អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពីក្រោយ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន គឺ​ជា​សង្គ្រាម​ចិត្ត​សាស្ត្រ​និង​នយោបាយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃព្រហស្បតិ៍ ទី​២៣សីហា រដ្ឋបាល​អាមេរិករបស់​លោក ដូណាល់ ត្រាំ​ បាន​ដំឡើង​ពន្ធគយ ចំនួន​​២៥ភាគរយ ជា​បន្ត​ទៀត​ ទៅលើផលិត​ទំនិញ​ចិន ក្នុង​រង្វង់​ទឹកប្រាក់​១៦ពាន់​លាន​ដុល្លារ​។ ពន្ធ​គយ​របស់​អាមេរិកចំពោះ​ទំនិញ​ចិននេះ​ បាន​ចូល​ជា​ធរមាន​ នៅ​ម៉ោង​១២រំលង​អធ្រាត្រ​ នៅ​យប់​​នេះតែម្តង​ ម៉ោង​នៅ​អាមេរិក។ ចំណែក​ខាង​ចិន​វិញ ក៏​បាន​វាយ​បក​ដោយ​សម្រេច​យក​ពន្ធគយ​ទៅលើ​ទំនិញ​របស់​អាមេរិក​នាំចូល​ស្រុក​ចិន ក្នុង​ចំនួន​ទឹក​ប្រាក់១៦ពាន់​លាន​ដុល្លារ ​ដូចគ្នា​នេះដែរ។ អ្នក​ជំនាញ​កិច្ច​ការ​ទំនាក់​ទំនង​អាមេរិក-ចិន​ មើល​ឃើញថា សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​តែ​ពុះ​កញ្ច្រោល​នេះ គឺ​មិន​គ្រាន់តែ​ជម្លោះ​ក្នុង​ផ្លូវ​សេដ្ឋកិច្ច​នោះទេ ប៉ុន្តែ​ក៏​ជា​សង្គ្រាម​ចិត្ត​សាស្ត្រ​និង​នយោបាយ ដែល​អាមេរិក​ប្រើ​ដើម្បី​ទប់​ទល់​ឥទ្ធិពល​ចិន​។​

ទង់ជាតិ​អាមេរិក​និង​ចិន​
ទង់ជាតិ​អាមេរិក​និង​ចិន​ REUTERS
ផ្សាយពាណិជ្ជកម្ម

រដ្ឋបាលអាមេរិកដំឡើងពន្ធគយ ចំនួន២៥ភាគរយ ជាបន្តទៀត ទៅលើផលិតទំនិញចិន ក្នុងរង្វង់ទឹកប្រាក់១៦ពាន់លានដុល្លារ។ នេះ​គឺ​ជា​លើកទី២​ហើយ ដែល​អាមេរិក ដាក់ពន្ធគយ​ខ្លាំង​បែបនេះ។ តើ​ចិន​បាន​ឆ្លើយតបវាយ​បក​​ទៅវិញ​យ៉ាងដូចម្តេច​ខ្លះ​?​

នៅថ្ងៃព្រហស្បតិ៍ ទី​២៣សីហានេះ ពន្ធគយ​របស់​អាមេរិក ទៅលើ​ទំនិញ​របស់​ចិន គឺ​ចូល​ជាធរមាន ចំពោះ​​ទំនិញចិន ចំនួន​២៧៩មុខ។ ទំនិញ​ទាំង​នោះ មាន​ប៉ះទៅ ម៉ូតូ ត្រាក់ទ័រ ឧបករណ៍​ចម្លងអគ្គីសនី គ្រឿងគ្រៅ​សម្រាប់​ធ្វើ​ផ្លូវ​ដែក​ និង​សម្ភារៈ​ម៉ាស៊ីន​សម្រាប់​វិស័យ​កសិកម្ម​ជា​ដើម​។ នេះ​គឺជា​វិធានការ​ជាលើកទី២ បន្ទាប់ពី​អាមេរិក​របស់​លោក ត្រាំ បាន​ដំឡើង​ពន្ធគយ​រួច​មកម្តង​ហើយ កាលពី​ពាក់កណ្តាល​ខែ​កក្កដាទៅ​។ កាលនោះ គឺ​ស្ថិត​ក្នុង​រង្វង់​ទឹក​ប្រាក់​៣៤ពាន់​លាន​ដុល្លារ​​។ សរុប​ទាំង​ពីរ​លើក ពន្ធគយ​របស់​អាមេរិក ដែល​ដាក់​លើ​មុខ​ទំនិញ​ចិន​នាំចូល​ទៅអាមេរិក​ គឺ​ក្នុង​រង្វង់​ទឹក​ប្រាក់​៥០ពាន់​លាន​ដុល្លារ​។ ​រដ្ឋបាល​អាមេរិក គឺ​នឹង​មិន​ព្រម​ឈប់​ត្រឹម​នេះទេ ព្រោះ​ថា លោកប្រធានាធិបតី​ ដូណាស់​ ត្រាំ ធ្លាប់​បាន​ចេតនា​ដំឡើង​បន្តបន្ទាប់ទៅទៀត រហូតដល់ ២០០ពាន់​លាន​ ឬ​ក៏​ទៅដល់ ៥០០ពាន់​លាន​ផង។

ជា​ការ​ឆ្លើយ​តប​របស់​ចិនវិញ គឺចិន​បាន​ឡើង​ពន្ធ​នាំចូល​ទំនិញ​របស់​អាមេរិក​ ១៦ពាន់​ដុល្លារ​ដែរ​ នៅ​ថ្ងៃនេះ។ នេះ​គឺ​ប៉ះពាល់​ដល់​ការ​នាំចូល​ ម៉ូតូ ទឹក​ក្រូច គ្រឿង​ទេស និង​ផលិត​ទំនិញរាប់​រាយមុខ​ទៀត។​​  សូម​បញ្ជាក់ថា ផ្លែប៉ោម អាមេរិក ដែលមូល​ល្អ ​ក្រហមល្អ ដាក់​លក់​នៅ​ស្រុក​ចិន​ ឡើង​ថ្លៃ​សឹង​តែ​មួយ​ទ្វេ​ជា​ពីរ។​ ពីពេល​មុន មួយ​កាតុង ឬ​មួយ​កេស​ ថ្លៃតែ ៣៧អឺរ៉ូទេ តែ​ពេលនេះ វា​ឡើង​ដល់​៧៥អឺរ៉ូ​ទៅហើយ​។​ មិន​តែប៉ុណ្ណោះ ចិន​បាន​រឹង​បណ្តឹង​ច្បាប់​ចំពោះ​ក្រុម​ហ៊ុន​អាមេរិក ដែល​កំពុង​រក​ស៊ី​នៅ​ស្រុក​ចិន។ ចំណែក​ពលរដ្ឋ​ចិន មួយចំនួន​ ​បាន​ធ្វើ​ពហិការ​ជា​បណ្តើរទៅហើយ មិន​ព្រម​ទិញ​ផលិតផល​ទំនិញ​អាមេរិក ដែល​កំពុង​លក់​នៅ​ស្រុក​ចិន​។

នៅ​ក្នុង​បរិបទ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម តាម​រយៈ​ការ​ដំឡើង​ពន្ធគយ​ដាក់​គ្នា​ទៅវិញទៅមកនេះ ចិនដែល​យល់​ខ្លួន​ទទួល​រង​អំពើ​អយុត្តិធម៌ ​បាន​ត្រៀម​ខ្លួន រៀប​ចំ​ពាក្យ​ប្តឹ​ងអាមេរិក ​ដាក់ទៅ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​ថែមទៀត​ផង។

កាលពីថ្ងៃ​ពុធ​ ទី​២២សីហា គឺ​មួយ​ថ្ងៃ​ មុ​នពន្ធ​គយអាមេរិក​ចូល​ធរមាណ មន្ត្រី​ជំនាញ​របស់​ប្រទេស​ទាំង​ពីរ ក៏​បា​នជួប​គ្នា​ដែរ។ ដូច្នេះ បាន​សេចក្តីថា ការ​ជួប​ចរចាគ្នា រវាង​មន្ត្រី​ជាន់​ខ្ពស់របស់​​ប្រទេស​ទាំងពីរ គឺ​គ្មាន​បា​នផលស្អី​​ទេ?

មុន​ការ​ចូល​ធរមាណ​នៃ​ការ​កំណត់​ពន្ធគយ​របស់​អាមេរិក នៅ​ពេល​យប់​នេះ គឺលោក​អនុរដ្ឋមន្ត្រី​ចិនដល់ទៅ​២នាក់ បា​នស្កាត់​ទៅ​ជួប​មន្ត្រី​ជាន់​ខ្ពស់​ខាង​ពាណិជ្ជកម្មនិង​ហិរញ្ញវត្ថុ​​របស់​អាមេរិក នៅ​ទីក្រុង​វ៉ាស៊ីន​តោន​តែម្តង​។  អនុរដ្ឋមន្ត្រី​ចិន​ទាំង​ពីរនាក់​នោះ គឺ​លោក វ៉ាវ ស៊ូវេង (Wang Shouwen) អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ចិន និង​លោក លីយ៉ាវ មីន (Liao Min) អនុរដ្ឋមន្ត្រី​ខាង​ក្រសួង​ហិរញ្ញវត្ថុ​ចិន។ នៅ​ក្រុង​ប៉េកាំងឯណោះ​ អ្ន​កនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ បាន​ប្រាប់​អ្ន​កកាសែត​ថា ជំនួប​នេះ គឺ​នាំមក​នូវ​ផល​វិជ្ជមាន​ច្រើន និង​ដំណើរ​ការ​ទៅ​បា​នល្អ។

ក៏ប៉ុន្តែ​ផ្ទុយ​នេះ លោកប្រធានាធិបតី ​ដូណាល់ ត្រាំ ដែល​កំពុង​តែ​ជួប​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន នៅក្នុង​រដ្ឋVirginia បែរ​ជា​ថា លោក​​គ្មាន​សង្ឃឹម​បា​នអ្វីសោះឡើយ​​ពី​ការ​ជួប​គ្នា​នេះទេ។

យ៉ាងណា​ក៏ដោយ គេ​មើល​ឃើញថា​​ ជំនួបដែល​​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​អនុរដ្ឋមន្ត្រីនេះ គឺ​ជាការ​បើក​ផ្លូវ​ចរចា​លើក​ដំបូង​ ក្រោយ​ពី​ផ្ទុះ​ជម្លោះ​ពាណិជ្ជកម្ម​របស់​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ។ យើង​ត្រូវ​ចែក​គ្នា​ឲ្យដាច់​ជា​ពីរ​សិន ទើប​អាច​យល់រឿង​នេះ។ ផ្នែក​រឿង​មួយ គឺ​ពន្ធគយ​ដែល​អាមេរិក​ដាក់ជា​លើកទី២ នៅយប់​​នេះ គឺរដ្ឋ​បាល​​អាមេរិក​គេ​បាន​រៀបចំ​ជា​ច្រើន​សប្តាហ៍ យូរ​ខែ​មកហើយ ដែល​វាទើប​ចូល​ដល់​ថ្ងៃ​ត្រូវ​អនុវត្ត។ ​ចំណែក​ការ​ជួប​ជុំ​គ្នា​រវាង​អនុ​រដ្ឋមន្ត្រី​នេះ គឺ​ជា​សញ្ញាណ​ថ្មី​មួយ​ដែល​ជា​ការ​បើក​ផ្លូវ​សម្រាប់​ការ​ចរចា​គ្នា​ ដើម្បី​ឈាន​ទៅរក​ការ​សម្រប​សម្រួល​គ្នា​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​​។​

សង្គ្រាម​ពាណិជ្ជ​កម្ម​នេះ គឺ​មិន​គ្រាន់តែ​ជា​ជម្លោះ​សេដ្ឋកិច្ច​ធម្មតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​សង្គ្រាម​ចិត្ត​សាស្ត្រ​ផង និង​នយោបាយ​ផង។ ​អាមេរិកកំពុងប្រើយុទ្ធសាស្ត្រនេះ​​ សម្រាប់ទប់ទល់​ឥទ្ធិពល​របស់​ចិន ដែល​កំពុង​រីករាយដាល់​ខ្លាំងឡើង​ៗ។ តើ​ត្រឹម​ត្រូវទេ?

អ្នក​វិភាគ​ជាច្រើន​សុទ្ធតែ​មាន​គំនិត​ស្រដៀង​នេះដែរ ពិសេស​អ្ន​កជំនាញ​កិច្ច​ការ​បរទេស​ និង​​អ្ន​កវិភាគដែល​សិក្សា​​ពី​ទំនាក់​ទំនង​របស់​ចិន​និង​អា​មេរិក​តែម្តង។ ចំពោះ​បញ្ញវន្ត​​ជន​ជាតិម្នាក់​​ ដែល​កំពុង​រស់​នៅ​ភៀស​ខ្លួន​ក្នុង​ស្រុក​បារាំង លោក Zhang Lun បាន​វិភាគ​ឃើញថា ទណ្ឌកម្ម​ទាំង​ឡាយ​របស់​អាមេរិក គឺ​បង្ក​ជា​សង្គ្រាម​ចិត្ត​សាស្ត្រ​ ដើម្បីជា​ហ្វ្រាំងទប់​ទល់​ការ​រីក​ចម្រើន​ជា​លំដាប់​របស់​ចិន។ ​ជា​បន្តមក ទណ្ឌកម្ម​​ដែលធ្វើ​ឲ្យ​​ប៉ះពាល់​សេដ្ឋកិច្ច​ចិនទាំង​នោះ​ គឺ​នឹង​បង្កើន​វិបត្តិ​ផ្ទៃ​ក្នុង​ស្រុក​ចិន ជ្រួល​ច្របល់​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ។

អ្នក​ស្រាវជ្រាវ​មួយ​រូប​ទៀត នៅ​វិទ្យាស្ថាន​បារាំង​សម្រាប់សិក្សា​ទំនាក់​ទំនង​អន្តរជាតិ ទទួល​បន្ទុក​កិច្ច​ការ​ប្រទេស​ចិន លោកស្រី Alise Ekman បញ្ជាក់ថា មតិសាធារណៈ​ចិន​មិន​ដែល​ទទួល​ព័ត៌មាន​គ្រប់​គ្រាន់ទេ​។ ចិន​របស់​លោក ស៊ី ជីនពីង ក៏​មិន​ត្រូវការ​មេរៀន​ពី​លោក​ខាង​លិច​ទេ ក៏ប៉ុន្តែ គេ​មិន​ត្រូវ​មើល​ស្រាល​មហិច្ឆតា​អន្តរជាតិ​របស់​លោក​ ស៊ី ជីនពីង ឡើយ​។ គឺ​មាន​តែ​វិបត្តិ​សេដ្ឋកិច្ច​ក៏​ធ្ងន់ធ្ងរ​ខ្លាំង​បំផុត​មួយ​ទេ ដែល​អាច​ធ្វើ​ឲ្យ​លោក ស៊ី ជីនពីង រង្គោះរង្គើ​បាន។

ដូច្នេះ ការដែល​យក​ខែល​សេដ្ឋកិច្ច​នេះ មក​តទល់​គ្នា គឺ​ជា​អាវុធ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​របស់​អាមេរិក។ ពីព្រោះថា អាមេរិក​បាន​ដឹងប្រាដក​ហើយថា សេដ្ឋកិច្ច​អាមេរិក​ខ្លាំង។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ​ធ្លាប់​បាន​ថ្លែង​ដោយ​អំនួត​ថា មន្ត្រី​ចិន​ ច្បាស់​ជា​ដឹងខ្លួន​​ហើយថា សេដ្ឋកិច្ច​អាមេរិក​ខ្លាំង ខ្លាំង​ជា​សេដ្ឋកិច្ច​របស់​ចិន​។

ជាការ​ពិត សុខភាព​សេដ្ឋកិច្ច​អាមេរិក​ នៅ​មាំទាំ​ជាង​សុខភាព​សេដ្ឋកិច្ច​ចិន​ពិត​មែន​។ នៅ​ត្រីមាស ទី​២ ឆ្នាំ​២០១៨នេះ សេដ្ឋកិច្ច​អាមេរិក​ បាន​កើន​ឡើង​ល្អ ក្នុង​រង្វង់​៤,១ភាគរយ។ ចំណែកឯ ដង្ហើម​សេដ្ឋកិច្ចរបស់​​ចិនវិញ​ គឺ​មាន​ការ​​ធ្លាក់​ចុះ​ ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល  សម្រាប់​ខែ​កក្កដា​កន្លង​ទៅ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ