អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មិន​រំខាន​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា នៅ​ភ្នំពេញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី៧នឹង​បើក​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ ទី ២០វិច្ឆិកា​សប្តាហ៍​ក្រោយ។កិច្ចប្រជុំ​ដែល​បានចាប់កំណើត​ឡើង​កាលពី​ឆ្នាំ២០០៥នេះ​មាន​គោលដៅ​ធ្វើ​ឲ្យ​ប្រទេស​នៅ​អាស៊ី​បូព៌ានិង​ប្រទេស​ជុំវិញ​តំបន់​នោះ​ជជែក​គ្នា​ស្វែងរក​កិច្ចសហការ​ជាពិសេស គឺ​បញ្ហា​សេដ្ឋកិច្ចនិង​សង្គម។ ប៉ុន្តែប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះជំនួប​កំពូល​អាស៊ី​បូព៌ា​ត្រូវបាន​គ្របដណ្តប់​យ៉ាងខ្លាំង​ដោយ​ជម្លោះ​នៅក្នុង​ដែនសមុទ្រ​ចិនជាពិសេស​ចាប់តាំងពី​សហរដ្ឋ​អាមេរិក​បង្ហាញ​វត្តមាន​ក្នុង​កិច្ចប្រជុំ​នេះ។ ប៉ុន្តែកិច្ចប្រជុំ​អាស៊ី​បូព៌ា នៅ​ភ្នំពេញ​ពេលនេះ​ត្រូវគេ​រំពឹងថាអាច​ចៀសវាង​ផុតពី​កម្តៅ​នៃ​បញ្ហា​សមុទ្រ​ចិន។ 

កម្ពុជា​ប្រារព្ធ​ខួប​១០​ឆ្នាំនៃ​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (បណ្ណសារ)
កម្ពុជា​ប្រារព្ធ​ខួប​១០​ឆ្នាំនៃ​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (បណ្ណសារ) ©RFI/siv channa
ផ្សាយពាណិជ្ជកម្ម

 

យោងតាម​ការរំពឹងទុក​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​លែង​ជា​រឿង​រំខាន​ដល់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា នៅ​ភ្នំពេញ​ទៀតហើយ។ ហេតុផល​គឺ​ដោយ​ដោយសារ​ថា ភាគី​ជម្លោះ​គឺ​អាស៊ាន និង​ចិន​បាន​ព្រមព្រៀងគ្នា​ថា នឹង​គោរព​តាម​សេចក្តីប្រកាស (DOC) កាលពី​ឆ្នាំ ២០០២ និង​ឈានទៅ​សម្រេច​ឲ្យ​បាន​ក្រម​ប្រតិបត្តិ (COC) ដោយ​សន្តិវិធី​នៅពេល​ខាងមុខ។ នេះ​ជា​ទឡ្ហីករណ៍​ដ៏​រឹងមាំ​ដែល​ប្រមុខ​ការទូត​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​បានប្រកាស​ដោយ​ភាពជឿជាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

ប្រសិនបើ​ពិតជា​ដូច្នោះ​មែន នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​គ្រប់ភាគី ជាពិសេស​សម្រាប់​កម្ពុជា​ក្នុងនាម​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នេះ។ ប្រសិនបើ​គ្មាន​ការបំពុល​បរិយាកាស​ដោយសារ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទេនោះ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នឹង​វិល​ទៅរក​គោលដៅ​ដើម​របស់ខ្លួន​វិញ នោះ​គឺ​ការស្វែងរក​កិច្ចសហប្រតិបត្តិការ​គ្នា ក្នុង​វិស័យ​គន្លឹះ​ចំនួន​៦ រវាង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត។ វិស័យ​ទាំង​៦​នោះ ជារួម​មាន វិស័យ​បរិស្ថាន អប់រំ ហិរញ្ញវត្ថុ បញ្ហា​ជំងឺឆ្លង ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ការតភ្ជាប់​គ្នា​រវាង​បណ្តា​ប្រទេស​នៅក្នុង​តំបន់។

គួរ​បញ្ជាក់ថា រហូតមកដល់​ជំនួប​លើក​ទី៥ នៅ​ហាណូយ កាលពី​ឆ្នាំ ២០១០ មាន​ប្រទេស​ចំនួន ១៦ ដែលជា​ដៃគូ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា នោះ​គឺ​សមាជិក​អាស៊ាន​ទាំង១០ បូក​នឹង​ប្រទេស​ជា​ដៃគូ ៦ទៀត គឺ ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលហ្សេឡង់ ចំណែក​សហរដ្ឋអាមេរិក និង​រុស្ស៊ី ស្ថិតនៅ​ជា​សមាជិក​សង្កេតការណ៍​នៅឡើយ។ ប៉ុន្តែ នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី៦ នៅ​បាលី កាលពី​ឆ្នាំ ២០១១ កន្លងទៅ សហរដ្ឋអាមេរិក និង​រុស្ស៊ី ក៏បាន​ក្លាយជា​ដៃគូ​ពេញលេញ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា។

វត្តមាន​របស់​សហរដ្ឋអាមេរិក​នៅក្នុង​ជំនួប​នេះ​បានធ្វើ​ឲ្យ​កិច្ចប្រជុំ​គ្របដណ្តប់​ដោយ​ជម្លោះ​ក្នុង​ដែនសមុទ្រ​ចិន នៅក្នុង​បរិបទ​នៃ​ការដណ្តើម​ឥទ្ធិពល​គ្នា​របស់​មហាអំណាច​ទាំងពីរ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ នៅ​កោះ​បាលី កាលពី​ឆ្នាំទៅ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​ជួបពិភាក្សា​គ្នា រយៈពេល​ជិត​មួយ​ម៉ោង​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក​វេន ជា​ប៉ាវ។ ជំនួប​នេះ​មាន​គោលដៅ​កាត់បន្ថយ​ភាពតានតឹង​រវាង​មហាអំណាច​ពិភពលោក គឺ​អាមេរិក និង​មហាយក្ស​អាស៊ី គឺចិន។

កាលណោះ សហរដ្ឋអាមេរិក​បាន​ចូលមក​ពាក់ព័ន្ធ​ជា​ចំហ​ទៅក្នុង​ជម្លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង ក្រោម​ហេតុផល​នៃ​ការព្រួយបារម្ភ​អំពី​ផ្លូវ​នាវាចរណ៍​អន្តរជាតិ។ សហរដ្ឋអាមេរិក​បាន​ផ្តល់​ការគាំទ្រ​ខាង​យោធា​ដល់​ហ្វីលីពីន​ដែលជា​គូទំនាស់​ជាមួយ​ចិន និង​ថែមទាំង​បាន​បញ្ជូន​ទ័ព​ទៅ​ឈរជើង​នៅ​ប្រទេស​អូស្ត្រាលី​ទៀតផង។ នេះ​ជា​ទឡ្ហីករណ៍​គ្រប់គ្រាន់​ដែល​បង្ហាញ​ពី​ការប្រជែង​ដោយ​ចេញមុខ​របស់​អាមេរិក​ជាមួយ​ចិន​ដែលជា​មហា​យក្ស​អាស៊ី។ យ៉ាងណាក៏ដោយ ជំនួប​នៅ​បាលី​កាលពី​ឆ្នាំមុន បានសម្រេច​សេចក្តីថ្លែងការណ៍​សំខាន់២៖ ទី១ ទាក់ទង​នឹង​ការថែរក្សា​សន្តិភាព ស្ថេរភាព និង​សុខមាលភាព​ក្នុង​តំបន់ និង ទី២ទាក់ទង​នឹង​ការតភ្ជាប់​វិស័យ​គន្លឹះ​ទាំង៦ដូច​បានលើកឡើង​ខាងលើ។

ឥឡូវនេះ ជំនួប​កំពូល​អាស៊ី​បូព៌ា​លើក​ទី៧ដែល​នឹង​បើក​ធ្វើ​នៅ​ភ្នំពេញ នា​សប្តាហ៍​ក្រោយ ប្រសិនបើ​អាច​ចៀស​ផុតពី​ភាពតានតឹង​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដូច​ការរំពឹងទុក​មែន វា​ជា​លទ្ធផល​នៃ​កត្តា​គួបផ្សំ​គ្នា​ពីរ​យ៉ាង៖ ទី១ គឺ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងនាម​ប្រធាន​អាស៊ាន​ដើម្បី​បញ្ចៀស​បញ្ហា​ជាយថាហេតុ​ដូច​កាលពី​ពេលមុន។ និង​ទី២ ភាគី​ចិន​ក៏​ពិតជា​មិន​ចង់​ឲ្យ​ប្រទេស​ដទៃ ជាពិសេស គឺ​សហរដ្ឋអាមេរិក​ចូលមក​ពាក់​ព័ន្ធ​ក្នុង​បញ្ហា​នេះដែរ។ ដូច្នេះ ហើយ​បានជា​ទីក្រុង​ប៉េកាំង​បាន​យល់ស្រប​ជាមួយ​អាស៊ាន​ថា នឹង​យក​ឯកសារ DOC ជា​គោល ហើយ​សន្យា​ខិតខំ​រួមគ្នា​ជាមួយ​អាស៊ាន​ដើម្បី​សម្រេច ក្រមប្រតិបត្តិ (COC) ។ ការយោគយល់​គ្នា​នេះ​បាន​កើតឡើង បន្ទាប់ពី​មាន​ជំនួប​រវាងឧ​ត្ត​ម​មន្ត្រី​អាស៊ាន និង​ចិន​ជាច្រើនលើក។

យ៉ាងណាក៏ដោយ នេះ​មិនមែនជា​ទីបញ្ចប់​នៃ​ជម្លោះ​ក្នុង​ដែនសមុទ្រ​ចិន​ទេ ពីព្រោះ​បញ្ហា​ទឹកដី​ដែលមាន​អាយុកាល​ដ៏​ចំណាស់​បែបនេះ​ពិតជា​មិន​ងាយ​ដោះស្រាយ​ឲ្យ​ស្រេចបាច់​នោះទេ។ ក៏ប៉ុន្តែ ការបញ្ចៀស​សង្គ្រាម​គឺជា​រឿង​ចាំបាច់​ដើម្បី​រក្សាភាព​ខ្លាំង​របស់​អាស៊ី​ដែល​កំពុងតែ​ក្លាយជា​ទីតាំង​យុទ្ធសាស្ត្រ​របស់​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ