អានតួអត្ថបទ
កម្ពុជា

ព្រឹទ្ធសភា​បាន​អនុម័ត​សំណើ​វិសោធកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ព្រឹក​មិញ

ព្រឹក​មិញ ​សំណើ​កែ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ​ត្រង់​មាត្រា​៧៦​ និង​មាត្រា​បន្ថែម​ទាំង​ឡាយ​ពី​ជំពូក​ទី​១៥​ថ្មី ​ ដល់​ជំពូក​ទី​១៦​ថ្មី ​ត្រូវ​បាន​ព្រឹទ្ធសភា​ឯកភាព​ទាំង​ស្រុង ​ដោយ​គ្មាន​ការ​កែប្រែ​លើ​ខ្លឹមសារ ​ដែល​រដ្ឋសភា​បាន​អនុម័ត​ កាល​ពី​ថ្ងៃ​ទី​០១​ ខែ​តុលា​ឡើយ។​ នេះ​គឺ​ជា​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​តំណាង​រាស្ត្រ​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ដើម្បី​ធ្វើ​ឱ្យ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ កាន់​តែ​«​ឯក​រាជ្យ»​ និង​«អព្យាក្រឹត»។

ព្រឹទ្ធសភា​កម្ពុជា
ព្រឹទ្ធសភា​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

សមាជិក​ព្រឹទ្ធសភា៥១រូប បាន​ប្រជុំ​ពិនិត្យ​សេចក្តីស្នើច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​៧៦ និង​មាត្រា​ទាំងឡាយ ពី​ជំពូក​ទី១៥ថ្មី ដល់​ជំពូក​ទី១៦ថ្មី នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ ដោយ​គ្មាន​ការកែ​ប្រ នៅ​ព្រឹក​ថ្ងៃទី១០ ខែតុលា ថ្វីបើ​ព្រឹទ្ធ​សមា​ជិ១០រូប​ផ្សេង​​ទៀត​អវត្តមាន​ក្តី។ កាលពី​ថ្ងៃទី០១ ខែតុលា សមាជិក​រដ្ឋសភា​កម្ពុ​ជា១២០រូប ដែលមាន​វត្តមាន បានអនុម័ត​សេចក្តីស្នើច្បាប់​នេះ ជា​ឯក​ច្ឆ​ន្ទ​ដែរ។

វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​នេះ ផ្តោតជាសំខាន់​លើ​កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀប​ចំ​ការបោះឆ្នោត ឬ​ហៅ​កាត់​ថា គ.ជ.ប. ឱ្យ​ក្លាយជា​ស្ថាប័ន​ធម្មនុញ្ញ តាមរយៈ​ជំពូក​ទី១៥ថ្មី ដែល​​មានតែ​ពីរ​មាត្រា។ ខ្លឹមសារ​រួម​នៃ​ជំពូក​បន្ថែម​គឺថា គ.ជ.ប. ដែលមាន​អាណត្តិ៥ឆ្នាំ ជា​អង្គការ​ឯករាជ្យ អ​ព្យា​ក្រឹត មាន​ថវិកា​ស្វយ័ត​សម្រាប់​រៀបចំ​ការបោះឆ្នោត​នានា​នៅ​កម្ពុជា មាន​សមាជិក៩រូប ក្នុងនោះ៤រូប​មកពី​គណបក្សកាន់អំណាច និង៤រូប​មកពី​គណបក្ស​ផ្សេង​ទៀត ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា។ សំណើ​នេះ​ក៏​ព្រមាន​ដែរ​ថា បើ​សមាសភាព គ.ជ.ប.ថ្មី​កើត​មិន​រួច សមាសភាព​ចាស់​ត្រូវ​បន្តការងារ​របស់ខ្លួន។

ការសម្រេច​កែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​នៅពេលនេះ​កើតឡើង ដោយសារ​សំណើ​ពី​អ្នកតំណាង​រាស្ត្រ​​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ចុះសម្រុង​គ្នា​យ៉ាង​ជ្រាលជ្រៅ អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី៥នៃ​រដ្ឋសភា កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១។ ជម្លោះ​ពេលនោះ​បានធ្វើឱ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ចូលធ្វើការ ក្នុង​រដ្ឋសភា ហើយ​ធ្វើបាតុកម្ម​រយៈពេល១ឆ្នាំ ទម្រាំ​គណបក្ស​ទាំងពីរ​រកឃើញ​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​រួម នៅ​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៣។ នោះ​ជា​កិច្ចព្រមព្រៀង​ដែល​ផ្តួចផ្តើម​ឱ្យមាន​ការ​ប្រែក្លាយ​អង្គ​ការរៀបចំ​ការ​បោះ​ឆ្នោត​របស់​កម្ពុជា​ទៅជា​ស្ថាប័ន​ធម្មនុញ្ញ និង​ធ្វើឱ្យ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​អាច​ចូល​កាន់​តំណែង​ដឹកនាំ​ក្នុង​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​ព្រឹទ្ធសភា។

អង្គការ​មិនមែន​រដ្ឋាភិបាល ជំនាញ​ខាង​កិច្ចការ​បោះឆ្នោត ធ្លាប់បាន​រិះគន់ថា ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​ជំពូក​ទី១៥ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នេះ មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ។ បើតាម​សង្គម​​ស៊ីវិល នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ត្រូវធ្វើ ទាក់ទង​នឹង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តិទៅ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ ដើម្បីឱ្យ​គ.ជ.ប ឯករាជ្យ និង​អ​ព្យា​ក្រឹត​ពិតប្រាកដ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ