អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឆាកល្ខោន​នៃ​បទឈប់បាញ់​មនុស្សធម៌​១២ម៉ោង​​ នៅ​​ហ្កាហ្សា ថ្ងៃសៅរ៍​២៦កក្កដា​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសុក្រ​ម្សិលមិញ ​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​បាន​ព្រមព្រៀង​គ្នា​ ​អោយ​អនុវត្ត​​បទឈប់បាញ់​១២ម៉ោង នៅ​តំបន់​ហ្កាហ្សា​ ​​​ដែល​បាន​​ចូល​ជាធរមាន​នៅ​ថ្ងៃសៅរ៍​នេះ ​តាំង​ពី​​ម៉ោង​៨ព្រឹក​មក ម៉ោង​ក្នុង​ស្រុក និង​ត្រូវបញ្ចប់​វិញ ​នៅ​ម៉ោង​៨យប់ ម៉ោង​ក្នុង​ស្រុក។ បទ​ឈប់បាញ់​​​នេះ ​អនុញ្ញាត​​អោយ​ប្រជាជន​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា​​ទទួល​ការព្យាបាល​របួស និង​ជំនួយ​​ស្បៀង​អាហារ និង​​ជួយ​ផ្តល់​សម្ភារៈ​ផ្សេងៗ​ដល់​មន្ទីរពេទ្យ​។ ប៉ុន្តែ​ ក្នុង​រយៈពេល​១២ម៉ោង​​នេះ ​អ៊ីស្រាអែល​ព្រមាន​ ​បន្ត​ការ​វាយលុក​កំទេច​រូងក្រោម​ដី របស់​សកម្មជន​​​ប៉ាឡេស្ទីន។ យប់មិញ ​អ៊ីស្រាអែល​បាន​ទាត់ចោល​សំណើ​បទ​ឈប់បាញ់​​មួយ​សប្តាហ៍ ​​​របស់​​ប្រមុខ​ការទូត​​អាមេរិក​ ចន​ ឃែររី។ ពេលនេះ សហគមន៍​អន្តរជាតិ​​កំពុង​​​ជំរុញ​​​ក្រុម​ហាម៉ាស​និង​អ៊ីស្រាអែល ​អោយ​ចរចា​គ្នា​ទៀត។

យោធា​អ៊ីស្រាអែល​បាន​​​​ផ្លោង​មីស៊ីល​​ នៅ​ភាគខាងជើង​ហ្កាហ្សា ព្រឹកថ្ងៃ​សៅរ៍​នេះ មុនអនុវត្ត​​បទឈប់បាញ់។
យោធា​អ៊ីស្រាអែល​បាន​​​​ផ្លោង​មីស៊ីល​​ នៅ​ភាគខាងជើង​ហ្កាហ្សា ព្រឹកថ្ងៃ​សៅរ៍​នេះ មុនអនុវត្ត​​បទឈប់បាញ់។ REUTERS/Ronen Zvulun
ផ្សាយពាណិជ្ជកម្ម

នៅព្រឹក​​ថ្ងៃ​សៅរ៍​នេះ ក្រុង​ប៉ារីស​​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​ស្តីពី​ស្ថានភាព​តំបន់​ហ្កាហ្សា ដោយ​មាន​វត្តមាន​​ប្រមុខការទូត​អាមេរិក​​អាមេរិក ​កាតា និង​ប្រទេស​អឺរ៉ុប​ជាច្រើន​ចូលរួម។ ​កិច្ចប្រជុំ​មាន​ទិសដៅ​​​សម្រេច​​​អោយ​​​មាន​បទឈប់បាញ់​រយៈ​ពេល​យូរអង្វែង​នៅ​ហ្កាហ្សា។ នៅ​ក្រុង​ប៉ារីស​ ដោយ​ខ្លាច​មាន​អំពើហិង្សា​ស្មុគស្មាញ ​អាជ្ញាធរ​​បារាំង​បាន​ហាមឃាត់​មិន​អោយ​​មាន​​​​​បាតុកម្ម​​​ប្រឆាំង​​អ៊ីស្រាអែល​។ កាលពី​ថ្ងៃ​១៣កក្កដា ​បាតុកម្មប្រឆាំង​អ៊ីស្រាអែល​​​នៅក្រុង​​ប៉ារីស បាន​រាលដាល​​ជា​អំពើ​ហិង្សា ធ្វើអោយ​មាន​មនុស្ស​របួស​៨នាក់។  

បទឈប់បាញ់​មនុស្សធម៌​១២ម៉ោង​ថ្ងៃ​សៅរ៍នេះ ​នៅតែ​ផុយស្រួយ​
​ដរាប​ណា​សហគមន៍​អន្តរជាតិ​គ្មាន​ឥទ្ធិពល​​​ទប់ស្កាត់​អ៊ីស្រាអែល​ទេនោះ ​បទឈប់បាញ់​​ថ្ងៃសៅរ៍​នេះ​ ទោះ​ជា​អាច​ពន្យារ​ដល់​១សប្តាហ៍​​ តាម​ការ​ចង់បាន​របស់​អាមេរិក ក៏​គ្មាន​ន័យអ្វី​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន ដែល​​​​ស្លាប់​ក្នុង​ការវាយលុក​​របស់​យោធា​អ៊ីស្រាអែល​ដែរ។ ​គេ​នៅ​ចាំមើល​ថា ​​​​កិច្ចប្រជុំ​អន្តរជាតិ​ក្រុង​ប៉ារីស​ថ្ងៃ​នេះ អាច​សម្រេច​ចេញអ្វី​ពិសេស​ទេ ​បើ​រដ្ឋាភិបាល​បារាំង​ខ្លួនឯង​ក៏​ហាម​មិនអោយ​មាន​បាតុកម្ម​ប្រឆាំង​អ៊ីស្រាអែល​ផងនោះ។ ​​​អាមេរិក​គ្មាន​ទឹកមាត់​ប្រៃ​​លើ​អ៊ីស្រាអែល​​ទេ។ ថ្ងៃសុក្រ​ម្សិលមិញ ​​​អ៊ីស្រាអែល​​ទាត់ចោល​​សំណើ​បទឈប់បាញ់​១សប្តាហ៍​របស់​លោក​ឃែររី​។

បទឈប់បាញ់​មាន​លក្ខខណ្ឌ​ចំនួន២៖
ទី១- បណ្តា​​ប្រជាជន​ ​ដែល​អ៊ីស្រាអែល​សុំ​អោយចាកចេញ​ពី​ផ្ទះសម្បែង​កន្លងមក​ ​​មិនត្រូវ​ត្រលប់​ទៅ​កាន់​​ផ្ទះសម្បែង​ខ្លួន​វិញទេ។ ទី២- ក្នុង​រយៈ​ពេល​នៃ​​បទឈប់បាញ់​នេះ ​បើ​ប្រជាជន​ប៉ាឡេស្ទីន​​​ណា​ហ៊ាន​ឆ្លៀត​វាយប្រហារ​លើ​អ៊ីស្រាអែល ​អ៊ីស្រាអែល​​នឹង​តបត​វិញ​មិនខាន។

ក្នុង​រយៈ​ពេល​នៃ​បទឈប់បាញ់​នេះ អ៊ីស្រាអែល​ព្រមាន​​​​ដែរថា ​បន្ត​ប្រតិបត្តិការ​កំទេច​រូងក្រោម​ដី​របស់​សកម្មជន​​ប្រយុទ្ធ​ប៉ាឡេស្ទីន។ អ៊ីស្រាអែល​​គំរាម​បំពាន​​បទឈប់បាញ់​បែបនេះ ​ស​បង្ហាញថា អ៊ីស្រាអែល​​​គ្មាន​ចិត្ត​នឹង​រក​ដំណោះស្រាយ​​ជាមួយ​ប៉ាឡេស្ទីន​ទេ។ ​

ប្រមុខការទូត​អាមេរិក​ ចន ឃែររី ​(ស្តាំដៃ) ជួប​​ប្រមុខ​ការទូត​បារាំង​​ ឡូរ៉ង់​ ហ្វាប៊ីយុស នៅ​ក្រុង​ប៉ារីស ថ្ងៃ​សៅរ៍នេះ។
ប្រមុខការទូត​អាមេរិក​ ចន ឃែររី ​(ស្តាំដៃ) ជួប​​ប្រមុខ​ការទូត​បារាំង​​ ឡូរ៉ង់​ ហ្វាប៊ីយុស នៅ​ក្រុង​ប៉ារីស ថ្ងៃ​សៅរ៍នេះ។ REUTERS/Gonzalo Fuentes


ដោយឡែក ​បទឈប់បាញ់​១២ម៉ោង​នេះ ប្រហែល​ជា​អាច​ពន្យារ​ពេលបាន​​យូរ​ពេល​ថែមបន្តិច​ទៀត​។ ​​ ​ពេល១២ម៉ោង​នេះ ​​​ប្រមុខ​ការទូត​អាមេរិក ចន ​ឃែររី ​មាន​ឳកាស​ចរចា​ជាមួយ​​ភាគី​នានា ដើម្បី​​ជំរុញ​អោយ​​មាន​​​បទឈប់បាញ់​១សប្តាហ៍។ ​លោក​​ឃែររី​ចង់​អោយ​ប្រជាជន​ប៉ាឡេស្ទីន​​អាច​បិទ​បញ្ចប់​​​បុណ្យសាសនា​អ៊ីស្លាម​រ៉ាម៉ាដង់ ​​នៅ​ហ្កាហ្សា ក្នុង​ភាព​ស្ងប់ស្ងាត់ ចៀស​ពី​ហិង្សា។ ​​​តែ​បំណងនេះ​គ្មានន័យ​អ្វីទេ ព្រោះ​បុណ្យ​រ៉ាម៉ាដង់​ជាបុណ្យ​ទឹកភ្នែក​​សម្រាប់​ប៉ាឡេស្ទីន​ទៅវិញទេ។ ​​ជាក់ស្តែង ​​អ៊ីស្រាអែល​ព្រម​អនុវត្ត​បទ​ឈប់បាញ់ ថ្ងៃ​សៅរ៍​នេះមែន តែ​យប់ថ្ងៃសុក្រ​ ​ឈាន​ចូល​ព្រឹកថ្ងៃសៅរ៍​នេះ ពោលគឺ​នៅ​មុនម៉ោង​៨ព្រឹក​ មុនពេល​អនុវត្ត​បទឈប់បាញ់​ ​ អ៊ីស្រាអែល​​បាន​​បន្ត​​ប្រតិបត្តិការ​យោធា​​ ​​ធ្វើអោយ​ប្រជាជន​ប៉ាឡេស្ទីន​បន្ត​កន្ទុយគ្នា​ស្លាប់​​ដដែល។ ​​

ដោយសារ​​​បរាជ័យនិយាយ​ជាមួយ​អ៊ីស្រាអែល ពេលនេះ ​លោក​ឃែររី​​ចង់​ងាក​ទៅ​រក​ក្រុម​ហាម៉ាស​វិញ ចង់អោយ​ក្រុម​ហាម៉ាស​បន្ទន់​ជំហរ​ជាមួយ​អ៊ីស្រាអែលវិញ។ ​ប៉ុន្តែ ក្រុមហាម៉ាស​ប្រហែល​ជា​ពិបាក​បន្ទន់​ជំហរ​ណាស់ ដរាបណា​អ៊ីស្រាអែល​​នៅ​តែ​បិទខ្ទប់​តំបន់​ហ្កាហ្សា​​បិទខ្ទប់​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​​ដូច្នេះ។ ​

​បទឈប់បាញ់​២លើក​កន្លងមក នៅ​ហ្កាហ្សា ជួបបរាជ័យ​
​តាំង​ពី​ពេល​​អ៊ីស្រាអែល​បើក​ការវាយលុក​នៅហ្កាហ្សា​ថ្ងៃ​៨កក្កដា​មក មាន​បទឈប់បាញ់​មនុស្សធម៌​ចំនួន​២ហើយ​ គឺ​បទឈប់បាញ់​ថ្ងៃ​១៧កក្កដា ​រយៈពេល​៥ម៉ោង នៅ​ហ្កាហ្សា និង​បទឈប់បាញ់​ថ្ងៃ​២០កក្កដា ​រយៈពេល១ម៉ោង នៅ​ជាយក្រុង​ហ្កាហ្សា។ ​​​​ប៉ុន្តែ នៅតែ​រក​​ច្រកចេញ​​មិនបាន ព្រោះថានៅ​​​​ហ្កាហ្សា មិនមែន​មានតែ​ក្រុម​ហាម៉ាស​តែ​មួយទេ គឺ​មាន​ក្រុម​ប្រដាប់​អាវុធ​ច្រើន​​ផ្សេងទៀត ដែល​គេ​ពិបាក​​គ្រប់គ្រង​ដឹងបាន។ ម្យ៉ាងទៀត អ៊ីស្រាអែល​នៅតែ​ចង់​វាយប្រហារ​​ហ្កាហ្សា ដូច្នេះ ​លទ្ធផលនៃ​​ដំណោះស្រាយ​គឺ​សូន្យ​​តែម្តង។

អ៊ីស្រាអែល​​​ចោទ​ទៅ​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​​ ថា​​​យក​​ប្រជាជន​ហ្កាហ្សា ធ្វើជាឈ្នាន់ ជា​​​ថ្មបាក់​
អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស សុទ្ធតែ​ជា​តួអង្គ​ប្រយុទ្ធ​​នៅ​ហ្កាហ្សា។ ភាគី​និមួយៗ​​​មិនងាយ​​ទទួល​យក​ថា ខ្លួន​ជា​ឃាតករ​សម្លាប់​មនុស្ស​ទេ​ ពិសេស​ពេលនេះ ​​ចំពេល​​អង្គការ​សហ​ប្រជាជាតិ ​សម្រេច​​បើក​ការ​​ស៊ើប​អង្កេត​លើ​បទឧក្រិដ្ឋ​នៅ​ហ្កាហ្សា ​ដែល​អាច​ជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិផងនោះ។ អ៊ីស្រាអែលចោទ​ថា​ក្រុម​ហាម៉ាស​​លាក់អាវុធ​នៅតាម​សាលារៀន​ និង​មន្ទីរពេទ្យ ចោទ​​ថា​ក្រុម​ហាម៉ាស​ហាម​ប្រជាជន​ហ្កាហ្សា​មិនអោយ​ចេញពី​ទីកន្លែង​​ដែល​អ៊ីស្រាអែល​ប្រុង​វាយប្រហារ។ ហេតុនេះ​ហើយទើបមាន​ជនស៊ីវិល​ស្លាប់​ច្រើន​យ៉ាងនេះ។
 

កុមារប៉ាឡេស្ទីន​​នៅ​​​ផ្ទះបែកបាក់ ដោយ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។
កុមារប៉ាឡេស្ទីន​​នៅ​​​ផ្ទះបែកបាក់ ដោយ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។ REUTERS/Suhaib Salem

ក្នុងស្ថានភាព​ប្រយុទ្ធ​បែបនេះ ​​គេ​ពិបាក​​រក​ភស្តុតាង​ចោទ​​ក្រុម​ហាម៉ាស​ថា យក​ជីវិត​ប្រជាជន​ប៉ាឡេស្ទីន​ធ្វើជា​ថ្មបាក់​ណាស់។ ព្រោះថា ​ក្រុមហាម៉ាស​ស្ថិត​ក្នុង​រដ្ឋាភិបាល​រួបរួមជាតិ​ប៉ាឡេស្ទីន ដូច្នេះ​ក្រុមហាម៉ាស​អាច​មាន​វត្តមាន​គ្រប់ទីកន្លែង ជាមួយ​ប្រជាជន​ នៅ​ហ្កាហ្សា​បាន។ បើ​អ៊ីស្រាអែល​កំចាត់​ក្រុមហាម៉ាស ក៏ដូច​ជា​កំចាត់​ប្រជាជន​ប៉ាឡេស្ទីន​ដូច្នោះដែរ។ ​​ដោយឡែក ក្រុមហាម៉ាស​គ្មាន​សិទ្ធិ​លាក់អាវុធនៅតំបន់​​​សំបូរ​មនុស្ស​​ ដូច​ជា​នៅ​សាលារៀន រឺ​មន្ទីរពេទ្យ​ទេ។ ​​​​ទោះយ៉ាងនេះ​ក្តី ​​យោងតាម​​​អនុសញ្ញា​ក្រុង​ហ្សឺណែវ ​បើ​ទោះជា​ក្រុម​ហាម៉ាស​​​​លួចលាក់​អាវុធ ​ក៏​​អ៊ីស្រាអែល​គ្មាន​សិទ្ធិ​​បាញ់ប្រហារ​លើ​អគារ​ លើទីតាំង​ជន​ស៊ីវិល​ដែរ។ អ៊ីស្រាអែល​វាយប្រហារ​​បាន​តែ​​លើ​ទីតាំង​យោធា​ក្រុម​ហាម៉ាស​ប៉ុណ្ណោះ គ្មានសិទ្ធិ​បាញ់រះ​​លើ​​​កន្លែង​មាន​ជនស៊ីវិល​រស់នៅ​ច្រើនទេ។

ដោយឡែក អ៊ីស្រាអែល​បាន​បិទខ្ទប់​​តំបន់​ហ្កាហ្សា​ តាំងពី​ឆ្នាំ​២០០៦មក។ ការ​បិទខ្ទប់​បែបនេះ ធ្វើអោយ​ប្រជាជន​ប៉ាឡេស្ទីន​ពិបាក​រត់គេច​ពី​​សកម្មភាព​វាយប្រហារ​​របស់​អ៊ីស្រាអែល​ណាស់ ព្រោះ​គ្មាន​ច្រកចេញ​ទៅណារួចទេ។ ​ដូច្នេះ គឺ​ប្រជាជន​ប៉ាឡេស្ទីន​​​មិនអាច​គេចផុត​ពី​ការ​ស្លាប់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ