អានតួអត្ថបទ
សហរដ្ឋអាមេរិក

អាមេរិក​និង​ចិន ប្រឹង​ខិត​ទៅ​ជិត​គ្នា ក្នុង​ឱកាស​ខួប​ទំនាក់ទំនង​ការ​ទូត​ គម្រប់​៤០ឆ្នាំ

នៅថ្ងៃទី​១ មករានេះ គឺជា​ខួប​គម្រប់​​៤០ឆ្នាំ នៃ​ទំនាក់​ទំនង​ទូត​រវាង​អាមេរិក​និង​ចិន។ ចិន​ដែល​បាន​បើ​ក​ចំហ​ទីផ្សារ និង​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច ក្នុង​រជ្ជកាល​របស់​ប្រធានាធិបតី​ចិន តែង ស៊ាវពីង ហើយ​ប្រទេស​មហាអំណាច​ទាំង​ពីរ​បាន​ចាប់​ដៃសហការ​គ្នា​ នៅឆ្នាំ១៩៧១។ ដោយសារ​នយោបាយ​សួន​តួ​និយមរបស់​​អាមេរិក​នៅ​ក្នុង​​អាណត្តិ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ គឺធ្វើឲ្យ​សង្គ្រាមពាណិជ្ជកម្ម​រវាង​មហា​យក្ស​ទាំង​ពីរ បាន​លេច​ជា​រូង​រាង​ឡើង​កាន់​តែ​ខ្លាំង នៅ​ឆ្នាំ​២០១៨។​ ក៏ប៉ុន្តែ នៅក្នុង​ឱកាស​ថ្ងៃ​ខួប​ទំនាក់ទំនងទូត​ លើកទី​៤០ នៅ​ដើម​ឆ្នាំ​២០១៩​​នេះ គឺជម្លោះ​ពាណិជ្ជកម្ម​ ​ហាក់​បាន​ថមថយ​កម្តៅ​ខ្លះ​ទៅវិញ។

ប្រមុខ​រដ្ឋ​អាមេរិក និង​ចិន ជួប​គ្នានៅ​ក្រុង​ប៉េកាំង ​នា​ខែវិច្ឆិកា ២០១៧
ប្រមុខ​រដ្ឋ​អាមេរិក និង​ចិន ជួប​គ្នានៅ​ក្រុង​ប៉េកាំង ​នា​ខែវិច្ឆិកា ២០១៧ afp.com/Nicolas ASFOURI
ផ្សាយពាណិជ្ជកម្ម

«ប្រវត្តិសាស្ត្រ​បាន​បើកបង្ហាញយើង​គ្រប់​គ្នាថា ការ​សហការ​គ្នា គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ទាំង​សង​ខាង​។  ចំពោះ​រដ្ឋាបាល​ក្រុង​ប៉េកាំង ទំនង​ទំនង​ល្អ​ គឺ​ជា​រឿង​អាទិភាព​របស់​យើង​»។ ទាំង​នេះគឺជាការ​បញ្ជាក់​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ​ដែល​បាន​នៅក្នុង​កាសែត​រដ្ឋ​ចិន នៅ​ថ្ងៃ​អង្គារទី១មករា។

នៅក្នុង​ឱកាស​ខួប​ការទូត​ លើកទី​៤០រវាង​ចិន​និង​អាមេរិកនេះ លោក​ប្រមុខ​រដ្ឋ​ទាំង​ពីរ​​បាន​ជជែក​ផ្លាស់ប្តូរ​សម្តី​គ្នា​ជាថ្មី ហើយលោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ​បាន​លើកឡើង​ជាថ្មីដែរ​ ពី​សារៈ​សំខាន់​នៃ​ការ​រឹត​ចំណង​ទាក់ទង​គ្នារវាង​ប្រទេស​ទាំងពីរ​ ទៅ​លើផ្នែក​សម្រុះសម្រួល សហប្រតិបត្តិការ និង​ផ្នែក​រក្សា​​ស្ថេ​រ​ភាព​។​ នេះបើ​តាម​ការ​ស្រង់​សម្តី​របស់​កាសែត​ចិន​ថ្មី។ នៅក្នុង​កាសែត​ដដែល លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ក៏​បាន​អបអរ​ទិវា​ខួប​នេះ ហើយ​បាន​លើកសរសើរ​ពី​ «មិត្ត​ភាព​ដ៏​រឹង​មាំ» ជាមួយ​លោកប្រធានាធិបតី​ចិនផងដែរ​។

ជាការ​កត់​សម្គាល់ ទំនាក់ទំនង​មហាយក្ស​សេដ្ឋកិច្ច​ទាំងពីរ ហាក់​បាន​វិល​ទៅ​រក​ភាព​ធូរ​ស្រាលបន្តិច​ នៅពេល​នេះ បន្ទាប់ពី​តាន់​តឹង​ជា​ខ្លាំងក្នុង​ជម្លោះ​ពាណិជ្ជកម្ម​កាលពី​ឆ្នាំមុន​។ ថ្មីៗនេះ ​ប្រទេស​ចិន​បាន​យល់​ព្រម​ទទួល​ទិញ​អង្ករ​និង​សណ្តែក​របស់​អាមេរិក។​ ចិន​យល់ព្រម​ព្យួរ​ការ​ដំឡើង​ថ្លៃ​បង់​ពន្ធ​នាំចូល​រថយន្ត​ និង​គ្រឿងបរិក្ខារៈ​សម្រាប់​ផលិត​ឡាន ព្រម​ទាំង​កែ​សម្រួល​ច្បាប់​ ជុំវិញ​ការ​លួច​ចម្លង​កម្មសិទ្ធិបញ្ញា​ជា​ដើម។ ទាំង​អស់​នេះ គឺជាការ​សម្បទាន​យ៉ាង​ច្រើន​ពី​ក្រុង​ប៉េកាំង។  ​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ បាន​ថ្លែង​កាលពី​ថ្ងៃសៅរ៍ សប្តាហ៍​មុន​ ថាការ​ចរចារវាង​រូប​លោក​និង​ប្រមុខ​រដ្ឋ​ចិន​ ​គឺ​​ដំណើរ​ការ​ទៅ​បាន​ល្អ​ ហើយ​បើ​ការ​ព្រមព្រៀង​នឹង​សម្រេច​បា​នមែននោះ អាមេរិក​​ទៅ​រក​ការ​រីកចម្រើន​យ៉ាង​ធំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ