អានតួអត្ថបទ
ថៃ

ក្រោយ​ការ​ដក​តំណែង​លោកស្រី​យីងឡាក់ ក្រុមបាតុករ​អាវលឿង​ត្រៀម​បង្កើត​រដ្ឋាភិបាល​របស់​ខ្លួន

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ ឧសភា​នេះ ក្រុម​បាតុករ​អាវលឿង​ប្រឆំាង​រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា ពួក​បាន​ត្រៀមខ្លួន​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដាច់​ដោយ​ឡែក​របស់​ខ្លួន។ ការ​ប្រកាស​របស់​ក្រុមអាវលឿង​ពេល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​បាន​ដក​លោកស្រី​យីងឡាក់​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី​ចំា​ផ្ទះ។ ពួក​បាតុករ​អាវលឿង​បាន​យល់​ឃើញ​ថា រដ្ឋាភិបាល​ចំា​ផ្ទះ​ដែល​ដឹក​នំា​ដោយ​លោក​នាយករដ្ឋមន្រ្តី​នីវ៉ាត់​ទំរ៉ុង ប៊ូនសុងប៉ៃសាន (Niwattumrong Boonsongpaisan) មិនមែន​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​ទេ។

លោក​ស៊ូថេប មេបាតុករ​អាវលឿង
លោក​ស៊ូថេប មេបាតុករ​អាវលឿង
ផ្សាយពាណិជ្ជកម្ម

 

គេ​ត្រូវ​រង់ចំា​នៅ​ថ្ងៃ​សុក្រ ទី៩ ឧសភា​ស្អែក​ទើប​ដឹង​ថា តើ​រដ្ឋាភិបាល​ដែល​ត្រៀម​នឹង​បង្កើត​ឡើង​ដោយ​ក្រុម​បាតុករ​អាវលឿង​នោះ​នឹង​មាន​រចនាសម្ព័ន្ធ​យ៉ាង​ដូច​ម្តេច។ តែ​អ្វី​ដែល​គេ​អាច​និយាយ​បាន​នៅ​ពេល​នេះ​គឺ​ថា នេះ​ពិត​ជា​សេណារីយ៉ូ​ថ្មី​ស្រឡាង​លើក​ទីមួយ​ដែល​គេ​មិន​ធ្លាប់​បាន​ឮ និង​ក៏​មិន​បាន​ឃើញ​ដែរ​នៅ​ក្នុង​ប្រទេស​ថៃ។ កន្លង​មក ក្រុមបាតុករ​អាវលឿង​ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ក្រុមប្រឹក្សាប្រជាជន​មួយ​ដោយ​គ្មាន​ការ​បោះឆ្នោត​សម្រាប់​ដឹកនំា​ប្រទេស​ថៃ។ តែ​បំណង​នេះ​ត្រូវ​បាន​ទទួល​ការ​ប្រឆំាង​យ៉ាង​ដាច់អហង្ការ​ពី​សំណាក់​គណបក្ស​ភឿថៃ​ដោយ​គេ​យល់​ថា វា​ផ្ទុយ​ទំាង​ស្រុង​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ។

ក្រុមអ្នកវិភាគ​វិបត្តិ​យោបាយ​ថៃ​បាន​យល់​ឃើញ​ជា​ទូទៅ​ថា សេណារីយ៉ូ​របស់​ក្រុម​អាវលឿង​ដែល​ត្រៀម​បង្កើត​រដ្ឋាភិបាល​ថ្មី​ដាច់​ដោយ​ឡែក​របស់​ខ្លួន គឺ​ជា​សេណារីយ៉ូ​មួយ​ដែល​មិន​គួរ​នឹង​ធ្វើ ព្រោះ​វា​នឹង​បង្កើត​ឲ្យ​មាន​គ្រោះហានិភ័យ​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ចំពោះ​ប្រទេសជាតិ។ អ្វី​ដែល​ក្រុម​អ្នកវិភាគ​កំពុង​បារម្ភ​ខ្លំាង​នៅ​ថ្ងៃ​ខាង​មុខ​នោះ គឺ​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លំាង​ដូច​ដែល​គេ​ធ្លាប់​បាន​ឃើញ​កន្លង​មក​រវាង​ក្រុម​បាតុករ​អាវលឿង និង​ក្រុម​បាតុករ​អាវក្រហម។

សូម​រម្លឹក​ជូន​ថា នៅ​ថ្ងៃ​ពុធ ទី៧ ឧសភា តុលាការ​ធម្មនុញ្ញ​បាន​ដក​លោកស្រី​យីងឡាក់​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី​ចំាផ្ទះ ដោយ​មិន​បាន​រំលាយ​រដ្ឋាភិបាល​ចោល​ទេ។ ភ្លាមៗ គណបក្ស​ភឿថៃ​ក៏​បាន​ដាក់​លោក​នីវ៉ាត់ទំរ៉ុង ប៊ូនសុងប៉ៃសាន​ឲ្យ​ជំនួស​កន្លែង​លោកស្រី​យីងឡាក់។ តែ​ក្រុមបាតុករ​អាវលឿង​នៅ​មិន​សុខចិត្ត ដោយ​ពួក​គេ​ចង់​ទម្លាក់​រដ្ឋាភិបាល​របស់​ពួកអាវក្រហម​ឲ្យ​ដល់​បាត​តែ​ម្តង ពិសេស​តាម​បោសសំអាត​ក្រុមបក្សពួក​លោក​អតីត​នាយករដ្ឋមន្រ្តី​ថាក់ស៊ីន​ឲ្យ​ផុតពូជ ព្រោះ​ថា លោក​នាយក​រដ្ឋមន្រ្តី​ចំាផ្ទះ​ថ្មី​ក៏​ជា​មនុស្សជំនិត​ម្នាក់​របស់​លោក​ថាក់ស៊ីន​ដែរ។

សេចក្តីសង្ឃឹម​របស់​ក្រុមបាតុករ​អាវលឿង គឺ​ការ​បន្ត​ប្រើ​ប្រព័ន្ធ​តុលាការ​ដែល​កាន់​ជើង​ខាង​ខ្លួន​ដើម្បី​ជម្រះ​បញ្ជី​ជាមួយ​បក្សពួក​លោក​ថាក់ស៊ីន។ បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ ក្រុម​អាវលឿង​ក៏​កំពុង​រង់ចំា​ការ​សម្រេចចិត្ត​របស់​គណៈកម្មការ​ប្រឆំាង​អំពើពុករលួយ​នា​ពេល​ខាង​មុខ​ទាក់ទង​នឹង​កម្មវិធី​ជំនួយ​ទិញ​ស្រូវ​ពី​ប្រជាកសិករ។ ប្រសិន​បើ​គណៈកម្មការ​រក​ឃើញ​ពី​កំហុស​ឆ្គង​របស់​រដ្ឋាភិបាល នោះ​អាច​មាន​ជាប់ពាក់ព័ន្ធ​នឹង​រដ្ឋមន្រ្តី​ជា​ច្រើន​រូប​ដែល​នឹង​អាច​បិទសិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ឆ្នំា រួម​ទំាង​លោកស្រី​យីងឡាក់ និង​លោក​នីវ៉ាត់ទំរ៉ុង ប៊ូនសុងប៉ៃសាន​ដែល​ទើប​បាន​តែងតំាង​ជា​នាយករដ្ឋមន្រ្តី​ចំាផ្ទះ​ថ្មីថ្មោង​ទៀត​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ