អានតួអត្ថបទ
អាមេរិក-អវកាស

យានអវកាស​គ្មាន​មនុស្ស​បើកបរ Cassini បិទ​បញ្ចប់​បេសកកម្ម​សិក្សា​លើ​ភពសៅរ៍​រយៈពេល ១៣ឆ្នាំ

នៅ​ថ្ងៃ​សុក្រ ទី១៥ កញ្ញា​នេះ យានអវកាស​អាមេរិកាំង​មួយ​គ្មាន​មនុស្ស​បើកបរ​ឈ្មោះ Cassini បិទបញ្ចប់​បេសកកម្ម​សិក្សា ស្រាវជ្រាវ​លើ​ភពសៅរ៍​រយៈពេល ១៣ឆ្នាំ​របស់​ខ្លួន។ Cassini ដែល​មាន​ទម្ងន់ ២តោនកន្លះ​ត្រូវ​បញ្ចប់​ជីវិត​នៅ​ក្នុង​លំហអាកាស​នៃ​ភពសៅរ៍។ នៅ​ក្នុង​បេសកកម្ម​រយៈពេល ១៣ឆ្នាំ Cassini បាន​បញ្ជូន​ព័ត៌មាន​ច្រើន​ណាស់​ទាក់ទង​នឹង​ការ​ចាប់​កំណើត និង​ការ​វិវត្តន៍​របស់​ភពសៅរ៍។

យានអវកាស​គ្មាន​មនុស្ស​បើកបរ Cassini បិទ​បញ្ចប់​បេសកកម្ម​សិក្សា​លើ​ភពសៅរ៍​រយៈពេល ១៣ឆ្នាំ
យានអវកាស​គ្មាន​មនុស្ស​បើកបរ Cassini បិទ​បញ្ចប់​បេសកកម្ម​សិក្សា​លើ​ភពសៅរ៍​រយៈពេល ១៣ឆ្នាំ NASA/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

Cassini ត្រូវ​បាន​គេ​បាញ់​បញ្ជូន​ក្នុង​ឆ្នាំ ១៩៩៧ តែ​គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ២០០៤ ទើប​យានអវកាស​អាមេរិកាំង​គ្មាន​មនុស្ស​បើកបរ​មួយ​នេះ​ផ្តើម​បេសកកម្ម​សិក្សា ស្រាវជ្រាវ​របស់​ខ្លួន​លើ​ភពសៅរ៍។ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់ Cassini រយៈពេល ២០ឆ្នាំ​នៅ​អវកាស Cassini បាន​ធ្វើ​ដំណើរ​ជុំវិញ​ភពសៅរ៍​ចំនួន ១៣ឆ្នាំ និង​ដែល​សរុប​ទៅ​បាន​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ ៨ ០០០លានគីឡូម៉ែត្រ។ Cassini មាន​បំពាក់​ដោយ​ឧបករណ៍​ស្រាវជ្រាវ​អវកាស​ចំនួន ១៧ប្រភេទ​ដើម្បី​ធ្វើ​ការ​សិក្សា ស្រាវជ្រាវ​លើ​ការ​ក កើត​ឡើង និង​ការ​វិវត្តន៍​របស់​ភពសៅរ៍។

នៅ​ក្នុង​បេសកកម្ម​រយៈពេល ១៣ឆ្នាំ Cassini បាន​បញ្ជូន​ឲ្យ​ក្រុមអ្នកវិទ្យាសាស្រ្ត​នូវ​រូបថត​គ្រប់ប្រភេទ​ចំនួន​កន្លះលានសន្លឹក និង​ព័ត៌មាន​ចម្រុះ​ជាង ៤ ០០០ ស្តីពី​ភពសៅរ៍​ដែល​ជា​ភពទី៦ ស្ថិត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ និង​មាន​ចម្ងាយ​ប្រែប្រួល​ពី​ភពផែនដី​យើង​ពី ១ ២០០ ទៅ ១ ៦៦០លានគីឡូម៉ែត្រ។ Cassini បិទបញ្ចប់​ជីវិត​របស់​ខ្លួន​ក្នុង​ថ្ងៃ​សុក្រ ទី១៥ កញ្ញា ហើយ​ទំនាក់ទំនង​រវាង Cassini និង​ភពផែនដី​ត្រូវ​កាត់ផ្តាច់ បន្ទាប់​ពី Cassini ផ្តើម​ដាំ​ក្បាលចូល​ក្នុង​លំហ​អាកាស​ភពសៅរ៍​ជាមួយ​នឹង​ល្បឿន ១១៣ ០០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

តែ​នៅ​ក្នុង​ដំណើរ​ដាំក្បាល​ចូល​ក្នុង​លំហ​អាកាស​នៃ​ភពសៅរ៍ Cassini បន្ត​បញ្ជូន​ព័ត៌មាន​ឲ្យ​ក្រុម​អ្នកវិទ្យាសាស្រ្ត​នៅ​ភពផែនដី​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ ហើយ​បើ​តាម​ក្រុម​អ្នកស្រាវជ្រាវ ព័ត៌មាន​ចុង​ក្រោយ​នេះ​ជា​ព័ត៌មាន​កាន់​តែ​ពិសេស​ស្តីពី​ភពសៅរ៍។ ការ​ដែល​ក្រុមហ៊ុន​អវកាស​អាមេរិក Nasa បញ្ជូន Cassini ទៅ​បោះចោល​នៅ​ភពសៅរ៍​មក​ពី Cassini បាន​ផ្តល់​ព័ត៌មាន​ថា មាន​ភពព្រះច័ន្ទ​ខ្លះ​ក្នុង​ចំណោម​ភពព្រះច័ន្ទ​ទាំង ១៩ ​របស់​ភពសៅរ៍​មាន​លក្ខខណ្ឌ​អាច​ឲ្យ​មនុស្ស​រស់នៅ​បាន។

ចប់​ហើយ​បេសកកម្ម​សិក្សា ស្រាវជ្រាវ​លើ​ភពសៅរ៍​រយៈពេល ១៣ឆ្នាំ របស់ Cassini និង​ដែល​ក្នុង​រយៈពេល ១៣ឆ្នាំ​កន្លង​ទៅ ក្រុម​អ្នក​ស្រាវជ្រាវ​ទទួល​បាន​ព័ត៌មាន​យ៉ាង​ច្រើន​សម្បើម​ស្តីពី​ការ​ក កើត និង​ការ​វិវត្តន៍​របស់​ភពសៅរ៍​ក៏​ដូច​ជា​ភពព្រះច័ន្ទ​របស់​ភពសៅរ៍។ សូម​ជម្រាប​ជូន​ថា បេសកកម្ម​របស់ Cassini ជា​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​អវកាស​អាមេរិក Nasa ទីភ្នាក់ងារ​អវកាស​អឺរ៉ុប និង​ទីភ្នាក់ងារ​អវកាស​ប្រទេស​អ៊ីតាលី​ដោយ​បាន​ចំណាយ​ប្រាក់​សរុប ៣ ៩០០លានដុល្លារ​ក្នុង​នោះ អាមេរិក​ចំណាយ​យ៉ាង​តិច ២ ៥០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ