អានតួអត្ថបទ
ជប៉ុន

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ជប៉ុន​មួយ​ត្រូវ​បាន​គេ​យល់ព្រម​ឲ្យ​ចាប់​ដំណើរ​ការ​ឡើង​វិញ​

នៅ​ថ្ងៃ​អង្គារ​ទី​២៨​តុលា​នេះ អាជ្ញាធរ​នៅ​ក្រុងមួយរបស់ប្រទេសជប៉ុន បាន​​យល់ព្រម​ឲ្យ​ ​ចាប់​​​ដំណើរ​ការ​​ឡើង​វិញ នូវ​​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ​​មួយ​នៅលើទឹកដីខ្លួន។ គឺ​ជា​វិធានការ​លើក​ដំបូង​បង្អស់​ដែរ​ ចាប់​តាំង​ពី​មាន​គ្រោះ​មហន្តរាយនុយក្លេអ៊ែរ ​នៅ​ Fukushima នៅ​ខែមីនា​ឆ្នាំ​២០១១​មក។​

មជ្ឈមណ្ឌលនុយក្លេអ៊ែរ
មជ្ឈមណ្ឌលនុយក្លេអ៊ែរ lenergeek.com
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រឹក្សា​ក្រុង Satsumasendai ទើប​ប្រកាស​យល់ព្រម​នៅ​ថ្ងៃ​អង្គារ​២៨​តុលា​នេះ ការ​ដាក់​ឲ្យ​មាន​​​ដំណើរការ​ប្រតិករ​នុយក្លេអ៊ែរ ២​ឡើង​វិញ​នៅ​មជ្ឈមណ្ឌល​ Sendai ដោយ​មាន​សំឡេង​​​ឆ្នោត​គាំទ្រ​​ភាគ​ច្រើន​ដ៏​លើស​លុប ។ ក្រុម​ប្រឹក្សា​ក្រុង​នេះ ចាត់​ទុក​ថា  ​ វិស័យ​នុយក្លេអ៊ែរ​ គឺ​ជា​ប្រភពដ៏​សំខាន់​បំផុត​នៃ​ចំ​ណូល​ថវិកា​សំរាប់​ប្រទេស​ជាតិ​ និង​ក៏​ ផ្តល់​ជា​ការងារ​ជូន​ដល់​ប្រជាជន​ជប៉ុន​ប្រមាណ​១០​ម៉ឺន​នាក់ ដែល​រស់​នៅ​ក្រុង​មួយ ចម្ងាយ​ប្រមាណ​ជា​១០០០​ គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង​តូក្យូ។ ​​

យោង​តាម​ការ​ថ្លែង​របស់​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ក្រុង ជូន​ដល់​ទីភ្នាក់ងារ​ព័តម៌ាន​Reuters ​ក្នុង​ចំណោម​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ទាំង​អស់​២៦​នាក់  សំឡេង​អ្នកគាំ​ទ្រ ​មាន​ចំនួន​១៩ ​អ្នក​ប្រឆាំង​មាន​៤សំឡេង និង​អ្នក​បោះ​​អនុប្បវាទ​មាន​ចំនួន​៣​សំឡេង។

ទោះជាយ៉ាងក្តី មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ​នឹង​អាច​មាន​​ដំណើរ​ការ​ទៅ​បាន​ យ៉ាងហោច​ណាស់​​​​ក៏​ត្រូវ​ប្រើ​ពេលវេលា​រហូតទៅ​​ដល់​ឆ្នាំ​ក្រោយ​ដែរ ដោយ ម្ចាស់​ក្រុមហ៊ុន Kyushu Electic Power ត្រូវ​ធ្វើការ​​ឆ្លង​កាត់​ដំណាក់ការ ធ្វើ​តេស្ត៍​សុវត្ថិភាព​នៅ​ទីនោះ​ជា​មុន​សិន។​

គួរំលឹកថា ប្រទេស​ជប៉ុន បាន​បញ្ឈប់​ដំណើរការ​បន្តិចម្តងៗ ប្រតិករ​នុយក្លេអ៊ែរ​សរុប​៤៨ ក្រោយ​បន្ទាប់​មាន​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ Fukushima​។ ​ដើម្បី​ទូទាត់​ផាត់​សង​ជាមួយ​នឹង​ការ​ខាត​បង់​ផលិតកម្ម​នុយក្លេអ៊ែរ ដែល​មាន​ទំហំ​ជិត​​១/៣ នៃ​ការ​ប្រើ​ប្រាស់​អគ្គីសនី​នៅ​ក្នុង​ប្រទេស  ជប៉ុន​ត្រូវ​នាំ​ចូល​ក្នុង​ស្រុក​ថាមពលអគ្គិសនី​ជា​ច្រើន​​ថែម​ទៀត​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ដល់​វិស័យ​សេដ្ឋកិច្ច​ជប៉ុន។​​

ម្យ៉ាងទៀត ការប្រកាស​​យល់ព្រម​ឲ្យ​​មាន​ដំណើរការ​​​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ​ជប៉ុន​ឡើង​វិញ​នេះ បាន​បង្ក​ឲ្យ​មាន អរិភាព​យ៉ាង​ផុសផុល​ពី​សំណាក់​ប្រជាជន​ដែល​រស់​នៅ​ក្បែរ​តំបន់​មណ្ឌល​នុយក្លេអ៊ែរ ដោយ ពួក​គេ​ភ័យ​ខ្លាច​និង​គិត​ថា​ពួក​គេ​ច្បាស់​ជា​នឹង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​មហន្តរាយ​នុយក្លេអ៊ែរ​ដូចគ្នា​ដែរ។
នៅ Ichikikushikino តំបន់​មួយ​ដែល​ស្ថិត​នៅ​ចម្ងាយ​មិន​ដល់​៥​គីឡូម៉ែត្រផង ពី​មជ្ឈមណ្ឌល នុយក្លេអ៊ែរ Sendai ប្រជាជន​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​ទាំង​អស់ ៣​ម៉ឺន​នាក់​រស់​នៅ- បាន​នាំ​គ្នា​ចុះហត្ថ​លេខា​លើ​ញត្តិ​មួយ​ដើម្បី​ធ្វើការ​ប្រឆាំង​ទល់​នឹង​ការ​ដាក់​ដំណើរការ​ឡើង​វិញ​នូវ​ប្រតិករ​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ