អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​យានអវកាស​ណាសា នឹង​ថត​រូប​អាចម៍​ផ្កាយដ៏សែន​ឆ្ងាយ​ពីផែន​ដី​​ នៅថ្ងៃទី​១មករា​ឆ្នាំថ្មី​នេះ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ទី​១មករា ​ដើមឆ្នាំ​២០១៩ ឆ្នាំថ្មីនេះ ​យានអវកាស New Horizons នឹង​ហោះ​ទៅ​កៀក​អាចម៍ផ្កាយ​ឈ្មោះUltima Thule ហើយ​ថត​រូប​ផ្ញើ​មកកាន់​​ផែន​ដី។ នេះ​គឺ​ជា​បេសកម្មក្នុង​លំហ​ដ៏​សែន​ឆ្ងាយជាង​គេ​​បំផុត​ មិន​ធ្លាប់​មានទេ ​នៅក្នុង​ប្រវត្តិសិក្សា​អវកាស។ អាចម៍​ផ្កាយ​នេះ មាន​ចម្ងាយ​ប្រមាណ ​៦.៤ ពាន់​លាន​គីឡូម៉ែត្រ​ពី​ភពផែន​ដី។

រូបភាពពីភ្នាក់ងារអវកាសណាសារបស់អាមេរិក
រូបភាពពីភ្នាក់ងារអវកាសណាសារបស់អាមេរិក Nasa
ផ្សាយពាណិជ្ជកម្ម

ភ្នាក់​ងារ​អវកាស​ណាសា​របស់​អាមេរិក បាន​បើក​ដំណើរ​ការ​យានអវកាស New Horizons នៅ​ឆ្នាំ​២០០៦។ យានអវកាស​​នេះ ហោះ​យ៉ាង​លឿន​ក្នុង​ល្បឿន​ ប្រមាណ​ ៥១.៥០០ គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង។ New Horizons បាន​សម្រេច​កិច្ច​ការ​ដ៏​សំខាន់មួយ​កាល​ពីឆ្នាំ​២០១៥ គឺ​បាន​ថត​យក​រូបភាព​ភព Pluton។​

បីឆ្នាំក្រោយ​មក​ តា​មគម្រោង​របស់​អ្នក​អវកាស​ ថ្ងៃទី​១មករា២០១៩ គឺ​នៅសល់​​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ដែល​យាន​អវកាស​ New Horizons នឹង​សម្រេច​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ជាថ្មី ដោយ​នឹងត្រូវទៅ​ថត​យក​រូបភាព​នៅ​អាចម៍​ផ្កាយ​ Ultima Thule។ នៅ​លើកនេះ អ្នក​វិទ្យាសាស្ត្រ​ណាសា ប្រាប់ថា នឹង​ថត​រូប​អាចម៍​ផ្កាយ​នេះ ឲ្យ​បាន​ច្បាស់​ជាង​មុន​ គឺ​រូប​ភាព Ultima Thule នឹង​​ច្បាស់​ជាង​៣ដងនៃការ​ថតរូប​​ភព​ Pluton។ ពីព្រោះថា នៅ​លើកនេះ គេ​នឹង​បន្ទាបខ្លួន​យាន​ទៅ​កៀក​អាចម៍​ផ្កាយ Ultima Thule ប្រមាណ​ជា​ចម្ងាយពី​៣ពាន់​៥រយ​គីឡូម៉ែត្រ ពី​ផ្ទៃ​ដី​របស់​អាចម៍​ផ្កាយ​។​ រហូត​មកទល់​ពេល​នេះ គេ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ពី​ទំហំ​របស់​អាចម៍​ផ្កាយ Ultima Thule ​នេះបា​នទេ តែអ្នកវិទ្យាស្ត្រ​ វាយ​តម្លៃ​​ជា​បឋមថា វា​អាច​មា​នអង្កត់​ផ្ចិត ប្រមាណ​​២៥គីឡូម៉ែត្រ ហើយទំនង​ជា​មា​នទំហំ​តូច​ជាង​ ១០០ ដង នៃ​ភព​ Pluton ។​

បេសកម្ម​ដ៏ប្រឈម​នឹង​ហានិភ័យ

ចំពោះ​ដំណើរ​ការ​ហោះ​ហើរ​នៃ​យាន​អវកាស New Horizons នៅពេល​នេះ​ គឺគេ​អាច​និយាយ​បានថា ​ជា​បេសកម្មដ៏ប្រថុយបំផុត ឬ​ក៏​គ្រោះ​ថ្នាក់​បំផុត ដែល​ជួប​ហានិភ័យ​ត្រឹម​តែ​មួយ​ប៉ប្រិចភ្នែក។ ដោយសារ​ថា យាន​នេះ ហោះ​លឿន​យកតែមែន​ទែន គឺ​ក្នុង​កម្រិត​ល្បឿន​ ជាង​៥ម៉ឺន​គឺឡូម៉ែត្រ​ក្នុង​មួយម៉ោង។ នៅក្នុង​កម្រិត​ល្បឿន​លឿន​ដូច្នេះ ប្រសិន​បើ​វា​ហោះ​​ទៅបុក​ប៉ះ​កម្ទេច​កម្ទី​អ្វីមួយ​​តែបន្តិច​បន្តួច សូម្បី​តែ​បុក​ប៉ះ​គ្រាប់​គ្រួស គ្រាប់​ថ្មតូច​ត្រឹម​ប៉ុនគ្រាប់​អង្ករ ក៏​អាច​ធ្វើ​ឲ្យ​វា​ខ្ទេច​ខ្ទី​ខូច​ខាត​បា​នភ្លាម​មួយ​រំពេច​ដែរ។ ចុះ​បើ​ប្រថុយប្រថាន​ដ៏​ថ្នាក់​ហ្នឹង តើ​ហេតុអ្វី​បាន​ជាអ្នក​វិទ្យាសាស្ត្រ​ចាប់​អារម្ម​ណ៍​ចង់​ទៅ​សិក្សា​ពី​ទីនោះ​ម្ល៉េះ?​

លក្ខណៈពិសេសរបស់​ Ultima Thule

គេ​ចង់​ទី​សិក្សា​ពីនោះទីនោះ ព្រោះ​ថា អាចម៍​ផ្កាយUltima Thule មាន​​លក្ខណៈពិសេស ដ្បិត​តែ​​វាឋិត​​នៅ​ប៉ែក​ខាង​ក្រៅ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​ ដែល​សីតុណ្ហភាព​ក្រោម​សូន្យ​ជា​ច្រើន​ដង។​ ហើយ​ដោយសារតែ​វា​នៅ​ឆ្ងាយ​ពី​ពន្លឺនៃប្រពន្ធ​ព្រះអាទិត្យ វា​​អាច​នៅ​រក្សា​ទំហំ​រូប​រាង​ និង​ប្រព័ន្ធ​ជា​ទូទៅ​របស់​វា​បា​នល្អ។ អ្នក​វិទ្យាសាស្ត្រ​ រំពឹង​ទៅលើ​លក្ខណៈ​ពិសេស​នេះហើយ​ ដើម្បី​សិក្សា​ប្រៀបធៀប​និង​ដើម្បី​ឈ្វេង​យល់​ពី​ភពផែន​ដី ​ប្រព័ន្ធភព និងផ្កាយ​ផ្សេងៗ​ ​កាលពីរាប់សិប​​លាន​ឆ្នាំមុន។

អ្នកគ្រប់​គ្រង់​គម្រោង​អវកាស New Horizons លោក​ Alan Stern បាន​បញ្ជាក់ថា នៅក្នុង​គម្រោង​បេសកម្មនេះ មាន​សារៈ​សំខាន់ណាស់​ចំពោះ​អ្នក​វិទ្យាសាស្ត្រ​ ពីព្រោះថា​ តំបន់​នៃ​អាចម៍​ផ្កាUltima Thule នេះ វា​នៅ​ឆ្ងាយ​សែន​ឆ្ងាយ​ពី​ព្រះអាទិត្យ ដូច្នេះ​វា​នៅ​រក្សា​បាន​នូវ​លក្ខណៈ​ដើម​របស់​វា ដូច​ដែល​មាន​កាល​ពី ​៤ពាន់៥សែន​ ​លាន ​ឆ្នាំ​មុន។​

បើ​តាម​អ្នក​វិទ្យាសាស្ត្រ​ដដែល តាមរយៈ​បេសកម្មរបស់​យាន​អវកាស New Horizons ​លើកនេះ គឺ​នឹងអាច​ឲ្យ​គេ​យល់ជាទូទៅ​ពី​ សមភាព​ សីតុណ្ហភាព កម្រិត​ឧស្ម័ន​ ព្រម​ទាំង​បរិយាកាស​ជា​មធ្យម​របស់អាចម៍​ផ្កាយ Ultima Thule។​ តាម​គម្រោង ​យានអវកាស នឹង​ហោះ​សម្រេច​ដល់​គោល​​ដៅ​នៅ​វេលា​ម៉ោង​៥និង​៣០នាទី​ព្រឹក​ថ្ងៃទី​១មករា និង​ថត​យក​រូប​ភាព​ ហើយ​បញ្ជូន​មកផែន​ដី​ជា​បន្តបន្ទាប់ ដែល​មនុស្ស​លោក​អាច​នឹង​មើល​ឃើញ​រូប​ភាព​ទាំងនោះ ចាប់ពី​ថ្ងៃទី​២មករា​តទៅ​។

បេសកម្ម​​របស់យាន​អវកាស New Horizons លើកនេះ គឺ​ពុំ​មែន​ជា​កិច្ច​ការ​ចុងក្រោយនោះ​ទេ។ យានអវកាសនេះ​នឹង​ហោះ​ឆ្ពោះ​ទៅទី​​កន្លែង​កាន់តែ​ឆ្ងាយ​ថែមទៀត នៅ​ឆ្នាំ​២០២០៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ