អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស៊ីរី-លីបង់៖ សង្រ្គាម​រវាង​ក្រុម​និកាយសាសនា​អ៊ីស្លាមឈីអ៊ីត ក្រុម​និកាយសាសនា​អ៊ីស្លាមស៊ុយនីត!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ស៊ីរី សង្រ្គាម​រវាង​កងកម្លំាង​រដ្ឋាភិបាល និង​ក្រុមប្រឆំាង​បាន​និង​កំពុង​បន្ត​យ៉ាង​ខ្លំាងក្លា​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។ ថ្មីៗ​ចុង​ក្រោយ​នេះ ព្រឹត្តិការណ៍​នៃ​ការ​ដណ្តើម​គ្នា​កាន់កាប់​ទីក្រុង​ Qousseir ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការវាយប្រហារ​គ្នា​ដ៏​ខ្លាំងក្លាបំផុត​មួយ​មិន​ធ្លាប់​មាន​រវាង​ទាហាន​រដ្ឋាភិបាល និង​ក្រុមឧទ្ទាមស៊ីរី ចាប់​តាំង​ពី​ថ្ងៃ​ផ្ទុះ​សង្រ្គាមស៊ីវិល​មក។ ប៉ុន្តែ និង​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល​ខ្លំាង​នោះ គឺ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ក្រុម​ទាហ៊ាន Hezbollah លីបង់ ដើម្បី​ជា​ជំនួយ​ដល់​កងកម្លាំង​របស់​លោក​ប្រធានាធិបតី​ស៊ីរី​បាស្ហា អាល់អាសាដ។ ការ​ចូលរួម​របស់​ក្រុម Hezbollah លីបង់​ជួយប្រយុទ្ធ​ខាង​របប​ទីក្រុង​ដាម៉ាស​ដែល​បាន​ធ្វើ​ឲ្យ​គេ​បារម្ភ​ពី​ការ​ផ្ទុះ​សង្រ្គាម​រវាង​ក្រុម​និកាយសាសនា​អ៊ីស្លាមឈីអ៊ីត និង​ក្រុមនិកាយសាសនា​អ៊ីស្លាមស៊ុយនីត។

លោក Sayyed Hassan Nasrallah ប្រមុខ​ចលនា Hezbollah នៅ​ក្នុង​អង្គប្រជុំ​សកម្ម​ជន
លោក Sayyed Hassan Nasrallah ប្រមុខ​ចលនា Hezbollah នៅ​ក្នុង​អង្គប្រជុំ​សកម្ម​ជន REUTERS/Sharif Karim
ផ្សាយពាណិជ្ជកម្ម

គឺ​វត្តមាន​របស់​ក្រុម Hezbollah លីបង់ អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយឈីអ៊ីត​នៅ​ក្នុង​ជម្លោះ​ស៊ីរី​ពេល​នេះ​ឯង ដែល​បាន​និង​កំពុង​ជម្រុញ​ឲ្យ​ប្រទេស​លីបង់​ក្លាយ​ជា​សមរភូមិ​នៃ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ក្រុម​និកាយសាសនា​អ៊ីស្លាមឈីអ៊ីត និង​ក្រុមនិកាយសាសនា​អ៊ីស្លាមស៊ុយនីត។ ប្រកាស​ពី​ប្រទេស​ហ្ស៊កដានី លោក Mohamed Al-Chalabi អ្នកតំណាង​ឲ្យ​ក្រុមជ្រុលនិយម​ស៊ីរី ហ្យ៉ាបា អាល់ណូស្រា (Jabhat Al-Nosra) អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយស៊ុយនីត​បាន​ពន្យល់​ថា ក្រុម​របស់​គេ​បាន​សម្រេចចិត្ត​ធ្វើ​ការ​វាយប្រហារ​លើ​សមាជិក​របស់​ក្រុម Hezbolah ដោយ​មិន​រើស​មុខ​នៅ​ទូទំាង​ទឹកដី​ស៊ីរី។ ការ​ប្រកាស​របស់​លោក Mohamed Al-Chalabi បាន​ធ្វើ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​សម្តី​របស់​លោក Hassan Nasrallah ប្រមុខ​ចលនា Hezbollah លីបង់​ដែល​ថា Hezbollah នឹង​ជួយ​គំាទ្រ​របបស៊ីរី​របស់​លោក​ប្រធានាធិបតី​បាស្ហា អាល់អាសាដ។

 
តែ​បញ្ហា​នៅ​ត្រង់​ថា ក្រុមឧទ្ទាមស៊ីរី និង​ក្រុមជ្រុលនិយម​ស៊ីរី ហ្យ៉ាបា អាល់ណូស្រា​បាន​ចាត់​ទុក​ពាក្យ​សម្តី​របស់​លោក Hassan Nasrallah ថា ជា​ការ​ប្រកាស​សង្រ្គាម​ដោយ​ចំហ​ប្រឆំាង​នឹង​ពួក​គេ។ ក្រោម​ភ្នែកច្រមុះ​របស់​ក្រុមឧទ្ទាម​ស៊ីរី និង​ក្រុមជ្រុលនិយម​ស៊ីរី ហ្យ៉ាបា អាល់ណូស្រា ចលនា Hezbollah លីបង់ និង​ប្រទេស​អ៊ីរ៉ង់ គឺ​ជា​តួអង្គគន្លឹះ​នៅ​ក្នុង​វិបត្តិ​ស៊ីរី​បច្ចុប្បន្ន។ ក្រុមជ្រុលនិយម​ស៊ីរី ហ្យ៉ាបា អាល់ណូស្រា​បាន​យល់​ឃើញ​ថា បើ​ក្រុមឧទ្ទាម​ស៊ីរី​ចង់​ដណ្តើម​ជ័យជំនះ​លើ​រដ្ឋាភិបាល​ស៊ីរី គេ​គួរ​តែ​ធ្វើ​ការ​វាយប្រហារ​លើ​ពួក Hezbollah ជាជាង​លើ​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ។ ដូច្នេះ​ឃើញ​ថា វា​ហាក់​ដូច​ជា​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ដែល​ក្រុមជ្រុលនិយម​ស៊ីរី ហ្យ៉ាបា អាល់ណូស្រា​បាន​សម្រេច​ជ្រើសរើស​យក​ចលនា Hezbollah មក​ធ្វើ​ជា​ផ្ទំាងស៊ីប​នៃ​ការវាយប្រហារ​របស់​ខ្លួន។

អាទិភាព​ទីមួយ​របស់​ក្រុមជ្រុលនិយម​ស៊ីរី ហ្យ៉ាបា អាល់ណូស្រា គឺ​មិនមែន​ដើម្បី​រំដោះ​ប្រទេស​ស៊ីរី​ឲ្យ​រួច​ផុត​ពី​កណ្តាប់ដៃ​គ្រប់គ្រង​ផ្តាច់ការ​របស់​លោក​បាស្ហា អាល់អាសាដ ដើម្បី​កសាង​របប​លទ្ធិប្រជាធិបតេយ្យ​មួយ​នៅ​ស៊ីរី​ទេ។ តែ​គឺ​ដើម្បី​ស្ថាបនា​ឲ្យ​មាន​ឡើង​វិញ​នូវ​ឯកភាព​នៃ​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​ដែល​ថា Umma។ តាម​រយៈ​ទង្វើ​នេះ ក្រុមជ្រុលនិយម​ស៊ីរី ហ្យ៉ាបា អាល់ណូស្រា​នឹង​អាច​កាច់​បំបាក់​សត្រូវ​គ្រប់ប្រភេទ​របស់ Umma នៅ​គ្រប់​ទីកន្លែង​ទំាងអស់ ទំាង​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​លីបង់។ ដូច្នេះ​ឃើញ​ថា ចង់ ឬមិន​ចង់ ក្រុម​អ្នកកាន់​សាសនា​អ៊ីស្លាមនិកាយ​ឈីអ៊ីត​ក្នុង​ប្រទេស​លីបង់​បាន​និង​កំពុង​ក្លាយ​ជា​ផ្ទំាងស៊ីប​នៃ​ការ​វាយប្រហារ​របស់​ក្រុម​ជ្រុលនិយម​ស៊ីរី ហ្យ៉ាបា អាល់ណូស្រា និង​ក្រុម​អ្នកកាន់​សាសនា​អ៊ីស្លាម​ស៊ុយនីត​ផ្សេងៗ​ទៀត។

ជាក់ស្តែង ជួន​ចំ​ពេល​ដែល​ក្រុម Hezbollah លីបង់​បាន​បញ្ជូន​យុទ្ធជន​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ស៊ីរី ដើម្បី​ជា​ជំនួយ​ដល់​កងកម្លាំង​របស់​លោក​ប្រធានាធិបតី​បាស្ហា អាល់អាសាដ​នោះ ក្រុម​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត លីបង់​ក៏​បាន​បញ្ជូន​ក្រុម​របស់​គេ​ឲ្យ​ទៅ​ជួយ​ច្បំាង​នៅ​ខាង​ក្រុម​ឧទ្ទាម​ស៊ីរី​ដែរ។ តើ​រូបភាព​ទំាង​អស់​នេះ មិន​មែន​ជា​ការ​ផ្ទុះ​សង្រ្គាម​រវាង​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាមឈីអ៊ីត និង​ស៊ុយនីត​ទេ ឬ​យ៉ាង​ណា ?។ ចម្លើយ ពិត​ជា​កើត​មាន​ហើយ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ដែល​អាច​នឹង​កើត​មាន​នៅ​កន្លែង​ផ្សេង​ទៀត មុន​គេ គឺ​នៅ​ក្នុង​ប្រទេស​លីបង់​តែ​ម្តង។

តាម​ពិត​ទៅ ក្រុមជ្រុលនិយម​ស៊ីរី ហ្យ៉ាបា អាល់ណូស្រា​មិន​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ និង​កម្លំាង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​សង្រ្គាម​ទល់​ចលនា Hezbollah លីបង់​ទេ។ ប៉ុន្តែ​ក្រុម​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​សោកនាដកម្ម និង​មហន្តរាយ​ខ្លំាងក្លា តាម​រយៈ​ការ​បង្ក​ភេរវកម្ម​អត្តឃាត​បំផ្ទុះគ្រាប់បែក​នៅ​តាម​ទីតំាង​របស់​ចលនា Hezbollah និង​នៅ​តាម​ទីធ្លាសាធារណៈ​មួយ​ចំនួន​នៅ​តាម​ខេត្ត​ប៉ែក​ខាង​ត្បូង​ទីក្រុង​បេរូត ឬ​មួយ​ក៏​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​លីបង់​ជា​ដើម។ ដូច្នេះ​ឃើញ​ថា សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយស៊ុយនីត និយាយ​ជារួម និង​ចលនា Hezbollah លីបង់ និយាយ​ដោយឡែក ហាក់​ដូច​ជា​បាន​និង​កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ហើយ។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ប្រទេស​លីបង់​ពេល​នេះ មាន​ផ្ទុះ​ឡើង​នូវ​ក្បួនបាតុកម្ម​ប្រឆំាង​នឹង​ការ​ចូលរួម​របស់​យុទ្ធជន Hezbollah នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ការ​អំពាវនាវ​ឲ្យ​មាន​អន្តរាមន៍​របស់​ទាហាន​លីបង់​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​យុទ្ធជន Hezbollah ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​ស៊ីរី។ នៅ​ក្នុង​ក្បួនបាតុកម្ម​នោះ គេ​សង្កេត​ឃើញ​មាន​ការ​លើក​បដា​សរសេរ​ថា « Hezbollah ត្រូវ​តែ​ដក​ចេញ​ពី​ប្រទេស​ស៊ីរី។ អ្វី​ដែល Hezbollah កំពុង​ធ្វើ​នេះ គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ថា តំាង​ពី​ដើម​មក មិន​ដែល​មាន​ចលនា​ប្រដាប់អាវុធ​លីបង់​ណា​មួយ​ចូលរួម​ធ្វើ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​ផ្សេង​ទេ »។

សរុប​មក​វិញ វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី​បច្ចុប្បន្ន​ហាក់​ដូច​ជា​បាន​និង​កំពុង​ពុះចែក​ប្រជាជន​លីបង់​ជា​ពីរ​បក្ស នៅ​ម្ខាង គឺ​ប្រជាជន​លីបង់ អ្នកគំាទ្រ​លោក​ប្រធានាធិបតី​ស៊ីរី​បាស្ហា អាល់អាសាដ និង​នៅ​ម្ខាង​ទៀត អ្នកប្រឆំាង​នឹង​លោក​បាស្ហា អាល់អាសាដ។ ជាមួយ​គ្នា​នេះ វិបត្តិ​ស៊ីរី​ក៏​បាន​និង​កំពុង​បង្ក​ឲ្យ​មាន​តានតឹង​រវាង​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយឈីអ៊ីត និង​ស៊ុយនីត​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ