អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

រុស្ស៊ី​បដិសេធ​មិន​ទទួលស្គាល់​អាជ្ញាធរ​ថ្មី​នៅ​អ៊ុយក្រែន

លោក​ ឌីមីទ្រី ម៉េដវេដេវ (Dmitri Medvedev) នាយករដ្ឋមន្រ្តី​រុស្ស៊ី បាន​បដិសេធ​មិន​ទទួលស្គាល់​ស្ថាប័ន​ថ្មី​របស់​អ៊ុយក្រែន ដែល​កើតឡើង ក្រោយ​ពី​លោក​យ៉ានូកូវិច ត្រូវ​បាន​សភា​អ៊ុយក្រែន​បោះឆ្នោត​ទម្លាក់​ពីតំណែង កាលពីថ្ងៃ​សៅរ៍។ នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះដែរ រុស្ស៊ី​ក៏​បាន​ព្រមាន​ផងដែរ​ថា រុស្ស៊ី​អាច​នឹង​ដំឡើង​អត្រា​ពន្ធគយ​លើ​ទំនិញ​អ៊ុយក្រែន ប្រសិនបើ​អ៊ុយក្រែន​ងាក​ទៅចុះ​កិច្ចព្រមព្រៀង​ជាដៃគូ​ជាមួយ​សហភាព​អឺរ៉ុប។

លោក ឌីមីទ្រី ម៉េដវេដេវ (Dmitri Medvedev) នាយករដ្ឋមន្រ្តី​រុស្ស៊ី (រូបថតឯកសារ)
លោក ឌីមីទ្រី ម៉េដវេដេវ (Dmitri Medvedev) នាយករដ្ឋមន្រ្តី​រុស្ស៊ី (រូបថតឯកសារ) REUTERS/Dmitry Astakhov/RIA Novosti
ផ្សាយពាណិជ្ជកម្ម

 

លោក​ឌីមីទ្រី ម៉េដេវេដវ បានលើកឡើង នៅថ្ងៃ​ចន្ទ​ថា ស្ថាប័ន​នយោបាយកំពូលៗ​របស់​អ៊ុយក្រែន ដែល​កើតឡើង ក្រោយ​ពី​លោក​យ៉ានូកូវិច​ត្រូវ​គេ​ទម្លាក់​ពីតំណែង មិនប្រាកដជា​ស្ថាប័ន​ដែល​មាន​ភាព​ស្របច្បាប់​នោះទេ ពីព្រោះ​វា​កើតចេញ​ពី​លទ្ធផល​នៃ​អំពើ​បះបោរ។ លោក​នាយករដ្ឋមន្រ្តី​រុស្ស៊ី​ក៏​បាន​រិះគន់​ផងដែរ ចំពោះ​បណ្តា​ប្រទេស​លោកខាងលិច ដែល​ទទួលស្គាល់​អាជ្ញាធរ​អ៊ុយក្រែន​ថ្មីនេះ។

នេះ​គឺ​ជា​លើកទីមួយ​ហើយ ដែល​មេដឹកនាំ​ជាន់ខ្ពស់​របស់​​រុស្ស៊ី​បញ្ចេញ​ប្រតិកម្ម​ជា​សាធារណៈ តប​ទៅនឹង​​ការទម្លាក់​លោក​យ៉ានូកូវិច​ពី​តំណែង។ កាលពីថ្ងៃ​អាទិត្យ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី​ ធ្លាប់​បាន​​លើកឡើង នៅ​ក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ថា អ្វី​ដែល​បាន​កើតឡើង នៅ​អ៊ុយក្រែន តាមពិត គឺ​ក្រុម​ប្រឆាំង​បាន​ដណ្តើម​​អំណាច​រដ្ឋ​​យក​ទៅកាន់កាប់។

ចំពោះ​​ប្រាក់​កម្ចី ១៥ពាន់លាន​ដុល្លារ ដែល​រុស្ស៊ី​ធ្លាប់​បាន​ព្រមព្រៀង​​ផ្តល់​ឲ្យអ៊ុយក្រែន នៅពេល​លោក​យ៉ានូកូវិច នៅ​កាន់​អំណាច លោក​ម៉េដវេដេវ​បាន​អះអា​ងថា រុស្ស៊ី​គោរព​តាម​កិច្ចព្រមព្រៀង​នេះ​បាន ​លុះត្រា​តែ​អ៊ុយក្រែន​មានស្ថាប័ន​ស្របច្បាប់មួយ​មក​ដឹកនាំ​ប្រទេស។

គួររំឭកឡើងវិញ​ថា លោក​យ៉ានូកូវិច ត្រូវ​បាន​សភា​បោះឆ្នោត​ទម្លាក់​ពី​តំណែង​ជា​ប្រធានាធិបតី​អ៊ុយក្រែន កាល​ពី​យប់ថ្ងៃ​សៅរ៍ ក្រោយ​ពី​តំណាងរាស្រ្ត​មួយ​ចំនួន ដែល​ស្និទ្ធ​នឹង​លោក​ បាន​ងាក​មក​គាំទ្រ​ក្រុម​ប្រឆាំង។ ឥស្សរជន​ស្និទ្ធ​នឹង​ក្រុម​ប្រឆាំង​ក៏​បាន​ឡើង​មក​កាន់តំណែង​ជា​ប្រធានាធិបតី​ស្តីទី ដោយ​រង់ចាំ​ការ​បោះឆ្នោត​ប្រធានាធិបតី​មុន​អាណត្តិ ដែល​គេ​គ្រោង​ធ្វើ នៅថ្ងៃ​ទី២៥ ឧសភា​ខាងមុខ។

គ្រាន់តែ​បាន​ឡើង​កាន់តំណែង​ភ្លាម ប្រធានាធិបតី​ស្តីទី​អ៊ុយក្រែន​បាន​ប្រកាស​ថា អាទិភាព​របស់​អ៊ុយក្រែន​នៅពេលនេះ គឺ​ចាប់ផ្តើម​ងាក​ទៅ​ចរចា​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​នឹង​សហភាព​អឺរ៉ុវិញ។ កិច្ចព្រមព្រៀង​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប ដែល​លោក​យ៉ានូកូវិច​បាន​បដិសេធ​មិន​ទទួល​យក ដោយ​ងាក​ទៅ​ចាប់ដៃ​ជាមួយ​រុស្ស៊ី។

នៅថ្ងៃ​ចន្ទ​នេះ​ដែរ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​រុស្ស៊ី​បាន​ព្រមាន​អ៊ុយក្រែន​ទុកជាមុន​ថា ប្រសិនបើ​អ៊ុយក្រែន​ពិតជា​ងាក​ទៅ​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​ជាដៃគូ​របស់​សហភាព​អឺរ៉ុប​មែន រុស្ស៊ី​នឹង​ដំឡើង​អត្រា​ពន្ធគយ​លើ​ទំនិញ ដែល​នាំចូល​ពី​អ៊ុយក្រែន​ទៅ​រុស្ស៊ី។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ