អានតួអត្ថបទ
អេស្ប៉ាញ

FMI​ផ្តល់អនុសាសន៍​ឲ្យប្រទេស​អេស្ប៉ាញ​ធ្វើកំណែ​ទម្រង់​ជាបន្ទាន់​

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI បាន​ព្រមាន​នៅ​ថ្ងៃចន្ទ​ទី២៤​ឧសភា​ថា​ ប្រទេស​អេស្ប៉ាញ​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​បាន​ស៊ី​ជម្រៅ​ នៅក្នុង​បរិបទ​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ផុយ​ស្រួយ។​ នៅ​ខណៈ​​ដែល​តំបន់​អឺរ៉ូ​កំពុង​ជួបនឹង​វិបត្តិ​ FMI​ផ្តល់​អនុសាសន៍​ឲ្យ​ប្រទេស​អេស្ប៉ាញ​ធ្វើ​កំណែ​ទម្រង់​​ជា​បន្ទាន់​ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការងារ​និង​ប្រព័ន្ធ​ធនាគារ​មាន​ដំណើរ​ការ​ល្អ។

បាតុករ​រាប់​ម៉ឺននាក់​​បាន​នាំគ្នា​​ចុះថ្នល់​​នៅ​ទីក្រុង​​Madrid​,កាលពី​​ថ្ងៃ​អាទិត្យ​​ទី​១៦​​ឧសភា​​​ដើម្បី​​ប្រឆាំង​​នឹង​​"មូលធននិយម"​​ហើយ​និង​" វិធានការ​ត្បិតត្បៀត​"​របស់​​រដ្ឋាភិបាល​​Zapatero​
បាតុករ​រាប់​ម៉ឺននាក់​​បាន​នាំគ្នា​​ចុះថ្នល់​​នៅ​ទីក្រុង​​Madrid​,កាលពី​​ថ្ងៃ​អាទិត្យ​​ទី​១៦​​ឧសភា​​​ដើម្បី​​ប្រឆាំង​​នឹង​​"មូលធននិយម"​​ហើយ​និង​" វិធានការ​ត្បិតត្បៀត​"​របស់​​រដ្ឋាភិបាល​​Zapatero​ ©Paul Hanna/Reuters
ផ្សាយពាណិជ្ជកម្ម

01:57

សេចក្តីរាយការណ៍របស់​ សៀក​ សារិន

ក្រោយ​ពី​មាន​បេសកកម្ម​សិក្សា​នៅ​ប្រទេស​អេស្ប៉ាញ​ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​FMI ​បាន​ឲ្យ​អាទិភាព​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​ប្រទេស​អេស្ប៉ាញ​ដែល​រដ្ឋាភិបាល​សង្គមនិយម​របស់​លោក​José​ Luis Rodriguez Zapatero បាន​ទទួល​ស្វាគមន៍។

 
នៅ​ពេល​ដែល​ការ​គំរាម​ធ្វើ​កូដកម្ម​ទូទៅ​ប្រឆាំង​នឹង​ផែនការ​ត្បិត​ត្បៀត​​របស់​រដ្ឋាភិបាល​លេច​រូប​រាង​កាន់តែ​ច្បាស់ឡើងៗ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ​បាន​ចង្អុល​ចំៗ​ប្រាប់​អ្នក​គ្រប់គ្រង​ប្រទេស​អេស្ប៉ាញ​ថា​ មាន​ដំណើរ​ការ​ពុំ​ល្អ​ត្រឹមត្រូវ​នៅ​លើ​ទីផ្សារ​ការងារ​អេស្ប៉ាញ។​ ហើយ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ​បាន​ជំរុញ​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​អេស្ប៉ាញ​កែ​ទម្រង់​ប្រព័ន្ធ​ការងារ​ ជា​ពិសេស​នៅ​ខណៈ​​ដែល​អត្រា​នៃ​អ្នក​ឥត​ការងារ​ធ្វើ​បាន​កើនឡើង​លើស​ពី​២០%​នៅ​ត្រីមាស​ទី១​នៃ​ឆ្នាំ២០១០​នេះ។

អាទិភាព​មួយ​ទៀត​សម្រាប់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ​គឺ​ការ​ក្តោប​​​ក្តាប់​បញ្ហា​ថវិកា​ជាតិ​ឲ្យ​បាន​ ដោយ​ធ្វើ​ឲ្យ​ហិរញ្ញវត្ថុ​សាធារណៈ​ឈរ​លើ​មូលដ្ឋាន​ត្រឹម​ត្រូវ។​ ចំពោះ​បញ្ហា​នេះ​ រដ្ឋាភិបាល​អេស្ប៉ាញ​បាន​ឆ្លើយ​តប​ថា​ “​គេ​កំពុង​ចាត់​វិធានការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​”​។​ ហើយ​រដ្ឋាភិបាល​អេស្ប៉ាញ​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ផែនការ​ត្បិត​ត្បៀត​របស់​រដ្ឋាភិបាល​អេស្ប៉ាញ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ឧន​ភាព​​សាធារណៈ​ឲ្យ​ធ្លាក់​មក​នៅ​ត្រឹម​៣%​នៃ​ផលិតផល​ក្នុង​ប្រទេស​ចាប់​ពី​នេះ​ទៅទល់​ឆ្នាំ២០១៣។

ក្រៅពី​នេះ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ​ចង់ឲ្យ​ រដ្ឋាភិបាល​អេស្ប៉ាញ​​ធ្វើការ​កែ​ទម្រង់​ទៅលើ​ប្រព័ន្ធ​ធនាគារ​ ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​និង​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​ធនក្ស័យ។​ កាលពី​ថ្ងៃសៅរ៍​កន្លង​ទៅ​ ធនាគារ​កណ្តាល​អេស្ប៉ាញ​បាន​ដាក់​បេឡា​សំចៃ​Cajasur ឲ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ខ្លួន​ ដោយ​​ហេតុថា​ បេឡា​សំចៃ​Cajasur​ជា​បេឡា​សំចៃ​តំបន់​មួយ​កំពុង​តែ​ជួប​នឹង​វិបត្តិ​ហិរញ្ញ​វត្ថុ។​ នេះ​​ក៏​ជា​កត្តា​មួយ​ទៀត​មក​ជួយ​ជំរុញ​ឲ្យ​ប្រាក់​អឺរ៉ូ​ធ្លាក់​ស្រុត​ចុះ​ថ្លៃ​នៅ​ចំពោះមុខ​ប្រាក់​ដុល្លារ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ