អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ីរី៖​សហគមន៍​​អន្តរជាតិ​​ផុសផុល​​ថ្កោលទោស​​ការ​វាយ​ប្រហារ​​​ដែល​​មាន​​​ដាន​​​​​​​អាវុធ​គីមី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​លោកខាងលិច​​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ថ្កោលទោស​ចំពោះ​ការវាយប្រហារ​​ដោយ​អាវុធ​គីមី ​​ភាគ​ពាយព្យ​​ស៊ីរី ដែល​បាន​សម្លាប់​​មនុស្ស​យ៉ាងហោច​៧២នាក់ និង​បង្ក​របួស​ជាង​១០០នាក់ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ។ ប្រទេស​លោក​ខាងលិច និង​ក្រុមឧទ្ទាម​ស៊ីរី បាន​​​ទំលាក់​កំហុស​ទៅលើ​កងទ័ព​​​ស៊ីរី តែ​​​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​បដិសេធ​ការ​​ចោទប្រកាន់ និង​ទំលាក់​កំហុស​នេះ​ទៅ​ខាងក្រុមឧទ្ទាមវិញ។ 

កុមារ​ស៊ីរី​ដួលដេក​លើដី ​ក្រោយ​មាន​ការវាយប្រហារ​នៅ​ក្រុងKhan Sheikhoun ភាគពាយព្យ​ស៊ីរី (ប្រភព​រូបថត​​​​បណ្តាញ​សង្គម)
កុមារ​ស៊ីរី​ដួលដេក​លើដី ​ក្រោយ​មាន​ការវាយប្រហារ​នៅ​ក្រុងKhan Sheikhoun ភាគពាយព្យ​ស៊ីរី (ប្រភព​រូបថត​​​​បណ្តាញ​សង្គម)
ផ្សាយពាណិជ្ជកម្ម

ថ្ងៃពុធ​នេះ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​​កោះ​​ប្រជុំ​បន្ទាន់ ​ដើម្បី​​ពិភាក្សា​​ពី​ការ វាយប្រហារ​នេះ។ ​ម្សិលមិញ ​បារាំង​ អង់គ្លេស និងអាមេរិក​ បានបង្ហាញ​​គម្រោង​​សេចក្តី​សម្រេចចិត្តថ្កោលទោស​ការ​វាយ​ប្រហារ​ ​និង​ទាមទារ​អោយ​មាន​ការ​ស៊ើបអង្កេត​​អោយ​ឆាប់​រហ័ស ​ពេញលេញ ចំពោះ​ការវាយប្រហារ​នេះ។

ការវាយប្រហារ​នេះ ​អា​ច​ជា​ស្នាដៃ​របស់​កងទ័ព​​ស៊ីរីទេ ?
ប្រតិកម្ម​ជុំទិស​ថ្កោលទោស​ការវាយប្រហារ នៅក្រុងKhan Sheikhoun នៅ​​ស៊ីរី​​ពេលនេះ​​ គឺ​ដោយសារ​តែ​ការវាយប្រហារ​នេះ មាន​ដាន​ថា​បាន​ប្រើប្រាស់​អាវុធ​គីមី។ ក្រុមគ្រូពេទ្យ​ប្រាប់ថា ជនរងគ្រោះ​មា​នរន្ធប្រស្រី​ភ្នែក​​រីកខ្លាំង មាន​អាការៈ​ប្រកាច់ បែក​ពពុះ​មាត់។ ការវាយប្រហារ​បែបនេះ ធ្វើអោយ​គេ​​នឹក​​ដល់​ការ​វាយប្រហារ​អាវុធ​គីមី​នៅស៊ីរី​ កាលពី​ឆ្នាំ២០១៣​ ដែល​បាន​សម្លាប់​ជនស៊ីវិល​​រាប់រយនាក់។ ​

កងទ័ព​ស៊ីរី​ធ្លាប់​រងការ​ចោទប្រកាន់​ច្រើនដង​ហើយ​​ថា បាន​ប្រើ​អាវុធ​គីមី​វាយប្រហារ​ភូមិជាច្រើន ក្នុង​​ឆ្នាំ២០១៤ និង​២០១៥។ សម្រាប់​ក្រុម​ប្រឆាំង​ស៊ីរី ការ​វាយប្រហារ​មា​នដាន​អាវុធ​គីមី​លើកនេះ គឺ​​ជា​ស្នាដៃ​របស់​​កងទ័ព​លោក​អាសាដ​ទាំងស្រុង។

សម្រាប់​ក្រុម​ប្រឆាំង ការ​វាយប្រហារ​នេះ​ប៉ះពាល់​ដល់​នយោបាយ​ចរចា​រវាង​ក្រុមប្រឆាំង​និង​រដ្ឋាភិបាល​លោក​អាសាដ។ ក្រុមប្រឆាំង​ស៊ីរី​​​បាន​​បន្ទោស​សហគមន៍​អន្តរជាតិ​ថា​ មិនបាន​​ថ្កោលទោស​​​ការ​វាយប្រហារ​​​អាវុធ​គីមី​ឆ្នាំ២០១៣ សោះ។ ​អញ្ចឹង​ហើយ​ទើប​ពេល​មាន​ការវាយ​ប្រហារ​លើកនេះ គ្រប់គ្នា​មានទំនោរ​ចោទ​ប្រកាន់​កងទ័ព​ស៊ីរី​តែម្តង។ តែ​សួរថា តើ​កងទ័ព​ស៊ីរី​ពិតជា​បានប្រើ​អាវុធគីមី​វាយប្រហារ​មែនទេ

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ប្រាប់ថា ​កងទ័ព​ស៊ីរី​ពិតជា​បាន​វាយប្រហារ​តាម​ផ្លូវអាកាស នៅតំបន់​រងគ្រោះ ភាគពាយព្យ​មែន។ តែ​ជា​ការ​ទំលាក់គ្រាប់បែក​​លើ​ស្តុក​ផ្ទុក​អាវុធគីមី​របស់​ក្រុម​ឧទ្ទាម។ កន្លែង​ស្តុក​អាវុធ​នេះ មាន​រោងជាង​មួយកន្លែង ​សម្រាប់​ផលិត​មីន និង​សារធាតុ​ពុល​ផ្សេងៗ។ អាវុធ​គីមី​ទាំងនេះ ផលិត​សម្រាប់​យកទៅជួយ​ក្រុម​ប្រយុទ្ធ​នៅ​អ៊ីរ៉ាក់។ ​អញ្ចឹងហើយ ទើប​ការ​ទំលាក់គ្រាប់បែក​ទៅលើ​ស្តុក​អាវុធ​គីមី​នោះ ធ្វើអោយ​ជនរងគ្រោះ​រង​ផលវិបាក​បែបនេះ។​ បើ​ស្តាប់​តាម​ព័ត៌មាន​របស់​រុស្ស៊ី កងទ័ព​ស៊ីរី​មិនបាន​ប្រើ​អាវុធ​គីមី​វាយប្រហារ​ទេ។ ជនរងគ្រោះ​ទទួល​ផលវិបាក​ពី​សារធាតុ​គីមី ដែល​សាយភាយ​ចេញ​ពី​ស្តុកអាវុធ​ដែល​រង​ការ​ទំលាក់​គ្រាប់បែក​នោះ​ទៅវិញទេ។ ដូច្នេះ សម្រាប់​រុស្ស៊ី​វា​មិនមែន​ជា​កំហុស​របស់​កងទ័ព​ស៊ីរី​ទេ។

ដោយឡែក រុស្ស៊ី​មិនបា​នបញ្ជាក់ថា​តើ​​​​កងទ័ព​ស៊ីរី បា​នដឹងមុន​ទេថា កន្លែង​នោះ​មាន​ស្តុក​អាវុធ​ ស្តុក​សារធាតុ​​គីមី​ ដែល​ពុំគួរ​វាយប្រហារ​។ បើ​កងទ័ព​ស៊ីរី​ដឺង​មុន នោះ​ជា​កំហុស​កងទ័ព​ហើយ ព្រោះ​សារធាតុ​គីមី ​ប៉ះពាល់​​​​ធ្ងន់ធ្ងរ​ដល់​ជនរងគ្រោះ។ ពេលនេះ អង្គការ​ហាមឃាត់​អាវុធ​គីមីកំពុងប្រមូល​ព័ត៌មាន​ពី​គ្រប់ប្រភព​ទាំងអស់ ដើម្បី​អាច​​អង្កេត​លើ​ការវាយប្រហារ​នេះ។ ​ ​

គម្រោង​សេចក្តីសម្រេច​ថ្កោលទោស​ស៊ីរី
ក្រោយ​ការវាយប្រហារ​នៅ​ស៊ីរី ម្សិលមិញ ​បារាំង អង់គ្លេស​និង​អាមេរិកបាន​បង្ហាញ​​​​​សេចក្តីសម្រេច​ថ្កោលទោស​ការវាយប្រហារ និង​ចែកចាយ​អោយ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ បារាំង​ អង់គ្លេស និង​អាមេរិក​គ្រោង​ដាក់​សេចក្តី​សម្រេចចិត្ត​នេះ​​​ ទៅ​អោយ​បោះឆ្នោត ក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់​អង្គការ​​សហប្រជាជាតិ​ថ្ងៃពុធ​នេះ។ សេចក្តីសម្រេច​នេះ​ចែង​ទាមទារ​អោយ​ស៊ីរី​បង្ហាញ​ពី​ផែនទី​ហោះហើរ និង​ព័ត៌មាន​ទាក់ទង​សកម្មភាព​យោធា​ក្នុងពេល​មា​នការវាយប្រហារ​នេះ។ សេចក្តី​សម្រេច​ ក៏​គំរាម​ដាក់​ទណ្ឌកម្ម​​ស៊ីរី​ផងដែរ។

មិនដឹងថា ​ការពិភាក្សានៅ​អង្គការ​សហប្រជាជាតិ​​​ថ្ងៃពុធ​នេះ អាច​យ៉ាងណា​ទេ​ ព្រោះ​កន្លង​មក​ រុស្ស៊ី​និង​ចិន​ធ្លាប់ប្រើវេតូ ​ប្រឆាំង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ចង់​ដាក់​ទណ្ឌកមុ្ម​ប្រឆាំង​ស៊ីរី​។ ​អង់គ្លេស​បាន​​​ទាមទារ​អោយ​សមាជិក​​ក្រុមប្រឹក្សា​សន្តិសុខ ដែល​ធ្លាប់​ប្រើវេតូ អោយ​​​ប្តូរជំហរ​ទៅវិញ។ សម្រាប់អង់គ្លេស​ ​កា​រ​វាយ​ប្រហារ​​មាន​​ជាប់ដាន​អាវុធ​គីមី ម្សិលមិញ​នេះ ជា​បទឧក្រិដ្ឋ​សង្គ្រាម​ច្បាស់ណាស់។ ​​អ៊ីស្រាអែល​វិញ​ក៏បាន​ប្រតិកម្ម​ទាមទារ​អោយ​សហគមន៍​អន្តរជាតិ​គោរព​តាម​កិច្ចព្រមព្រៀង​ឆ្នាំ២០១៣ គឺ​ត្រូវ​តែ​ដកហូត​អាវុធ​គីមី​ចេញ​អោយ​អស់​ពី​ស៊ីរី។ ​

​អាមេរិក​ក៏បាន​ប្រតិកម្ម​ថ្កោលទោស​​​កងទ័ព​ស៊ីរី​​ដែរ តែ​គេ​នៅ​តែ​មិនដឹងច្បាស់​ពី​ជំហរ​នយោបាយ​លោ​ក​ដូណាល់ ត្រាំ ចំពោះ​​ស៊ីរី​ ​
សមាជិក​សភា ពិសេស​សមាជិក​សភា​បក្ស​​របស់​លោក​ត្រាំ បាន​ទាមទារ​អោយ​លោកត្រាំ អោយ​បង្ហាញ​ជំហរ​នយោបាយពិតប្រាកដ​ទាក់ទង​នឹង​វិបត្តិ​ស៊ីរី​។ ​កន្លងមក ​លោកត្រាំ​មិន​បង្ហាញ​ជំហរ​យ៉ាងណា​ៗទេ។ គេ​គ្រាន់តែ​ដឺងថា រដ្ឋបាល​លោក​ត្រាំ​ផ្តោត​តែ​លើ​បេសកកម្ម​ប្រឆាំង​ភេរវកម្ម​នៅ​ស៊ីរី​ប៉ុណ្ណោះ។ ថ្មីៗ​នេះទៀត​​ ​អាមេរិកក៏​​ទើប​នឹង​ប្តូរជំហរ ថា​មិន​ចង់​ផ្តោត​តែ​​លើ​​អំណាច​លោក​អាសាដ​ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ស៊ីរី។ តាម​រយៈ​ជំហរ​នេះ​​ ​គេ​វាយ​តម្លៃ​ថា អាមេរិក​ប្រហែល​​​​ចង់​ផ្គាប់​ចិត្ត​​​រុស្ស៊ី ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​របប​ដឹកនាំ​ក្រុង​ដាម៉ាស។

​ឥឡូវនេះ ​មាន​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី ដែល​គ្រប់គ្នា​សង្ស័យ​លើ​កងទ័ព​ស៊ីរី​ ​លោក​ត្រាំ​​ចេះ​ចេញ​មុខប្រតិកម្ម​នឹងគេ​នឹងឯង ​ថ្កោលទោស​​​​​ការវាយប្រហារដែល​សម្លាប់​​ជនស្លូតត្រង់ មាន​ស្ត្រី​និង​កុមារស៊ីរី។ ​ប្រមុខការទូត​អាមេរិក​​វិញ បាន​ព្រមាន​ថា លោក​អាសាដ​ ​ត្រូវ​ទទួលខុសត្រូវ​ការវាយប្រហារ​អាវុធ​គីមី។ ប្រមុខ​ការទូត​អាមេរិក​ថែមទាំង​សុំអោយ​រុស្ស៊ី និង​អ៊ីរ៉ង់​ដាក់​ឥទ្ធិពល​លើ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​ ចំពោះ​រឿងនេះ​ទៀតផង។ ​អ្នកនាំពាក្យ​របស់​លោក​ត្រាំ​វិញ ​បញ្ចេញ​យោបល់​ថា បើ​គ្មា​នជម្រើស​អ្វី​ផ្លាស់ប្តូរ​របប​ដឹកនាំ​ស៊ីរីទេ លោក​អាសាដ​មិនគួរ​កាន់អំណាច​ទេ។ ​

លោក​ដូណាល់ ត្រាំ​ មិន​បង្ហាញ​ជំហរ​ពិតប្រាកដ​ទាក់ទង​ស៊ីរី​​ តែ​លោក​​​​​ឆ្លៀត​បន្ទោស​រដ្ឋាភិបាល​លោក​អូបាម៉ា​អាណត្តិ​មុន ចោទ​ថា លោក​អូបាម៉ា​មិនម៉ឹងម៉ាត់​ទេ ចំពោះ​ការ​វាយ​ប្រហារ​អាវុធ​គីមី នៅ​ស៊ីរី កាលពី​ឆ្នាំ២០១៣។ កាលនោះ ​រដ្ឋបាល​លោក​អូបាម៉ា​ត្រៀម​វាយ​ប្រហារ​របប​ដឹកនាំ​ស៊ីរី​ តែ​មិន​បាន វាយប្រហារ​​ទេ ​បែរ​ជា​ដាក់​សេចក្តីសម្រេច​វាយប្រហារ​នេះ ទៅអោយ​សភា​បោះឆ្នោត​ទៅវិញ។ ​ទី​បំផុតទៅ ​ក៏​បោះបង់​គំនិត​វាយប្រហារ​របបស៊ីរី​នេះ​ទៅទៀត ​ដោយសារ​តែ​កាល​នោះ ​​រុស្ស៊ី​ចេញ​សំណើ​អោយ​បំផ្លាញអាវុធ​គីមី​នៅ​ស៊ីរី​អោយ​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ