ប្រធានាធិបតីហ្គីណេមកកម្ពុជាដើម្បីសុំទិញអង្ករ
ប្រធានាធិបតីនៃសាធារណរដ្ឋហ្គីណេ លោក អាល់ហ្វា កុងដេ (Alpha CONDE ) ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃនៅកម្ពុជាបានសុំទិញអង្ករពីកម្ពុជាចំនួន៤ម៉ឺនតោនដើម្បីបំពេញកង្វះខាតស្បៀងអាហារនៅក្នុងប្រទេសនេះ។ ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ម្សិលមិញ ប្រធានាធិបតីហ្គីណេក៏បានសុំឲ្យកម្ពុជាជួយដល់វិស័យកសិកម្មប្រទេសរបស់ខ្លួនផងដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៩
ប្រទេសហ្គីណេដែលជាប្រទេសក្រីក្រមួយនៅទ្វីបអាហ្វ្រិកបានសុំទិញអង្ករ៤ម៉ឺនតោនពីកម្ពុជាដើម្បីបំពេញកង្វះខាតស្បៀងអាហារនៅក្នុងប្រទេសរបស់ខ្លួន។ ការសុំទិញអង្ករពីកម្ពុជាបានធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចដោយផ្ទាល់របស់ប្រធានាធិបតីប្រទេសនេះមកកាន់កម្ពុជានៅចុងសប្តាហ៍នេះ។ លោក អាល់ហ្វា កុងដេ (Alpha CONDE ) បានមកដល់ភ្នំពេញកាលពីល្ងាចថ្ងៃទី២៤ឧសភាក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា។
គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការខាងវិស័យកសិកម្មជាមួយកម្ពុជា។ កម្ពុជា និងហ្គីណេ ធ្លាប់បានភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការខាងវិស័យកសិកម្មជាមួយគ្នាតាំងពីឆ្នាំ២០០៨មក។ ប៉ុន្តែកិច្ចសហប្រតិបត្តិការនេះបានផ្អាកមួយរយៈដោយសារតែស្ថានភាពនយោបាយនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។ ដើម្បីតភ្ជាប់កិច្ចសហប្រតិបត្តិការនេះឡើងវិញ ប្រធានាធិបតីជាប់ឆ្នោតថ្មីនៃប្រទេសហ្គីណេបានធ្វើដំណើរមកកម្ពុជាដោយផ្ទាល់ តាមរយៈទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះ។
ក្រៅពីសុំទិញអង្ករយ៉ាងច្រើនពីកម្ពុជា លោក Alpha CONDE ក៏បានសុំឲ្យកម្ពុជាបញ្ជូនអ្នកជំនាញកសិកម្មទៅជួយអភិវឌ្ឍន៍វិស័យកសិកម្មក្នុងប្រទេសហ្គីណេដែលកំពុងតែជួបការខ្វះខាតស្បៀងអាហារផងដែរ។ ឆ្លើយតបទៅនឹងសំណើនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសន្យាថា នឹងបញ្ជូនអ្នកជំនាញទៅប្រទេសហ្គីណេដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្មនៃប្រទេសនេះ។ ប៉ុន្តែ ចំពោះសំណើសុំទិញអង្ករ ៤ម៉ឺនតោនរបស់កម្ពុជានៅមិនទាន់ច្បាស់ថា អាចឆ្លើយតបនឹងតម្រូវការនេះដែរ ឬយ៉ាងណានោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាថា នឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីបំពេញតម្រូវការរបស់ប្រទេសហ្គីណេ។
សូមបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសកាលពីដើមសប្តាហ៍នេះថា កម្ពុជាមិនត្រឹមតែមានស្បៀងគ្រប់គ្រាន់ប៉ុណ្ណោះទេ តែក្នុងឆ្នាំ២០១២នេះ កម្ពុជានៅសល់អង្ករជិត៣លានតោនលើសពីសេចក្តីត្រូវការទៀតផង បើទោះជាទឹកជំនន់ក្នុងឆ្នាំ២០១១បានបំផ្លាញស្រូវយ៉ាងធ្ងន់ធ្ងរក៏ដោយ។ រដ្ឋាភិបាលក្រុងភ្នំពេញមានមហិច្ឆតាចង់ក្លាយជាប្រទេសនាំអង្ករចេញដ៏ធំមួយនៅពេលខាងមុខ។ នេះជាហេតុផលដែលបណ្តាប្រទេសជាច្រើនបានមកទាក់ទងសុំទិញអង្ករពីកម្ពុជារាប់ទាំងប្រទេសហ្គីណេផងដែរ។ ក៏ប៉ុន្តែ កសិកម្មកម្ពុជានៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើទឹកភ្លៀងនៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ