អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជម្លោះ​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​អាច​ជា​បញ្ហាចោទ​ចំពោះ​យុទ្ធសាស្រ្ត​របស់​ឥណ្ឌា

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​សប្តាហ៍​មុន ឥណ្ឌា​បាន​ទទួល​ស្វាគមន៍​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង នៅ​ក្នុង​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​ដ៏សំខាន់​មួយ សម្រាប់​ទំនាក់ទំនង​ជា​ដៃគូ​យុទ្ធសាស្រ្ត ​រវាង​ប្រទេស​ទាំងពីរ។ សម្រាប់​ឥណ្ឌា​ ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាង​ត្បូង គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​រយៈពេល​វែង ក្នុងការ​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់ ជាពិសេស ដើម្បី​ប្រជែង​ជាមួយ​ចិន។ ក៏ប៉ុន្តែ បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​ឥណ្ឌា គឺ​ជម្លោះ​ដែល​តែងតែ​កើតមាន​ឥតឈប់​ រវាង​កូរ៉េ​ខាង​ត្បូង និង​​ជប៉ុន ដែល​​ជា​ដៃគូ​យុទ្ធសាស្រ្ត​ដ៏​សំខាន់​មួយ​ដែរ​របស់​ឥណ្ឌា។

លោក​ម៉ាន់ម៉ូហាន់ ស៊ិញ ទទួល​ស្វាគមន៍​លោកស្រី​ប៉ាក់ គុនហេ ក្នុង​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ ថ្ងៃ​ទី១៦ មករា​ ២០១៤
លោក​ម៉ាន់ម៉ូហាន់ ស៊ិញ ទទួល​ស្វាគមន៍​លោកស្រី​ប៉ាក់ គុនហេ ក្នុង​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ ថ្ងៃ​ទី១៦ មករា​ ២០១៤ REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

ជាទូទៅ គេ​សង្កេតឃើញ​ថា កន្លងមក ឥណ្ឌា​ផ្តោត​នយោបាយ​ការបរទេស​របស់​ខ្លួន​ច្រើន​តែទៅលើ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ឥណ្ឌា​ចាត់ទុក​ថា​ជា​តំបន់​ដែល​ខ្លួន​​មាន​ឱកាស​ច្រើន​ក្នុង​​ការ​ពង្រីក​ឥទ្ធិពល​​ផង និង​ជា​តំបន់​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ដែល​អាច​​ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ឥណ្ឌា​ផង។

ក៏ប៉ុន្តែ បន្តិចម្តងៗ នៅ​ពេល​ដែល​ឥណ្ឌា​មាន​សេដ្ឋកិច្ច​កាន់តែ​រីកលូតលាស់​ខ្លាំង ឥណ្ឌា​ចាប់ផ្តើម​សំឡើង​មើល​កាន់តែ​ឆ្ងាយ រហូត​ទៅដល់​តំបន់​អាស៊ី​បូព៌ា ​ជាពិសេស ឥណ្ឌា​ផ្តោត​លើ​ការ​ពង្រឹង​ដៃគូ​ជា​យុទ្ធសាស្រ្ត​ជាមួយ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។

បច្ចុប្បន្ន​នេះ ឥណ្ឌា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ជប៉ុន​រួច​ទៅហើយ។ ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាង​ត្បូង​មួយ​បន្ថែម​ទៀត​​នឹង​ជួយ​​ពង្រឹង​សមត្ថភាព​របស់​ឥណ្ឌា ដើម្បី​អាច​ក្លាយ​ជា​តួអង្គ​ចម្បងមួយ នៅ​ក្នុង​​តំបន់​អាស៊ី​បូព៌ា ដែល​​ជាទីតាំង​ដ៏​សំខាន់​មួយ នៃ​ការ​​ប្រជែង​ឥទ្ធិពលគ្នា រវាង​មហាអំណាច​ក្នុង​សតវត្សរ៍​ទី​២១​នេះ។

សូមអាន៖ ជប៉ុន និង​ឥណ្ឌា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

កូរ៉េ​ខាង​ត្បូង​ គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី៤ នៅ​អាស៊ី បន្ទាប់​ពី​ចិន ជប៉ុន និង​ឥណ្ឌា។ សំខាន់​ជាងនេះ​ទៅទៀត សម្រាប់​ឥណ្ឌា កូរ៉េ​ខាង​ត្បូង ​គឺ​ជា​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា និង​ឧស្សាហកម្ម​យោធា​ដ៏​ជឿនលឿន។ បច្ចេកវិទ្យា​ខាង​ផ្នែក​មីស៊ីល និង​ខាង​ទ័ព​ជើង​ទឹក​របស់​កូរ៉េ​ត្បូង គឺ​ជា​បច្ចេកវិទ្យា​ដ៏ទំនើប ដែល​គេ​ទទួលស្គាល់​ជា​អន្តរជាតិ ហើយ​ជា​បច្ចេកវិទ្យា​ ដែល​ឥណ្ឌា​ត្រូវការ ក្នុងការ​ពង្រឹង​សមត្ថភាព​យោធា​របស់​ខ្លួន។

សម្រាប់​កូរ៉េ​ខាង​ត្បូង​វិញ ឥណ្ឌា ដែល​មាន​ប្រជាជន​រហូតដល់​ទៅ​ជាង​១ពាន់លាននាក់ ហើយ​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីកលូតលាស់​យ៉ាង​លឿន​មួយនោះ គឺ​ជា​ទីផ្សារ​ប្រកប​ដោយ​សក្តានុពលមួយ។ កាលពី​សប្តាហ៍​មុន លោក​ស្រី​ប៉ាក់ គុនហេ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា គោលដៅ​សំខាន់​នៃ​ដំណើរទស្សនកិច្ច​របស់​លោកស្រី នៅ​ឥណ្ឌា គឺ​ដើម្បី​ស្វះស្វែង​រក​ទីផ្សារ​ សម្រាប់​ឧស្សាហកម្ម​កូរ៉េ​ខាង​ត្បូង។

ត្រង់ចំណុច​នេះ គេ​អាច​និយាយ​បាន​ថា ឥណ្ឌា និង​កូរ៉េ​ខាង​ត្បូង មាន​ផលប្រយោជន៍​រួម​គ្នា ដែល​ជា​កត្តា​សំខាន់​ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជា​ដៃគូ​យុទ្ធសាស្រ្ត។

បើ​និយាយខាង​ភូមិសាស្រ្ត​នយោបាយ​វិញ យើងឃើញ​ថា កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា ក៏​មាន​​បញ្ហា​ប្រឈម​រួមគ្នា​ដ៏​ធំមួយ​ដែរ គឺ​កូរ៉េ​ខាង​ជើង។ របបកុម្មុយនិស្ត​ព្យុងយ៉ាង ដែល​ជា​គូសត្រូវ​របស់​កូរ៉េ​ខាង​ត្បូង មាន​ជាប់​សង្ស័យ​ថា បាន​លួច​លក់​បច្ចេកវិទ្យា​មីស៊ីល និង​នុយក្លេអ៊ែរ​ទៅ​ឲ្យ​ប៉ាគីស្ថាន ដែល​ជា​គូសត្រូវ​របស់​ឥណ្ឌា។ ហេតុដូច្នះ​ហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា ឥណ្ឌា​តែងតែ​បាន​ដើរតួនាទី​យ៉ាង​សកម្ម ក្នុង​ការអនុវត្ត​ទណ្ឌកម្ម​អន្តរជាតិ​​ទៅលើ​កូរ៉េ​ខាងជើង។

ចំពោះ​ទំនាក់ទំនង​ជាមួយ​ចិន​វិញ (ចិន​ដែល​ជា​គូប្រជែង​របស់​ឥណ្ឌា) ឥណ្ឌា​ក៏​រំពឹង​ថា​នឹង​អាច​រក​ចំណុច​រួម​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង​ដែរ។ ចិន គឺ​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាងជើង ដែល​ជា​គូសត្រូវ​របស់​កូរ៉េ​ខាង​ត្បូង។ ចំណែក​កូរ៉េ​ខាង​ត្បូង គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​​របស់​អាមេរិក ដែល​ជា​គូប្រជែង​របស់​ចិន។ ក៏ប៉ុន្តែ ទោះបីជា​យ៉ាងនេះ​ក៏ដោយ នៅ​ក្នុង​ការ​ពិត​ជាក់ស្តែង គេ​សង្កេតឃើញ​ថា អ្វីៗ​ហាក់ដូចជា​មិន​សាមញ្ញ ដូច​ការ​រំពឹង​ចង់​បាន​របស់​ឥណ្ឌា​នោះទេ។

សូមអាន៖ តើ​ចិន​អាច​ប្រជែង​ឈ្នះ​ឥណ្ឌា​ក្នុងការ​គ្រប់គ្រង​មហាសមុទ្រ​ឥណ្ឌា​ឬទេ?

ថ្វីដ្បិត​តែ​ចិន និង​កូរ៉េ​ខាង​ត្បូង ដើរផ្លូវ​ផ្សេងគ្នា នៅ​ក្នុង​សំណុំរឿង​កូរ៉េ​ខាង​ជើង និង​ក្នុង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ក៏ប៉ុន្តែ គេឃើញ​ថា ប្រទេស​ទាំងពីរ​នេះ​ក៏​មាន​ផលប្រយោជន៍​រួមគ្នា​ច្រើន​ដែរ។​ ​​ការដោះដូរ​​ពាណិជ្ជកម្ម និង​ការ​វិនិយោគ រវាង​ចិន និង​កូរ៉េ​ខាង​ត្បូង​​​ចេះតែ​បន្ត​កើនឡើងយ៉ាង​ខ្លាំង​ឥតឈប់។ ម្យ៉ាងទៀត ប្រទេស​ទាំងពីរ​នេះ​មាន​ចំណង​ប្រវត្តិសាស្រ្ត​រួមគ្នា​មួយ គឺ​​ការ​រងគ្រោះ​ដោយ​អំពើ​ឈ្លានពាន​របស់​ជប៉ុន ក្នុង​សម័យ​សង្រ្គាម។

គេ​ឃើញ​ថា នៅ​​ពេល​ដែល​លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ធ្វើ​ដំណើរ​ទៅ​គោរពវិញ្ញានក្ខន្ធ នៅ​វិហារ​យ៉ាស៊ូគូនី កាលពី​ខែ​ធ្នូ ចិន និង​កូរ៉េ​ខាង​ត្បូង​បាន​មូលមាត់​គ្នា​ថ្កោលទោស​​ទង្វើ​នេះ។ កាល​ពី​ថ្ងៃ​អាទិត្យ​ ១៩មករា កន្លងទៅ​ថ្មីៗ​នេះ ចិន​បាន​សម្ពោធ​ស្តូប​មួយ​ឧទ្ទិស​ដល់​យុវជន​កូរ៉េ ដែល​បាន​ធ្វើឃាត​នាយករដ្ឋមន្រ្តី​ជប៉ុន កាល​ពី​ឆ្នាំ​១៩០៩។

សូមអាន៖ ចិន​​សម្ពោធ​ស្តូប​ឧទ្ទិស​ចំពោះ​ឃាតករ​សម្លាប់​នាយករដ្ឋមន្រ្តី​ជប៉ុន​ក្នុង​ឆ្នំា ១៩០៩

ជាការពិត ភាពចម្រូងចម្រាស​ រវាង​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ទាក់ទង​នឹង​រឿងរ៉ាវ​អតីតកាល គឺ​ជា​បញ្ហា​ចោទ​ដ៏​ធំ​មួយ សម្រាប់​ឥណ្ឌា ពីព្រោះ​ថា ឥណ្ឌា​ចង់​រក្សា​ទំនាក់ទំនង​ជា​យុទ្ធសាស្រ្ត​ទាំង​ជាមួយ​ជប៉ុន និង​ជាមួយ​កូរ៉េ​ខាង​ត្បូង។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ យើងឃើញ​ថា ប្រមុខដឹកនាំ​កូរ៉េ​ខាង​ត្បូង និង​ប្រមុខដឹកនាំ​ជប៉ុន សុទ្ធសឹង​ជា​​​ភ្ញៀវ​ដ៏សំខាន់ដែល​​ឥណ្ឌា​ទទួល​ស្វាគមន៍​ នៅ​ក្នុង​ខែ​មករា ដើមឆ្នាំ​ថ្មី​នេះ។ កាល​ពី​សប្តាហ៍​មុន ឥណ្ឌា​​ក្រាលព្រំ​ទទួល​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។ នៅ​សប្តាហ៍​ក្រោយ គឺ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ ដែល​នឹង​ត្រូវ​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស ក្នុង​ពិធី​បុណ្យ​ជាតិ​ឥណ្ឌា នៅថ្ងៃ​ទី២៦​មករា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ