ្យ​កត់​សំគាល់​ជា​ច្រើន​។ គេ​នៅ​ចាំ​បាន​ថា គ្រាន់​តែ​មក​ដល់​កម្ពុជា​ភ្លាម ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូប​នេះ ​បាន​ប្រកាស​ចង​សម្ព័ន្ធ​ភាព​​ជាមួយ​គណបក្ស​តូច​ៗ​ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​សភា ​និង​គណបក្ស​ដែល​ទើប​តែ​បង្កើត​ថ្មី ដើម្បី​តស៊ូ​គោល​នយោបាយ​រួម​។ ប៉ុន្តែ​គម្រោង​នោះ​មិន​ទទួល​បានការ​ឆ្លើយតប​ជាវិជ្ជ​មាន​នោះ​ទេ ហើយ​គេ​មិន​រំពឹង​ទេ​ថា ការ​ចង​សម្ព័ន្ធ​ភាព​បែប​នេះ នឹង​ទ​ទួល​បាន​ជោគជ័យ​នោះ​ដែរ​ ព្រោះ​ថា ក្នុង​បរិបទ​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ សម្ព័ន្ធភាព​បែបនេះ​មិន​ចាំ​បាច់​នោះ​ទេ​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ