អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការផ្ទុះ​យានអវកាស​ឯកជន​បង្ក​ចំណោទ​ដល់​វិស័យ​ទេសចរណ៍​អវកាស

ចុះផ្សាយ​នៅ​ថ្ងៃ៖

យានអវកាស​​របស់​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ផ្ទុះធ្លាក់ ​ក្នុង​ពេល​កំពុង​ធ្វើការ​ហោះសាកល្បង កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដោយ​បណ្តាល​ឲ្យ​អ្នក​បើក​បរម្នាក់​ត្រូវ​បាត់បង់​ជីវិត និង​ម្នាក់​ទៀត​ត្រូវ​រងរបួស​ធ្ងន់។ ការហោះសាកល្បង​យានអវកាសនេះ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ របស់​ក្រុមហ៊ុន​ឯកជន​អង់គ្លេស ឈ្មោះ Virgin Galactic ដែល​ចង់​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ទីអវកាស។ ក៏ប៉ុន្តែ ហេតុការណ៍ កាល​ពី​ម្សិលមិញ​នេះ កំពុងតែ​ធ្វើ​ឲ្យ​គេ​ចោទ​ជា​សំណួរ​ជុំវិញ​អនាគត​នៃ​វិស័យ​ទេសចរណ៍​អវកាស។

មហាសេដ្ឋី​អង់គ្លេស Richard Branson ឈរ​នៅ​មុខ​យាន​អវកាស SpaceShipTwo កាល​ពីថ្ងៃ​ទី៧ ធ្នូ ២០០៩ (រូបថតឯកសារ)
មហាសេដ្ឋី​អង់គ្លេស Richard Branson ឈរ​នៅ​មុខ​យាន​អវកាស SpaceShipTwo កាល​ពីថ្ងៃ​ទី៧ ធ្នូ ២០០៩ (រូបថតឯកសារ) REUTERS/Phil McCarten
ផ្សាយពាណិជ្ជកម្ម

យានអវកាស​របស់​ក្រុមហ៊ុន Virgin Galactic ដែល​ផ្ទុះ​ធ្លាក់​ កាល​ពីថ្ងៃ​សុក្រម្សិលមិញ​នេះ មាន​ឈ្មោះ​ថា SpaceShipTwo មាន​កន្លែង​សម្រាប់​អ្នក​បើកបរ​ពីរនាក់ និង​អាច​ដឹកភ្ញៀវទេសចរ​បាន ៦នាក់។

លោក Richard Branson មហាសេដ្ឋី​ជនជាតិ​អង់គ្លេស ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Virgin Galactic ធ្លាប់​បាន​ប្រកាស​ថា យានអវកាស SpaceShipTwo អាច​នឹង​ចាប់ផ្តើម​ដំណើរការ​ហោះហើរ​ដឹកភ្ញៀវទេសចរ​ទៅ​ទីអវកាស នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥​ខាងមុខនេះ ហើយ​ថា លោក និង​កូនប្រុស​របស់​លោក​នឹង​ធ្វើ​ដំណើរ នៅ​ក្នុង​ជើងហោះហើរ​ទីមួយ។

រហូតមក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន Virgin Galactic រក​បាន​អតិថិជន​ចំនួន ៦៥០នាក់​រួចទៅហើយ ដែល​បាន​ចុះឈ្មោះ និង​បង់លុយកក់​ជាមុន ដើម្បី​​អាច​ធ្វើ​ដំណើរ​ទៅកាន់​ទីអវកាស ក្នុងរយៈ​កម្ពស់ ១០០គីឡូម៉ែត្រ​ពី​ផែនដី ដែល​អាច​ឲ្យ​គេ​មើល​ឃើញ​ពី​ទម្រង់​ស្វ៊ែរ​របស់​ផែនដី និង​ស្គាល់​រសជាតិ​​នូវ​អ្វី​ទៅ​ដែល​ថា ការ​អណ្តែត​ក្នុង​អវកាស ដោយ​គ្មាន​ទំនាញ​ផែនដី។ ថ្លៃ​ធ្វើដំណើរ ២៥ម៉ឺនដុល្លារ​ម្នាក់។

ក៏ប៉ុន្តែ​ បើ​យោងតាម​អ្នក​ជំនាញ​ខាង​អវកាស​ ហេតុការណ៍​ផ្ទុះ​យាន​អវកាស SpaceShipTwo កាល​ពី​ថ្ងៃ​សុក្រ ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​អវកាស​ឯកជន​ត្រូវ​ជួប​នឹង​ភាព​យឺតយ៉ាវ។ ​គេ​មិន​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ឯកជន​ណា ដែល​អាច​ចាប់ផ្តើម​ដំណើរការ​​ដឹក​អ្នក​ទេសចរ​ទៅ​ទីអវកាស នៅ​ឆ្នាំ​ក្រោយ ឬ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​ទេ។

គួររំឭកឡើងវិញថា កាល​ពីថ្ងៃ​អង្គារ ដើមសប្តាហ៍​នេះ ក៏​មាន​ហេតុការណ៍​​ផ្ទុះឆេះយានអវកាស​​​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ដែរ គឺ​យាន​អវកាសដែល​​ទីភ្នាក់ងារ NASA ជួល​ឲ្យ​​ដឹក​គ្រឿងសម្ភារៈ​ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ។ ហេតុការណ៍​ផ្ទួនៗគ្នា​​នេះ ប្រាកដ​ជា​ធ្វើ​ឲ្យ​គេ​ចោទ​ជា​សំណួរ​ជុំវិញ​​បច្ចេកវិទ្យា​អវកាស​របស់​​ក្រុមហ៊ុន​ឯកជន និង​ជាពិសេស ជុំវិញ​បញ្ហា​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​ទៅទីអវកាស​តាម​ក្រុមហ៊ុន​ឯកជន។

យោងតាម​​ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០០១ ទីផ្សារ​ទេសចរណ៍​អវកាស អាច​នឹង​មាន​អតិថិជន​​​ប្រមាណ​ ២ម៉ឺននាក់។ ការសិក្សា​មួយ​ទៀត​កាល​ពី​ឆ្នាំ​២០១២​បង្ហាញ​ថា ទីផ្សារ​ទេសចរណ៍​អវកាស​នេះ​អាច​បង្កើត​ប្រាក់​ចំណូល​ ចន្លោះ​ពី ៦០០លាន ទៅ ១ពាន់ ៦លាន​ដុល្លារ ក្នុងរយៈពេល ១០​ឆ្នាំ។

គិត​ចាប់តាំង​ពី​ឆ្នាំ​២០០១​មក មាន​អ្នក​ទេសចរ​ចំនួន ៧នាក់​ហើយ ដែល​ធ្លាប់​ធ្វើ​ដំណើរ​​ទេសចរណ៍​ទៅកាន់​​ទីអវកាស ដោយ​​​ធ្វើ​ដំណើរ​ជាមួយ​អវកាសយានិក​អាជីព ទៅ​​កាន់​​ស្ថានីយ៍​អវកាស​អន្តរជាតិ (International Space Station) ដែល​ស្ថិត​នៅ​រយៈកម្ពស់​ពី ៣៣០​គីឡូម៉ែត្រ ទៅ ៤១០គីឡូម៉ែត្រ​ពី​ផែនដី ហើយ​​ស្នាក់​នៅ​ទីនោះ ​ក្នុង​ចន្លោះ​ពី ៨ថ្ងៃ​ទៅ ១៥ថ្ងៃ។
 
ដំណើរ​ទេសចរណ៍​ទៅកាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ​នេះ ត្រូវ​ធ្វើឡើង​ដោយ​យាន​អវកាស​ Soyuz របស់​ទីភ្នាក់ងារ​អវកាស​រដ្ឋ​​រុស្ស៊ី។ ​ក្នុងការ​ធ្វើ​ដំណើរ​ម្តងៗ គេ​អាច​ទទួល​អ្នក​ទេសចរ​បាន​តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​​ភ្ញៀវទេសចរ​ម្នាក់​ត្រូវ​បង់​លុយ​រហូតដល់​ទៅ ២០លាន ទៅ​៤០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ