អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

អ្នកវិទ្យាសាស្រ្ត​អាមេរិក​គាំទ្រ​លោកអូបាម៉ា​ក្នុង​ការ​ចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយអ៊ីរ៉ង់ នៅតែ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក ដែល​ធ្វើ​ឲ្យ​លោក​អូបាម៉ា​ត្រូវ​ទទួល​រងនូវ​ការ​វាយប្រហារ​ឥតឈប់ឈរ​ពី​សំណាក់​អ្នក​នយោបាយ​ដែល​គាំទ្រ​អ៊ីស្រាអែល ជាពិសេស សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ។ ក៏ប៉ុន្តែ ក្នុងពេល​ប្រឈមមុខ​នឹង​ការ​រិះគន់​នេះ លោក​អូបាម៉ា​ទើបនឹង​បាន​ទទួល​ការ​គាំទ្រ​ដ៏សំខាន់មួយ គឺ​ការគាំទ្រ​ពី​សំណាក់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​របស់​អាមេរិក​ជំនាញ​ខាង​នុយក្លេអ៊ែរ។

លោក​អូបាម៉ា​​ធ្លាប់​បាន​ព្រមាន​ថា​នឹង​ប្រើ​សិទ្ធិវ៉េតូ​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​សភា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់
លោក​អូបាម៉ា​​ធ្លាប់​បាន​ព្រមាន​ថា​នឹង​ប្រើ​សិទ្ធិវ៉េតូ​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​សភា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ REUTERS/Andrew Harnik/Pool
ផ្សាយពាណិជ្ជកម្ម

 

យោងតាម​ការចុះផ្សាយ​របស់​កាសែត The New York Times លិខិត​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ផ្ញើ​ទៅកាន់​លោក​ប្រធានាធិបតី​អូបាម៉ា​កាល​ពីថ្ងៃ​សៅរ៍ មាន​ចុះហត្ថលេខា​ដោយ​អ្នក​វិទ្យាសាស្រ្ត​អាមេរិក​ចំនួន ២៩រូប ដែល​សុទ្ធតែ​មាន​ឈ្មោះល្បី​ក្នុង​វិស័យ​នុយក្លេអ៊ែរ ក្នុងចំណោម​នោះ មាន ៥រូប គឺ​ជា​ជ័យលាភី​ណូបែល​ខាង​រូបវិទ្យា។ អ្នក​វិទ្យាសាស្រ្ត​អស់ទាំងនេះ សុទ្ធតែ​​​ធ្លាប់​ដើរតួនាទី​សំខាន់ៗ​ក្នុង​កម្មវិធី​​នុយក្លេអ៊ែរ​របស់​អាមេរិក អ្នក​ខ្លះ​ធ្លាប់​ជា​ទីប្រឹក្សា​សភា សេតវិមាន និង​ក្រសួងសំខាន់ៗ​របស់​អាមេរិក។

នៅ​ក្នុង​លិខិត​ដែល​មាន២ទំព័រ ពួកគេ​បាន​លើកសរសើរ​ដល់​លោក​អូបាម៉ា និង​សហការី ដែល​បាន​ចរចា​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​មួយ ដែល​ពួកគេ​យល់ឃើញថា​នឹង​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​អ៊ីរ៉ង់​មិន​ឲ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ ព្រមទាំង​អាច​រក្សា​ស្ថិរភាព និង​សន្តិសុខ នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

ផ្ទុយ​ពី​ការ​រិះគន់​របស់​អ៊ីស្រាអែល និង​អ្នក​នយោបាយ​មក​ពី​គណបក្ស​សាធារណរដ្ឋ អ្នក​វិទ្យាសាស្រ្ត​អាមេរិក​បាន​ធ្វើការ​កត់សម្គាល់​ថា កិច្ចព្រមព្រៀង ដែល​បាន​ចុះ​នៅ​ទីក្រុង​វីយ៉ែន កាល​ពីថ្ងៃ​ទី១៤​កក្កដា​កន្លងទៅនេះ មាន​កំណត់​អំពី​​នីតិវិធី​នៃ​ការ​ត្រួតពិនិត្យ ព្រមទាំង​កាតព្វកិច្ច​យ៉ាងតឹងតែងបំផុត​លើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ពោលគឺ តឹងតែង​ជាង​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ​ទៅទៀត។

សំឡេងគាំទ្រ​ពី​សំណាក់​អ្នក​វិទ្យាសាស្រ្ត​ដ៏មាន​ឥទ្ធិពល​លំដាប់​ពិភពលោក​នេះ អាច​នឹង​ជា​ទម្ងន់នយោបាយ​ដ៏សំខាន់​មួយ សម្រាប់​លោក​អូបាម៉ា ដែល​កំពុងតែ​បញ្ចុះបញ្ចូល​សភា​អាមេរិក ឲ្យ​អនុម័តច្បាប់​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់។ សភា ដែល​សំឡេងភាគច្រើន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​សាធារណរដ្ឋ​​ដែល​មាន​ជំហរ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់ គ្រោង​នឹង​បោះឆ្នោត​ នៅ​ខែ​កញ្ញា​ខាងមុខ ដើម្បី​សម្រេច​ទទួលយក ឬ​ច្រានចោល​​កិច្ចព្រមព្រៀង​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ