អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក​-​អ៊ីរ៉ង់៖ រវាង​ភាព​ជា​សត្រូវ​និង​ផលប្រយោជន៍​រួម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពី​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ អាមេរិក និង​អ៊ីរ៉ង់ ដែល​ជា​គូសត្រូវ​នឹង​គ្នា​រាប់សតវត្សរ៍​ទៅហើយ​នោះ កំពុងតែ​សំឡឹង​មើល​គ្នា​ដោយ​ប្រយ័ត្ន​ប្រយែង ទាំង​ទៅលើ​ការ​អនុវត្ត​ជាក់ស្តែង​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​ទាំង​លទ្ធភាព​សហការគ្នា​ក្នុង​វិស័យ​ផ្សេង​ហួស​ពី​សំណុំរឿង​នុយក្លេអ៊ែរ។ ថ្វីដ្បិត​តែ​​ជាផ្លូវការ​​ប្រទេស​ទាំងពីរ​​នៅតែ​បន្ត​បង្ហាញ​ពី​ជំហរ​ប្រឆាំង​គ្នា ជាពិសេស មេដឹកនាំ​អ៊ីរ៉ង់​ដែល​នៅតែ​ថ្លែង​ជាសាធារណៈ​ចាត់ទុក​សហរដ្ឋ​អាមេរិក​ជា​គូសត្រូវ​ដ៏ធំ​របស់​ខ្លួន ក៏ប៉ុន្តែ អាមេរិក និង​អ៊ីរ៉ង់ ក៏​​មាន​ផលប្រយោជន៍​រួម ដែល​អាច​ទាក់ទាញ​ឲ្យ​​​សហការ​គ្នា​បានដែរ ដោយសារ​តែ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​អតីត​គូសត្រូវ​ទាំងពីរ​​កំពុងតែ​ប្រឈមមុខ​នឹង​សត្រូវ​​រួម​នៅ​មជ្ឈិមបូព៌ា គឺ​ការ​កើនឡើង​នៃ​ចលនា​អ៊ីស្លាម​និកាយ​ស៊ុននីត​ជ្រុល​និយម ជាពិសេស ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។

ក្រុម​ភេរវជន​អ៊ីស្លាម​និកាយ​ស៊ុននីត ដែល​ស្និទ្ធ​នឹង​អាល់កៃដា ព្រមទាំង​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម (ស៊ុននីត) គឺ​ជា​សត្រូវ​រួម​របស់​អាមេរិក និង​អ៊ីរ៉ង់
ក្រុម​ភេរវជន​អ៊ីស្លាម​និកាយ​ស៊ុននីត ដែល​ស្និទ្ធ​នឹង​អាល់កៃដា ព្រមទាំង​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម (ស៊ុននីត) គឺ​ជា​សត្រូវ​រួម​របស់​អាមេរិក និង​អ៊ីរ៉ង់ REUTERS/Yaser Al-Khodor
ផ្សាយពាណិជ្ជកម្ម

ការកើនឡើង​នៃ​ចលនា​ភេរវជន​អ៊ីស្លាម​និកាយ​ស៊ុននីត ស្និទ្ធ​នឹង​អាល់កៃដា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​បញ្ហា​ចោទ​ចំពោះ​សហរដ្ឋ​អាមេរិក ក៏ដូចជា ចំពោះ​អ៊ីរ៉ង់។

សម្រាប់​សហរដ្ឋ​អាមេរិក​ ​ក្រុម​ភេរវជន​ស្និទ្ធ​នឹង​អាល់កៃដា គឺ​ជា​ការ​គំរាមកំហែង​ដ៏ធំ ចំពោះ​សន្តិសុខ​ជាតិ​អាមេរិក​ផង និង​ជា​ការ​គំរាមកំហែង​ចំពោះ​ផលប្រយោជន៍​អាមេរិក នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ផង។

ការរីករាលដាល​នៃ​ចលនា​យុវជន​​អ៊ីស្លាម​ស៊ុននីត​ជ្រុលនិយម​ ជាពិសេស ចាប់តាំង​ពី​​ផ្ទុះ​បដិវត្តន៍ នៅ​​មជ្ឈិមបូព៌ា កំពុង​តែ​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​មួយ​ចំនួន ដូចជា ស៊ីរី លីបង់ អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន និង​យេម៉ែន ជាដើម ត្រូវ​ប្រឈមមុខ​នឹង​អស្ថិរភាព​នយោបាយ និង​បញ្ហា​អសន្តិសុខ។ អស្ថិរភាព​នយោបាយ និង​អសន្តិសុខ ដែល​កំពុង​តែ​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឥទ្ធិពល​អាមេរិក​ នៅ​ក្នុង​តំបន់។

អ៊ីរ៉ាក់ ដែល​អាមេរិក​បាន​​ធ្វើ​សង្រ្គាម ចំណាយ​លុយ​រាប់ពាន់​លាន​ដុល្លារ និង​ចំណាយ​អាយុជីវិត​ទាហាន​រហូត​ដល់​ទៅ​ជាង ៤ពាន់នាក់ នៅ​ពេលនេះ កំពុងតែ​ប្រឈម​មុខ​នឹង​អស្ថិរភាព ដែល​បង្ក​ឡើង​ដោយ​ក្រុម​ភេរវជន​ស៊ុននីត។ ដូចគ្នា​ដែរ នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ដែល​អាមេរិក​គ្រោង​នឹង​ដក​កងទ័ព​ចេញ​ឲ្យ​អស់ នៅ​ចុង​ឆ្នាំ​២០១៤​នេះ។

នៅ​ក្នុង​ប្រទេស​ស៊ីរីវិញ ការកើនឡើង​នៃ​កម្លាំង​ប្រដាប់​អាវុធ​ស៊ុននីត​ស្និទ្ធ​នឹង​អាល់កៃដា នៅ​ក្នុង​ចំណោម​ក្រុម​ឧទ្ទាម គឺ​ជា​ហេតុផល​ដ៏​សំខាន់​មួយ ដែល​អាមេរិក​ផ្លាស់ប្តូរ​ជំហរ​មិន​ចង់​ធ្វើ​អន្តរាគមន៍​យោធា​ទម្លាក់​របបដឹកនាំ​លោក​បាស្ហា អាល់អាសាដ។

សម្រាប់​អ៊ីរ៉ង់​វិញ ដែល​ជា​ប្រទេស​មហាអំណាច​ស៊្ហីអ៊ីត​ ក៏​មាន​ហេតុផល​ត្រូវ​ព្រួយបារម្ភ ចំពោះ​ការ​កើនឡើង​នៃ​ចលនា​​ប្រដាប់​អាវុធ​ស៊ុននីត​ផងដែរ ជាពិសេស នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ដែល​សុទ្ធសឹង​​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អ៊ីរ៉ង់។

គួរបញ្ជាក់ថា រដ្ឋាភិបាល​លោក​បាស្ហា អាល់​អាសាដ នៅ​ស៊ីរី គឺ​ជា​ក្រុម​អាឡាវីត ដែល​ជា​ផ្នែក​មួយ​នៃ​និកាយ​ស្ហ៊ីអ៊ីត។ ចំណែក​នៅ​អ៊ីរ៉ាក់វិញ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សង្រ្គាម​ទម្លាក់​រដ្ឋាភិបាល​ស៊ុននីត របស់​លោក​សាដាម ហ៊ូសេន រដ្ឋាភិបាល​អ៊ីរ៉ាក់​បច្ចុប្បន្ន​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ស្ហ៊ីអ៊ីត។

កាលពី​ដើម​ខែ​មករា​នេះ អ៊ីរ៉ង់​បាន​លើក​ឡើង​នូវ​សំណើ​ចង់​ចូលរួម​ជាមួយ​អាមេរិក ក្នុង​ការ​​បញ្ជូន​ជំនួយ​យោធា ទៅ​ជួយ​រដ្ឋាភិបាល​ស្ហ៊ីអ៊ីត​អ៊ីរ៉ាក់ ដែល​កំពុង​ប្រឈមមុខ​នឹង​ក្រុម​ភេរវជន​ស៊ុននីត នៅតំបន់ Fallujah។

នៅ​អ៊ីរ៉ង់ មាន​អ្នក​ជំនាញ​ជាច្រើន​យល់ថា គឺ​ដោយសារ​តែ​ត្រូវ​ប្រឈមមុខ​នឹង​សត្រូវ​រួម​គ្នា ដែល​ជា​មូលហេតុ​មួយ ជំរុញ​ឲ្យ​អ៊ីរ៉ង់​ និង​សហរដ្ឋ​អាមេរិក​បន្ទន់ជំហរ​ដាក់គ្នា​ ចាប់តាំង​ពី​ពាក់កណ្តាល​ឆ្នាំ​២០១៣​មក។

ជាការ​ពិត​ថា អ៊ីរ៉ង់​បាន​ផ្លាស់ប្តូរ​មេដឹកនាំ គឺ​លោក​ហាសាន់ រ៉ូហានី ដែល​ជា​អ្នក​នយោបាយ​និយម​កណ្តាល បាន​ឡើង​មក​ជំនួស​លោក​អះម៉ាឌីនចាត ដែល​ជា​អ្នក​នយោបាយ​ប្រកាន់​តឹង។ ក៏ប៉ុន្តែ គេឃើញ​ថា សូម្បីតែ​អ្នក​ខ្លះ ក្នុង​ក្រុម​អ្នក​អភិរក្ស​និយម​អ៊ីរ៉ង់ ក៏​មាន​ការ​យល់ស្រប​ដែរ​ថា អាមេរិក និង​អ៊ីរ៉ង់​មាន​ផលប្រយោជន៍​រួមគ្នា ក្នុងការ​ស្តា​ទំនាក់ទំនង​នឹង​គ្នា។ ជាក់ស្តែង អតីត​ទីប្រឹក្សា​ម្នាក់ នៃ​ឧត្តមក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ង់ បាន​ប្រាប់​កាសែត​អាមេរិក The New York Times ​ថា “​គ្មាន​ប្រទេស​ណា​ ដែល​គួរ​យក​ប្រទេស​ណាមួយ​ផ្សេងទៀត​ធ្វើ​ជា​សត្រូវ​ជារៀងរហូត​នោះទេ”។

គេ​អាច​និយាយ​ថា “សត្រូវ​របស់​សត្រូវ​ខ្ញុំ គឺ​ជា​មិត្ត​របស់​ខ្ញុំ”។ ក៏ប៉ុន្តែ រវាង​អាមេរិក និង​អ៊ីរ៉ង់ ការឈានទៅ​ស្តា​ទំនាក់ទំនង​នឹង​គ្នា​ហាក់ដូច​ជា​ត្រូវ​ប្រឈមមុខ​នឹង​​បញ្ហា​ស្មុគស្មាញ​ច្រើន។

សហរដ្ឋ​អាមេរិក ថ្វីដ្បិត​តែ សំឡឹង​ឃើញ​អ៊ីរ៉ង់​ថា​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ និង​អាច​ដើរតួនាទី​សំខាន់ ក្នុងការ​រក្សា​ស្ថិរភាព​ក្នុង​តំបន់ ក៏ប៉ុន្តែ រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​នៅ​តែ​មិនទុកចិត្ត​អ៊ីរ៉ង់ នៅ​ក្នុង​ការដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ។ ម្យ៉ាងទៀត អាមេរិក​មើលឃើញ​ថា ថ្វីដ្បិត​តែ​អ៊ីរ៉ង់​អាច​ដើរតួនាទី​វិជ្ជមាន នៅ​ក្នុង​ប្រទេស​ខ្លះ ក៏ប៉ុន្តែ នៅកន្លែង​ខ្លះ​ទៀត អ៊ីរ៉ង់ គឺ​ជា​ឫសគល់​នៃ​បញ្ហា ដូចជា ការ​ផ្តល់​សព្វាវុធ និង​លុយកាក់ ទៅ​ឲ្យ​ក្រុម Hezbollah នៅ​លីបង់ និង​ក្រុម Hamas នៅ​ប៉ាឡេស្ទីន ជាដើម។

បញ្ហា​ចោទ​ដ៏ធំមួយ​ទៀត គឺ​នៅត្រង់​ថា អ៊ីរ៉ង់ គឺ​ជា​គូសត្រូវ​ដ៏​ធំបំផុត​របស់អ៊ីស្រាអែល និង​អារ៉ាប៊ី​សាអ៊ូឌីត ដែល​សុទ្ធសឹង​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អាមេរិក។ ដូច្នេះ ​ការ​​​ស្តា​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ​អាច​នឹង​ធ្វើ​ឲ្យ​​សម្ព័ន្ធភាព​ចាស់ឆ្នាំ​នេះ​ត្រូវ​រង្គោះរង្គើ។ តាមការពិត​ទៅ យើងអាច​មើល​ឃើញ​ជាស្រេច​ទៅហើយ​ថា នៅ​ក្រោម​អាណត្តិ​របស់​លោក​អូបាម៉ា ទំនាក់ទំនង​ ​អាមេរិក-អ៊ីស្រាអែល និង​អាមេរិក-អារ៉ាប៊ី​សាអ៊ូឌីត កំពុងតែ​ប្រេះឆា​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ជំហរ​ទន់ភ្លន់​របស់​លោក​អូបាម៉ា ចំពោះ​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ