អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពិភពលោក​កំពុង​ប្រយុទ្ធ​យក​ឈ្នះ​លើ​អេបូឡា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ​ទី ៨ កញ្ញា​នេះ ក្រុមប្រឹក្សា​ប្រតិបត្តិ​សហភាព​អាហ្វ្រិក​បានបើក​អង្គ​​ប្រជុំ​ជា​បន្ទាន់​មួយ នៅ​ក្រុង​ អាឌីសអាបេបា ប្រទេស​អេត្យូពី ដើម្បី​ពិភាក្សា​រក​យុទ្ធសាស្ត្រ​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​អេបូឡា។ ចំណែកអាមេរិក​បាន​ប្រកាស​បញ្ជូន​ទាហាន​ទៅ​កាន់​ប្រមូល​កម្លាំង​យោធា​បញ្ជូន​ទៅកាន់​ទ្វីប​អាហ្វ្រិក ដើម្បី​ចូល​រួម​ចំណែក​ទប់ស្កាត់​ជំងឺ​អេបូឡា។ តើ​សហភាព​អាហ្វ្រិក​នឹង​មាន​មធ្យោបាយ​ និង​ដំណោះស្រាយ​យ៉ាង​ណា​​​ខ្លះ​ ​ សម្រាប់​ប្រឈម​នឹង​មេរោគ​ក៏​កាច​សាហាវ​ប្រចាំ​សតវត្សរ៍​អេបូឡា ? ចុះ​អាមេរិក​បញ្ជូន​កម្លាំង​យោធា​ ក្នុង​ទម្រង់​បែប​ណា ?

បុគ្គលិក​ពេទ្យ​បូម​ឈាម​ចេញ​ពី​អ្នក​ជំងឺស្លាប់​ព្រោះ​​អេបូឡា​
បុគ្គលិក​ពេទ្យ​បូម​ឈាម​ចេញ​ពី​អ្នក​ជំងឺស្លាប់​ព្រោះ​​អេបូឡា​ REUTERS/Tommy Trenchard
ផ្សាយពាណិជ្ជកម្ម

បើ​តាម​របៀប​វារៈ​នៃ​ជំនួប​ប្រជុំ​ ថ្ងៃ​នេះ​ ​សហភាព​អាហ្វ្រិក​ ត្រូវ​ពិភាក្សា​គ្នា​រក​យុទ្ធសាស្ត្រ​រួម ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​អេបូឡា កំរិត​ទ្វីប​តែ​ម្តង ពោល​គឺ​ អាហ្វ្រិក​ត្រូវ​បញ្ចេញ​សកម្មភាព​រួម ពេញ​លេញ និង​ជាសមូហភាព។ សហភាព​អាហ្វ្រិក ត្រូវ​ពិចារណា​ថា​តើ​ ​​វិធានកា​រ​បិទ​ព្រំដែន​​ជាមួយ​ប្រទេស​រង​ការរាតត្បាតខ្លាំង និង​ការ​ផ្អាកជើង​ហោះហើរ​ មាន​ប្រយោជន៍​យ៉ាង​ណាខ្លះ​​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាត​ត្បាត។ ម្យ៉ាង​វិញ​អាហ្វ្រិក​ទាំង​មូល​ត្រូវប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ មិន​មែន​ប្រយុទ្ធ​ប្រឆាំង​នឹង​បុគ្គល ដោយ​​រុញ​ច្រាន​​​​អ្នក​ជំងឺ​ឱ្យ​នៅ​ឯកា​​ រើស​អើង​ពីសង្គម ពី សហគមន៍​ និង​ពី​ប្រទេស។

 
កង្វះ​ឆន្ទៈ​និង​ការ​សន្យា

ស្ថានភាព​រាត​ត្បាត​នៃ​ជំងឺ​អេបូឡា​ពេល​នេះ​ គឺ​សក្តិសម​នឹង​ទាញ​សញ្ញា​អាសន្ន​​កំរិត​ខ្ពស់​​ ដែល​តម្រូវ​ឱ្យ​ថា្នក់​ដឹកនាំ​ប្រទេស​ ត្រូវ​ជួប​ប្រជុំ​គ្នា វត្តមាន​អេបូឡា​បាន​ផ្តល់​ផលវិបាក​ជា​វិជ្ជមាន​មួយ​​ សម្រាប់​ពេល​អនាគត ព្រោះ​វា​បាន​​បង្ហាញ​ពីអំពីភាព​ទន់​ខ្សោយ​ផ្នែក​ប្រព័ន្ធ​សុខាភិបាល​នៅអាហ្វ្រិក នៅ​ក្នុង​ប្រទេស​ដែល​រងគ្រោះ​ព្រោះ​អេបូឡា។ ​សហភាព​អាហ្វ្រិក​​គ្មាន​សមត្ថភាព​បញ្ចេញ​សកម្មភាព​ជាក់​ស្តែង​ទេ តែ​សហភាព​នេះ​ត្រូវ​បង្ហាញ​មុខ​មាត់​ ដើម្បី​ធ្វើ​ជា​ជំហរ​ដឹកនាំ​ សម្រាប់​ឱ្យ​សហគមន៍​អន្តរជាតិ​អាច​ចូល​មក​ជួយ​ធ្វើ​សកម្មភាព​។ បញ្ហា​ក្រីក្រ​គ្មាន​ថវិកា​របស់​ប្រទេស​ជា​រឿង​មួយ តែ​ដល់​វេលា​ដែល​អាហ្រ្វិក​ត្រូវ​តម្រង់​ទិស​នយោបាយ។ ផ្តើម​ដោយ​មាន​ឆន្ទៈ​និង​ ហ៊ាន​សន្យា។​

 
​អន្តរជាតិ​ផ្តុំ​កម្លាំង​

វត្តមាន​និង​ការ​ប្រកាស​ចូល​ជួយ​របស់​អាមេរិក​នេះ គឺ​ជា​ដំណាក់​កាល​ថ្មី​មួយ​ទៀត នៃ​ការ​ប្រមូល​ផ្តុំ​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេបូឡា។ កាលពី​ថ្ងៃ​សុក្រ​សហភាព​អឺរ៉ុប បាន​ប្រកាស​ផ្តល់​ប្រាក់​ជំនួយ​១៤០លាន​អឺរ៉ូ សម្រាប់​យក​ទៅ​ពង្រឹង​វិស័យ​សុខភាព​សាធារណៈ ទៅ​ទ្រទ្រង់​ផ្ទាល់​ប្រព័ន្ធ​ព្យាបាលជំងឺ​ក្នុង​ប្រទេស​រង​គ្រោះ ប្រព័ន្ធ​ទឹកស្អាត មន្ទីរពិសោធន៍​ចល័ត និង​បំពាក់​បំប៉ន​បុគ្គលិកសុខាភិបាល​​បន្ថែម។ ឥលូវ​មាន​អាមេរិក​ចូល​រួម​ជាមួយ​ទៀត គឺ​ពិត​ជា​ការ​ប្រមូល​ផ្តុំ​ដ៏​ធំធេង។

​​ការ​បញ្ជូន​កម្លាំង​និង​មធ្យោបាយ​យោធា​​ទៅ​អាហ្វ្រិក ជាពិសេស​ទៅ​ប្រទេស​ហ្គីណា សៀរ៉េឡេអូន និង​លីបេរីយ៉ា មិន​មែន​ទៅ​កាន់​អាវុធ​ធ្វើ​សង្គ្រាម​ទេ តែ​​​ជា​ក្រុម​ដែល​មាន​ភារកិច្ច​និង​សមត្ថភាព​ចាត់​ចែង​ ឃាំង​អ្នក​ជំងឺ​អេបូឡា​ទុក​ម្តុំ​ នាំ​សម្ភារៈ​បរិក្ខារ​ ដើម្បីអាច​ធានា​សុវត្ថភាព​ដល់​ភ្នាក់ងារ​សុខាភិបាល ទាំង​អស់។​

បើ​តាម​លោក​ប្រសាសន៍​លោក​អូបាម៉ា ប្រទេស​រង​គ្រោះ​ខ្លាំង​ជាង​គេ​ទាំង​បី​នោះ គ្មាន​ហេដ្ឋារចនា​សម្ព័ន្ធ​​សម​ស្រម​សោះ។ ជំងឺអេបូឡា​តាម​ពិត​អាច​ដោះស្រាយ​ចេញ​ ប៉ុន្តែ​បែរ​ជា​ត្រូវ​ជោរ​ហួស​ គ្រប់គ្រង​លែងកើត​នៅ​ពេល​នេះ ក៏ដោយ​ហេតុ​តែ​អ្នក​ជំងឺ​​នៅ​ដើរ​រហេត​រហូត​បាន​។ ចំណែក​បុគ្គលិក​ពេទ្យ​ក៏​មិន​គ្រប់គ្រាន់​ និង​គ្មាន​បាន​ទទួល​ការ​បំពាក់​បំប៉ន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាមេរិក​ត្រូវ​បញ្ជូន​កម្លាំង​យោធាទៅ​គ្រប់គ្រង​ការ​ងារ​នៅ​ទីនោះ។ បើ​មិន​ធ្វើ​ពេល​នេះ​ភ្លាម​ទេ​ នោះ​វីរ៉ុស​អេបូឡា​អាច​រីក​រាល​ដាល​នៅ​ប្រទេស​ផ្សេង​ទៀត​នៅអាហ្វ្រិក ឬ​ទៅ​ដល់​តំបន់​ផ្សេង​ទៀត​លើ​ពិភពលោក រួច​វីរ៉ុស​នោះ​អាច​បំផ្លែង​ខ្លួន អាច​ចម្លង​កាន់​តែ​ស្រួល គ្រោះ​ថ្នាក់​មាន​កាន់​តែ​​ធំ ដែល​នាំ​ឱ្យ​កាន់​តែ​ពិបាក​គ្រប់គ្រង។

វ៉ាក់សាំង​ មាន​ប្រសិទ្ធិភាព​លឿង​និង​យូរ

ចាស​អេបូឡា បាន​សម្លាប់​ជីវិត​មនុស្ស​ជាង​ពីរពាន់​នាក់ ក្នុង​នោះ​ជាង​៥​រយ​នាក់​នៅ​សៀរ៉ាឡេអូន ! ជំងឺ​នេះ​ គ្មាន​ថ្នាំអាច​ព្យាបាល​ទេ ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ម្សិលម្ងៃ​រដ្ឋាភិបាល​សៀរ៉ាឡេអូន បាន​ប្រកាស​វិធានការ​ដ៏​តឹង​តែង​បំផុត​ សម្រេច​បិទ​បង្ឃាំង​ពលរដ្ឋ​ទាំង​អស់​មិន​ឱ្យ​ចេញ​ពី​ផ្ទះ​បី​ថ្ងៃ។ ជា​វិធានការ​ដែល​អង្កការ​សុខភាព​ពិភពលោក​ និង​ប្រជាជន​ផ្ទាល់ រិះគន់​ខ្លាំងណាស់។ ប៉ុន្តែ​សម្រាប់​អាជ្ញាធរ​​សៀរ៉ាឡេអូន នេះ​ជា​មធ្យោបាយ​​ទប់​ស្កាត់​ការ​រាត​ត្បាត និង​ងាយ​វែក​រក​មុខ​អ្នក​ផ្ទុក​ជំងឺ​​អេបូឡា។​

ចំណែក​ថ្នាំ​វ៉ាក់សាំង​វិញ ​​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចេញ​របាយការណ៍​​សិក្សា​ គួរ​ជា​ទីស​ង្ឃឹម​ បញ្ជាក់ពី​ការ​ចាក់​ថ្នាំ​ការពារ​ សាកល្បង​លើ​មនុស្ស​។ នៅ​លើ​សត្វ​ស្វា ថ្នាំ​ការពារ​នេះ​ បើ​ចាក់​រំលឹក​ជា​លើក​ទីពីរ អាច​មាន​សមត្ថភាព​ការ​ពារ លឿន និង​យូរ​អង្វែង ប្រឆាំងនឹង​វីរ៉ុស​អេបូឡា។ មួយ​ម្ជុល​ដំបូង​ការពារ​បាន​៥​អាទិត្យ តែ​បើចាក់​​បន្ថែម​​ម្ជុលទីពីរ​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​ខ្លួន​សត្វ​ស្វា​អាច​ទប់​ទល់​នឹង​ជំងឺ​អេបូឡា​បាន​ដល់​ទៅ ១០​ខែ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ