អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

នាវារុស្ស៊ី​ត្រូវ​សង្ស័យ​ថា​ដឹក​ឧទ្ធម្ភាគចក្រ​ចម្បាំង​ទៅឲ្យ​ស៊ីរី​

មកពី​មូលហេតុ​នេះ ​បានជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អង់គ្លេស ​បាន​ប្រកាស​ព្រឹកមិញ​អំពី​ការលុប​ចោល​កិច្ច​សន្យា​ដែល​ធានា​រ៉ាបរង​កប៉ាល់​រុស្ស៊ីនេះ ​ដើម្បី​ចៀសវាង​ការរំលោភ​បំពាន​លើ​ទណ្ឌកម្ម​ របស់​សហភាព​អឺរ៉ុប​ដែល​ហាម​មិនឲ្យ​បញ្ជូន​អាវុធ​អ្វី​ណា ​ទៅ​បំពាក់​ដល់​របប​គ្រប់គ្រង​នៅស៊ីរី​ឡើយ។

នាវា​រុស្ស៊ី ​Alaed ​ ​ដែល​​ធានា​រ៉ាបរង​​ដោយ​​ក្រុមហ៊ុន​​អង់គ្លេស​​ Standard​ Club​ ជាប់សង្ស័យថា​មាន​ផ្ទុក​​​ឧទ្ធម្ភាគចក្រ​​រុស្ស៊ី​​ធុន Mi-25​​ លក់​ទៅ​ឲ្យ​​ស៊ីរី​
នាវា​រុស្ស៊ី ​Alaed ​ ​ដែល​​ធានា​រ៉ាបរង​​ដោយ​​ក្រុមហ៊ុន​​អង់គ្លេស​​ Standard​ Club​ ជាប់សង្ស័យថា​មាន​ផ្ទុក​​​ឧទ្ធម្ភាគចក្រ​​រុស្ស៊ី​​ធុន Mi-25​​ លក់​ទៅ​ឲ្យ​​ស៊ីរី​ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

តាមកាសែត​អង់គ្លេស​ Daily Telegraph ​លេខថ្ងៃនេះ ​កប៉ាល់​រុស្ស៊ីឈ្មោះ​Alaed​ ​ ដែល​មាន​ម្ចាស់​វា​គឺ​ក្រុមហ៊ុន​រុស្ស៊ី​ Femco ​ ក្រោយពី​ចាកចេញ​ពីផែ​ Kaliningrad ​នៅប៉ែក​ខាងលិច​បង្អស់​នៃ​ប្រទេស​រុស្ស៊ី​ពេលបើក​ទៅដល់​លំហ​សមុទ្រ​ម្តុំឆ្នេរ​ Ecosse​ ជា​ទឹកដី​អង់គ្លេស​ក៍បាន​បង្ខំ​ចិត្ត​បោះយុថ្កា​ចត​នៅទីនោះ​ទៅ​ បន្ទាប់​ពីត្រូវ​ក្រុមហ៊ុន​ធានារ៉ាបរង​អង់គ្លេស​ Standard Club ​ព្រមាន​ប្រាប់​អំពី​ការលុប​ចោល​កិច្ច​សន្យា​ដែលធានា​រ៉ាបរង​កប៉ាល់​រុស្ស៊ីនេះ។

 
មូលហេតុ​តាមដែល​ក្រុមហ៊ុន​អង់គ្លេស​នោះ ​ពន្យល់​ទៅទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP​ គឺមក​ពី​មាន​ដំណឹងថា​ នាវា​រុស្ស៊ី ​Alaed ​ ដឹក​សម្ភារៈ​យោធា​ទៅកាន់​ប្រទេស​ស៊ីរី។

កាសែត​Daily Telegraph ​ក៏ចុះ​ផ្សាយ​សំដី​អ្នកមុខ​អ្នកការ​អង់គ្លេស ​ថ្លែងទៅ ​Standard Club​ ថា​ការធានា​រ៉ាបរង​ចំពោះ​នាវា​ដែលដឹក​ស្បៀងយោធា​បែបនេះ​ គឺពិតជា​រំលោភ​លើ​ទណ្ឌកម្ម​ ប្រកាស​ដោយ​សហភាព​អឺរ៉ុប​ដែលហាម​មិនឲ្យ​ផ្តល់​អាវុធ​អ្វីណា ​ទៅប្រទេស​ស៊ីរីឡើយ​ ជាទី​ដែល​តាមតួលេខ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក្នុង​រយៈពេល​ជាង១ឆ្នាំ​កន្លង​ទៅ ​ដោយមក​ពី​ប្រតិបត្តិការ​បង្ក្រាប​ ពីខាង​កងកម្លាំង​ស៊ីរី​ទៅលើ​ពួក​ប្រឆាំង​មាន​បណ្តាជន​ធ្លាក់ខ្លួន​ស្លាប់​អស់​ជាង​១ម៉ឺន​៤ពាន់​នាក់​ទៅហើយ។

ស.រ.អា.​ ក្នុង​សប្តាហ៏មុន​បានឲ្យ​សញ្ញា​ទៅ​រដ្ឋាភិបាល​អង់គ្លេសថា​ នាវា​រុស្ស៊ី ​Alaed ​ ដែល​ធានា​រ៉ាបរង​ដោយ​ក្រុមហ៊ុន​អង់គ្លេស​ Standard Club ​គឺផ្ទុក​ទៅដោយ​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ធុន Mi-25​ លក់​ទៅឲ្យ​ស៊ីរី​ជំនាន់​សហភាព​សូវៀត​ហើយ​ដែល​ត្រូវបាន​ទីក្រុង​ដាម៉ាស​បញ្ជូន​មក​ទទួល ​ការជួស​ជុល​នៅរុស្ស៊ីវិញ។ ​ដំណឹងនេះ​ ចុះ​ផ្សាយ​ដោយ​កាសែត​អង់គ្លេស​មួយទៀត​ គឺ កាសែត​ Sunday​ Telegraph​ ដែល​ហៅ​ឧទ្ធម្ភាគចក្រ​ចម្បាំង​រុស្ស៊ី​ធុន Mi-25 ​ថាជា​ “ រទេះតង់​ហោះ”។

ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ដែល​កំពុង​ត្រូវគេ​ដឹក​ទៅ​ស៊ីរី​ តាម​សំដី​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​ អាមេរិកាំង ​Hillary Clinton ថ្លែង​ដោយក្តី​បារម្ភ​កាលពី​ថ្ងៃ១២​មិថុនា​ គឺទុក​សម្រាប់​បង្ក្រាប​ចលនា​បះបោរ​ទល់នឹង​របប​គ្រប់គ្រង​នៅក្រុង​ដាម៉ាស។

ថ្លែងដោះសារ​ថ្ងៃ១៨​មិថុនា​ម្សិលមិញ​ក្នុង​បរិវេណ​នៃ​ជំនួប​កំពូល​ G-20​ នៅប្រទេស​ម៉ិកស៊ិក​អ្នកនាំពាក្យ​ផ្លូវការ​របស់​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Dmitri Peskov ​ពន្យល់​បំភ្លឺថា ​រុស្ស៊ី​ឥតលក់​ ឥតបញ្ជូន​ ឧទ្ធម្ភាគចក្រ​ថ្មីៗ​អ្វីណា​ទៅ​ស៊ីរីឡើយ។​ រុស្ស៊ី​ គ្រាន់តែ​ជួសជុល​ឧទ្ធម្ភាគចក្រ​ចាស់ៗ​ដែល​មានលក់​ទៅឲ្យ​ស៊ីរី​តាំងពី​សម័យ​សូវៀតម៉្លេះ ​ហើយឧទ្ធម្ភាគចក្រ​បែបនេះ​នៅសល់​តែ​ប៉ុន្មាន​គ្រឿង​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ