អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​វៀតណាម​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ពុធ​នេះ លោក​ជឿង តាន់ សាង (Truong Tan Sang) ប្រធានាធិបតី​វៀតណាម ចាប់ផ្តើម​បំពេញទស្សនកិច្ច នៅ​សហរដ្ឋ​អាមេរិក។ ទស្សនកិច្ច ដែល​ធ្វើឡើង​ក្នុង​គោលដៅ​បង្កើន​ទំនាក់ទំនង​ខាង​ផ្នែក​ពាណិជ្ជកម្ម ក៏ដូចជា ខាង​ផ្នែក​សន្តិសុខ។ ក៏ប៉ុន្តែ បញ្ហា​សិទ្ធិមនុស្ស​នៅ​វៀតណាម ក៏​ប្រហែល​ជា​នឹង​ត្រូវ​ក្លាយ​ជា​បញ្ហា​ចម្បង​មួយ​ដែរ ក្នុងជំនួប​រវាង​ប្រធានាធិបតី​វៀតណាម​ និង​ថ្នាក់ដឹកនាំ​អាមេរិក។

ប្រធានាធិបតី​វៀតណាម ជឿង តាន់ សាង (Truong Tan Sang)
ប្រធានាធិបតី​វៀតណាម ជឿង តាន់ សាង (Truong Tan Sang) Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​អាមេរិក និង​វៀតណាម ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ឡើងវិញ នៅ​ឆ្នាំ​១៩៩៥​មក ទើប​តែ​មាន​ប្រធានាធិបតី​វៀតណាម​ពីរ​រូប​ប៉ុណ្ណោះ ដែល​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក និង​បាន​ចូល​ទៅ​ជួប​ប្រធានាធិបតី​អាមេរិក រហូត​ដល់​សេតវិមាន។ លើកទី១ ​កាល​ពី​ឆ្នាំ​២០០៧ ដែល​កាលណោះ ប្រធានាធិបតី​វៀតណាម ង្វៀន ម៉ិញ ជៀត (Nguyen Minh Triet) ទៅ​ជួប​លោក​ប៊ូស នៅ​សេតវិមាន។ ដំណើរទស្សនកិច្ច​របស់​លោក​​ជឿង តាន់ សាង នៅពេលនេះ គឺ​ជាលើកទីពីរ។

នៅថ្ងៃ​ពុធ​នេះ ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​ដំណើរទស្សនកិច្ច លោក​ជឿង តាន់ សាង ត្រូវ​​​​ជួប​​​ជាមួយ​លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ និង​ជួប​ជាមួយ​អ្នក​ជំនួញ​អាមេរិក។ នៅ​​ថ្ងៃ​ព្រហស្បតិ៍​ស្អែក លោក​ប្រធានាធិបតី​វៀតណាម នឹង​ជួប​ជាមួយ​​លោក​អូបាម៉ា នៅ សេតវិមាន។

នៅ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យើង​សង្កេតឃើញ​ថា ទំនាក់ទំនង​ទ្វេភាគី​វៀតណាម-អាមេរិក មាន​ការ​រីកចម្រើន​ជឿនលឿន​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់។ រឹតតែ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​យើង​ដឹង​ថា ប្រទេស​ទាំងពីរ​ធ្លាប់​ជា​គូសត្រូវ ដែល​ច្បាំង​គ្នា​រាប់​ឆ្នាំ ហើយ​មកទល់​នឹង​ពេលនេះ ប្រទេស​ទាំងពីរ​នៅ​តែ​ស្ថិត​ក្រោម​របបដឹកនាំ​ពីរ​ផ្ទុយ​គ្នា​ស្រឡះ។

មាន​កត្តា​សំខាន់ៗ ចំនួន​ពីរ​​ ដែល​ជំរុញ​ឲ្យ​អាមេរិក និង​វៀតណាម​ អាច​ពង្រឹង​ទំនាក់ទំនង​ជាមួយគ្នា។ កត្តា​សំខាន់ទីមួយ​ គឺ​តម្រូវការ​ខាង​ផ្នែក​សេដ្ឋកិច្ច ហើយ​កត្តា​សំខាន់​មួយទៀត គឺ​ចិន។

វៀតណាម​មាន​ប្រជាជន​សរុប​ ជិត ៩០លាន​នាក់ ហើយ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ (អត្រា​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ គិតជាមធ្យម ពី ៥% ទៅ ៧%)។ ដូច្នេះ វៀតណាម​គឺ​ជា​ប្រទេស​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ អាច​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​មួយ​របស់​អាមេរិក។ វៀតណាមវិញ ដែល​កំពុង​តែ​ស្វះស្វែង​ចង់​បាន​កំណើន​សេដ្ឋកិច្ច​កាន់តែ​ខ្ពស់​ជាង​ពេល​បច្ចុប្បន្ន ក៏​ត្រូវ​ការ​អាមេរិក​ដែរ ហើយ​វា​ជា​រឿង​ធម្មតា ព្រោះ​អាមេរិក គឺ​ជា​មហាសេដ្ឋកិច្ច​​ពិភពលោក។

បច្ចុប្បន្ន​នេះ យើងឃើញ​ថា ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​វៀតណាម​ពឹងផ្អែក​ខ្លាំង​លើ​ចិន។ ការនាំចេញនាំចូល​របស់​វៀតណាម គឺ​ធ្វើឡើង​ច្រើន​បំផុត​ជាមួយ​ចិន។ វៀតណាម​ កំពុង​តែ​ចរចា​ ដើម្បី​ចូលរួម​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាមេរិក ក្នុង​ក្របខ័ណ្ឌ​អាស៊ីប៉ាស៊ីហ្វិក (Trans-Pacific Partnership)។

បើ​មើលទៅ​លើ​ស្ថានភាព​ជម្លោះ រវាង​វៀតណាម និង​ចិន ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ការស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​​ផ្សេង​ ក្រៅពី​ចិន គឺ​ជា​ផលប្រយោជន៍​ជា​​យុទ្ធសាស្រ្ត​សំខាន់​របស់​វៀតណាម។ ដោយសារ​តែ​មាន​ជម្លោះ​ជាមួយចិន វៀតណាម​មិនមែន​ស្វះស្វែង​បង្កើន​ទំនាក់ទំនង​ជាមួយ​អាមេរិក ត្រឹមតែ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នេះ​មួយទេ។ រឹត​តែ​សំខាន់​ទៅទៀត គឺ​ទំនាក់ទំនង​ខាង​ផ្នែក​យោធា។

អាមេរិកវិញ​ក៏​ចង់​បង្កើន​ទំនាក់ទំនង​យោធា​ជាមួយ​វៀតណាម​ដែរ ដើម្បី​ប្រជែង​ដណ្តើម​ឥទ្ធិពល​ជាមួយចិន គឺ​នៅ​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​ការបរទេស​ថ្មី​របស់​លោក​អូបាម៉ា ដែល​ចង់​ងាក​មក​ផ្តោត​អាទិភាព​ផ្នែក​ការទូត និង​បង្កើន​វត្តមាន​កងទ័ព​អាមេរិក នៅ​ក្នុង​តំបន់​អាស៊ី។

បើ​តាម​មន្រ្តី​ជាន់ខ្ពស់​នៅ​ក្រសួង​ការបរទេស​អាមេរិក គឺ​តំបន់​អាស៊ាន​ទាំងមូល ដែល​ជា​តំបន់​អាទិភាព​សំខាន់ នៅ​ក្នុងចក្ខុវិស័យ​នៃ​នយោបាយ​ការបរទេស​អាមេរិក។

បញ្ហា​សន្តិសុខ​ និង​ពាណិជ្ជកម្ម គឺ​ជា​ប្រធានបទ​សំខាន់ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម​ នៅ​សហរដ្ឋ​អាមេរិក​ពេលនេះ ក៏ប៉ុន្តែ បញ្ហា​សិទ្ធិមនុស្ស​ ក៏​ជា​រឿង​សំខាន់​មួយ ​ដែល​មេដឹកនាំ​ទាំងពីរ ​ពិបាក​នឹង​ចៀស​រួច ដោយសារ​តែ​មាន​សម្ពាធ​ខ្លាំង ពី​សំណាក់​សមាជិក​សភា​អាមេរិក​ផង និង​ពី​សកម្មជន​សិទ្ធិមនុស្ស​ផង។

កាល​ពី​ខែមុននេះ មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​ខ្លួនឯង​ផ្ទាល់ ដែល​បាន​ធ្វើ​របាយការណ៍​ប្រាប់​សមាជិក​សភា​អាមេរិក អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម ដូចជា ការ​រឹតបន្តឹង​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​អ៊ីនធ័រនែត និង​មាន​ការ​ឃុំខ្លួន​អ្នក​ទោស​នយោបាយ រហូតដល់​ទៅ​ជាង ១២០​នាក់។

សមាជិក​ក្រុមគ្រួសារ​សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​សរសេរ​អត្ថបទ​តាម​អ៊ីនធ័រនែត ដែល​កំពុង​ជាប់ឃុំ​នៅ​វៀតណាម បាន​នាំគ្នា​សរសេរ​លិខិត​រួមគ្នា​មួយ​ ទៅ​លោក​អូបាម៉ា ទាមទារ​ឲ្យ​លោក​អូបាម៉ា​​ដាក់​សម្ពាធ​លើ​​ប្រធានាធិបតី​វៀតណាម ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ ​នៅ​វៀតណាម។ ក្នុង​លិខិត​នេះ គេ​នាំគ្នា​លើកឡើង​ពី​គំរូ​របស់​ភូមា ដែល​បាន​ដោះលែង​អ្នក​ទោស​នយោបាយ និង​ធ្វើ​កំណែទម្រង់​ធំៗ​ជាច្រើន ទើប​អាមេរិក​ដក​ទណ្ឌកម្ម និង​អញ្ជើញ​លោក​ថេន សេន ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​សេតវិមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ