អានតួអត្ថបទ
កម្ពុជា

គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​បង្កើត​ច្បាប់​ស្តី​ពី​ការ​ជួល​ផ្ទះ

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀង​គ្នា​ថា​នឹង​បង្កើត​ច្បាប់​ថ្មី​មួយ​ដើម្បី​គ្រប់គ្រង​ការ​ជួល​ផ្ទះ។ ច្បាប់​នេះ​សំដៅ​ការពារ​ផល​ប្រយោជន៍​អ្នក​ជួល​និង​ម្ចាស់​ផ្ទះ​ដើម្បី​ចៀសវាង​ការ​ខាត​បង់​ផល​ប្រយោជន៍​ដល់​ភាគី​ណា​មួយ។ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​កំពុង​ពិភាក្សា​គ្នា​អំពី​ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នេះ។

បណ្តាញកម្មករធ្វើការងារតាមផ្ទះសំណូមពរឲ្យមានច្បាប់ការងារសម្រាប់ពួកគេ។
បណ្តាញកម្មករធ្វើការងារតាមផ្ទះសំណូមពរឲ្យមានច្បាប់ការងារសម្រាប់ពួកគេ។ RFI
ផ្សាយពាណិជ្ជកម្ម

កម្ពុជា​នឹង​មាន​ច្បាប់​ស្តីពី​ការ​ជួល​ផ្ទះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ទាំង​ម្ចាស់ផ្ទះ​ទាំង​អ្នក​ជួល​ផ្ទះ។ សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​នឹង​ត្រូវ​តាក់​តែង​ឡើង​ដោយ​ក្រុម​ការងារ​គណបក្ស​ទាំងពីរ​ដែល​មាន​កៅអី​ក្នុង​រដ្ឋសភា។ នេះ​ជា​ការ​ប្រកាស​ឲ្យ​ដឹង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ១០ កុម្ភៈ​នេះ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ឯ​កោះ​ពេជ្រ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​បញ្ជាក់​ថា រូប​លោក​បាន​ព្រម​ព្រៀង​ជាមួយ​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​រួចហើយ​ថា​នឹង​បង្កើត​ក្រុម​ការងារ​ដើម្បី​សរសេរ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​ជួល​ផ្ទះ។ សេចក្តី​ព្រៀង​ច្បាប់​នេះ​មាន​គោល​ដៅ​ការពារ​ផល​ប្រយោជន៍​ភាគី​ទាំង​សង​ខាង​គឺ​ទាំង​ម្ចាស់ផ្ទះ​និង​អ្នក​ជួល​ផ្ទះ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​។

លោក សម រង្ស៊ី ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា លោក​ចង់​ឲ្យ​មាន​ច្បាប់​មួយ​កំណត់​ពី​ការ​ជួល​ផ្ទះ​ដូច​នៅ​ក្នុង​បណ្តា​ប្រទេស​ជឿន​លឿន​ផ្សេង​ទៀត​ដែរ។ បំណង​របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​ត្រូវ​បាន​បង្ហាញ​ឡើង​ស្រប​ពេលដែល​គណបក្ស​កាន់​អំណាច​កំពុង​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ផល​ប្រយោជន៍​អ្នក​ជួល​ផ្ទះ​ក្នុង​នោះ​ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ​កាត់​ដេរ។ ជាក់​ស្តែង អាជ្ញាធរ​អគ្គិសនី​កំពុង​ញាប់​ដៃ​ជើង​ក្នុង​ការ​តបណ្តាញ​អគ្គិសនី​តម្លៃ​ថោក​ជូន​ដល់​អ្នក​ជួល​ផ្ទះ​ក្នុង​រាជ​ធានី​ភ្នំពេញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​អំពី​បញ្ហា​មួយ​ចំនួន​ដែល​ទាក់​ទង​នឹង​ការ​ជួល​ផ្ទះ។ បញ្ហា​ដូច​ជា​ម្ចាស់​ផ្ទះ​ខ្លះ​បាន​ដំឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត​ឬ​ក៏​ផ្តាច់​កុង​ត្រា​មុន​ពេល​កំណត់​ដែល​ធ្វើ​ឲ្យ​អ្នក​ជួល​ជួប​ការ​លំបាក។ ផ្ទុយ​ទៅ​វិញ ក៏​មាន​ដែរ អ្នក​ជួល​ផ្ទះ​ខ្លះ​ដែល​ចាក​ចេញ​ទាំង​ពាក់​កណ្តាល​ទី​ដែល​បង្ក​បញ្ហា​ដល់​ម្ចាស់​ផ្ទះ​ជួល​។ ទាំង​អស់​នេះ​គឺ​បណ្តាល​មក​ពី​គ្មាន​ច្បាប់​សម្រាប់​គ្រប់​គ្រង​ការ​ជួល​ផ្ទះ​។
 

ក្នុង​អំឡុង​ពេល​រង់​ចាំ​ច្បាប់​នេះ​កើត​ចេញ​ជា​រូបរាង លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ផ្ទះជួល​ទាំង​អស់​កុំ​ដំឡើង​ថ្លៃ​នៅ​ពេល​ដែល​លឺ​ថា​កម្មករ​បាន​ឡើង​ប្រាក់​ខែ។ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បក្ស​កាន់អំណាច​អះអាង​ថា ការ​មិន​ដំឡើង​ថ្លៃ​គឺ​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​កម្មករ​បង្កើន​ជីវភាព​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ