អានតួអត្ថបទ
ថៃ

នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ​បើកចំហ​ការចរចា​ជាមួយ​ក្រុម​បាតុករ​

នៅថ្ងៃ​ចន្ទ​នេះ ​លោក នីវ៉ាតទំរ៉ុង ប៊ុន​សុងប៉ៃសាន Niwattumrong Boonsongpaisan ដែល​ត្រូវបានតែងតាំង​ ជា​នាយករដ្ឋមន្ត្រីស្តីទី​ថៃ​ ​ក្រោយ​ពេល​តុលាការ​ដកហូត​តំណែង​លោកស្រី​យីងឡាក់​ ​កន្លង​ទៅ​នោះ បាន​ប្រកាស​បើក​ចំហ​ការ​ចរចា​ជាមួយ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល។ ដោយឡែក ​នាយករដ្ឋមន្ត្រីស្តីទី​ថៃ​បាន​ទាត់ចោលនូវ​គំនិតរបស់​បក្ស​ប្រឆាំង​ដែល​​​​​ចង់បង្កើត​រដ្ឋាភិបាល​​មួយ ដោយ​មិនចាំបា​ច់​ឆ្លងកាត់​​​​ការ​បោះឆ្នោត។ បក្ស​ប្រឆាំង​បាន​​​គំរាម​អោយ​ថៃ​​យល់ព្រម​​បង្កើត​រដ្ឋាភិបាល​បែបនេះ ដោយ​​ទុកពេល​វេលា​កំណត់​​​ចុងក្រោយ​ ដល់​​ត្រឹម​ថ្ងៃ​ចន្ទ​១២ឧសភា​នេះ។

នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ ​Niwattumrong Boonsongpaisan
នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ ​Niwattumrong Boonsongpaisan
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីស្តីទី​ថៃ នីវ៉ាតទំរ៉ុង ប៊ុន​សុងប៉ៃសាន ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​អន្តរជាតិ​ នៅ​ថ្ងៃចន្ទ​នេះថា រដ្ឋាភិបាល​បើក​ចំហ​ការចរចា​ជាមួយ​ក្រុម​បាតុករ។ ប៉ុន្តែ រដ្ឋាភិបាល​ថៃត្រូវការ​អ្នក​ដែល​​មាន​គោល​ជំហរ​ពិតប្រាកដ ដើម្បី​ដោះស្រាយ​​វិបត្តិ​ក្នុង​ស្រុក។ ឆ្លើយ​តប​ទៅ​អ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រី​ស្តីទី​រូបនេះ បាន​លើកឡើង​ថា ប្រសិន​បើ​​មេដឹកនាំ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ ស៊ូថេប ត្រៀម​ខ្លួន​ចរចា នោះ​គឺ​ជា​សញ្ញា​មួយ​ដ៏ល្អ។

គួរ​រំលឹក​ថា លោក​ នីវ៉ាតទំរ៉ុង ប៊ុន​សុងប៉ៃសាន ធ្លាប់​ធ្វើ​​ជា​ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី​ពាណិជ្ជកម្ម ​​ត្រូវបានតែង​តាំង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី បន្ទាប់​ពី​តុលាការ​ថៃ​ដកហូត​តំណែង​លោកស្រី​យីងឡាក់​ពីអំណាច។ ប៉ុន្តែ ក្រុម​បាតុករ​មិន​ព្រម​ទទួលស្គាល់​​​នាយករដ្ឋមន្ត្រី​ស្តីទី​នេះទេ ហើយ​ក៏​​បដិសេធ​នូវការបោះឆ្នោត​ដែល​ត្រូវធ្វើ​នៅ​ថ្ងៃ​២០កក្កដា ខាងមុខ​នេះដែរ។ លោក​ស៊ូថេប មេដឹកនាំ​ក្រុមប្រឆាំង​រដ្ឋាភិបាល​បាន​គំរាម​​អោយ​មាន​ការបង្កើត​រដ្ឋាភិបាល​មួយ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត ហើយ​ចង់​អោយ​ប្រធាន​ព្រឹទ្ធសភា​ជា​អ្នក​ស្នើ​ឈ្មោះ​​នាយករដ្ឋមន្ត្រីថ្មី។ ​ក្រុមប្រឆាំង​ថៃ​ចង់​អោយ​ថៃ​បោះឆ្នោត​ ក្នុង​រយៈពេល​១ឆ្នាំ​កន្លះ​ទៀត ដោយ​ដាក់​លក្ខខណ្ឌ​អោយ​ធ្វើកំណែទំរង់​ជាមុន​សិន។

នាយករដ្ឋមន្ត្រី​ស្តីទី​បាន​ទាត់ចោល​គោលគំនិត​បង្កើត​រដ្ឋាភិបាល​​​ដែល​មិនឆ្លងកាត់​ការ​បោះឆ្នោត ដោយ​លើកឡើង​ថា ​ការគំរាម​របស់​ក្រុមប្រឆាំង​លើ​គោលគំនិត​នេះ អាច​នឹង​ធ្វើអោយ​ថៃ​​ផ្ទុះ​អំពើ​ហិង្សា​សារ​ជាថ្មី។ វិបត្តិ​នៃ​ការប៉ះទង្គិច​ហិង្សា​ក្នុង​បាតុកម្ម​កន្លងមក បាន​សម្លាប់​មនុស្ស​២៥នាក់ហើយ​នៅថៃ។ នាយករដ្ឋមន្ត្រី​ស្តីទី​ ប៊ុន​សុងប៉ៃសាន រំលឹក​ឡើងវិញ​ថា រដ្ឋាភិបាល​ស្តីទី​គឺ​ជា​រដ្ឋាភិបាល​ស្របច្បាប់ ក្នុង​ពេល​ដែល​ថៃ​កំពុង​រង់ចាំ​បង្កើត​រដ្ឋាភិបាល​ថ្មី ក្រោយ​ថ្ងៃបោះឆ្នោត​២០កក្កដា ខាងមុខ​នេះ។ លោក​ ​ប៊ុន​សុងប៉ៃសាន បន្ថែម​ទៀតថា គឺច្បាប់​ដែល​បាន​​​កំណត់​​ថា ត្រូវតែ​​​មាន​ការបោះឆ្នោត​​អោយ​បាន​មុន​កំណែ​ទម្រង់ មិនមែន​​រដ្ឋាភិបាលសព្វថ្ងៃ​នេះ​ទេ។

ទោះ​ជា​ក្រុមបាតុករ​​មិនទទួលស្គាល់​នាយករដ្ឋមន្ត្រី​ស្តីទី​ក៏ដោយ​ ក៏​ការរង់ចាំ​បង្កើត​រដ្ឋាភិបាល​​ថ្មី​ក្រោយ​ការបោះឆ្នោត​ អាច​នឹង​ជួយ​​ដោះស្រាយ​វិបត្តិ​បាន​បន្តិចដែរ។ ការ​បើក​ចំហ​ការចរចា​ពីសំណាក់​រដ្ឋាភិបាល​ថ្ងៃចន្ទ​នេះ ស​បង្ហាញ​ពី​បំណងរបស់​រដ្ឋាភិបាល​ក្នុង​ការ​​ចាប់ដៃ​ជាមួយ​ក្រុមបាតុករ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ