អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទីផ្សារ​ការងារ​ជា​ចំណោទ​ដែល​គួរ​តែ​មាន​ដំណោះ​ស្រាយ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈដែល​និស្សិត​ជា​ច្រើន​បាន​ត្អូញ​តែ្អរ​ពី​កង្វះ​ការងារ​ធ្វើ ពលករ​រាប់​លាន​នាក់​កំពុង​ស្វែង​រក​ការងារ​ធ្វើ​និង​អ្នក​ខ្លះ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស។ ស្ថានភាព​នេះ​ហាក់​បង្ហាញ​ថា​កម្ពុជា​កំពុង​ខ្វះ​ការងារ​ធ្វើ​យ៉ាង​ខ្លាំង។ ប៉ុន្តែ នៅឯ​ជ្រុង​ម្ខាង​ទៀត ម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន​បែរជា​ត្អូញត្អែរ​អំពី​កង្វះ​កម្លាំង​ពលកម្ម​និង​ធនធាន​មនុស្ស​សម្រាប់​ធ្វើ​ការងារ​ទៅ​វិញ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ចង់​បាន​ការងារ​និង​អ្នក​ត្រូវការ​បុគ្គលិក​ហាក់​កំពុង​វង្វេង​រកគ្នា​មិន​ឃើញ។ តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ?

ទីធ្លានៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។
ទីធ្លានៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។ RFI/Van Sokunthea
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន និស្សិត​ចេញពី​សកល​វិទ្យាល័យ​ជាច្រើន​ពិបាក​រក​ការងារ​ធ្វើ​ឲ្យ​ត្រូវ​តាម​ជំនាញ​របស់​ខ្លួន។ អ្នក​ខ្លះ​ទៀត​អាច​រក​ការងារ​បាន​តែ​ទទួល​បាន​ប្រាក់​ខែ​តិច​តួច​ប៉ុណ្ណោះ​បើ​ធៀប​នឹង​សញ្ញា​បត្រ។ យុវជន​មួយ​ចំនួន​ទៀត​ដែល​បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ ឬ​រហូត​ដល់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ក៏មានដែរ បានសម្រេច​ចិត្ត​ទុក​សញ្ញាបត្រ​មួយ​ឡែក​សិន ហើយ​ងាក​ទៅ​ចាប់យក​ការងារ​មួយ​ដែល​មិន​ទាក់ទង​ទាល់តែ​សោះ​នឹង​មុខ​ជំនាញ​ដែល​ខ្លួន​បាន​រៀន។

 
ចំណែក​ពលករ​ខ្មែរ​ជា​ច្រើន​ក៏​កំពុង​ត្រូវការ​ការងារ​ជា​បន្ទាន់​ដើម្បី​ចិញ្ចឹម​ជីវិត​ដែរ។ ប៉ុន្តែ នៅ​ជ្រុង​ម្ខាង​ទៀត ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​ជា​ច្រើន​បែរ​ជា​ត្អូញ​ត្អែរ​អំពី​កង្វះ​កម្លាំង​ពលកម្ម​និង​ធនធាន​មនុស្ស​សម្រាប់​ធ្វើ​ការ​ទៅ​វិញ។ តើ​នេះ​មាន​ន័យថា កម្ពុជា​ខ្វះខាត​ធនធានមនុស្ស​ឬក៏​ខ្វះ​ការងារ​ធ្វើ?

ជាការ​ពិតណាស់ និយាយ​ពី​ទីផ្សារ​ការងារ គេ​ត្រូវ​គិត​ដល់​មនុស្ស​២​ក្រុម៖ ទី​១​គឺ​អ្នក​ដែល​ធ្វើការ​ដោយ​ប្រើ​កម្លាំង​ពលកម្ម​និង​ទី​២​អ្នក​ដែល​ធ្វើ​ការ​ដោយ​ប្រើ​បញ្ញា​គឺ​ចង់​សម្តៅ​ទៅ​លើ​ធនធានមនុស្ស​ដែល​ចេញ​ពី​សាលា។ នៅ​កម្ពុជា​បច្ចុប្បន្ន ទាំង​ពលករ​ទាំង​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​មាន​ច្រើន​គគោក​ដែល​កំពុង​ស្វះ​ស្វែង​រក​ការងារ​ធ្វើ។ ប៉ុន្តែ មាន​ចំណោទ​សំខាន់​ពីរ​យ៉ាង​ដែល​កំពុង​កើត​ឡើង៖ ម្យ៉ាង​គឺ​រំហូរ​ព័ត៌មាន​រវាង​អ្នក​រក​ការងារ​ធ្វើ​និង​អ្នក​ត្រូវការ​បុគ្គលិក​នៅ​តូច​ចង្អៀត​ដែល​បង្កើត​ជា​ឧបសគ្គ​សម្រាប់​ភាគី​ទាំង​ពីរ​ជួបគ្នា​។ រីឯ​ម្យ៉ាង​ទៀត​គឺ​មក​ពី​ធនធានមនុស្ស​មាន​តែ​បរិមាណ​តែ​ខ្វះ​គុណភាព។

ពលករ​ចំណាក​ស្រុក​បាន​ផ្តល់​ចម្លើយ​ដូច​ៗ​គ្នា​ថា មូល​ហេតុ​ដែល​ពួក​គេ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​គឺ​មក​ពី៖ ទី១ ដោយសារ​តែ​មិន​អាច​រក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​បាន និង​ទី​២ ដោយសារ​តែ​ការងារ​ក្រៅ​ប្រទេស​ទទួល​បាន​កម្រៃ​ខ្ពស់​ជាង​ការងារ​ក្នុង​ស្រុក។ ចំណែក​និស្សិត​ដែល​ចេញ​ពី​សាលា​វិញ​ក៏​បាន​លើក​ហេតុផល​ស្រដៀង​ៗ​គ្នា​ដែរ​ថា ពួក​គេ​ពិបាក​រក​ការងារ​ធ្វើ​មកពី​មុខវិជ្ជា​ដែល​ខ្លួន​បាន​រៀន​មិន​សូវ​សម្បូរ​ការងារ​ឬក៏​មក​ពី​ខ្វះ​បទ​ពិសោធន៍​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​និយោជក​។

ជាការ​ពិត ក្នុង​មួយ​ឆ្នាំ​ៗ មាន​និស្សិត​រាប់​សែន​នាក់​កំពុង​រៀន​ថ្នាក់​ឧត្តម​សិក្សា​ទាំង​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន ក្នុង​ចំណោម​នោះ និស្សិត​ច្រើន​ម៉ឺន​នាក់​បាន​ទទួល​សញ្ញាបត្រ​និង​ចេញ​ទៅ​កាន់​ទីផ្សារ​ការងារ​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ ធនធាន​មនុស្ស​មួយ​ចំនួន​មាន​គុណ​ភាព​មិន​ទាន់​គ្រប់​គ្រាន់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​នៃ​ទីផ្សារ​ការងារ​នៅ​ឡើយ​។

ម្យ៉ាង​ទៀត ការ​ជ្រើស​រើស​មុខ​វិជ្ជា​របស់​និស្សិត​ក៏​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​នៃ​ទីផ្សារ​ដែរ។ ជាទូទៅ និស្សិត​ខ្មែរ​ច្រើន​រើស​មុខ​វិជ្ជា​ទៅ​តាម​ការ​ស្រមើ​ស្រមៃ​របស់​ខ្លួន​ដោយ​មិនបាន​សិក្សា​ពី​តម្រូវ​ការងារ​ជាក់​ស្តែង​នោះទេ។ ដូច្នេះ​ហើយ​បានជា​ពេល​រៀន​ចប់ ពួកគេ​ពិបាក​រក​ការងារ​ដែល​ត្រូវ​នឹង​មុខ​ជំនាញ។ ក្រៅ​ពីនោះ ប្រពន្ធ័​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ហាក់ដូច​ជា​មិន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ស្វែងរក​ការងារ​ធ្វើ និង​អ្នក​ដែល​ត្រូវការ​ធនធាន​មនុស្ស​មក​ធ្វើការ​នោះ​ឡើយ។

មិន​ត្រឹមតែ​នៅក្នុង​មជ្ឈដ្ឋាន​អ្នកមាន​សញ្ញាបត្រ​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក្នុង​ចំណោម​ពលករ​ដែល​ប្រើ​កម្លាំង​បាយ​ក៏មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះដែរ។ ខណៈ​ដែល​ពលករ​ខ្មែរ​ជាច្រើន​បាន​ចាក​ចេញពី​ស្រុកភូមិ​ដើម្បី​ផ្សងព្រេង​ឆ្លងដែន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​មិន​ខ្លាច​គ្រោះ​ថ្នាក់​នោះ នៅឯ​ក្នុង​ប្រទេស​ឯណេះ​បែរជា​ជួបប្រទះ​នឹង​កង្វះ​កម្លាំង​ពលកម្ម​យ៉ាងខ្លាំង​ទៅវិញ។

ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ការងារ ជាបឋម គ្រឹះស្ថាន​អប់រំ (ទាំង​រដ្ឋ​និង​ឯកជន) ត្រូវ​តែ​ផ្តោតលើ​គុណ​ភាព​ជា​ចម្បង។ ចំណែក​ឯ​និស្សិត​វិញ​ក៏​ត្រូវ​តាំង​ចិត្ត​យ៉ាង​មុតមាំ​បំផុត​ក្នុង​ការ​រៀនសូត្រ​ដើម្បី​យក​ចំណេះ មិន​មែន​រៀន​ដើម្បី​យក​តែ​សញ្ញាបត្រ​នោះ​ទេ។ ក្នុង​ន័យ​នេះ ការងារ​ស្ម័គ្រចិត្ត​គឺជា​អ្វីដែល​និស្សិត​គ្រប់​គ្នា​ត្រូវ​ចាប់​អារម្មណ៍​ពី​ព្រោះ​ការងារ​ទាំង​នោះ​វា​អាច​ផ្តល់​បទពិសោធន៍​ការងារ​ជាក់​ស្តែង​ផង​និង​អនុញ្ញាត​ឲ្យ​និស្សិត​យល់​ដឹង​អំពី​ពិភព​ការងារ​ផង។
 

ក្រៅពីនោះ ការ​តម្រង់​ទិស​នៃ​ការសិក្សា​ដើម្បី​ឲ្យ​ឆ្លើយ​តប​នឹង​ទីផ្សារ​ការងារ ការ​ផ្តល់​ប្រាក់​កម្រៃ​សមរម្យ​ដល់​ពលករ​និង​ការតភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​ស្វែងរក​ការងារ​ធ្វើ​និង​និយោជក​ដោយ​មិន​ភ្លេច​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ពលករ។ល។ សុទ្ធ​សឹង​ជា​គន្លឹះ​នៃ​ការដោះស្រាយ​វិបត្តិ​ការងារ​នៅ​កម្ពុជា​ដែល​គេ​មិនអាច​មើល​រំលង​បាន​ឡើយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ