អានតួអត្ថបទ
ជំងឺអេបូឡា

ពិភពលោក​ភ័យខ្លាច​កាន់តែខ្លាំង ខណៈ​អ្នកស្លាប់​ដោយ​មេរោគ​អេ​បូ​ឡា កើនឡើង​ដល់៤ពាន់​នាក់

ចំនួន​​អ្នក​ស្លាប់​​ដោយ​សារ​​មេរោគ​​អេ​បូ​ឡា ​បាន​​កើន​​ឡើង​ដល់​៤​ពាន់​​នាក់​។ នេះ​​បើ​តាម​​ការ​​ឲ្យ​​ដឹង​​ពី​​អង្គការ​​សុខភាព​​ពិភព​លោក​ នៅ​​ថ្ងៃ​​សុក្រ​ ទី​១០​ខែ​តុលា។​ អ្នក​សម្រប​សម្រួល​​រប​ស់​​អង្គការ​សហ​ប្រជា​ជាតិ​ ពាក់ព័ន្ធ​​នឹង​​មេរោគ​​អេ​បូ​ឡា ​បាន​​ឲ្យ​​ដឹង​ថា ​ករណី​​ឆ្លង​​មេរោគ​​អេ​បូ​ឡា​ បាន​​កើន​ឡើង​​ទ្វេដង​​ជា​​រៀង​រាល់​៣​ ឬ​៤​សប្ដាហ៍​។ ចំនួន​​អ្ន​ក​ស្លាប់​​ដ៏​​ច្រើន​​លើស​លុប​​នេះ ​បាន​ធ្វើ​​ឲ្យ​​អាជ្ញាធរ​​ទូទាំង​​ពិភព​លោក​ ព្យាយាម​​ទប់​ស្កាត់​​ការ​​ភ័យ​​ស្លន់ស្លោ​ នៅ​​ចំពោះ​មុខ​​មេរោគ​​រាតត្បាត​​អេ​បូ​ឡា​​ដ៏​​កាច​​សាហាវ​​នេះ​។

រោគ​សញ្ញា​ជំងឺអេបូឡា
រោគ​សញ្ញា​ជំងឺអេបូឡា
ផ្សាយពាណិជ្ជកម្ម

អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី១០ខែតុលា​ថា មាន​មនុស្ស​ចំនួន​៤​ពាន់​៣៣នាក់ បាន​ស្លាប់​ដោយសារ​មេរោគ​អេ​បូ​ឡា ខណៈដែល​ករណី​ឆ្លង​មាន​រហូតដល់​ទៅ​៨ពាន់៣៩៩ករណី នៅ​ប្រទេស​ចំនួន។ ក្រៅពី​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច​ដែល​រង​គ្រោះ​ខ្លាំងជាងគេ​ដោយ​មេរោគ​អេ​បូ​ឡា ពិភពលោក​ទាំងមូល​បានចាប់ផ្ដើម​ភ័យ​ស្លន់ស្លោ​កាន់​តែខ្លាំង​នៅ​ចំពោះមុខ​ការកើនឡើង​នៃ​ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគ​អេ​បូ​ឡា​នេះ។

រាប់​តាំងពី​ប្រទេស​អូស្ត្រាលី ទៅដល់​ហ្ស៊ី​ម​បា​វេ និង​ពី​ម៉ា​សេ​ដូន ទៅដល់​ប្រទេស​អេ​ស្ប៉ា​ញ មនុស្ស​ដែល​បង្ហាញ​សញ្ញាណ​នៃ​ការ​ក្ដៅខ្លួន ឬ​មាន​ប្រវត្តិ​ទាក់ទង​ជាមួយនឹង​អ្នកជំងឺ​អេ​បូ​ឡា ត្រូវបាន​គេ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​នៅ​មន្ទីរពេទ្យ ឬ​ផ្ទះ​របស់​ពួកគេ ដើម្បី​តាមដាន​ពី​ស្ថានភាព​ជំងឺ។ ការព្រួយបារម្ភ​ធ្ងន់ធ្ងរ​កើត​មាននៅ​ប្រទេស​អេ​ស្ប៉ា​ញ ខណៈដែល​គិលា​នុប​ដ្ឋា​យិកា​ដែល​ឆ្លង​មេរោគ​អេ​បូ​ឡា កំពុងតែ​សម្រាក​ព្យាបាល​ខ្លួន នៅ​មន្ទីរពេទ្យ​កា​ឡូ​ទី៣ នៅ​ប្រទេស​អេ​ស្ប៉ា​ញ។

អ្នកសម្របសម្រួល​រប​ស់​អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​នឹង​មេរោគ​អេ​បូ​ឡា លោក David Nabarro បាន​ឲ្យ​ដឹងថា ករណី​ឆ្លង​មេរោគ​អេ​បូ​ឡា បាន​កើនឡើង​ទ្វេដង​ជា​រៀងរាល់៣ ឬ៤​សប្ដាហ៍។ និង​ថា ការខិតខំ​ប្រឹងប្រែង​ដ៏​ធំធេង​មួយ ត្រូវការ​ជា​ចាំបាច់ ដើម្បី​កម្ចាត់​មេរោគ​រាត​ត្បាត​អេ​បូ​ឡា​ដ៏​កាច​សាហាវ​នេះ។ បើតាម​លោក David Nabarro ប្រសិនបើ​គ្មាន​ចលនា​កម្រិត​​​ពិភពលោក​ទេនោះ គេ​មិនអាច​គ្រប់គ្រង​ការ​រាតត្បាត​នៃ​មេរោគ​អេ​បូ​ឡា​បាន​ឆាប់​រហ័ស​នោះទេ ហើយ​ពិភពលោក​នឹងត្រូវ​រស់នៅ​ជាមួយ​មេរោគ​អេ​បូ​ឡា​ជា​រៀងរហូត។

អង្គការសហប្រជាជាតិ ត្រូវការ​ថវិកា​មួយរយ​កោដិ​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ប្រឆាំងនឹង​មេរោគ​អេ​បូ​ឡា​នៅ​ទូទាំង​ពិភពលោក។ ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ​ទី១០ខែតុលា អង្គការ​សហប្រជា​ជាតិ​ បានប្រកាស​ឲ្យ​ដឹងថា ជំនួយ​ហិរញ្ញវត្ថុ​ដែល​បានទទួល មាន​ត្រឹមតែ២០លាន​ដុល្លារ ហើយ​ការសន្យា​ផ្ដល់ជំនួយ​កំពុងតែ​ធ្លាក់ចុះ​ជា​លំដាប់។ បើតាម​អង្គការសហប្រជាជាតិ ការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​អេ​បូ​ឡា ជាប់​ពាក់ព័ន្ធ​នឹង​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភព​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ