អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ុយក្រែន ៖ អនាគត​ដ៏ស្រពិចស្រពិល​ក្រោយ​ជ័យជម្នះ​ប្រជាធិបតេយ្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្បាល​ម៉ាស៊ីនដឹកនាំ​​អ៊ុយក្រែន​ថ្មីថ្មោង​ ចាប់​ដំណើរការ​យ៉ាង​ត្រដាប​ត្រដួស។ ប្រទេស​កំពុង​ស្ថិត​នៅ​លើ​មាត់​ជ្រោះ​នៃ​ការ​ក្ស័យ​ធន។ ​រុស្ស៊ី ផ្តើម​រក​រឿង​ ដោយ​មិន​ទទួល​ស្គាល់​អ្នក​កាន់​អំណាច​ថ្មី។ នៅ​ជ្រុង​ម្ខាង​ទៀត​ ​ប្រទេស​ប៉ូឡូញ និង​អ្នក​​ជិតខាង​ខ្លះ​ទៀត​ ចង់​បើ​ក​ចិត្ត​ឱ្យ​អ៊ុយក្រែន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ប៉ុន្តែ​បារាំង​ និង​ប្រទេស​សមាជិក​អឺរ៉ុប​​ផ្សេងទៀត មិន​ត្រូវ​ការ​ឮ​និយាយពាក្យ​ “សមាជិកអឺរ៉ុប​"​ទេ។ សហគមន៍​អន្តរជាតិ​លើក​ឡើង​ ​នៅ​ពេល​នេះ​​ តែពី​គ្រោះ​​នៃ​ការ​ប្រេះ​ឆា​ជាតិ។ ប្រជាធិបតេយ្យ​ជា​អ្នក​ឈ្នះ ប៉ុន្តែ​ អនាគត​អ៊ុយក្រែន​នៅ​តែ​មិន​ច្បាស់​លាស់ ហេលហាល​រវាង​ជើង​មេឃ​ថ្មី​អឺរ៉ុប និង​រុស្ស៊ី​មិត្ត​ចាស់។

បាតុករ​អ៊ុយក្រែន​គ្រវី​ទង់ជាតិ​សហភាព​អឺរ៉ុប នៅ​ទីលាន​ឯករាជ្យ​ ក្រុង​ Kiev ប្រទេស​អ៊ុយក្រែន ថ្ងៃ​ទី២៧ វិច្ឆិកា ២០១៣
បាតុករ​អ៊ុយក្រែន​គ្រវី​ទង់ជាតិ​សហភាព​អឺរ៉ុប នៅ​ទីលាន​ឯករាជ្យ​ ក្រុង​ Kiev ប្រទេស​អ៊ុយក្រែន ថ្ងៃ​ទី២៧ វិច្ឆិកា ២០១៣ Mstyslav Chernov/CC/Wikimedia Commons
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី​របស់​លោក​វ្លាដេមៀ ពូទីន ចាប់​ផ្តើម​ទទួល​ដឹង​ថា​កំពុង​បាត់​បង់​អ៊ុយក្រែន​ ! ហើយ​ក៏​មិន​ព្រម​ និង​មិន​បណ្តោយ​ឱ្យ​បាត់​ងាយៗ​ដែរ។ នាយករដ្ឋមន្ត្រី​រុស្ស៊ី មេតវេដេវ បាន​ចេញ​មុខ​បរិហារ និង​មិន​ទទួល​ស្គាល់​របប​ដឹកនាំ​ថ្មី​នៅ​អ៊ុយក្រែន ដោយ​ប្រើ​ភាសា​ និង​ការ​ព្រមាន​ដដែលៗ “កុំ​ឱ្យ​​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​” ប្រទេស​អ៊ុយក្រែន​។ រុស្ស៊ី​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ចូល​ស្រុក​វិញ មិន​បានបង្ហើរ​ពាក្យ​ផ្អាក​ជំនួយ​​ហិរញ្ញវត្ថុ​ដែល​ម៉ូស្គូ​សន្យា​ផ្តល់​​ឱ្យ​កាលពី​ពេលមុន​ផ្ទុះ​ចលនា​បះបោរ។

 
សេដ្ឋកិច្ច​អ៊ុយក្រែន​ពឹង​លើ​រុស្ស៊ី

តាំង​ពី​សហភាព​សូវៀត​រលំ​រលាយ​ទៅ នៅ​ដើម​ឆ្នាំ​១៩៩០ ម៉ូស្គូ​បាន​បាត់​បង់​ឥទ្ធិពល​​ទៅ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អឺរ៉ុប​កណ្តាល​និង​ខាង​កើត។ កាលពី​ជិត​១០​ឆ្នាំ​មុន អ៊ុយក្រែន ប្រទេស​ធំ​ទីពីរ​នៅ​អឺរ៉ុប​បើ​គិត​ពី​ផ្ទៃដី បាន​ងាក​មក​រក​អឺរ៉ុប​តាម​រយៈ​ការ​ធ្វើ​បដិវត្ត​លឿង​ទុំ។​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១០ ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែ​លលោក វិចទ័រ យ៉ានូកូវិច បានឈ្នះ​​ឆ្នោត ហើយ​រុញ​ប្រមុខ​បក្ស​ប្រឆាំង ជាអតីត​នាយក​រដ្ឋមន្ត្រី​ចូល​ពន្ធនាគារ​មក រុស្ស៊ី ក៏​ចាប់​មាន​អំណាច​លើ​អ៊ុយក្រែន​វិញ។ រដ្ឋាភិបាល​លោក វិចទ័រ​ យ៉ានូកូវិច រុំ​ព័ទ្ធ​ដោយ​អំពើ​ពុក​រលួយ​ ​យក​សេដ្ឋកិច្ចទៅ​រំពឹងលើ​តែ​រុស្ស៊ី ​​រហូត​ទាល់​តែ​លោក​ពូទីន អាច​យក​ចំណេញ​ទាញ​អ៊ុយក្រែន​មិន​ឱ្យ​ចុះ​ហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប ដោយ​ជ្រើសរើស​អោប​រុស្ស៊ី។ ភ្លើង​បះបោរ​ក៏​ឆាប​ឆេះ​ឡើងម្តង​ទៀត ...

រុស្ស៊ី​ខ្លាច​ចំហាយ​ប្រជាធិបតេយ្យ​អ៊ុយក្រែន

រុស្ស៊ី​ ត្រូវ​ការ​ក្រសោប​អ៊ុយក្រែន រក្សា​អ៊ុយក្រែន ជួយ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ មិន​មែន​គ្រាន់​តែ​ជា​លេស​យុទ្ធសាស្ត្រ​ និង​ការទូតប៉ុណ្ណោះ​ទេ តែ​គឺ​ដើម្បី​ប្រយោជន៍​សំខាន់​ផ្សេងសោះ។ នៅ ពី​ក្រោយ​ពាក្យ​ទាមទារ​ការពារ​ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ភាសា​ពូជសាសន៍ ម៉ូស្គូ​ដ៏​ប៉ិន​ប្រសព្វ​នេះ មាន​លាក់​ការ​ភ័យ​ខ្លាចជាប់​នឹង​ខ្លួន។ ខ្លាច​ ខ្យល់​ប្រជាធិបតេយ្យ ដែល​កំពុង​បោក​បក់​ អង្រួន​​អំណាច​អ៊ុយក្រែន​ ក្លាយ​ជា​គំរូ​ និង​ជា​ការ​លើក​ទឹក​ចិត្ត​សកម្មជន​អ្នក​ប្រឆាំង​រុស្ស៊ី ឱ្យ​ងើប​បះបោរ​ដែរ “បណ្តាជន​អ៊ុយក្រែន​ធ្វើ​កើត ដូច្នេះ​រុស្ស៊ី​ក៏​អាច​ធ្វើ​បាន​ដែរ!”

តាំង​ពី​បាតុកម្ម​បាន​ផ្ទុះ​ឡើង​ រាលដាល​ជា​អំពើ​ហិង្សា​ មាន​ស្លាប់​ មាន​របួស រុស្ស៊ី​គ្មាន​ប្តូរ​ផ្លាស់​ការពារ​រដ្ឋាភិបាល​លោក​យ៉ានូកូវិច​ជា​និច្ច។ ឥលូវ​ប្រធានាធិបតី​រត់​បាត់​ កិច្ច​ព្រមព្រៀង​ដោះស្រាយ​វិបត្តិ​ដែល​រុស្ស៊ី​និង​អឺរ៉ុប​​បាន​ចូល​រួមចំណែក​គាំទ្រ​រួម​គ្នា​ ត្រូវ​បានម៉ូស្គូ​ទាត់​ចោល និង​មិន​ទទួល​ស្គាល់​របប​ដឹកនាំ​ថ្មី​អ៊ុយក្រែន​ទេ។ ​កាន់​តែ​គ្រោះ​ថ្នាក់​ជាង​នេះ​ទៅ​ទៀត នៅ​ក្នុងភាគ​ខាង​កើត​អ៊ុយក្រែន ដែល​និយាយ​ភាសារុស្ស៊ី ម៉ូស្គូ​បាន​ប្រើ​មធ្យោបាយ​ឃោសនា​អូសទាញ​តាមកញ្ចក់​ទូរទស្សន៍​ រំលឹក​អំពី​ប្រវត្តិ​អឺរ៉ុប​ខាង​លិច​មាន​សង្គ្រាម​ជាមួយ​ប្លុក​ខាង​កើត ... ព្រោះ​រុស្ស៊ី​ចង់​ទប់​ខ្យល់។ ខ្យល់​ប្រជាធិបតេយ្យ​ដែល​កំពុង​បក់​ ​ពី​លិច​ទៅ​កើត។

ហួស​សមត្ថភាព​សហភាព​អឺរ៉ុប ?
 
វា​ប្រាកដ​ណាស់​ដែល​ថា​ពេល​នេះ រុស្ស៊ី​អង្គុយ​ចាំ​ចាប់​កំហុស​រដ្ឋាភិបាល​ថ្មី ! ជាក់​ស្តែង​ កាលពី​ថ្ងៃ​ចន្ទ រុស្ស៊ី​បាន​បរិហារ​ជា​ស្រេច ការ​សម្រេច​លុប​ភាសា​រុស្ស៊ី​ជា​ភាសាផ្លូវការ​​ទីពីរ​របស់​អ៊ុយក្រែន​។ ម៉ូស្គូ​អាច​នឹង​ប្រើ​ក្បួន​ចាស់​​ដូច​​សម័យ​សហភាព​សូវៀតទៀត ដោយ​សម្រួល​ការ​ផ្តល់​សញ្ជាតិ​រុស្ស៊ ដល់​បណ្តា​ជន​អ៊ុយក្រែន ដូច​​ធ្លាប់​បាន​ធ្វើ​ក្នុង​ឆ្នាំ​២០០០ កាល​មាន​ទំនាស់​ជា​មួយ​ប្រទេស​ហ្ស័កហ្ស៊ី និង​អាប់ខាហ្ស៊ី​ព្រមទាំង​អូសឺទីត​។

ក្នុង​ពេល​ដែល​រុស្ស៊ី​បន្តធ្វើ​ព្យុះ​ភ្លៀង​ ញុះ​ញង់​ឱ្យ​មាន​ភាព​ប្រេះ​ឆា​ រវាង​អ៊ុយក្រែន​ខាង​លិច និង​អ៊ុយក្រែន​ខាង​កើត​ស្និទ្ធ​នឹង​រុស្ស៊ី ​តើ​ខាង​សហភាព​អឺរ៉ុប​វិញ ? តើ​អឺរ៉ុប​អាច​បង្ហាញ​ស្នាដៃ​និង​ការជួយ​ជ្រោម​ជ្រែង​អ៊ុយក្រែន​ដែល​ស្រែក​ឃ្លាន​លទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​ខ្លះ ?

សូម​រំលឹក​ថា គឺ​ដោយ​សារ​សម្ពាធ​របស់​ប៉ូឡូញ ប្រទេស​ជិតខាង​អ៊ុយក្រែន និង​ជា​អ្នក​ការពារ​បុព្វហេតុ​អ៊ុយក្រែន នៅ​ក្រុង​ព្រុចសែល ដែល​សហភាព​អឺរ៉ុប​បាន​ស្នើ​កិច្ចព្រមព្រៀង​យុទ្ធសាស្ត្រ​ជាមួយ​ក្រុង​គៀវ​កាលពីខែ វិច្ឆិកា ២០១៣។ ប៉ុន្តែ​សហភាព​អឺរ៉ុប​ដាក់​លុយ​តិច​ពេក​ទើប​ចាញ់​រុស្ស៊ី។ ទោះ​បី​មាន​ចេតនា​ពិត​ចង់​ជួយ​ស្វែង​រក​ដំណោះស្រាយ​ឱ្យ​អ៊ុយក្រែនមែន ប៉ុន្តែ​អឺរ៉ុប គ្មាន​សំឡេង​រួម​ជុំ​វិញ​បេក្ខភាព​អ៊ុយក្រែន​ជា​សមាជិក​សហភាព​ ឬ​ផ្តល់​ទស្សនៈវិស័យ​ជា​ក្តី​សង្ឃឹម​សម្រាប់​អនាគត​ឡើយ ព្រោះ​មិន​មែន​ជា​បញ្ហា​អាទិភាព។

ម្យ៉ាង​វិញ​ទៀត សហភាព​អឺរ៉ុប គ្មាន​លទ្ធភាព​ជួយ​អ៊ុយក្រែន ដែល​ត្រូវការ​ជាបន្ទាន់ និង​ភ្លាម​ជំនួយ​ហិរញ្ញវត្ថុ​ ដ៏​សម្បើម​ សម្រាប់​ត្រដរ​រស់​ទេ។ ជា​ឧទាហរណ៍​ជាក់​ស្តែង​​ ប្រមុខ​ការទូត​បារាំង លោក ឡូរ៉ង់ ហ្វាប៊ូយូស បាន​ងាក​ទៅ​រកម៉ូស្គូ​ ដើម្បី​ស្នើ​សុំ​ឱ្យ​រុស្ស៊ី​គោរព​កិច្ច​សន្យា​ផ្តល់​ជំនួយ​ ១៥​ពាន់​លាន​ជាមួយ​នឹង​រដ្ឋាភិបាល​ចាស់។ សហភាព​អឺរ៉ុប​ខ្លួន​ឯង​បាន​ជាប់​គាំង​នយោបាយ​តាំង​ពី​ច្រើន​ខែ​មក​ និង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ទៀត។ ដូច្នេះ​ពិត​ជា​គ្មាន​លទ្ធភាព​ជួយ​អ៊ុយក្រែ​នបាន​ទាំង​ផ្ទាំងៗ​ឡើយ។ ចង់​មិន​ចង់ អ៊ុយក្រែន​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ត្រូវ​បន្ត​​ជិះ​ទូក​ពីរ​ ពឹង​រុស្ស៊ី​ផ្នែក​ហិរញ្ញវត្ថុ និង​រក​កន្លែង​ភ្ជាប់​ខ្លួន​ជា​មួយ​អឺរ៉ុប​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ