អានតួអត្ថបទ
ថៃ

ថៃ​ដំណើរការ​បោះឆ្នោត ដោយ​ការិយាល័យ​ខ្លះ​ប្រកាស​បិទ​ទ្វារ

នៅ​អាទិត្យ​ទី​២​កុម្ភៈនេះ ប្រទេស​ថៃ​កំពុង​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ​មួយ ​ដែលប្រព្រឹត្ត​ទៅ​មិន​រលូន​ឡើយ។ ប៉ូលីស និង​ទាហាន​ត្រូវបាន​ពង្រាយ​នៅ​ទូទាំងប្រទេស​ប្រទេស ពិសេស​ក្នុង​រាជធានី​បាងកក ដើម្បីធានា​សន្តិសុខ​ក្នុង​ថ្ងៃ​បោះឆ្នោត​។ ប៉ុន្តែ​ការិយាល័យ​បោះឆ្នោត​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​ត្រូវបាន​ប្រកា​ស​បិទ​ទ្វារ ដោយ​សារតែ​គ្មាន​សន្លឹកឆ្នោត ដែលត្រូវរាំង​ស្ទះ​ដោយ​ក្រុម​បាតុករ​ប្រឆាំង​នឹង​កា​រ​បោះឆ្នោត។

ប៉ូលិស​យាម​ហិប និង​សន្លឹកឆ្នោត​នៅក្នុង​ការិយាយល័យ​មួយ​នៅ​ទីក្រុង​បាងកក នៅថ្ងៃ​អាទិត្យ​ទី ២ កុម្ភៈ ២០១៣
ប៉ូលិស​យាម​ហិប និង​សន្លឹកឆ្នោត​នៅក្នុង​ការិយាយល័យ​មួយ​នៅ​ទីក្រុង​បាងកក នៅថ្ងៃ​អាទិត្យ​ទី ២ កុម្ភៈ ២០១៣ REUTERS/Nir Elias
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​ថៃ​ លោកស្រី យីង​ឡាក់ ស៊ីណាវ៉ាត់ បាន​ទៅ​បោះឆ្នោត​​នៅ​ក្នុង​សង្កាត់​ដែល​លោកស្រីរស់នៅ។ តែ​លោក​អាប់ភីស៊ីត​ វេចាជីវ៉ា ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​ប្រឆាំ​ងនោះបាន​ប្រកាស​មិន​ទៅបោះឆ្នោត​ឡើយ នៅ​ថ្ងៃអាទិត្យ​ទី​២​កុម្ភៈនេះ​។ ចរន្ត​នយោបាយ​ផ្ទុយគ្នា​​នេះ​​​កំពុង​តែ​បង្អាក់​ដំណើរ​ការ​បោះឆ្នោត​ នៅ​ថ្ងៃ​អាទិត្យ​នេះដែរ។

 
តាំងពី​ថ្ងៃ​សៅរ៍ ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​គណបក្ស​ភឿថៃ និង​ក្រុមបាតុករ​ប្រឆាំង​នឹង​ការ​រៀបចំការ​បោះឆ្នោត បាន​កើតឡើង​ ដែល​បាន​ធ្វើ​អោយ​មាន​អ្នករបួស​ជាច្រើន​នាក់។ នៅ​ថ្ងៃ​អាទិត្យ​នេះ មន្ត្រី​ប៉ូលីស​១០ម៉ឺន​នាក់ និង​ យោធាជាង​៥ពាន់នាក់​ត្រូវបានពង្រាយ​នៅ​ទូទាំង​ប្រទេស ពិសេស​ក្នុង​ទីក្រុង​បាងកក។

បើទោះជា​ពលរដ្ឋ​ថៃ​ជាច្រើន​លាន​នាក់​បាន​តម្រង់ជួរគ្នា​ចូល​បោះឆ្នោត​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ក៏​មាន​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​បណ្តា​ខេត្តជាច្រើន​ត្រូវបាន​ប្រកា​សបិទទ្វារ​ដែរ។ មាន​មូលហេតុពីរ​ដែល​ការិយាល័យ​បោះឆ្នោត​ទាំង​នោះ​មិនអាច​បើក​ទ្វារ​បាន​។​ ទីមួយ ក្រុម​អ្នក​ប្រឆាំង​ការ​បោះឆ្នោត​បាន​រាំងខ្ទប់ ផ្លូវ ដើម្បី​បង្អាក់​​រថយន្ត​​​ដឹក​ជញ្ជូន​សម្ភារៈ​បោះឆ្នោតទៅ​កាន់ការិយាល័យ​បោះឆ្នោត និង​ទី២ គឺ​មាន​មន្ត្រី​នៅ​ការិយាល័យ​បោះឆ្នោ​ត​ ដែល​សុំ​លាឈប់ពី​ការ​ងារ​តែ​ម្តង។

នៅត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ គេ​មិន​ដឹងថា តើ​រដ្ឋាភិបាល​ថៃ​នឹង​ត្រូវ​សម្រេច​យ៉ាងណា​ចំពោះ​កលិយុគ​ដែល​កំពុង​កើត​ឡើង​នៅ​ថ្ងៃ​បោះឆ្នោត​នោះ នៅឡើយទេ។ ភាពចលាចល​របស់​ប្រទេស​ថៃ​នៅ​ថ្ងៃ​នេះ ក៏​កំពុងក្លាយ​ទៅជា​ប្រធាន​បទ​ក្តៅ​ចំពោះ​សារព័ត៌មាន​នៅ​ក្នុង​ពិភពលោក​​ដែរ។

គួរ​បញ្ជាក់ថា ក្រុម​មេដឹកនាំគណបក្ស​ប្រឆាំង​មួយ​ចំនួន​ បាន​ចេញ​មុខ​ដឹកនាំគណៈកម្មាធិការ​កំណែទម្រង់ប្រជាធិបតេយ្យរបស់​ប្រជាជន ដើម្បី ប្រឆាំង ​និង​ទាមទារ​ឱ្យលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់​ចុះចេញ​ពីអំណាច និង​បោះឆ្នោត​ឡើងវិញ។ ក្រោយ​មកទៀត ក្រុម​អ្នកតវ៉ា​ដែល​មិនចង់ឃើញ​របប​ថាក់ស៊ីន នៅ​ដឹកនាំ​ប្រទេស​ថៃ​ទៀតនោះ ក៏​ប្រឆាំង​នឹង​ការ​បោះឆ្នោត​សា​ឡើងវិញ​ នៅ​ថ្ងៃទី​២កុម្ភៈ​នេះ​ទៀត​ដែរ។

ក្រុម​អ្នកតវ៉ា​បាន​ទាមទារអោយ​មាន​ក្រុម​ប្រឹក្សា​ប្រជាជន​មួ​យ​ជាអ្នកដឹកនាំ​ប្រទេស​ថៃ​បណ្តោះអាសន្ន មុន​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត​ជាថ្មី តែ​មិនមែនជា​ការ​បោះឆ្នោត​នៅថ្ងៃទី​២​កុម្ភៈ​នេះឡើយ។ គួរ​រម្លឹក​ផងដែរ​ថា ចាប់តាំងពីមាន​ចលនា​ប្រឆាំង និង​គាំទ្រ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់​ក្នុង​ឆ្នាំ​២០០៦​មក ហេតុការណ៍​ហិង្សា​ជាច្រើន​លើក​​បាន​កើតមាន​ឡើង ដែល​បាន​ធ្វើ​មនុស្ស​ស្លាប់​មិន​តិច​ជាង​១០០នាក់ឡើយ ហើយ​ក៏​មាន​អ្នករងរបួស​ជាច្រើន​រយនាក់ដែរ នៅ​ក្នុង​ចំណោម​នោះ​ មេដឹកនាំចលនាបាតុកម្មទាំងសងខាង​តែងតែ​ត្រូវបាន​គេ​លួច​បាញ់​ប្រហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ