អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីបាន​ជា​និស្សិត​កាណាដា​ធ្វើ​បាតុកម្ម​ជាង​៣​ខែ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខេត្ត​Quebec របស់​ប្រទេស​កាណាដា​កំពុង​រញ្ជួយ​ដោយ​មហា​បាតុកម្ម​របស់​និស្សិត​រាប់ម៉ឺន​នាក់ ដែល​កើត​មាន​​ជាង​៣ខែ​មកហើយ។ និស្សិត​កាណាដា​ទាំងនោះ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការដំឡើង​ថ្លៃ​សាលា ដែល​រដ្ឋាភិបាល​ខេត្ត​ Quebec​ទើប​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់ពី​ឆ្នាំ ២០១២​នេះទៅ។ កាលពីយប់​ថ្ងៃ​ពុធ ឈាន​ចូល​ដល់​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ ឧសភា ប៉ូលិស​បាន​ចាប់ឃាត់ខ្លួន បាតុករ​ជាង ៧០០​នាក់។

និស្សិត​កាណាដារាប់​ម៉ឺន​នាក់​​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ដំឡើង​ថ្លៃ​សាលារៀននៅ​ខេត្ត​Québec
និស្សិត​កាណាដារាប់​ម៉ឺន​នាក់​​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ដំឡើង​ថ្លៃ​សាលារៀននៅ​ខេត្ត​Québec ©Reuters
ផ្សាយពាណិជ្ជកម្ម

បើគិត​មក​ដល់​ថ្ងៃ​សុក្រនេះ បាតុកម្ម​របស់​និស្សិត​កាណាដា​មាន​រយៈពេល ១០៣​គត់។ ជាង បីខែ​ហើយ គេ​នៅមិន​ទាន់​មាន​ដំណោះស្រាយ​ចេញរួចទៀត។ ការចរចា​រវាង​មន្រ្តី​រដ្ឋាភិបាល ជាមួយ​តំណាង​សមាគម និង​សហជីព និស្សិត គ្រូបង្រៀន ត្រូវ​បរាជ័យ​ជាច្រើនលើក ដោយ​និស្សិត នៅតែ​មិនយល់ព្រម​ជាមួយ​ដំណោះស្រាយ​របស់​រដ្ឋាភិបាល។

គឺនៅឆ្នាំ ២០១១​កន្លងទៅ ក្នុង​ពេល​បោះឆ្នោត​កញ្ចប់​ថវិកា​រដ្ឋ នាយក​រដ្ឋមន្រ្តី​ប្រចាំខេត្ត​ Québec បាន​សម្រេច​ដំឡើងថ្លៃ​​បង់​សាលារៀន​រដ្ឋ ប្រមាណ​៣២៥​ដុល្លារ ក្នុង​មួយឆ្នាំៗ។ បច្ចុប្បន្ន និស្សិតកាណាដា​ត្រូវ​បង់​ថ្លៃសាលារៀន ២១៦៨​ដុល្លារ។ បើរដ្ឋ​ទារ​ដំឡើង​ថ្លៃ​សាលារៀន ៣២៥​ដុល្លារ ក្នុង​មួយឆ្នាំៗ នោះ នៅឆ្នាំ ២០១៧ ខាងមុខ និស្សិត​ត្រូវ​បង់​ថ្លៃ​សាលារៀន ៣៧៩៣​ដុល្លារ​ក្នុង​មួយឆ្នាំ។

នាយក​រដ្ឋមន្រ្តី​ប្រចាំខេត្ត​ Québec បាន​ការពារ​ច្បាប់​ថ្មីថា ជា​នយោបាយ​ទប់ទល់ឧុនភាព​ថវិកា​រដ្ឋ។ រដ្ឋាភិបាល​​ខេត្ត​ Québec ចង់​ឲ្យ​ប្រាក់ចំណូល​របស់​សកលវិទ្យាល័យ​កើនឡើង ២៥ភាគរយ​ពីពេលនេះ ដល់​ឆ្នាំ ២០១៧។ នៅពេល​សកលវិទ្យាល័យ​មាន​ប្រាក់ចំណូល​ខ្ពស់ រដ្ឋ​នឹង​អាច​កាត់​បន្ថយ​ចំណាយ​របស់ខ្លួន ទៅ​លើកញ្ចប់​ថវិកា​សម្រាប់​សកលវិទ្យាល័យ។ តាម​រដ្ឋមន្រ្តី​សេដ្ឋកិច្ច ​និស្សិត​ត្រូវ​បង់​ថ្លៃ​សាលារៀន​ថ្លៃជាងមុន តែបន្តិចបន្តួច  គឺ​ការចូលរួម​បង់ថ្លៃ​សាលា​របស់ពួកគេ នឹង​កើន​ពី​១២ ទៅ ១៦ភាគរយ​ប៉ុណ្ណោះ ព្រោះក្រៅពីនោះ ជា​បន្ទុក​របស់​រដ្ឋ និង​របស់​សា្ថប័ន​ឯកជន។

ម្យ៉ាងវិញទៀត រដ្ឋ​នឹង​ជួយ​បន្ធូរ​ការប្រាក់​របស់​និស្សិត​ដែល​ត្រូវ​ខ្ចី​លុយ​ពីធនាគារ​សម្រាប់​បង់ថ្លៃ​សាលារៀន។ និយាយ​បែបម្យ៉ាង គឺ​រដ្ឋ​ចង់​សម្រាល​ដកខ្លួន​ចេញ​ពី​គ្រប់គ្រង​វិស័យ​អប់រំ​តែម្នាក់ ដោយធ្វើ​ឯកជន​ភាវូបនីយកម្ម លើ​សាលារៀន​រដ្ឋ។

ប្រជាជន Québec​បង់ថ្លៃ​ពន្ធដា​ច្រើន​ជាងគេ បើប្រៀបធៀប​នឹង​ខេត្តផ្សេង នៅ​ក្នុង​ប្រទេស​កាណាដា ដោយសារ​តែ​ប្រជាជន​បង់ពន្ធ​ច្រើន ដូច្នេះ តម្លៃ​បង់ថ្នាក់រៀន នៅ​សកល​វិទ្យាល័យ​ក្នុង​ខេត្ត​ Québec​ក៏ត្រូវ​មាន​តម្លៃ​ថោក​ជាងគេ ។ ដូច្នេះ នៅពេល​រដ្ឋ​លែង​ចង់​ធានា​ជួយ​ដូចមុន គឺ​ចង់​ដំឡើង​ថ្លៃបង់​សាលារៀន បន្ថែមទៀតគឺ​សឹង​តែ​កើន​ទ្វេរដង ទើប​និស្សិត និង​គ្រូបង្រៀន​ខឹងសម្បារ។ ពួកគេ​តវ៉ា ដើម្បី​ឲ្យ​រដ្ឋ​បញ្ឈប់​ផែនការ​ដំឡើង​ថ្លៃ​សាលារៀន ព្រោះថា ផែនការ​នេះ​នឹងធ្វើ​ឲ្យ​និស្សិត​ដែល​គ្មាន​លទ្ធភាព និង​ដែល​កំពុង​រងគ្រោះ​ដោយ​អតិផរណាសង្គម ត្រូវ​បង្ខំចិត្ត​បោះបង់​ចោល​ការសិក្សា។

បាតុកម្មរបស់​និស្សិត​ដើម្បី​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​នយោបាយ​ដំឡើង​ថ្លៃ​សាលារៀន បាន​ក្លាយ​ជា​បាតុកម្ម​របស់​ប្រជាជន​កាណាដា ប្រឆាំង​រដ្ឋាភិបាល​បន្ទាប់ពី​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់ពិសេស​ថ្មី ឈ្មោះ​ច្បាប់​លេខ ៧៨​ពិសេស កាលពី​សប្តាហ៍មុន។ ក្នុង​ច្បាប់​ថ្មីនេះ​ដែល​មាន​សុពលភាព ​រហូត​ដល់​ខែ​កក្កដា ឆ្នាំ ២០១៣ គេបាន​ចែង ហាម​មិន​ឲ្យ​មាន​ការជួបជុំគ្នា​លើស​ពី​មនុស្ស​៥០​នាក់ នៅក្បែរ​សាលារៀន។ ហើយ​បើចង់​ធ្វើ​បាតុកម្ម ត្រូវ​ជូន​ដំណឹង​ទៅ​ប៉ូលិស​ឲ្យ​បាន​៨ម៉ោងមុន។ ប៉ុន្តែ ​ក្រុមនិស្សិត និង​គណបក្សប្រឆាំងដែល​ចាត់ទុក ច្បាប់នេះ ថា ជា​ការហាម ​បិទ​សិទ្ធិ​សេរីភាព​របស់​បាតុករ បាន​ផ្គើន និង​ចេញ​ធ្វើ​បាតុកម្ម​កាន់តែច្រើន ប្រឆាំង​នឹង​រដ្ឋាភិបាល។

នៅខេត្ត​ Québec ​ទាំងមូល ក្នុង​បាតុកម្ម ដែល​ឈាន​ទៅដល់​ការប្រឈមមុខ​ហិង្សា ជាមួយ​ប៉ូលិស។ កាល​ពី​យប់ថ្ងៃ​ពុធ ចូល​ដល់​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ចាត់ទុក​ថា បាតុកម្ម​ធ្វើ​ឡើង​ដោយ​ខុសច្បាប់ គ្មាន​ការសុំអនុញ្ញាតិ​អាជ្ញាធរ ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ជាង៧០០​នាក់។ តាមច្បាប់ថ្មី អ្នកដែល​គេ​ចាប់ខ្លួន​ត្រូវ​បង់​ពិន័យ​​ប្រាក់ ប្រមាណ ៦០០​ដុល្លារ មុន​នឹង​ត្រូវប៉ូលិស​ដោះលែង​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ