អានតួអត្ថបទ
កាណាដា

ជំនួបកំពូល G8 ៖ អាមេរិក​និង​អឺរ៉ុប​ខ្វែងគំនិត​គ្នា​លើ​នយោបាយ​សេដ្ឋកិច្ច

ជំនួបកំពូល​​ក្រុម​ប្រទេស G8 នឹង ​បើក​ធ្វើ​ នៅថ្ងៃ​សុក្រ ទី២៥ មិថុនា ២០១០​នេះ មុននឹង​ឈាន​ទៅ​បើក​ជំនួបកំពូល G20 នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ។ ប្រធានបទ​ចម្បង​ ក្នុង​ជំនួបកំពូល G8 នេះ គឺ​នឹង​ផ្តោត​ទៅលើ​​ភាព​ចម្រូងចម្រាស់​គ្នា​ រវាង​អាមេរិក និង​សហភាពអឺរ៉ុប​ ជុំវិញ​ការ​កាត់បន្ថយ​បំណុល​សាធារណៈ។

ជំនួបកំពូល G8/G20 នៅ​កាណាដា ពីថ្ងៃ​សុក្រ​ទី២៥ ដល់​ថ្ងៃ​អាទិត្យ ទី២៧ មិថុនា ២០១០
ជំនួបកំពូល G8/G20 នៅ​កាណាដា ពីថ្ងៃ​សុក្រ​ទី២៥ ដល់​ថ្ងៃ​អាទិត្យ ទី២៧ មិថុនា ២០១០ ©Chris Roussakis / Reuters
ផ្សាយពាណិជ្ជកម្ម

04:07

បទវិភាគ​របស់ សេង ឌីណា

ចាប់​តាំង​ពី​ផ្ទុះ​វិបត្តិ​នៅ​ប្រទេស​ក្រិក​មក បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​បាន​នាំគ្នា​ដាក់ចេញ​នូវ​នយោបាយ​ថ្មីមួយ គឺ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​ការ​ចំណាយ ដើម្បី​កាត់បន្ថយ​បំណុល​របស់​រដ្ឋ។ គោលដៅ គឺ​ដើម្បី​ស្តារ​ទំនុកចិត្ត​ពី​សំណាក់​អ្នក​វិនិយោគ ចៀសវាង​ការរីករាលដាល​នៃ​វិបត្តិ​ក្រិក ទៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត ក្នុង​តំបន់​អឺរ៉ូ។

ក៏ប៉ុន្តែ រដ្ឋាភិបាល​អាមេរិក​បាន​សម្តែងនូវ​ការ​មិនពេញ​ចិត្ត​ចំពោះ​នយោបាយ​របស់​សហភាព​អឺរ៉ុប​នេះ។ មន្រ្តី​រដ្ឋាភិបាល​អាមេរិក រួម​ទាំង​លោក​ប្រធានាធិបតី​អូបាម៉ា​ផង យល់ថា នៅ​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​តែ​ខិតខំ​ងើប​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច គេ​គួរ​តែ​នាំ​គ្នា​ផ្តោត​​ជា​អាទិភាព​លើ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ប្រសិន​បើ​គ្រប់​ប្រទេស នាំ​គ្នា​កាត់បន្ថយ​ការ​ចំណាយ​ វា​នឹង​នាំ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ត្រូវ​រាំងស្ទះ ហើយ​គេ​នឹង​មិន​អាច​ងើប​ចេញ​ពីវិបត្តិ​រួចនោះទេ។

ការខ្វែងគំនិត​គ្នា​នេះ ប្រាកដ​ជា​នឹង​ក្លាយ​ទៅ​ជា​ការ​ជជែក​តស៊ូ​មតិគ្នា​ នៅ​ក្នុង​ជំនួបកំពូល​ក្រុម G8 (សហរដ្ឋ​អាមេរិក, អាឡឺម៉ង់, អង់គ្លេស, បារាំង, អ៊ីតាលី, ជប៉ុន, កាណាដា និង​រុស្ស៊ី) នៅ​ថ្ងៃ​សុក្រនេះ។ នៅមុន​ពេល​បើក​ជំនួបកំពូល លោក​អូបាម៉ា បាន​ទូរស័ព្ទ​ទៅ​កាន់​នាយករដ្ឋមន្រ្តី​អង់គ្លេស និង​ប្រមុខ​រដ្ឋាភិបាល​អាឡឺម៉ង់ ដើម្បី​សម្តែង​នូវ​កង្វល់​របស់​លោក ចំពោះ​នយោបាយ​សន្សំសំចៃ​របស់​អឺរ៉ុប។ ក៏ប៉ុន្តែ ប្រមុខ​រដ្ឋាភិបាល​អាឡឺម៉ង់ លោកស្រី​អង់ហ្កេឡា មែរកិល (Angela Merkel) បាន​អះអាងថា ការកាត់បន្ថយ​ការ​ចំណាយ​នៅ​អឺរ៉ុប​នឹង​មិន​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ច ដូចការ​ព្រួយបារម្ភ​របស់​អាមេរិកនោះទេ។

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​ព្យាយាម​បន្ធូរបន្ថយ​ភាព​តានតឹង​បន្តិច ដោយ​បាន​លើក​ឡើង​ថា ថ្វីដ្បិត​តែ​​អាមេរិក និង​សហភាព​អឺរ៉ុប​មាន​ជំហរ​ខុសគ្នា​ក៏ពិតមែន ក៏ប៉ុន្តែ គោលដៅ​​គឺ​មាន​ដូចគ្នា។ ដូច្នេះ លោក​ជឿថា នៅទីបំផុត អាមេរិក និង​អឺរ៉ុប ប្រាកដ​ជា​អាច​ស្វែងរក​ជំហរ​រួមគ្នាមួយ។ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​ទទួលស្គាល់ថា ការ​កាត់បន្ថយ​បំណុល​សាធារណៈ ដើម្បី​ស្តារ​ទំនុក​ចិត្ត​ពី​សំណាក់​អ្នក​វិនិយោគ គឺ​ជា​រឿង​ចាំបាច់ ក៏ប៉ុន្តែ អឺរ៉ុប​គួរ​តែ​ថ្លែងថ្លែង​គ្នា​ឲ្យ​បាន​ស្មើ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ការកាត់បន្ថយ​ចំណាយ​មាន​ចំនួន​ច្រើន​ហួសហេតុ​ពេក រហូត​ដល់​​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច។

មិនថា​តែ​រដ្ឋាភិបាល​ទេ ដែល​ខ្វែងគំនិត​គ្នា។ សូម្បីតែ​សេដ្ឋវិទូ ក៏​មាន​​គំនិត​ផ្ទុយ​គ្នា​ដែរ អំពី​ការ​កាត់បន្ថយ​ការចំណាយ​សាធារណៈនេះ។ អ្នកខ្លះ​យល់ថា គេ​គួរ​តែ​រង់ចាំ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​ចេញផុត​ពី​វិបត្តិ​ឲ្យ​បាន​ស្រួលបួល និង​មាន​ស្ថិរភាព​សិន មុន​នឹង​ចាប់ផ្តើម​ធ្វើ​ការ​កាត់បន្ថយ​​បំណុលសាធារណៈ។ អ្នកខ្លះ​ទៀត​យល់ថា គេ​ត្រូវ​តែ​ចាប់ផ្តើម​កាត់បន្ថយ​បំណុល​ពីពេលនេះ​ទៅ ដើម្បី​ចៀសវាង​កុំ​ឲ្យ​អ្នកវិនិយោគ​បាត់បង់​ទំនុកចិត្ត ដែល​ជា​ដើមហេតុ​នាំ​ឲ្យ​រាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ