អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​​G៧​​ដាក់​សម្ពាធលើ​​​រុស្ស៊ី​ ឯលោក​​ពូទីន​​ទាមទារ​ឲ្យ​បង្ហាញ​​ភស្តុតាងពី​ការ​លូកដៃ​របស់​​​រុស្ស៊ី​ក្នុង​វិបត្តិ​ខាងកើត​អ៊ុយក្រែន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅល្ងាច ​ថ្ងៃ​ពុធម្សិលមិញ ក្រុម​ប្រទេស​មហាអំណាច​ឧស្សហកម្ម​ហ្សេ៧ បាន​អនុម័ត​​នូវ​សេចក្តី​សម្រេច​ គំរាម​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ប្រឆាំង​រុស្ស៊ី​ថែមទៀត។ ​ស្របពេលជាមួយ​គ្នា​នេះ លោកពូទីន​បាន​​ទាមទារ​អោយ​អាមេរិក​បង្ហាញ​ភស្តុតាង​ដែល​ចោទ រុស្ស៊ី ថា​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​អ៊ុយក្រែន។ ក្នុង​ពិធី​​​ខួប​ទី​៧០ រំលឹក​ការ​ចូលរួម​ប្រទេស​សម្ព័ន្ធមិត្ត​រំដោះ​បារាំង​ចេញ​ពីរបប​ហ្វាស៊ីស សម័យ​សង្គ្រាម​លោក​ នៅ​ថ្ងៃ​ស្អែក​នេះ លោក​អូបាម៉ា​បដិសេធមិន​ជួប​និយាយ​ផ្ទាល់​មាត់ ជាមួយ​លោក​ពូទីន​ទេ។ ​

មេដឹកនាំ​ក្រុម​ប្រទេស​ហ្សេ៧ នៅ​ក្រុងព្រុចសែល​ ថ្ងៃ​៤មិថុនា​ម្សិលមិញ។
មេដឹកនាំ​ក្រុម​ប្រទេស​ហ្សេ៧ នៅ​ក្រុងព្រុចសែល​ ថ្ងៃ​៤មិថុនា​ម្សិលមិញ។ REUTERS/Laurent Dubrule
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បារាំង​​នឹង​ជួប​លោក​អូបាម៉ា និង​លោក​ពូទីន ក្នុង​ពិធី​ទទួលទាន​អាហារ​​ដាច់​ដោយឡែក​​ពីគ្នា។​ នៅថ្ងៃ​​សៅរ៍​៧ មិថុនា ប្រធានាធិបតី​​ប៉ូរ៉ូឆិនកូ នឹង​ចូល​កាន់តំណែង​​ផ្លូវការ​នៅ​អ៊ុយក្រែន។ លោក​ប៉ូរ៉ូឆិនកូ​ នឹង​ប្រកាស​ពី​ផែនការ​សន្តិភាព​របស់​លោក មាន​ទិសដៃៅ​បែង​​ចែក​រំលែក​អំណាច​​ក្នុង​ស្រុក និង​​​លើកលែង​ទោសដល់​សកម្មជន​ផ្តាច់ទឹកដី​និយម​គាំទ្រ​រុស្ស៊ី។

ការពិភាក្សា​ពីវិបត្តិ​អ៊ុយក្រែន ​ក្នុង​​​ជំនួប​ប្រទេសមហាអំណាច​ឧស្សាហកម្ម​​ហ្សេ៧​ ​នៅ​ក្រុង​ព្រុចសែល​ គ្មាន​វត្តមាន​រុស្ស៊ី

ការព្យួរវត្តមាន ​រុស្ស៊ី​ក្នុង​ជំនួប​ក្រុម​ប្រទេស​ហ្សេ៧​នេះ គឺ​ជា​ការដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ដែល​បាន​ភ្ជាប់​តំបន់គ្រីមេ​អ៊ុយក្រែន ចូល​ទឹកដី​រុស្ស៊ី កាលពី​ខែ​មិនា។ គិតពី​ឆ្នាំ​១៩៩៧មក នេះ​ជា​លើកទី១ហើយ​ដែល​រុស្ស៊ី​គ្មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ក្រុម​ ប្រទេស​អ្នកមាន។ ប្រទេស​មហា អំណាច​​ឧស្សាហកម្ម​​មាន​វត្តមាន​ក្នុង​ជំនួប​ម្សិលមិញ មាន​អាមេរិក កាណាដា អាល្លឺម៉ង់ បារាំង ជប៉ុន អ៊ីតាលី​ និង​អង់គ្លេស។ ​ក្រៅពី​បាន​គម្រាម​ដាក់​ទណ្ឌកម្ម​ថ្មី​​​​អោយ​ធ្ងន់​​លើ​រុស្ស៊ី​ថែមទៀត​ នោះ ​ក្រុម​ប្រទេស​ហ្សេ៧ ​បាន​ប្រកាស​ត្រៀម​បើក​កិច្ចប្រជុំ​មួយ​ នៅខែ​កក្កដា​ក្រោយ​នេះ ស្តីពី​ជំនួយ​​ដែល​ត្រូវ​ផ្តល់​អោយ​អ៊ុយក្រែន។ នៅចុង​ឆ្នាំ​២០១៤​នេះដែរ ក៏​នឹង​មាន​រៀបចំ​សន្និសីទ​អន្តរជាតិ​​​ក្រុម​ប្រទេស​ផ្តល់ជំនួយ​ផងដែរ។ ក្រុម​ប្រទេស​ហ្សេ៧ មាន​បំណង​ជួយ​ប្រធានាធិបតី​អ៊ុយក្រែន ដែល​ទើប​ជាប់ឆ្នោត​ថ្មី គឺ​លោក​ប៉ូរ៉ូឆិនកូ ជួយ​ហិរញ្ញវត្ថុ សេដ្ឋកិច្ច ​និង​នយោបាយ​អ៊ុយក្រែន អោយ​ឈាន​ទៅ​រក​ស្ថិរភាពឡើងវិញ។ ប្រធានគណៈ​កម្មការ​អឺរ៉ុប លោក​ម៉ានុយអែល បារ៉ូសូ បាន​បញ្ជាក់​ថា សហភាពអឺរ៉ុបនឹង​ចុះ​ហត្ថលេខាង​​លើ​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ សេរី ជាមួយ​អ៊ុយក្រែន​ យ៉ាងយូរ​ថ្ងៃ​២៧មិថុនា​នេះហើយ។

ទាក់ទង ​ទណ្ឌកម្ម​ប្រឆាំងរុស្ស៊ី ទណ្ឌកម្ម​ដែល​អាមេរិក​និង​អឺរ៉ុប​បាន​ដាក់​កន្លងមក មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​ទី៣ ជា​ដំណាក់កាល​វាយប្រហារ​សេដ្ឋកិច្ច​រុស្ស៊ី​នៅឡើយ​ទេ។ ទណ្ឌកម្ម​កន្លងមក ​នៅ​ស្ថិត​ក្នុង​ដំណាក់​កាល​ទី​២នៅឡើយ ជា​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ រឺ​មិនចេញ​ទិដ្ឋាការ​ធ្វើដំណើរ​​អោយ​ដល់​អ្នកនយោបាយ​រុស្ស៊ី រួម​នឹង​អ្នក​នយោបាយអ៊ុយក្រែន​គាំទ្រ​រុស្ស៊ី​ផងដែរ។ ពេលនេះ យើងនៅ​មិនទាន់​ដឹង​ថា តើ​ទណ្ឌកម្ម​ថ្មីៗ​ដែល​ត្រូវ​ដាក់​ប្រឆាំង​រុស្ស៊ី ជា​ទណ្ឌកម្ម​ដំណាក់កាលទី៣​រឺយ៉ាងណាទេ។ មុន​ជំនួប​ក្រុម​ប្រទេស​ហ្សេ៧ ម្សិលមិញ ​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ លោកស្រី​មែរគែល បាន​គម្រាម​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ប្រឆាំង​រុស្ស៊ី​ផងដែរ។ លោកស្រី​មែរគែល​ចង់​សំដៅ​ពី​ទណ្ឌកម្ម​ដំណាក់កាល​ទី៣ ដែល​សហភាពអឺរ៉ុប​ចង់​ដាក់ចេញ​នោះហើយ។

សហភាព​អឺរ៉ុប​នៅទើសទ័ល​ចិត្ត​ ក្នុង​ការ​ដំឡើង​ទណ្ឌកម្ម​ដល់​ដំណាក់កាល​ទី៣​ប្រឆាំង​រុស្ស៊ី ព្រោះថា ​រុស្ស៊ី​បាន​បង្ហាញ​បំណងល្អ ដោយបាន​ដកកងទ័ព​ចេញពីព្រំដែន​អ៊ុយក្រែន និង​ទុកពេល​បន្ថែម​អោយ​អ៊ុយក្រែន ក្នុង​ការ​សងថ្លៃ​ជំពាក់​ឧស្ម័នរុស្ស៊ី។ ម្សិលមិញ ក្រុម​ប្រទេស​ហ្សេ៧ បាន​សុំ​អោយ​រុស្ស៊ី​ពន្លឿន​ការ​ដកថយ​ទ័ព​ពី​ព្រំដែន​អ៊ុយក្រែន​ថែមទៀត។

លោក​ពូទីន​ចំអក​នយោបាយ​ការបរទេស​របស់​លោក​អូបាម៉ា

ក្នុង ​ពិធី​រំលឹក​ខួប​ការរំដោះ​ប្រទេស​បារាំង​ពី​របប​ហ្វាស៊ីស​អាល្លឺម៉ង់​ សម័យ​សង្គ្រាម​លោក​លើកទី២ ដែល​ត្រូវធ្វើ​នៅ​ថ្ងៃ​សុក្រ​នេះ លោក​អូបាម៉ា​មិន​ព្រម​ជួបនិយាយ​ផ្ទាល់​មាត់​ជាមួយ​លោក​ពូទីន​ទេ ទោះ​ជា​លោក​អូបាម៉ា​និង​លោក​ពូទីន​មាន​វត្តមាន​ក្នុង​ពិធី​នេះ​ជាមួយ​គ្នា​ ក្តី។ នេះ​បង្ហាញ​ថា អាមេរិក​និង​រុស្ស៊ី​រឹង​ទទឹង​ដូចគ្នា ក្នុង​ការ​ដោះស្រាយ​កិច្ចការ​អន្តរជាតិ។ ម្សិលមិញ ប្រធានាធិបតីរុស្ស៊ី បាន​ផ្តល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​បារាំង​ និង​វិទ្យុ​បារាំង​មួយ។ ក្នុង​បទសម្ភាសន៍​នេះ លោក​ពូទីន បាន​អួតថា ​​​​​​លោក​មិនបាន​គិតថា មិន​ជួប​អ្នកណា​ម្នាក់​ក្នុង​ពិធី​បុណ្យ​​​នៅ​បារាំ​ងនេះទេ។ លោកពូទីន​ចង់​ចំអក​លោក​អូបាម៉ា​ ដែល​មិនព្រម​ជួប​លោក​នោះ​ឯង។ ​លោកពូទីន​ប្រាប់ទៀត ​​​ត្រៀមជួប​ប្រធានាធិបតី​អ៊ុយក្រែន​ថ្មី​ទៀត​ផង។ ​

ថ្មីៗ ​នេះ អាមេរិក​បាន​ប្រាប់ថា មាន​ភស្តុតាង​​បង្ហាញ​ថា រុស្ស៊ី​បង្ក​អស្ថិរភាព​នៅ​អ៊ុយក្រែន ដោយ​បណ្តោយ​ទុក​អោយ​សកម្មជន​ប្រយុទ្ធ និងអាវុធ​ជាច្រើន ហូរ​ចូល​ទឹកដី​អ៊ុយក្រែន។ លោក​ពូទីន​បាន​លេង​ទៅ​លោក​អូបាម៉ា​វិញ ដោយ​ទាមទារ​អោយ​អាមេរិក​បង្ហាញ​ភស្តុតាង ​រុស្ស៊ី​ពិតជា​លូកដៃ​ចូល​កិច្ចការ​​ផ្ទៃក្នុង​អ៊ុុយក្រែន។ ​ទាក់ទង​នឹង​ភស្តុតាង​នេះដែរ ​ប្រធានាធិបតី​រុស្ស៊ី​បាន​ឆ្លៀត​ចំអក​នយោបាយ​ការបរទេស​អាមេរិក នៅអ៊ីរ៉ាក់​ ទាក់ទង​នឹង​ការ​ដែល​អាមេរិក​ប្រឌិត​ភស្តុតាង​​រឿង​អាវុធ​ប្រល័យ​លោក​នៅ​ អ៊ីរ៉ាក់ ដើម្បី​ធ្វើ​អន្តរាគមន៍​យោធា រក​ផល​ប្រយោជន៍​ប្រេង​នោះ។

លោក ​ពូទីន​លើក​ឡើង​ទៀតថា ​ការពិត​គឺ​អាមេរិក​ទេ​ដែល​មាន​នយោបាយ​​ព្រៃផ្សៃ​ ​ព្រោះថា ​អាមេរិក​មាន​កងទ័ព​ មាន​ទីតាំង​យោធា​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក។ រុស្ស៊ី​វិញ​ គ្មាន​កងកម្លាំង​អ្វី​នៅ​បរទេស​ទេ។ លោកពូទីន​ដឹង​ច្បាស់​ថា នយោបាយ​ការ​បរទេស​របស់​លោក​អូបាម៉ា កំពុង​រង​ការ​រិះគន់​ថា ទន់ជ្រាយ​ប្រឈម​នឹង​រុស្ស៊ី ក្នុង​វិបត្តិ​អ៊ុយក្រែន។

ក្នុង​រឿង​ អ៊ុយក្រែន ​លោក​ពូទីន​តប​ទៅ​ក្រុម​ប្រទេស​ហ្សេ៧​ ម្សិលមិញ​ដែរ​ថា រុស្ស៊ី​គ្មាន​គម្រោង​ភ្ជាប់​គ្រីមេ​ចូលទឹកដី​រុស្ស៊ី​ទេ។ រុស្ស៊ី​គោរព​តាម​​ការ​សម្រេច​របស់​ប្រជាជន​អ៊ុយក្រែន ហើយ​រុស្ស៊ីនឹង​សហការ​ជាមួយ​អាជ្ញាធរ​​អ៊ុយក្រែន។ ម្សិលមិញ​ រុស្ស៊ី​បាន​សម្រេច​ដាក់ដំណើរការ​​គណៈកម្មការ​ថ្មីមួយ ទទួល​បន្ទុក​បំភ្លឺ​បទឧក្រិដ្ឋ​សម្លាប់​ប្រជាជន​ស្លូតត្រង់​​ នៅ​ភាគខាងកើត​អ៊ុយក្រែន។​ ក្រុង​ម៉ូស្គូ​បាន​អំពាវនាវ​អោយ​ប្រជាជន​អ៊ុយក្រែន​ជួយ​វែក​មុខ​ឃាតករ ហើយ​សន្យា​ជួយ​ប្រជាជន​អ៊ុយក្រែន​ដែលភៀសខ្លួន​ពីអំពើ​ហិង្សា​នៅ​ភាគខាងកើត​ អ៊ុយក្រែន អោយ​បាន​ប្តឹង​តវ៉ា​ទៅ​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុបទៀតផង។

​ប្រធានាធិបតីបារាំង​សុខចិត្ត​ជួប​លោក​អូបាម៉ា ដាច់​ដោយឡែក​ពី​លោកពូទីន ក៏​ដើម្បី​បន្ថយ​ភាព​តានតឹង​រវាង​បារាំង​និង​អាមេរិកដែរ ព្រោះថា អាមេរិក​មិន​សប្បាយចិត្ត​ឡើយ ចំពោះ​ការ​ដែល​បារាំង​​មិនព្រម​លុបចោល​កិច្ចសន្យា​លក់​នាវា​ផ្ទុក​ ឧទ្ធម្ភាគចក្រ​​ប្រភេទ​មីស្ត្រាល់ ២គ្រឿង​ទៅអោយ​​រុស្ស៊ី​នោះ៕ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ