អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​រដ្ឋាភិបាល​​លោកស្រី​​យីងឡាក់​​អាច​​ឈរ​​ជើង​ជាប់​​បាន​​រហូត​​ដល់​​ពេល​​ណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្លាំង​បាតុកម្ម​ប្រឆាំង​នឹង​​រដ្ឋាភិបាល ហាក់​មាន​សន្ទុះ​ក្លៀវក្លា​ខ្លាំង​ នា​រយៈ​ពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ ! មាន​ស្លាប់​យ៉ាង​ហោច​ណាស់​បី​នាក់ និង​របួស​ជាង​សែសិប​នាក់។ បើ​តាម​ប៉ូលិស​ សកម្មជន​បក្ស​ប្រឆាំង​ស្និទ្ធ​នឹង​រាជ​វាំង បាន​ដណ្តើម​កាន់​កាប់​ស្ថានីយ៍​ទូរទស្សន៍​ជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋាភិបាល​ទាំង​ស្រុង នៅ​ព្រឹក​ថ្ងៃ​​អាទិត្យ​ទី​១​ធ្នូ​នេះ។ ​ពេល​នេះ​ភាព​តាន​តឹង​និង​ពុះ​កញ្ជ្រោល​កំពុង​​បុក​ខ្លាំង​នៅ​​​មុខ​វិមាន​រដ្ឋាភិបាល។ ប៉ូលិស​ថៃ​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​យោធា ដោយ​បាន​បញ្ចេញ​ទាហាន​ប្រមាណ​បីពាន់​ជួយ​ការពារ​សន្តិសុខ។

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស នៅក្រុង​បាងកក ថ្ងៃទី ១ ធ្នូ ២០១៣
បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ប៉ះទង្គិច​ជាមួយ​ប៉ូលិស នៅក្រុង​បាងកក ថ្ងៃទី ១ ធ្នូ ២០១៣ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

អន្តរាគមន៍​យោធា

រដ្ឋាភិបាល​លោកស្រី​យីងឡាក់ ថ្ងៃនេះ រង​សម្ពាធ​ខ្លាំង​ណាស់ ! លោកស្រី​វិះ​តែ​នឹង​ត្រូវ​បាន​ប្រឈម​មុខ​ តទល់​ជាមួយ​ក្រុម​បាតុករ​ដែល​ឡោម​ព័ទ្ធ​​មជ្ឈមណ្ឌល​កីឡា​របស់​ប៉ូលិស​ផង។ ហើយ​​ជា​លើក​ដំបូង​តាំង​ពី​ចលនា​បាតុកម្ម​​ប្រឆាំង​ច្បាប់​លើក​លែង​ទោស រាលដាល​ទៅ​បាតុកម្ម​ទម្លាក់​ប្រមុខ​រដ្ឋាភិបាល​ ថ្ងៃ​ទី ៣១​តុលា​មក ដែល​ក្រុម​យោធា​បាន​ចេញ​មុខ​ប្រកាន់​ជំហរ​ជា​សាធារណៈ​ដូច្នេះ។ មេបញ្ជាការ​កងទ័ព​ជើង​គោក​ថៃ លោក ប្រាយុទ្ធ​ ចាន់អូចា ​បាន​ប្រកា​ស​ជា​សាធារណៈ​នៅថ្ងៃ​នេះថា មិន​អាច​ឈរ​ទ្រាំ​នៅ​ស្ងៀមមើល​​ក្រុម​ប៉ូលិស​គប់​គ្រាប់​បែក​ផ្សែង​លើ​ហ្វូង​បាតុករ​បាន​ទៀត​ឡើយ។

នេះ​ជា​សញ្ញា​ដ៏​សំខាន់​មួយ បញ្ជាក់​ថា​យោធា​ចាប់​ផ្តើម​ប្រកាន់​ជំហរ ! កាលពី​ពីរ​ថ្ងៃ​មុន ក្រុម​បាតុករ​ដដែល​នេះ បានទម្លុះ​​ចូល​លុក​លុយ​ក្នុង​​ទី​អគ្គបញ្ជាការដ្ឋាន​យោធា​ជើងគោក និង​បាន​ប្រគល់​លិខិត​មួយ​ច្បាប់​ទៅ​លោក ប្រាយុទ្ធ​ ចាន់​អូចា ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ និង​ឈប់​សហការ​ជាមួយ​រដ្ឋាភិបាល។

សម្រាប់​ប្រទេស​ថៃ គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ គេ​បាន​ដឹង​រួច​ជា​ស្រេច​ថា​ យូរ​ឬ​ឆាប់ ក្រុម​​យោធា​នឹង​ចូល​ធ្វើ​អន្តរាគមន៍​។ ប៉ុន្តែ​មកទល់​ពេល​នេះ ម៉ោង​នេះ យើង​មិន​ទាន់​និយាយ​បានទេ​ប្រទេស​ថៃ​កំពុង​ដើរ​មក​ដល់​មាត់​ជ្រោះ​នៃ​រដ្ឋប្រហារ ព្រោះ​លោក​ប្រាយុទ្ធ​ចាន់អូចា បាន​ស្នើ​សុំ​ដើរ​តួនាទី​អន្តរការី​ ពោល​គឺ​យោធា​នឹង​ធ្វើ​អ្នក​សម្រុះ​សម្រួល​រវាង​រដ្ឋាភិបាល និង​ក្រុម​បាតុករ ព្រមទាំង​បក្ស​ប្រឆាំងទាំង​អស់។ យោធា​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ថៃ។ ថៃ​ដែល​ស្គាល់​​ការ​ប៉ុន​ប៉ង និង​ធ្វើ​រដ្ឋប្រហារ​ដល់​ទៅ​១៨​ដង តាំង​ពី​ឆ្នាំ​១៩៣២​មក​។ រដ្ឋប្រហារ​យោធា​ចុង​ក្រោយ​គេ​គឺ​នៅ​ឆ្នាំ​២០០៦ ទម្លាក់​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ និង​ដែល​បាន​រុញ​ច្រាន​ប្រទេស​ឱ្យ​ស្គាល់​ភាព​ប្រេះឆា​ បែង​ចែក​សង្គមថៃ​យ៉ាង​ជ្រៅ​រវាង​ក្រុម​អាវ​លឿង​អ្នកក្រុង​គាំទ្រ​រាជានិយម​ និង​អាវ​ក្រហម​អ្នក​ជន​បទ​គាំទ្រ​រដ្ឋាភិបាល​ត្រកូល​ស៊ីណាវ៉ាត់។​ ​

យុទ្ធសាស្ត្រ​ស្រទន់ និង​ភាព​ស្ងប់​ស្ងាត់​របស់​ក្រុម​អាវ​ក្រហម

គំរូ​អាក្រក់​នៃ​ការ​ប្រើ​កម្លាំង​បង្ក្រាប​បាតុករ​ កាលពី​ឆ្នាំ​២០១០ ដែល​កម្លាំង​ប៉ូលិស​បាន​យុទ្ធនាការ​បណ្តេញ​បាតុករ​អាវ​ក្រហម​ដែល​កាន់​កាប់​ស្ថាប័ន​រដ្ឋ​ ស្លាប់​មនុស្ស​ជាង​៩០​នាក់ និង​ជិត​ពីរនាក់​រងរបួស រហូត​រាល​ដាល​ជា​អំពើ​ហិង្សា​និង​រុញ​ប្រទេស​ថៃ​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន មិន​ទាន់​រសាត់​ទៅ​ណា​ឆ្ងាយ​ទេ។ លោកស្រី​យីងឡាក់ មិន​ចង់​ធ្លាក់​ក្នុង​គន្លង​ចាស់​​​ ទើបចង់​បញ្ជៀស​វិធី​ហិង្សា​នេះ​ឱ្យ​បាន។ លោកស្រី​មិន​លា​លែង​ចេញពី​តំណែង ហើយ​ក៏​មិន​រៀប​ចំ​ការ​បោះឆ្នោត​ជា​ថ្មី​ដែរ ព្រោះ​បើ​តាម​អ្នក​វិភាគ ការ​បោះឆ្នោត​នឹង​នាំ​គណបក្ស​លោកស្រី​ឱ្យឈ្នះ​ឆ្នោត​ជា​ថ្មី​ទៀត ដូច្នេះ​សរុប​ទៅ​បាតុករ​អាវ​លឿង​ (ដែល​កំពុ​ង​ធ្វើ​បាតុកម្ម​ពេល​នេះ) នៅ​តែ​មិន​សប្បាយ​ចិត្ត​ដដែល។

ប៉ុន្តែ​អាច​ចាត់ទុក​ថា​ជា​សំណាង​ម្យ៉ាង​ដែរ​ សម្រាប់​លោកស្រី​យីងឡាក់។ ដោយ​ជា​ចៃដន្យ​ល្អ​ ក្នុង​រយៈ​ពេល​ពី​រ​បី​ថ្ងៃ​ទៀត ពោល​គឺ​​ថ្ងៃ​ទី​៥ ធ្នូ ជា​ថ្ងៃ​ខួប​កំណើត​ព្រះ​មហាក្សត្រ​ ថ្ងៃ​ដែល​បណ្តា​ជន​ ផ្អាក​សកម្មភាព​ហ្មង​សៅមិន​​ធ្វើ​អ្វី​ផ្តេស​ផ្តាសហិង្សា​ ដើម្បី​សម្តែង​ការ​​គោរពព្រះ​រាជា។ លោក​ស្រី​រំពឹង​លើថ្ងៃ​នោះ ដើម្បី​​​បិទ​បញ្ចប់​បាតុកម្ម​ដោយ​សន្តិវិធី​។ បើ​ទោះ​បី​ជា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​ ដោយ​ភាព​ជរា និង​ព្យាធិ ព្រះ​មហាក្សត្រ​ថៃ ព្រះ​បាទ​ភូមិបុល ដែល​ធ្លាប់​ជួយ​ស្រង់​​ប្រទេស​ពី​​​វិបត្តិ​កាលពី​ឆ្នាំ​ ១៩៧០ និង​១៩៩០​ មិន​ចេញមុខ​ធ្វើ​អន្តរាគមន៍​ជា​សាធារណៈ​ក៏​ដោយ។

ម្យ៉ាង​វិញ​ទៀត ភាព​ស្ងប់​ស្ងាត់របស់​ក្រុម​អាវ​ក្រហម ​ជា​អ្នកគាំទ្រ​រដ្ឋាភិបាល​ និង​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​មាន​គ្នា​ច្រើន​ជាង​ក្រុម​អាវ​លឿង ក្នុង​ខណៈ​មាន​ភាព​តាន​តឹង​ដូច្នេះ អាច​ជួយ​សម្រួល​ច្រើន​ដល់​រដ្ឋាភិបាល។ ព្រោះ​បើ​ក្រុម​អាវ​ក្រហម​នេះ​ចេញ​មុខ​ធ្វើ​បាតុកម្ម​ដែរ​ នោះពិត​ដូច​ជា​យក​សាំ​ង​ទៅ​ចាក់​លើ​ភ្លើង​ ជា​មិន​ខាន។ ជាក់​ស្តែង នៅ​ថ្ងៃ​ម្សិលមិញ អំពើ​ហិង្សា​បាន​ផ្ទុះ ឡើង​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​សកម្មជន​លឿង​និង​ក្រហម​នេះ​ឯង។ ដូច្នេះ ការ​សម្រេច​បំបែក​ហ្វូង​ទៅ​ផ្ទះរៀង​ខ្លួនៗ​របស់​ក្រុម​អា​វ​ក្រហម នា​ពេល​នេះ​ អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ហិង្សា​បាន​ច្រើន​ ប៉ុន្តែ​មិន​មែន​មានន័យ​ថា​ហានិភ័យ​ហិង្សា​ត្រូវ​បាន​បំបាត់​ទាំង​ស្រុង​ទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ