អានតួអត្ថបទ
សហភាពអឺរ៉ុប

ផែនការ​ត្បិត​ត្បៀត ជា​វិធានការ​មិន​អាច​ចៀស​រួច​សម្រាប់​សហភាព​អឺរ៉ុប ?

ដើម្បី​កាត់​បន្ថយ​ឱនភាព​ថវិកា និង​បំណុល​សាធារណៈ ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បាន​ចាប់​ផ្តើម​អនុម័ត​នូវ​ផែនការ​ត្បិតត្បៀត សន្សំសំចៃ​របស់​ខ្លួន។ បន្ទាប់​ពី​ប្រទេស​ក្រិក ព័រទុយហ្កាល អេស្បាញ និង​ប្រទេស​អង់គ្លេស​មក គឺ​ដល់​វេន​ប្រទេស​អ៊ីតាលី​ម្តង​ដែល​កាល​ពី​ថ្ងៃ​អង្គារ ទី​២៥ ឧសភា​ម្សិលមិញ បាន​អនុម័ត​នូវ​ផែនការ​ត្បិតត្បៀត សន្សំសំចៃ​ចំនួន ២ម៉ឺន ៤ពាន់​លាន​អឺរ៉ូ​សម្រាប់​រយៈពេល ២ឆ្នំា គឺ ២០១១ និង ២០១២។ តើ​ផែនការ​ត្បិតត្បៀត សន្សំសំចៃ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​រូបភាព​ណា​ខ្លះ ?

ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អឺរ៉ុបក្នុង​ទីក្រុងBruxelles ប្រទេស​បែលហ្សិក​
ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អឺរ៉ុបក្នុង​ទីក្រុងBruxelles ប្រទេស​បែលហ្សិក​ ©Istockphoto
ផ្សាយពាណិជ្ជកម្ម

07:40

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

ពាក្យ​ថា ត្បិតត្បៀត សន្សំសំចៃ គឺ​កាត់​បន្ថយ​ការ​ចំណាយ។ ចាប់​ពី​ពេល​នេះ​ត​ទៅ និង​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន រដ្ឋាភិបាល​អឺរ៉ុប​នីមួយៗ​បង្ខំ​ចិត្ត​សើរើ ពិនិត្យ​មើល​ឡើង​វិញ គ្រប់​ការ​ចំណាយ​របស់​ខ្លួន ពិសេស​កាត់​បន្ថយ​ការ​ចំណាយ​ណា​ដែល​មិន​ចំា​បាច់។ ផែនការ​ត្បិតត្បៀត សន្សំសំចៃ​ដែល​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បាន​ផ្តើម​អនុម័ត​ម្តង​មួយៗ​នា​ពេល​នេះ គឺ​ជា​ផែនការ​ដែល​ប្រទេស​នីមួយៗ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ថា​តើ​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​តាម​របៀប​ណា និង​នៅ​លើ​វិស័យ​ណា​ខ្លះ។ ប៉ុន្តែ​​ពិនិត្យ​ជា​រួម វិធានការ​កាត់​បន្ថយ​ការ​ចំណាយ​សាធារណៈ​របស់​ប្រទេស​នីមួយៗ​ហាក់​ដូច​ជា​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ទេ មាន​ជា​អាទិ៍៖ កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្រសួង​មួយ​ចំនួន កាត់​បន្ថយ​ប្រាក់​ឧបត្ថម្ភ​ដល់​គណបក្ស​នយោបាយ កាត់​បន្ថយ​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​មធ្យម កាត់​បន្ថយ​ប្រាក់​បៀវត្ស​របស់​បុគ្គលិក មន្រ្តី​រាជការ ពិសេស មន្រ្តី​រាជការ​ជាន់​ខ្ពស់ និង​រដ្ឋមន្រ្តី។ ដូច​ករណី​ប្រទេស​អ៊ីតាលី រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី Silvio Berlusconi បាន​សម្រេច​មិន​ដំឡើង​ប្រាក់​ខែ​ឲ្យ​មន្រ្តី​រាជការ​រយៈពេល ៣ឆ្នំា។ វិធានការ​កាត់​បន្ថយ​ការ​ចំណាយ​សាធារណៈ​ក៏​ត្រូវ​ប៉ះពាល់​ដល់​អាយុ​ចូល​​និវត្តន៍​ដែរ ពិសេស ដូច​យ៉ាង​ប្រទេស​ក្រិក គេ​ត្រូវ​ធ្វើ​ការ​រហូត​ដល់​អាយុ ៦៣​ឆ្នំា ទើប​ចូល​និវត្តន៍​បាន ចំណែក​ប្រទេស​អេស្បាញ​វិញ ត្រូវ​ធ្វើ​ការ​ដល់​អាយុ ៦៧​ឆ្នំា​ឯណោះ។ ការ​ដំឡើង​ពន្ធដារ ក៏​វិធានការ​មួយ​ដើម្បី​រក​ចំណូល​បន្ថែម​ឲ្យ​ហិប​របស់​រដ្ឋ​ដែរ ដូច​យ៉ាង​ពន្ធ​លើ​បារី ស្រា និង​ប្រេង​សំាង​ជា​ដើម។ មួយ​វិញ​ទៀត ការ​ដំឡើង​ពន្ធ​លើ​តម្លៃ​បន្ថែម​ក៏​ជា​រឿង​ចៀស​មិន​ផុត​សម្រាប់​ប្រទេស​មួយ​ចំនួន។ ពន្ធ​លើ​តម្លៃ​បន្ថែម គឺ​ជា​ពន្ធ​លើ​ទំនិញ​គ្រប់​ប្រភេទ​ដែល​ទិញ​ដោយ​ប្រជាជន អាច​ជា​ម្ហូបអាហារ ឬ​មួយ​ក៏​ជា​របស់​របរ​ប្រើប្រាស់។

ជា​រួមរដ្ឋាភិបាល​អាច​នឹង​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ដើម្បី​កាត់​បន្ថយ​ឱនភាព​ថវិកា និង​បំណុល​សាធារណៈ។

លោកនាយករដ្ឋមន្រ្តី Silvio Berlusconi
លោកនាយករដ្ឋមន្រ្តី Silvio Berlusconi ©Reuters/Alessia Pierdomenico

ផែនការ​ត្បិតត្បៀត ដើម្បី​កាត់​បន្ថយ​ឱនភាព​ថវិការ និង​បំណុល​សាធារណៈ

អ្វីៗ​បាន​ចាប់​ផ្តើម​ពី​ភាព​ជិត​ក្ស័យធន​របស់​ប្រទេស​ក្រិក។ ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​ចាយ​ប្រាក់​អឺរ៉ូ វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្រទេស​ក្រិក​បាន​ធ្វើ​ឲ្យ​ទំាង​អស់​គា្ន​កើត​ក្តី​បារម្ភ និង​ផ្សារ​ភាគហ៊ុន​នៅ​ទូទំាង​ពិភព​លោក​ផ្តើម​រំជើប​រំជួល ម្ង៉ៃកាត់ ម្ង៉ៃកោរ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។ គឺ​វិបត្តិ​សេដ្ឋកិច្ច​ក្រិក​នេះ​ឯង ដែល​បាន​ធ្វើ​ឲ្យ​ប្រាក់​អឺរ៉ូ​បាត់បង់​តម្លៃ​របស់​វា​បន្តិច​ម្តងៗ​នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​អាមេរិកំាង។ គឺ​វិបត្តិ​សេដ្ឋកិច្ច​ក្រិក​នា​ពេល​នេះ​ឯង ដែល​បាន​ធ្វើ​ឲ្យ​អ្នកវិនិយោគ​បាត់បង់​ជំនឿ​លើ​ស្ថិរភាព​សេដ្ឋកិច្ច​នៅ​ក្នុង​សហភាព​អឺរ៉ុប និង​តម្លៃ​ប្រាក់អឺរ៉ូ។ ប្រទេស​ក្រិក​ដែល​ឱនភាពថវិកាក្នុងឆ្នំា២០០៩ មាន​រហូត​ដល់​ទៅ១៣,៦% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ មួយ​វិញ​ទៀត អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​រដ្ឋាភិបាល​ក្រិក​ចាយ​លុយ​ហួស​ពី​សមត្ថភាព​របស់​ខ្លួន។ គិត​ត្រឹម​ឆ្នាំ២០០៩ បំណុល​របស់​ប្រទេស​ក្រិក​បាន​កើន​ឡើង​រហូត​ដល់​ជាង​១១៥%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ ដូច្នេះ​​ទីមួយ៖ ផែនការ​ត្បិតត្បៀត សន្សំសំចៃ​ដែល​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បាន​ផ្តើម​អនុម័ត​នា​ពេល​នេះ គឺ​ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ធ្លាក់​រណ្តៅ​ដូច​ករណី​ប្រទេស​ក្រិក។ ចំនុច​មួយ​ទៀត សមាជិក​អឺរ៉ុប​ម្នាក់ៗ ពិសេស​ប្រទេស​ដែល​ចាយ​ប្រាក់​អឺរ៉ូ ត្រូវ​តែ​គោរព​តាម​សន្ធិសញ្ញា​រួម​របស់​អឺរ៉ុប នោះ​គឺ​មិន​ត្រូវ​មាន​ឱនភាព​ថវិកា​របស់​ខ្លួន​លើស​ពី ៣%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប និង​មិន​ឲ្យ​ប្រាក់​បំណុល​របស់​ខ្លួន​លើស​ពី៦០%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ ប៉ុន្តែ​ជាង ១០ឆ្នំា​កន្លង​ទៅ​នេះ ប្រទេស​អឺរ៉ុប​សឹង​តែ​ទំាង​អស់​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​សន្ធិសញ្ញា​រួម​របស់​អឺរ៉ុប​ និង​បាន​ទុក​បណ្តោយ​ឲ្យ​ឱនភាព​ថវិកា​របស់​​ខ្លួន​បន្ត​កើន​ឡើង ដោយ​ចាយ​លុយ​ហួស​ពី​សមត្ថភាព​ដែល​ខ្លួន​មាន​រហូត​ដល់​ជំពាក់​បំណុល​គេ​វ័នក គ្មាន​លទ្ធភាព​សង ដូច​ករណី​ប្រទេស​ក្រិក។

តារាង​ទីផ្សារ​ភាគហ៊ុន​នៅ​ហុងកុង
តារាង​ទីផ្សារ​ភាគហ៊ុន​នៅ​ហុងកុង ©Reuters

ក្រុម​អ្នក​វិនិយោគ និង​ផ្សារភាគហ៊ុន បន្ត​មិន​ទុក​ចិត្ត​សមត្ថភាព​អឺរ៉ុប

ផ្សារ​ភាគហ៊ុន​នៅ​អឺរ៉ុប និង​អាស៊ី​បន្ត​រំជើប​រំជួល។ ចំណែក​ឯ​ប្រាក់​អឺរ៉ូប​ក៏​បន្ត​បាត់បង់​តម្លៃ នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​អាមេរិកំាង។ កាល​ពី​ម្សិល​មិញ ១​អឺរ៉ូ ដូរ​បាន​មិន​ដល់ ១ដុល្លារ ២២​សេន​ផង។ តម្លៃ​ភាគហ៊ុន​បាន​ដំា​ក្បាល​ចុះ ទំាង​នៅ​ផ្សារ​ភាគហ៊ុន​អឺរ៉ុប និង​នៅ​អាស៊ី។

សួ​ថា មាន​វិធានការ​រួម​របស់​សហភាព​អឺរ៉ុប​ហើយ មាន​ផែនការ​ត្បិតត្បៀត សន្សំសំចៃ​របស់​ប្រទេស​មួយ​ចំនួន​ហើយ ចុះ​ហេតុ​អ្វី​បាន​ជា​នៅ​តែ​មិន​អាច​ធានា​ដល់​ក្រុម​អ្នក​វិនិយោគ និង​ធ្វើ​ឲ្យ​ផ្សារ​ភាគហ៊ុន​បន្ត​រំជើប​រំជួល​រហូត​មក​ទល់​ថ្ងៃ​នេះ ?

បញ្ហា​ចំបង​មិន​មែន​ស្ថិត​នៅ​លើ​ការ​ប្រកាស​ចាត់​វិធានការ​យ៉ាង​នេះ ឬ​យ៉ាង​នោះ​ទេ។ សំខាន់​នៅ​ត្រង់​ថា តើ​វិធានការ​ទំាង​នោះ​នឹង​អាច​ផ្តល់​ប្រសិទ្ធិភាព​កំរិត​ណា។ គួរ​ជម្រាប​ជូន​ថា ជាង ១០​ឆ្នំា​កន្លង​មក​ហើយ​ដែល​ប្រទេស​អឺរ៉ុប​សឹង​តែ​ទំាង​អស់​បាន​ទុក​បណ្តោយ​ឲ្យ​ឱនភាពថវិការបស់​ខ្លួន​បន្ត​កើន​ឡើង និង​បន្ត​ខ្ចី​លុយ​គេ​ចាយ រហូតដល់ជំពាក់​គេ​វ័នក គ្មាន​លទ្ធភាព​សង។ រហូត​មក​ដល់​ថ្ងៃ​នេះ​ទៀត មាន​ប្រទេស​មួយ​ចំនួន​បង្ខំ​ចិត្ត​បន្ត​ខ្ចី​លុយ​គេ ដើម្បី​យក​ទៅ​បង់​ថ្លៃ​ការ​ប្រាក់​លើ​ប្រាក់​កម្ចី​លើក​មុនៗ។ វិល​ចុះ វិល​ឡើង បំណុល​លើ​បំណុល នំា​ឲ្យ​ចំនួន​ប្រាក់​បំណុល​កាន់​តែ​កើន​ឡើង​បន្ថែម​ទៀត។

បាតុករ​អេស្បាញ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​ផែនការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល
បាតុករ​អេស្បាញ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​ផែនការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល ©Paul Hanna/Reuters

ផែនការ​ត្បិតត្បៀត សម្លាប់​កំណើន​សេដ្ឋកិច្ច ?

និយាយ​តាម​ទ្រឹស្តី​សេដ្ឋកិច្ច ប្រទេស​មួយ​មាន​សុខភាព​សេដ្ឋកិច្ច​ល្អ លុះ​ត្រា​ណា​តែ​ប្រទេស​នោះ​មាន​កំណើន​សេដ្ឋកិច្ច។ បើ​យោង​តាម​ក្រុម​អ្នក​សេដ្ឋកិច្ច ផែនការ​ត្បិតត្បៀតសន្សំសំចៃ​រឹត​តែ​ទាញ​ឲ្យ​សេដ្ឋកិច្ច​ចុះ​ថយ ព្រោះ​ថា ផែនការ​ត្បិតត្បៀត សន្សំសំចៃ​របស់​រដ្ឋ តាម​រយៈ​ការ​ដំឡើង​ពន្ធដារ ការ​កាត់​បន្ថយ​ប្រាក់​បៀវត្ស​របស់​បុគ្គលិក មន្រ្តី​រាជការ នឹង​នំា​ឲ្យ​ប្រជាជន​កាត់​បន្ថយ​ការ​ចំណាយ​ប្រចំា​ថ្ងៃ។ ការ​កាត់​បន្ថយ​ការ​ចំណាយ​ប្រចំា​ថ្ងៃ​របស់​ប្រជាជន នឹង​នំា​ឲ្យ​ចង្វាក់​សេដ្ឋកិច្ច​ប្រចំា​ថ្ងៃ​គំាង​មួយ​កន្លែង។ ចង្វាក់​សេដ្ឋកិច្ច​ប្រចំា​ថ្ងៃ​គំាង​មួយ​កន្លែង នឹង​នំា​ឲ្យ​គ្មាន​កំណើន​សេដ្ឋកិច្ច។ យោង​តាម​ក្រុម​អ្នក​សេដ្ឋកិច្ច ដំណោះស្រាយ​ដែល​ល្អ​បំផុត រដ្ឋាភិបាល​នីមួយៗ​ត្រូវ​តែ​ចេះ​ច្របាច់​បញ្ចូល​គ្នា រវាង​ផែនការ​ត្បិតត្បៀត និង​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ