អានតួអត្ថបទ
លីប៊ី

លីប៊ី​មួយ​ឆ្នាំ​ក្រោយ​ការ​ផ្តើម​ឡើង​នៃ​បដិវត្តន៍

១៧​កុម្ភៈ​២០១១ -១៧​កុម្ភៈ​២០១២។ ថ្ងៃ​នេះ​គឺ​ជា​ខួប​គម្រប់​មួយ​ឆ្នាំ​គត់​នៃ​បដិវត្តន៍​នៅ​ប្រទេស​លីប៊ី បដិវត្តន៍​ដែល​បាន​រំលំ​របប​របស់​លោក​កាដាហ្វី និង​ដែល​បាន​សម្លាប់​អ្នក​ដឹក​នាំ​ផ្តាច់ការ​រូប​នេះ នៅ​ថ្ងៃ​ទី​២០​តុលា​ឆ្នាំ​២០១១។ មួយ​ឆ្នាំ​ក្រោយ​មក ប្រទេស​លីប៊ី​នៅ​តែ​គ្មាន​សន្តិសុខ រី​ឯ​សេដ្ឋកិច្ច​នៃ​ប្រទេស​វិញ​បាន​ធ្លាក់​ដល់​បាត។ ប៉ុន្តែ ប្រជាពលរដ្ឋ​មាន​សេរីភាព​និង​រង់ចាំ​ការ​បោះឆ្នោត​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ។

ក្រុម​អ្នក​បះបោរ​លើក​ទង់​ជាតិ​​នៅ​ក្រុង​ Benghazi បន្ទាប់​ពី​ដណ្តើម​បាន​ក្រុង​ទ្រីប៉ូលីថ្ងៃ​ទី ២២ សីហា ២០១១
ក្រុម​អ្នក​បះបោរ​លើក​ទង់​ជាតិ​​នៅ​ក្រុង​ Benghazi បន្ទាប់​ពី​ដណ្តើម​បាន​ក្រុង​ទ្រីប៉ូលីថ្ងៃ​ទី ២២ សីហា ២០១១ REUTERS/Esam Al-Fetori
ផ្សាយពាណិជ្ជកម្ម

 

ជា​ផ្លូវការ អាជ្ញាធរ​ថ្មី​នៃ​ប្រទេស​លីប៊ី​បាន​កំណត់​យក​ថ្ងៃ​ទី​១៧​កុម្ភៈ​ថា ជា​ថ្ងៃ​ផ្តើម​ឡើង​នៃ​បដិវត្តន៍។ ក៏​ប៉ុន្តែ តាម​ពិត កាល​ណោះ ប្រជាពលរដ្ឋ​លីប៊ី​បាន​ចាប់​ផ្តើម​ប្រឆាំង​នឹង​របប​កាដាហ្វី​នៅ​ថ្ងៃ​ទី​១៥​កុម្ភៈ នៅ​ទីក្រុង​Benghazi ដែល​ក្រោយ​មក​ក្លាយ​ជា​ទីក្រុង​និមិត្តរូប​សម្រាប់​ពួក​ប្រឆាំង។

បន្តិច​ម្តងៗ ការ​បះបោរ​បាន​រីក​រាលដាល​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ​ទៀត ពី​Benghazi ទៅ​Tobrouk Brega និងRas Lanouf។ ទន្ទឹម​នោះ កាដាហ្វី​បាន​រៀប​ចំ​ប្រតិបត្តិការ​វាយ​បង្ក្រាប​ទៅ​លើ​ទីក្រុង​Benghazi តែ​ការ​វាយ​បង្ក្រាប​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ខ្ទប់​ទាន់​ពេល​វេលា។ កាល​ណោះ គឺ​នៅ​ថ្ងៃ​ទី​១៩​មីនា​២០១១ កងទ័ព​ជើង​អាកាស​របស់​ណាតូ​ដឹក​មុខ​ដោយ​បារាំង អង់គ្លេស​និង​អាមេរិក បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​រថក្រោះ​និង​យន្តហោះ​ចម្បាំង​របស់​កាដាហ្វី។

ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​បដិវត្តន៍​និង​របប​កាដាហ្វី​បាន​ប្រព្រឹត្ត​ទៅ​ជា​ច្រើន​ខែ។ នៅ​ថ្ងៃ​ទី​២៣​សីហា​ឆ្នាំ​២០១១ រដ្ឋធានី​ទ្រីប៉ូលី​បាន​ធ្លាក់ រី​ឯ​កាដាហ្វី​បាន​ភៀស​ខ្លួន​ទៅ​Syrte ជាទី​ដែល​ពួក​ប្រឆាំង​បាន​ចាប់​ខ្លួន​គាត់​រួច​ហើយ​បាន​សម្លាប់​គាត់​ចោល នៅ​ថ្ងៃ​ទី​២០​តុលា​ឆ្នាំ​២០១១។

មួយ​ឆ្នាំ​ក្រោយ​មក រលក​នៃ​សេរីភាព​បាន​គ្រប​ដណ្តប់​ទៅ​លើ​ប្រទេស​លីប៊ី ដែល​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ នឹង​រៀបចំ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​ជា​លើក​ទី​មួយ​បង្អស់ ក្នុង​រយៈ​ពេល​ជាង​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ។

ក៏​ប៉ុន្តែ ប្រទេស​ទាំង​មូល​ផុងខ្លួន​ក្នុងភាពអនាធិបតេយ្យ។ សេដ្ឋកិច្ចលែងដំណើរការ អសន្តិសុខកើតឡើងគ្រប់ទីកន្លែង ពីព្រោះពួកអតីតអ្នកបះបោរមួយចំនួនធំ ដែលគេហៅថា ពួកThouars នៅបន្តកាន់អាវុធ និងគំរាមប្រជាជន ក្នុងពេលមួយដែលស្ថាប័នប៉ូលិសនិង ស្ថាប័នកងទ័ពមិនទាន់ត្រូវបង្កើតឡើងនៅឡើយ។ ទន្ទឹមនេះ បើយោង ទៅតាមAmnesty International ពួកThouars បាននិងកំពុងបន្តសម្លាប់ពួកអ្នកដែលបានគាំទ្ររបបរបស់ កាដាហ្វី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ