អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ភ្នាក់ងារ​​អ.ស.ប​ ទទួល​បន្ទុក​ជន​ភៀសខ្លួន​ចោទ​​អ៊ីស្រាអែល​ ចំៗ​ថា​​​​​ ​បំពាន​​​ច្បាប់​អន្តរជាតិ​​

នៅថ្ងៃពុធ​នេះ ​​សាលារៀន​​អង្គការ​សហប្រជាជាតិ​​នៅតំបន់​ហ្កាហ្សា ​បាន​រង​ការបាញ់​ប្រហារ​ជាថ្មី​ពី​សំណាក់​អ៊ីស្រាអែល​ សម្លាប់​ម​នុស្សយ៉ាងហោច​​១៦នាក់ ក្នុង​នោះ មាន​កុមារ​ច្រើននាក់​ផងដែរ។ ​​​​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​ជនភៀសខ្លួន​​ប៉ាឡេស្ទីន ​​ហៅ​កាត់ថា​ ​អង្គការ​​UNWRA​ បាន​ចោទកងទ័ព​​​អ៊ីស្រាអែល​​ ​ចំៗ​ថា រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​ធ្ងន់ធ្ងរ។ អង្គការ​​UNWRA បាន​​ទាមទារ​​សហគមន៍​អន្តរជាតិ​អោយ​ប្រតិកម្ម​អោយ​ឆាប់​រហ័ស​ដើម្បីបិទបញ្ចប់​​ហិង្សា​​សម្លាប់​មនុស្សនៅ​ហ្កាហ្សា។

កុមារ​ប៉ាឡេស្ទីន​កំពុងសម្រាក​ជ្រកកោន​នៅ​សាលារៀន​អង្គការ​សហប្រជាជាតិ​មួយកន្លែង នៅ​ហ្កាហ្សា​ ថ្ងៃ​២១កក្កដា​​កន្លងទៅ។
កុមារ​ប៉ាឡេស្ទីន​កំពុងសម្រាក​ជ្រកកោន​នៅ​សាលារៀន​អង្គការ​សហប្រជាជាតិ​មួយកន្លែង នៅ​ហ្កាហ្សា​ ថ្ងៃ​២១កក្កដា​​កន្លងទៅ។ REUTERS/Finbarr O'Reilly
ផ្សាយពាណិជ្ជកម្ម

ក្រោយ​​មាន​ការ​បាញ់​ប្រហារ​​លើ​សាលារៀន​អង្គការសហប្រជាជាតិ​ នៅហ្កាហ្សា​ ជាថ្មី​ទៀត នៅ​យប់​ថ្ងៃ​អង្គារ​ចូល​ព្រឹក​​ថ្ងៃពុធ​​នេះ​ ​​​អង្គការ​​UNWRA ដែល​ជា​​​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​ជនភៀសខ្លួន​​ប៉ាឡេស្ទីន ​​បាន​បរិហារ​​​យោធា​អ៊ីស្រាអែលដោយ​ចំមុខ​តែ​ម្តង​​ថា ​រំលោភបំពានធ្ងន់ធ្ងរ​លើ​​ច្បាប់​អន្តរជាតិ។ លោក ព្យែរ ​ក្រាហិនប៊ុល ប្រធាន​​អង្គការ​​UNWRA ​ប្រាប់ថា អង្គការ​​បាន​​​យក​អំបែង​គ្រាប់​ ទៅ​ពិនិត្យ​ ហើយ​​សន្និដ្ឋាន​ថា ​កំទេច​អាវុធ​ទាំងនេះ គឺ​ជា​កំទេច​អាវុធរបស់​កងទ័ព​អ៊ីស្រាអែល។ ​

សាលារៀន​អង្គការសហប្រជាជាតិ​​​ដែល​រង​ការ​បាញ់​​ប្រហារ​របស់​អ៊ីស្រាអែលថ្ងៃពុធ​នេះ​​ ​ស្ថិត​នៅជំរំ​ Jabaliya មាន​​មនុស្ស​៣៣០០នាក់ ​រត់​មក​ភៀសខ្លួន។ ​​ អង្គការ​ប្រាប់ថា ក្មេងៗ​កំពុង​តែ​គេងលក់​នៅ​ផ្ទាល់ដី ក្នុង​ថ្នាក់រៀន​មួយកន្លែង ជាមួយ​ឳពុក​ម្តាយ​ពួកគេ ​​តែ​បែរ​ជា​ត្រូវ​បាន​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ។ ​​

យោងតាម​​អង្គការ​ទទួលបន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន អ៊ីស្រាអែល​​​បាន​ទទួល​ដំណឹង​១៧ដង​មកហើយ​​​​​ថា សាលារៀន​អង្គការ​សហប្រជាជាតិ​​​បាន​ទទួល​ជនភៀសខ្លួន​រាប់ពាន់នាក់ ដែល​រត់គេច​ពី​​ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល។ សូម្បីតែ​យប់ថ្ងៃ​អង្គារ​ មុនពេល​មាន​ការបាញ់​ប្រហារ​សាលារៀន អ៊ីស្រាអែល​ក៏ទទួល​ដំណឹង​នេះដែរ។ ​​ ប្រធាន​​អង្គការ​​UNWRA ព្យែរ ​ក្រាហិនប៊ុល បាន​​បរិហារ​ថា បញ្ហា​​នេះ​ គឺ​ជា​ភាពអាម៉ាស​អន្តរជាតិ។ ​ គួរបញ្ជាក់​ថា ​ប្រជាជន​ប៉ាឡេស្ទីន​១សែន៨ម៉ឺននាក់ ​ត្រូវបាន​បណ្តេញចេញ​ពី​ផ្ទះសម្បែង រត់​គេច​ពី​ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល មក​ជ្រកកោន​ក្នុង​សាលារៀន​អង្គការ​សហ​ប្រជាជាតិ ​​ចំនួន​៨៣កន្លែង។

នេះ​ជាលើក​ទី៦ហើយ ដែល​សាលារៀន​អង្គការ​សហប្រជាជាតិ​រងការ​បាញ់​ប្រហារ។ កាលពី​ថ្ងៃ​២៤កក្កដា ការបាញ់​ប្រហារ​​​​​​ទៅលើ​សាលា​អង្គការសហប្រជាជាតិ​​មួយកន្លែង​ ​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ជាង​១៥នាក់។ ប៉ុន្តែ​អ៊ីស្រាអែល​​​បាន​បដិសេធ​ថា​ គ្រាប់​ដែល​បាញ់​ទៅ​លើ​សាលារៀន​​នោះ មិនមែន​​ជា​របស់​កងទ័ព​ខ្លួនទេ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ