អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទោះ​មាន​កិច្ច​ព្រមព្រៀង ​ក្រុមប្រឆាំង​អ៊ុយក្រែន​ទាមទារ​អោយ​ប្រធានាធិបតី​យ៉ានូកូវិច​ចុះពី​តំណែង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​អ៊ុយក្រែន ក្រោយពី​​ក្រុមប្រឆាំង​ និង​ប្រធានាធិបតី​យ៉ានូកូវិច បាន​ចុះហត្ថលេខា នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ​​លើ​​កិច្ចព្រមព្រៀង​​​ស្រោចស្រង់​​ប្រទេស​អោយ​ងើបផុត​ពី​វិបត្តិ​នយោបាយ​​​​ជាង​៣ខែ​មកនេះ នៅថ្ងៃសៅរ៍​នេះ ក្រុមប្រឆាំង​បាន​បន្ត​ទាមទារ​អោយ​លោកយ៉ានូកូវិច លាលែង​ពី​តំណែង។​ បណ្តា​មេដឹកនាំ​ចលនា​ប្រឆាំង​អ៊ុយក្រែន​ នឹង​បញ្ចុះបញ្ចូល​សភា​​អោយ​អនុម័ត​គំរោង​​ច្បាប់ ​បង្ខំ​លោកយ៉ានូកូវិច​អោយ​ចុះពី​​តំណែង។ ដោយឡែក នៅថ្ងៃ​សៅរ៍នេះដែរ ​លោក វ៉ូឡូឌីមៀ រីបាក់ ជា​ប្រធានសភា​អ៊ុយក្រែន បាន​ប្រកាស​លាលែង​ពីតំណែង​ ដោយសារ​តែ​ស្ថានភាព​សុខភាពលោក​មិន​អំណោយ​ផល។ ​ក្រុមប្រឆាំង​ក៏បាន​ទាមទារ​អោយ​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី អោយ​បាន​យ៉ាងយូរ​នៅថ្ងៃ​២៥ឧសភា​ផងដែរ។

ស្ថានភាពទីក្រុងគៀវ អ៊ុយក្រែន​នៅថ្ងៃសុក្រ​ម្សិលមិញ​ រាង​ស្ងប់​បន្តិច
ស្ថានភាពទីក្រុងគៀវ អ៊ុយក្រែន​នៅថ្ងៃសុក្រ​ម្សិលមិញ​ រាង​ស្ងប់​បន្តិច REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

ទោះជា​មាន​កិច្ចព្រមព្រៀង​បញ្ចប់វិបត្តិ​នយោបាយ និង​មានការចុះចាញ់​ពីសំណាក់​ប្រធានាធិបតី​យ៉ានូកូវិច ក្រុមប្រឆាំង​នៅមិនទុកចិត្ត និង​​បន្ត​ទាមទារ​​​​អោយ​​លោក​យ៉ានូកូវិច​​អោយ​ចុះពីអំណាច​

កិច្ចព្រមព្រៀង​ដែលសម្រេច​បាន​នៅថ្ងៃ​សុក្រ​ម្សិលមិញ រវាង​ក្រុមប្រឆាំង​និង​ប្រធានាធិបតី​យ៉ានូកូវិច​ ថ្វីបើ​មានការស្វាគមន៍​ពីអាមេរិក តែ​វា​គ្មាន​លក្ខណៈ​រឹងមាំ​ទេ។ ក្នុង​ក្រសែ​ភ្នែក​ក្រុមប្រឆាំង លោកយ៉ានូកូវិច និង​សមាជិក​បក្ស​កាន់អំណាច​របស់​លោក គឺ​ជា​អ្នកដែល​បង្ក​អោយ​មាន​ការ​បង្ហូរ​ឈាម​​ និង​ការស្លាប់​របស់​បាតុករ​ជិត​៨០នាក់ នៅសប្តាហ៍​នេះ។ ហើយ​រដ្ឋធម្មនុញ្ញ​ឆ្នាំ២០០៤ ដែលសភា​បាន​គាំទ្រ​អោយ​អនុម័ត​ទៀតសោត ក៏បង្ហាញថា ទោះ​ជា​អំណាច​ប្រធានាធិបតី​ត្រូវកាត់បន្ថយ​ពិតមែន តែ​ប្រធានាធិបតី​នៅតែមាន​អំណាច។ ​ដូច្នេះ ក្រុម​ប្រឆាំង​​​មិនងាយ​ទុកចិត្ត​លោកយ៉ានូកូវិច​ស្រួលៗ​នោះទេ។ ម្យ៉ាងទៀត​ កិច្ចព្រមព្រៀង​​សំដៅ​បញ្ចប់​វិបត្តិ​នយោបាយ​ ចុះហត្ថលេខា​ម្សិលមិញ ត្រូវបាន​បាតុករ​ជាច្រើន​រិះគន់។

ការសម្រេច​កិច្ចព្រមព្រៀង​ម្សិលមិញ មិនមែន​មានន័យថា ជាកិច្ចព្រមព្រៀង​រវាង​គ្រប់​ចលនា​បាតុកម្ម​ ជាមួយ​លោកយ៉ានូកូវិច​នោះទេ។ ជាង​៣ខែ​មកនេះ បាតុករ​​ដែល​មកតវ៉ា នៅ​ទីក្រុង​គៀវ​ ស្របតាម​ការអំពាវនាវ​របស់​បក្ស​ប្រឆាំង​ មានតែ​៣ភាគរយ​ប៉ុណ្ណោះ  ក្នុង ចំណោម​​បាតុករ​ដ៏​សន្ធឹកសន្ធាប់​។ បាតុករភាគច្រើន​​មក​តវ៉ា​​ប្រឆាំង​រដ្ឋាភិបាល​ ​​ដោយ​ចិត្ត​ខ្លួនឯង​​ ដោយ​មធ្យោបាយ​ផ្ទាល់ខ្លួន​ មិនមែន​ដោយ​សារ​បក្ស​ប្រឆាំង​ហៅ​មក​នោះទេ។

​ក្នុង​កិច្ច​ព្រមព្រៀង​​ម្សិលមិញ ក្រុមបាតុករ​មិនពេញចិត្ត​នឹង​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​​ត្រូវរៀបចំ​ នៅខែធ្នូ​ចុងឆ្នាំ​២០១៤​នោះទេ ព្រោះ​ថា​ នៅ​ចំពោះ​មុខ​​ស្ថានភាព​ដុនដាប​សព្វថ្ងៃ​នេះ ខែ​ធ្នូ​នៅ​យូរឆ្ងាយ​ទៀតណាស់។

អាស្រ័យ​ហេតុនេះ​​ មេដឹកនាំ​ចលនា​ប្រឆាំង​ ពិសេស​លោក វិតាលី គ្លីតឆ្កូ Vitali Klitschko មកពី​បក្ស​ប្រឆាំង​ឈ្មោះថា Udar យល់ច្បាស់​​ណាស់​ថា បើ​ខ្លួន​ធ្វើអ្វី​ឆ្គាំឆ្គង​បំពាន​បំណង​ក្រុមបាតុករ​ភាគច្រើន​ នោះក្នុង​រដ្ឋាភិបាល​​នៅអាណ​ត្តិ​បន្ទាប់ បក្ស​ប្រឆាំង​គ្មានថ្ងៃ​គ្រប់គ្រង​​ប្រទេស​បាន​សុខស្រួល​នោះឡើយ។ ​យោងតាម​ការស្ទាបស្ទង់​មតិ​ ​លោក គ្លីតឆ្កូ​ មេបក្ស​ប្រឆាំង​នេះ​​ទៀត​សោត ប្រហែល​​អាច​​ត្រូវបាន​ប្រជាជន​បោះឆ្នោត​អោយ​ជាប់​ធ្វើជាប្រធានាធិបតី​ទៀត​ផង។​ ដូច្នេះ បក្ស​ប្រឆាំង​ត្រូវតែ​បញ្ចុះបញ្ចូល​សភា​ ​អោយ​បង្ខំ​លោក​យ៉ានូកូវិច​ ចុះពីអំណាច។

 
ហេតុអ្វី​លោក​យ៉ានូកូវិច ចុះញ៉មស្រួលធ្វើសំណើ​​ដល់​​​​ក្រុមប្រឆាំង​ រហូត​​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ជាមួយ​​​​ក្រុម​ប្រឆាំង​? ​
 
ចាប់តាំង​ពី​អ៊ុយក្រែន​ធ្លាក់​ក្នុង​វិបត្តិ​ ប្រឈម​នឹងចលនា​បាតុកម្ម​មហិមា​ ក្នុង​ទីក្រុង​គៀវ​មក រុស្ស៊ី​ដែល​ធ្លាប់​តែ​ជួយជ្រោមជ្រែង​លោក​យ៉ានូកូវិច ហាក់​លែង​រវីរវល់ និង​បាន​​​បណ្តោយ​អោយ​លោក​យ៉ានូកូវិច​ប្រឈម​​នឹង​ស្ថានភាព​​ក្នុង​ស្រុក​​តែ​ម្នាក់ឯង។ ក្នុង​កិច្ចព្រមព្រៀង​អ៊ុយក្រែន-​​រុស្ស៊ី ​រុស្ស៊ី​ធ្លាប់បាន​​សន្យា​ជួយ​១៥ពាន់លាន​ដុល្លារ និង​បញ្ចុះថ្លៃ​ឧស្ម័ន​មួយភាគបី​​អោយ​អ៊ុយក្រែន។ រុស្ស៊ី​បាន​ផ្តល់​ប្រាក់មួយចំនែក​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​រួចហើយ​ តែ​​​ក្រោយមក​ទៀត បាន​បដិសេធ​​ផ្តល់​ប្រាក់​ដែល​នៅសេសសល់​ ដូច្នេះ សេដ្ឋកិច្ច​អ៊ុយក្រែន​នៅពេលនេះ ត្រូវប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ។

លើសពីនេះ ​បាតុកម្ម​ហិង្សា​ ក្នុង​សប្តាហ៍​នេះ បានសម្លាប់​មនុស្ស​រហូត​ជិត៨០នាក់ ធ្វើ​អោយ​​មានអន្តរាគមន៍​ពី​សហភាព​អឺរ៉ុប​និង​អាមេរិក​។ សហភាព​អឺរ៉ុប​​​និង​អាមេរិក បាន​គម្រាម​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​អ៊ុយក្រែន។

មួយវិញទៀត​ បាតុកម្ម​ហិង្សាសម្លាប់​មនុស្ស​​ គឺជា​ហេតុការណ៍​បំបាក់​មុខ​បក្ស​កាន់​អំណាច​​​​ក្នុង​ជួរ​រដ្ឋាភិបាល​​​ ធ្វើអោយ​​សមាជិក​រដ្ឋាភិបាល​​ បែកបាក់គ្នា ព្រោះ​មាន​ការ​យល់​ឃើញ​​ផ្ទុយគ្នា។ ប្រធានសភា​អ៊ុយក្រែន​​ជាអ្នកជិតដិត​នឹង​លោកយ៉ានូកូវិច បាន​ប្រកាស​លាតំណែង​ ថ្ងៃសៅរ៍​នេះ ដោយសារ​​បញ្ហា​សុខភាព តែ​វា​អាច​ជាអ្វី​ផ្សេងវិញ​ក៏ថាបាន។ ហើយ​កន្លងមក នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន អាហ្សារ៉ូវ ក៏​​ធ្លាប់​បាន​លា​​​ពីតំណែងដែរ។ លោក​ប្រាប់ថា មិនចង់​អោយ​​អ៊ុយក្រែន​​ប្រឈម​​ស្ថានភាពសេដ្ឋកិច្ច​ធ្ងន់ធ្ងរ។ ដោយសារ​ការប៉ះទង្គិច​រហូត​មាន​មនុស្សស្លាប់​ច្រើន​នាក់ ក្នុង​សប្តាហ៍នេះ អគ្គ​មេបញ្ជាការ​រង​​កងទ័ព​មួយរូប ក៏​​បាន​លាចេញ​ពីតំណែង​ផងដែរ។ ​ប៉ូលិស​ជាច្រើន​ ​សំដែង​ការខកចិត្ត​​ចំពោះ​ហេតុការណ៍​ដែល​ឈានរហូត​ដល់​​មាន​​​មនុស្សស្លាប់​​នេះ។

ជាងនេះទៀត​​​ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយក្រែន បាន​ប្រកាស​ប្រាប់អាមេរិក​ថា កងទ័ព​នឹង​​មិន​​លូកដៃ​អន្តរាគមន៍​ក្នុង​វិបត្តិ​អ៊ុយក្រែនទេ។ ពេលនេះ​ ប៉ូលិស​និង​​កងទ័ព​​​ស្ថិត​នៅ​ការពារ​ប្រជាជន​​អ៊ុយក្រែនវិញ។ ដូច្នេះ ប្រធានាធិបតី​យ៉ានូកូវិច មិនអាច​បន្ត​​​ធ្វើហាក់ដូច​គ្មានអ្វី​កើតឡើង​នោះទេ ព្រោះថា ពេលនេះ កងទ័ព​ដែល​កន្លងមក​ធ្លាប់ចង់​អោយ​លោក​ចាត់វិធានការ​ប្រឈម​បាតុករ ឥលូវនេះ បាន​ដកខ្លួន​​ប្តូរជំហរ​វិញហើយ។ ដូច្នេះ លោក​យ៉ានូកូវិច​ មានតែ​ព្រមចុះចាញ់​ ហើយ​ម្សិលមិញ​នេះ លោក​បាន​​ចុះហត្ថលេខា​ផ្តល់​ផលប្រយោជន៍​អោយក្រុមប្រឆាំង។

ឥលូវនេះ​ អាមេរិក​និង​រុស្ស៊ី​ចង់អោយ​មានការ​អនុវត្តន៍​កិច្ចព្រមព្រៀង​ថ្ងៃសុក្រ​ម្សិលមិញ​អោយ​បានឆាប់បំផុត។ ក្រុមប្រឆាំង​បានប្រាប់ថា លោក​យ៉ានូកូវិច​បាន​ចាកចេញ​ពីក្រុងគៀវ។ នៅថ្ងៃ​សៅរ៍នេះ​ ហើយដៃស្តាំ​របស់​ក្រុមប្រឆាំង​មួយរូប គឺលោក ទួរឈីណូវ​ ត្រូវបាន​គេបោះឆ្នោត​អោយ​ធ្វើជា​ប្រធានសភា​អ៊ុយក្រែន​ ហើយ​អ្នកជិតដិត​ក្រុមប្រឆាំង​មួយរូបទៀត ឈ្មោះ​អាវ៉ាកូវ (Arsen Avakov) ក៏ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​មហាផ្ទៃ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ