អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តួកគី​​ព្រម​ឱ្យ​ដី​អាមេរិក​ប្រើ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម ដោយ​មាន​លក្ខខណ្ឌ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​រង​ការ​រិះគន់​អស់​មួយរយៈ​ធំ នៅ​ទីបំផុត​តួកគី​បាន​បោះដៃ​​​ទៅ​រក​កម្លាំង​សម្ព័ន្ធ​អន្តរជាតិ ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។ មន្រ្តី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យដឹង​កាលពី​ម្សិលមិញថា តួកគី​បាន​អនុញ្ញាត​ឱ្យ​កងកម្លាំង​សម្ព័ន្ធ​អន្តរជាតិ ប្រើ​ប្រាស់​មូលដ្ឋាន​ទ័ព​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​តួកគី ដែល​ជា​​​ទីតាំង​សំខាន់​ និង​ជា​យុទ្ធសាស្ត្រ​ សម្រាប់​ធ្វើ​យុទ្ធនាការ​ហោះហើរ​ទម្លាក់​គ្រាប់​បែក​កម្ទេច​ចលនា​ជីហាត​រដ្ឋ​អ៊ីស្លាម។ ជា​សេចក្តី​សម្រេច​ដែល​​សហរដ្ឋ​អាមេរិក​រីក​រាយ​ស្វាគមន៍​យ៉ាង​ខ្លាំង​​​។

លោក​នាយករដ្ឋមន្ត្រី​តួកគី Ahmet Davutoglu ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់ជំនួយ​យោធា​ដល់​ក្រុម​ប្រឆាំង​ស៊ីរី ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធ​តទល់​នឹង​ក្រុម​ជីហាត
លោក​នាយករដ្ឋមន្ត្រី​តួកគី Ahmet Davutoglu ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់ជំនួយ​យោធា​ដល់​ក្រុម​ប្រឆាំង​ស៊ីរី ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធ​តទល់​នឹង​ក្រុម​ជីហាត AFP PHOTO/ADEM ALTAN
ផ្សាយពាណិជ្ជកម្ម

ទីប្រឹក្សា​សន្តិសុខ​របស់​សេតវិមាន​ លោកស្រី Susan Rice បាន​ប្រកាស​ឲ្យដឹង​​ថា​តួកគី​បាន​ព្រមព្រៀង​សហការ​ជាមួយ​សម្ព័ន្ធ​​អន្តរជាតិ ដោយ​សុខ​ចិត្ត​បើក​មូលដ្ឋាន​ទ័ព​​ Incirlik នៅភាគ​ខាង​ត្បូង​​តួកគីឱ្យ​អាមេរិក​ប្រើប្រាស់​សម្រាប់​ទៅ​ទម្លាក់​គ្រាប់បែក​កម្ទេច​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ លោកស្រី​​ បាន​មាន​ប្រសាសន៍​ថា “ពេញចិត្ត​ខ្លាំង​ណាស់” ដែល​ក្រុង​អង់ការ៉ា​ ព្រម​ឱ្យ​អាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​ជា​សមាជិក​សម្ព័ន្ធ​អន្តរជាតិ​ ប្រើប្រាស់​មូលដ្ឋាន​ទ័ព  Incirlik និង​ប្រើ​ប្រាស់​ទឹក​ដី​សម្រាប់​បំពាក់បំប៉ន​កង​កម្លាំង​ប្រឆាំង​ស៊ីរី មិន​ជ្រុល​និយម​។

អាមេរិក​ធ្លាប់​​​ប្រើប្រាស់​ និង​មាន​​​កងទ័ព​​ប្រចាំ​ការ​ចំនួន ១៥០០​នាក់​​ ​ នៅ​មូលដ្ឋាន​ទ័ព​ Incirlik របស់​តួកគី​នេះ តាំង​ពី​យូរ​មក​ហើយ​។ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ យន្តហោះ​​​​អាមេរិកដែល​ធ្វើ​ប្រតិបត្តិការ​​ទម្លាក់​គ្រាប់​បែកប្រឆាំង​នឹង​ពួក​ចលនា​ជីហាត​រដ្ឋ​អ៊ីស្លាម​ នៅ​អ៊ីរ៉ាក់ ឬ​នៅ​ស៊ីរី តែង​ហោះ​ចេញ​ពី​​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​ប្រទេស​អេមីរ៉ាតអារ៉ាប​រួម ពី​កូវ៉ែត ពី​កាតា (នៅ​តំបន់​ដើមបូព៌ា​នេះ អាមេរិក​មាន​មូលដ្ឋាន​ទ័ព​សរុបក្នុង​ប្រទេស​ចំនួន​២០​)។

មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​តួកគី

​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​តួកគី​​នេះ មាន​ផ្លូវ​ចុះ​យន្តហោះ​វែង ៤,៥គីឡូម៉ែត្រ និង​ជា​មជ្ឈមណ្ឌល​ចាត់ចែង​​ភស្តុភារ​​ដ៏​សំខាន់​ ព្រម​ទាំងមាន​​​​ឃ្លាំង​ផ្ទុក​អាវុធ​ដ៏​ធំ​មហាសាល។ យន្តហោះ​ចម្បាំង​អាមេរិក​ប្រភេទ​F16 ក៏​អាច​ចុះ​ចត​នៅ​​មូលដ្ឋាន​នេះ​ដែរ។ នេះបើ​តាមការ​ព្រមព្រៀង​របស់​តួកគី ប្រកាស​ឡើង​ដោយ​ភាគី​អាមេរិក។ បូក​ផ្សំ​នឹង​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​មហាសមុទ្ទ​ឥណ្ឌា​ សម្រាប់​បង្ហោះ​យន្តហោះ​ទម្លាក់​គ្រាប់​B-52​ទៀត ​អាមេរិក​ពិត​ជា​មាន​​គ្រប់មធ្យោបាយ​​មក​ពី​គ្រប់​ទិស​សម្រាប់​កម្ទេច​ពួក​ជីហាត​។

​​ផ្តល់​មូលដ្ឋាន​ទ័ព​ឱ្យ​ប្រើប្រាស់ ជា​ប្រយោជន៍​ប្រពៃ​​សម្រាប់​សម្ព័ន្ធ​អន្តរជាតិ​ ដែល​ពេល​នេះ​​​ត្រូវ​ការ​តែ​ធ្វើ​ប្រតិបត្តិការ​ផ្លូវ​អាកាស​ទម្លាក់​គ្រាប់​បែក​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​​ គ្មាន​ឡើយ​ផែនការ​ប្រយុទ្ធ​ ​ជើង​គោក។ មិន​តែ​ប៉ុណ្ណោះ តួកគី​​​សុខចិត្ត​ទទួល​ឱ្យ​ជ្រកកោន​ និង​ទទួល​បន្ទុក​បង្វឹក​បង្ហាត់​​កង​កម្លាំង​យុទ្ធជន​ស៊ីរី កណ្តាល​និយម​​ ដែល​ជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ដាម៉ាសទៀត​ផង នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ទៀត។ ក្រុម​ដែល​​នឹង​ក្លាយជា​កម្លាំង​ទី​បីនេះ អាច​មាន​ចំនួន​ដល់​ទៅ​៤ពាន់​នាក់ និង​ដែល​តួកគី​កំពុង​ចង់បំពាក់បំប៉ន សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ផង និង​ផ្តួល​របប​ដឹកនាំ​ស៊ីរី​របស់​លោក បាស្ហាអាល់អាសាទផង។​  

“កម្លាំង​ទីបី​” សម្រាប់​ជួយ​ស៊ីរី

​បើ​តាម​សម្តី​របស់​ប្រមុខ​រដ្ឋាភិបាល​តួកគី “កម្លាំង​ទីបី” ដែល​ជាកម្លាំង​ប្រមូល​មក​ពី​គ្រប់​ភាគី​ប្រឆាំង​នៅ​ស៊ីរី គ្មានលាយ​លំ​កម្លាំង​បរទេស​នោះ បន្ទាប់​ពី​បាន​ទទួល​ការ​ហ្វឹកហ្វឺន​នៅ​តួកគី ហើយ ត្រូវ​​មាន​ភារកិច្ច​ទៅការពារប្រជាជន​​ស៊ីរី ពី​ការ​គំរាម​កំហែង​របស់​ពួកជីហាត​​រដ្ឋ​អ៊ីស្លាមផង ពី​របប​លោក​បាស្ហា អាល់អាសាដ​​ផង។

តាំង​ពី​វិបត្តិនៅ​ស៊ីរី​បាន​ផ្ទុះ​ឡើង ក្រុង​អង់ការ៉ា បាន​អំពាវនាវ​ឱ្យ​ពិភពលោក​ជួយ​គាំទ្រ​​ផ្នែក​យោធា​ដល់​ក្រុម​ប្រឆាំង​នៅ​ស៊ីរី ដែល​សុទ្ធ​សឹង​ជា​អ្នក​មិន​ជ្រុល​និយម ដើម្បី​ផ្តួល​រំលំ​របប​លោក​បាស្ហា អាល់អាសាដ។ ដូច្នេះ​ ការ​ចូល​ចំណែក​​របស់​តួកគី​ពេល​នេះ គឺ​ដូច​ជា​បាន​ស្រោច​ស្រង់​ បេសកកម្ម​របស់សម្ព័ន្ធជាតិ​ស៊ីរី និង​យោធាស៊ីរី​សេរី ដែល​ហៀប​នឹង​ស្លាប់​លែង​ឮ​ឈ្មោះ​ទៅ​ហើយ តាំង​ពី​ប៉ុន្មាន​ខែ​​​ចុងក្រោយ​នេះ។

ជា​ថ្នូរ​តប​មក​វិញ​ តួកគី ចង់​ឱ្យ​មាន​ការ​បង្កើត​តំបន់​ទ្រនាប់​ពិសេស​ និង​តំបន់​ហោះហើរ​ហាមឃាត់​ ​សម្រាប់​ទទួល​ជន​ភៀស​ខ្លួន និង​ទទួល​បង្វិក​បង្ហាត់​យោធាស៊ីរី​សេរី។
ប៉ុន្តែ​សំណើ​នេះ​មិន​បាន​ទទួល​ការ​ស្វាគមន៍​ទេ។ លោកស្រី​ទីប្រឹក្សា​សន្តិសុខ​​សេតវិមាន​របស់​អាមេរិក​ ដែល​បាន​អបអរ​តួនាទី​ដ៏​ចាំបាច់​របស់​តួកគី​ ក្នុង​ការ​បង្អាក់​ផ្លូវ​មិន​ឱ្យ​យុទ្ធ​ជន​បរទេស​ចូល​ធ្វើ​ជីហាត​ រាំង​ស្ទះពួក​​ជ្រុលនិយមនៅ​​ស៊ីរី​ អង្គការ​រដ្ឋ​អ៊ីស្លាម​ និង​ពួក​ភេរវនិយម​អាល់ណូស្រា មិន​ឱ្យ​ទទួល​ផល​នាំ​ចេញ​ប្រេង​​តាម​រយៈ​តួកគី​មែន តែ​បាន​ច្រាន​ចោល​ដាច់​ខាត​គំនិត​ចង់​បង្កើត​តំបន់​ការពារ​ពិសេស​នៅ​ភាគ​ខាង​ជើងស៊ីរី។

យុទ្ធសាស្ត្រ​ត្រីកោណ​របស់​តួកគី
 
​តាំង​ពី​ក្រុង​ កូបាណេ ក្រុង​សំខាន់​ទី​បី​របស់​គួដ​នៅ​ស៊ីរី ដែល​នៅ​ចម្ងាយ​មួយ​ចំហាម​ពី​តួកគី​រង​ការ​វាយប្រហារ​​ពី​សំណាក់​ពួក​ចលនា​ជីហាត​រដ្ឋ​អ៊ីស្លាម​មក តួកគី​បាន​រង​សម្ពាធ​ខ្លាំង​ណាស់​ពី​អន្តរជាតិ ឱ្យ​ទៅ​ជួយ​ការពារ​ស៊ីរី។ ​ក្រុម​គួដស៊ីរី​​នៅ​ក្រុង​កូបាណេ ​កំពុង​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ​តែម្នាក់​ឯង និង​​​ទប់​ទល់យ៉ាង​ត្រដាប​ត្រដួស​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ តែ​​តួកគី​មិន​ត្រូវ​ការ​ជួយ​​។ ព្រំដែន​នៅតែ​​បិទ​ជាប់​ជានិច្ច។ កងទ័ព​តួកគី​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ឈរ​អោប​ដៃ​មើល​​ផ្សែង​ និង​សូរ​កាំភ្លើង​នៅ​តាម​បណ្តោយ​របង​ខ័ណ្ឌ​ចែក​ប្រទេស​ទាំង​ពីរ ព្រោះ​​បញ្ហា​នៅ​ត្រង់​ថា ​សត្រូវ​ទី​ពីរ បន្ទាប់​ពី​របប​លោក​បាស្ហា អាល់អាសាដ​​​​របស់​តួកគី គឺ​ក្រុម​គួដ។ ​ក្រុមគួដ​នៅស៊ីរី​មាន​ប្រវត្តិ​តែ​មួយ​ជាមួយក្រុមគួដ​​នៃ​បក្ស​ពលករ​គួដ​នៅ​​តួកគី​ដែល​ហៅ​កាត់​ថា​ ក្រុម​PKK ។ ថ្វីដ្បិត​តែ​រដ្ឋាភិបាល​តួកគី​ព្រមចរចា​សន្តិភាព​ជាមួយ​នឹង​PKKក៏​ដោយ ក៏​អង់ការ៉ា​នៅ​តែ​ចាត់​ទុក​ក្រុម​នេះ​ជា​ភេរវជន​ដដែល។

ឥឡូវ​នេះ​តួកគីព្រម​ចូល​ដៃ​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ ត្រូវ​​ជួយ​ក្រុម​ស៊ីរី​សេរី មិន​ជ្រុល​និយម ឱ្យ​ទៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​មែន តែ​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ឱ្យ​ពួក​គួដ​បាន​ចំណេញ​ឡើយ។ ដូច្នេះ​ហើយ​ទើប​តួកគី​ទទូច​ចង់​បាន​តំបន់​ការពារ​ពិសេស​ សម្រាប់​ទទួល​បង្វិក​បង្ហាត់​ទាហាន​ស៊ីរី​សម្រាប់​ផ្តួល​​ពួកជីហាត​រដ្ឋ​អ៊ីស្លាម​ផង តស៊ូ​ផ្តួល​របប​ដឹកនាំ​ស៊ីរី​បច្ចុប្បន្ន​ផង និង​លើក​តម្កើង​ទាហាន​ស៊ីរី​សេរី​ដើរ​តួនាទី​សំខាន់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវនិយម​ ដើម្បី​​​ជួយ​ទប់​កុំ​ឱ្យ​ក្រុម​គួដ មាន​កម្លាំង​ លេច​ធ្លោ ផ្នែក​នយោបាយ​​ខ្លាំង​ពេក​ផង។

បើ​តាម​ព័ត៌មាន​ចុង​ក្រោយ​ផ្តល់​ដោយ​​ប្រភព​ស្និទ្ធ​នឹង​រដ្ឋាភិបាល​តួកគី ក្រុង​អង់ការ៉ា ទំនង​ជាមិន​បាន​ព្រមព្រៀង​ផ្តល់​មូលដ្ឋាន​ទ័ព​ឱ្យ​អាមេរិក​ប្រើប្រាស់​ទេ ដរាប​ណា​សម្ព័ន្ធអន្តរជាតិ​មិន​ព្រម​ទទួល​យក​សំណើ​បង្កើត​តំបន់​ការពារពិសេស។ ព្រោះ​សម្រាប់​តួកគី ប្រតិបត្តិការ​ផ្លូវ​អាកាស​មិន​អាចយក​ឈ្នះ​ពួក​ជីហាត​បាន​ឡើយ មាន​តែ​រុញ​ច្រើន​ឱ្យ​ពួក​នេះ​បង្កើត​កន្លែង​លាក់​ខ្លួន ចាំ​វាយ​ឆ្មក់​វិញទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ