អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​លោក​ Obama ​មិន​ទទួល​ជួប​លោក​ Nétanyahou?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

 កាល​ពី​សប្តាហ៍​មុន​ ការ​ប៉ះ​ទង្គិច​ផែ្នក​ការទូត​មួយ​បាន​ធ្វើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​របស់​លោក​ប្រធានាធិបតី​ អូបាម៉ា អាក់​អន់ស្រពន់​ចិត្ត​ចំពោះ​អ៊ីស្រាអែល។​ ក្នុង​​កំឡុង​ពេល​ទស្សនកិច្ចនៅ​សហរដ្ឋ​អាមេរិក​ ​នា​ដើម​ខែ​មិនា​ខាង​មុខ​នេះ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា នឹង​មិន​ទទួល​ជួប​លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល Benyamin Nétanyahou ​ឡើយ​។​ ឧប្បត្តិហេតុ​នេះ​ជា​ទំងន់​បន្ថែម​មួយ​ទៀត​ ខណៈ​ពេល​ដែល​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល​កំពុង​តែ​ធ្លាក់​ចុះស្រាប់​ជុំវិញ​បញ្ហា​ដែនដី​ប៉ាឡេស្ទីន។ តើ​មាន​មូលហេតុអ្វី​ខ្លះ​នៅ​ពី​ក្រោយ​ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំងពីរ? 

ប្រធានាធិបតីអាមេរិក​Barack Obama​
ប្រធានាធិបតីអាមេរិក​Barack Obama​ REUTERS/Mandel Ngan/Pool
ផ្សាយពាណិជ្ជកម្ម

 

ការខកចិត្ត​របស់​សេតវិមាន
មន្ត្រីសេតវិមាន​បាន​សំដែង​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ​កាលពី​សប្តាហ៍​មុន​នេះ​ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ដ៏គួរ​អោយ​ភ្ញាក់ផ្អើល​មួយ​ថា​ លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​ Benjamin Nétanyahou នឹង​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក។​ ដំណើរ​ទស្សនកិច្ច​នេះ​គឺ ​តបតាម​ការ​អញ្ជើញ​របស់​លោក​ John Boehner ​ប្រធាន​សភា​អាមេរិក​ ដែល​មកពី​គណបក្ស​សាធារណរដ្ឋ។ ​លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​នឹង​ឡើង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាជិក​សភា​ និង​ព្រឹទ្ធសភា​អាមេរិក​ នាថ្ងៃ​ទី​៣ ខែ​មិនា​ ខាងមុខនេះ។ ​នេះ​ជាលើក​ទីបី​ហើយ​ ចាប់​តាំងពី​ឆ្នាំ១៩៩៦ និងឆ្នាំ២០១១ ដែល​លោក​ Nétanyahou មាន​កិត្តិយស​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​ឱកាស​ដ៏កម្រ​បែបនេះ​ទៅកាន់​សភា​អាមេរិក។

លោក​ Josh Earnest ​អ្នកនាំពាក្យ​សេតវិមាន​បាន​ប្រកាស​អោយ​ដឹងថា​ រដ្ឋាភិបាល​អាមេរិក​បាន​ដឹង​ដំណឹង​នេះ​តាមរយៈ​សេចក្តី​ប្រកាស​មួយ​របស់​ប្រធាន​សភា​អាមេរិក។​ ម៉្យាងទៀត​ រដ្ឋាភិបាល​អ៊ីស្រាអែល​ពុំបាន​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋបាល​លោក​អូបាម៉ា​ជាមុន​ឡើយ​។ អ្នកនាំ​ពាក្យ​រូបនេះ​ក៏បាន​បន្តថា​ បើតាម​ពិធីការ​ជាទំលាប់ គេ​តម្រូវ​អោយ​ប្រមុខរដ្ឋ​ប្រទេស​មួយ​ទាក់ទង​ជាមួយ​ប្រមុខរដ្ឋ​នៃ​ប្រទេស​ដែល​ខ្លួន​ទៅ​ទស្សនកិច្ច។​នេះ​ជា​របៀបរបប​ដែល​គេតែង​រៀបចំ​រាល់​ពេល​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស។

ផ្ទុយ​ទៅវិញ​ កាយវិការ​របស់​អ៊ីស្រាអែល​ហាក់​បង្ហាញ​ថា​ ខ្លួន​បាន​ដើរ​ឃ្លាតឆ្ងាយ​ពី​ពិធីការ​នេះ។
ជា​ការ​ឆ្លើយតប​ ​សេតវិមានបាន​​ប្រកាស​កាលពីថ្មីៗនេះថា លោក​ប្រធានាធិបតី​​ អូបាម៉ា​ នឹង​មិន​ទទួល​ជួប​លោក​នាយករដ្ឋមន្រ្តី​ Benjamin Nétanyahou ឡើយ។ សូម្បី​តែ​លោក​ John Kerry រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ក៏​នឹងមិនទទួល​ជួប​ប្រមុខ​ដឹកនាំ​អ៊ីស្រាអែល​ដែរ។​ ជា​ការ​គួរសម​ រដ្ឋាភិបាល​អាមេរិក​បាន​យកលេសថា​ វាជា​ការ​មិន​សមរម្យ​ឡើយ​ ដែល​ប្រមុខ​ដឹកនាំ​សហរដ្ឋ​អាមេរិក​ទទួល​ជួប​ថ្នាក់​ដឹកនាំ​អ៊ីស្រាអែល​ ព្រោះ​គណបក្ស​របស់​លោក​ Nétanyahou កំពុង​ដឹកនាំ​យុទ្ធនាការ​បោះឆ្នោត​នៅអ៊ីស្រាអែល​ ដែលនឹង​ប្រព្រឹត្តទៅ​នាថ្ងៃ​ទី​១៧ ខែមិនា​ ខាងមុខនេះ​។ ដូចនេះ​ ប្រធានាធិបតី​អាមេរិក​មិនទទួល​ជួប​ប្រមុខរដ្ឋ​ ឬ​បេក្ខជន​ណា​ក្នុង​កំឡុង​ពេល​បោះឆ្នោត​របស់​ប្រទេស​នោះ​ឡើយ​ ដើម្បី​ចៀសវាង​ជះឥទ្ធិពល​ដល់​ដំណើរការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ។

សំណុំរឿង​ប្រទេស​អ៊ីរ៉ង់ និង​សិទ្ធិ​វេតូ​របស់​លោក​ អូបាម៉ា
ក្រៅពី​ហេតុផល​កំហុស​បច្ចេកទេស​ផែ្នក​ពិធីការ​ មាន​មូលហេតុ​ជាច្រើន​ដែល​អាច​ពន្យល់​បាន​ពី​ទំនាក់​ទំនង​ល្អក់​កករ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអ៊ែល។
ចំណុច​ទីមួយ​ គឺ​ទាក់ទង​នឹង​សំណុំរឿង​ប្រទេស​អ៊ីរ៉ង់។ ​ក្រៅ​ពីប្រធានបទ​ស្តីពី​ចលនាអ៊ីស្លាម​ជ្រុលនិយម​ លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​នឹង​ឡើង​ថ្លែង​សុន្ទរកថា​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ។ ​វាជា​ចំនុច​រសើប​ ដែល​ប្រធានបទ​នេះ​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ ដោយសារ​តែ​បច្ចុប្បន្ននេះ​ រដ្ឋបាល​លោក​អូបាម៉ា​កំពុង​តែ​ប្រឈម​មុខដាក់​គ្នា​ជាមួយ​សមាជិក​សភា​ស្តីពី​បញ្ហា​ប្រទេស​អ៊ីរ៉ង់។

តាមការពិត​ ភាគច្រើន​នៃ​អ្នកតំណាងរាស្រ្ត​អាមេរិក​ចង់​អនុម័ត​សេចក្តីព្រាង​ច្បាប់មួយ​ជាលក្ខណៈ​ព្រមាន​ដើម្បី​ដាក់​ទណ្ឌកម្ម​ថ្មីទៀត​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់​ ប្រសិន​បើ​ប្រទេស​នេះ​មិនព្រម​ចុះហត្ថលេខា​ មុន​ថ្ងៃទី១​កក្កដា​ លើ​សំណុំរឿង​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន។​អ៊ីរ៉ង់​ត្រូវចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​មហាអំណាច​ដើម្បី​ធានាថា​ ខ្លួន​នឹងមិន​ផលិត​អាវុធ​នុយក្លេអ៊ែរ​ក្រោម​លេសថា​ជាកម្មវិធី​នុយក្លេអ៊ែរ​ស៊ីវីល​ឡើយ។

ចំណុចទីពីរគឺ​ ការប្រឈម​មុខ​ដាក់គ្នា​ជុំវិញ​បញ្ហា​ប្រទេស​អ៊ីរ៉ង់​រវាង​លោក​ប្រធានាធិបតី​ អូបាម៉ា និងក្រុម​គណបក្ស​សាធារណរដ្ឋ​ ដែល​កំពុង​គ្រប់គ្រង​សភាតំណាងរាស្រ្ត​និង​ព្រឹទ្ធសភា​អាមេរិក។​ កន្លងមក​ លោក​អូបាម៉ា​ធ្លាប់​បាន​ព្រមាន​ថា​ គាត់​នឹង​ប្រើ​សិទ្ធិ​វេតូជំទាស់​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ប្រសិន​បើ​សភា​អនុម័ត​ច្បាប់ថ្មី​គំរាមដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់។​ រដ្ឋបាល​លោក​អូបាម៉ា​យល់ថា​ ការព្រមាន​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ប្រឆាំង​អ៊ីរ៉ង់​ជា​ការរំខាន​ដល់​ដំណើរការ​ចរចារ​ដែល​កំពុង​តែ​មានស្រាប់។ ​លើសពីនេះ​ មុន​ផុត​អាណ្ណត្តិ​ប្រធានាធិបតី​ លោក​អូបាម៉ា​ប្រាថ្នា​ចង់​បិទបញ្ចប់​សំណុំរឿង​អ៊ីរ៉ង់​មួយនេះ។

ម៉្យាងទៀត​ វត្តមាន​លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអ៊ែល​ Benyamin Nétanyahou ​ត្រូវ​បាន​គេ​យល់​ថា​ មិនមែន​ជារឿង​ចៃដន្យ​ឡើយ។ ​ខាងគណបក្ស​សាធារណរដ្ឋ​អញ្ចើញ​ប្រមុខ​ដឹកនាំ​អ៊ីស្រាអែល​អោយ​មកថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​សមាជិក​សភា និង​ព្រឹទ្ធសភា​អាមេរិក​ ព្រោះ​ពួក​សាធារណរដ្ឋ​ និង​អ៊ីស្រាអ៊ែល​សុទ្ធតែ​ជាក្រុម​តឹងរឹង​ដាច់ខាត​ប្រឆាំង​អ៊ីរ៉ង់។​ កាលពី​ខែតុលា​ឆ្នាំ២០១៤​កន្លង​ទៅនេះ​ នៅ​សេតវិមាន​ នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអ៊ែល​ធ្លាប់បាន​ព្រមាន​ជាសាធារណៈ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ថា​ អ៊ីស្រាអែល​នឹង​ប្រឆាំង​ដាច់ខាត​ចំពោះ​កិច្ចព្រមព្រៀង​ណាមួយ​ ដែល​អំណោយផល​អាចអោយ​អ៊ីរ៉ង់​ក្លាយ​ជា​មហា​អំណាច​នុយក្លេអ៊ែរ​ក្នុង​តំបន់។​ ប្រទេស​អ៊ីស្រាអែល​តែងចាត់ទុក​ថាខ្លួន​ជាផ្ទាំងស៊ីប​មុនគេ​ ប្រសិន​បើ​គូសត្រូវ​របស់​ខ្លួន​គឺ ​អ៊ីរ៉ង់​មាន​អាវុធ​ប្រល័យ​លោក​ក្នុងដៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ