អានតួអត្ថបទ
ស៊ីរី-បារាំង-អ.ស.ប.

បារាំង​ស្នើ​​អង្គការ​​សហប្រជាជាតិ​​ប្តឹង​​​ស៊ីរី​​​នៅ​តុលាការ​​ព្រហ្ម​ទណ្ឌ​​អន្តរជាតិ

បារាំង​បាន​ឡើង​គម្រោង​​សេចក្តី​សម្រេចចិត្ត​មួយ​ដាក់​ជូន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឱ្យ​នាំ​មេ​ដឹក​នាំ​ស៊ីរី (ក្នុង​រដ្ឋាភិបាល​ស៊ីរី និង​ក្នុង​ចលនាប្រឆាំងប្រដាប់​អាវុធ)​​ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​បទ​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

ប្រជាជន​ស៊ីវិល​នៅ ក្រុង​ Alep រត់​ក្រាប​ការ​ពារ​ជីវិត​ពី ការ​ទម្លាក់​គ្រាប់​បែក ថ្ងៃ​ទី ១២ មីនា ២០១៤
ប្រជាជន​ស៊ីវិល​នៅ ក្រុង​ Alep រត់​ក្រាប​ការ​ពារ​ជីវិត​ពី ការ​ទម្លាក់​គ្រាប់​បែក ថ្ងៃ​ទី ១២ មីនា ២០១៤ REUTERS/Hosam Katan
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​ចាប់​ផ្តើម​សិក្សា​គម្រោង​សេចក្តី​សម្រេច​ស្នើ​ដោយ​បារាំង​ នៅ​ថ្ងៃ​ពុធ​ទី ១៤ ឧសភា​ស្អែក និង​បោះឆ្នោត​សម្រេច​​អនុម័ត​ បញ្ជូន​សំណុំ​រឿង​ស៊ីរី​ទៅ​តុលាការ​ព្រហ្មទណ្ឌ​ឬ​អត់ ​នៅ​សប្តាហ៍​ក្រោយ។

 
នៅ​ក្នុង​គម្រោង​​សេចក្តីសម្រេច​ចិត្ត​ បារាំង​បាន​លម្អិត​អំពី​សកម្មភាព​ រំលោភ​សិទ្ធមនុស្ស រំលោភ​ច្បាប់​មនុស្សធម៌  ពី​សំណាក់​អាជ្ញាធរ​ស៊ីរី និង​ក្រុម​យុទ្ធជន​ស្និទ្ធ​នឹង​រដ្ឋាភិបាល ព្រមទាំង​ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ និង​ឧទ្ទាម​ទាំង​ឡាយ តាំង​ពី​វិបត្តិ​ស៊ីរី​បាន​ផ្ទុះ​ឡើង​ភ្លាម នៅ​ខែ​​មីនា ២០១១ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។

ប៉ារីស ម្ចាស់​គម្រោង សង្ឃឹម​ថា អំពើ​ហិង្សា​ឃោរឃៅ​របស់​ក្រុមបក្សដិបក្ស​ទាំង​ពីរ​នៅស៊ីរី ដូច​ជា​​ការវាយប្រហារ​ដោយ​អាវុធ​គីមី ទារុណកម្ម​ជា​ស្វ័យ​ប្រវត្តិ​ ការ​ជះ​ប្រេង​ទាំង​ធុងៗ​ដុត​សម្លាប់​ជន​ស៊ីវិល អាច​បញ្ចុះ​បញ្ចូល​សមាជិក​​​ក្រុមប្រឹក្សាថា​ដល់​វេលា​ដែល​ត្រូវ​​បញ្ជូន​សំណុំ​រឿង​ស៊ីរី ទៅ​តុលាការ​ព្រហ្មទណ្ឌ​​អន្តរជាតិ។ ព្រោះ​ស៊ីរី ដូច​សហរដ្ឋ​អាមេរិក​ដែរ មិន​បាន​ភ្ជាប់​ខ្លួន​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិទេ ដូច្នេះ​ត្រូវ​ការ​សេចក្តីអនុម័ត​ជា​ចាំ​បាច់​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ​

ប៉ុន្តែ​អ្នក​ឯកទេស​ បានព្យាករ​ថា​​រុស្ស៊ី​សម្ព័ន្ធ​មិត្ត​របស់​ប្រធានាធិបតី​ស៊ីរី លោក បាស្ហារ អាល់អាសាទ ពិត​ជា​នឹង​ប្រើ​សិទ្ធិ​វេតូ​ប្រឆាំង ឯ​ចិន​វិញ​នឹង​ជ្រើសរើស​ធ្វើ​តាម​ម៉ូស្គូ។ រុស្ស៊ី​ធ្លាប់​ប្រើ​វេតូ​បី​ដង​មក​ហើយ​ ក្នុង​វិបត្តិ​ស៊ីរី​នេះ​តែ​មួយ។ សម្រាប់​រុស្ស៊ី ការ​ប្តឹង​ផ្តល់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​ទង្វើ​គ្មាន​ប្រយោជន៍ ព្រោះ​ដាម៉ាស កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​កម្ទេច​អាវុធ​គីមី។

សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍​ចំនួន​១១​ប្រទេស​ (បារាំង អង់គ្លេស អាហ្សង់ទីន អូស្ត្រាលី ឈីលី លីទុយអានី លុចសំបួរ នីហ្សេរីយ៉ា កូរ៉េខាង​ត្បូង) បាន​ត្រៀម​បោះឆ្នោត​គាំទ្រ បញ្ជូន​សំណុំ​រឿង​ស៊ីរី​ទៅ​តុលាការ។ សហរដ្ឋ​អាមេរិក​ សន្យា​ជួយ​សម្រួល​ការងារ​តុលាការ​ ទោះ​បី​មិន​ជា​សមាជិក​CPI ឯ​រវ៉ាន់ដា​វិញ​នឹង​បោះឆ្នោត​អនុប្បវាទ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ