អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទស្សនកិច្ច​មួយជុំ​ទ្វីបអឺរ៉ុប​របស់​លោក​ប្រធានាធិបតី​ចិន ចំពេល​អឺរ៉ុប​កំពុង​ប្រឈម​នឹង​វិបត្តិ​គ្រីមេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរិ៍ ទី២២ មីនា​នេះ លោក​ប្រធានាធីបតី​ចិន​ស៊ី ជីនពីង​ផ្តើម​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អឺរ៉ុប។ បន្ទាប់​មក លោក​ប្រមុខ​រដ្ឋ​ចិន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​ដើម្បី​ចូល​រួម​នៅ​ក្នុង​ជំនួបកំពូល​លើកទី៣​ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ​ដែល​គ្រោង​នឹង​រៀបចំ​ពី​ថ្ងៃទី២៤ និង​២៥ មីនា​សប្តាហ៍​ក្រោយ។ អ្វី​ជា​ការ​កត់សម្គាល់ ដំណើរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប​របស់​លោក​ស៊ី ជីនពីង​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អឺរ៉ុប​កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លំាង​នឹង​ប្រទេស​រស្ស៊ី​ស្តីពី​វិបត្តិ​នៅ​គ្រីមេ។ គឺ​ជា​វិបត្តិការទូត​ដ៏ធ្ងន់ធ្ងរ​មួយ​ដែល​អឺរ៉ុប​មិន​ធ្លាប់​ជួប​ប្រទះ​ទេ តំាង​ពី​ក្រោយ​សង្រ្គាមត្រជាក់​មក។

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​ភរិយា
លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​ភរិយា REUTERS/Edgar Su (INDONESIA)
ផ្សាយពាណិជ្ជកម្ម

មាន​ប្រទេស​អឺរ៉ុប​ចំនួន ៤ ដែល​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច គឺ​ប្រទេស​ហូឡង់ បារំាង អាល្លឺម៉ង់ និង​ប្រទេស​បែលហ្ស៊ិក។ បន្ទាប់​មក លោក​ស៊ី ជីនពីង​ក៏​នឹង​អញ្ជើញ​ទៅ​កាន់​ទីស្នាក់ការកណ្តាល​របស់​អង្គការ Unesco ព្រម​ទំាង ទីស្នាក់ការកណ្តាល​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក មុន​នឹង​ទៅ​ចូលរួម​ជំនួបកំពូល​លើក​ទី៣ ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​ហូឡង់​នៅ​សប្តាហ៍​ក្រោយ។ ហូឡង់​ប្រទេស​ដែល​លោក​ប្រធានាធិបតី​ចិន​បាន​ផ្តើម​ទស្សនកិច្ច​មុន​គេ​នៅ​ថ្ងៃ​សៅរិ៍ ទី២២ មីនា​នេះ។

តំាង​ពី​លោក​ស៊ី ជីនពីង​ចូល​កាន់​តំណែង​ប្រធានាធិបតី​ចិន​បាន​ជាង ១ឆ្នំា​កន្លង​មក នេះ​ជា​លើក​ទីមួយ​បង្អស់​ដែល​លោក​បាន​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ទ្វីបអឺរ៉ុប សម្រាប់​ប្រទេស​ហូឡង់ ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង​ជា​ទស្សនកិច្ច​លើក​ទី១ របស់​ប្រមុខរដ្ឋ​ចិន តំាង​ពី​ប្រទេស​ទំាង​ពីរ​បាន​ភ្ជាប់​ទំនាក់ទំនង​ផ្លូវទូត​ជាមួយ​គ្នា។ ករណី​ប្រទេស​បែលហ្ស៊ិក គឺ​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រធានាធិបតី​ចិន តំាង​ពី ២៧ឆ្នំា​កន្លង​ទៅ។ រីឯ​ប្រទេស​អាល្លឺម៉ង់ នេះ​ជា​លើក​ទីមួយ តំាង​ពី ៨ឆ្នំា​ដែល​អាល្លឺម៉ង់​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋ​ចិន​ម្នាក់។ ចំពោះ​ប្រទេស​បារំាង​វិញ ករណី​ពិសេស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ប្រារព្ធ​ខួប​គម្រប់ ៥០ឆ្នំា​នៃ​ទំនាក់ទំនង​ផ្លូវទូត​រវាង​ក្រុង​ប៉ារីស និង​ក្រុង​ប៉េកំាង។

សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជា​សំណុំរឿង​សំខាន់​នៃ​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង

គោលដៅ​សំខាន់​នៃ​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង គឺ​ដើម្បី​ពង្រឹងបន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ​រវាង​សហភាព​អឺរ៉ុប ជាមួយ​ចិន និង​រវាង​ចិន ជាមួយ​ប្រទេស​អឺរ៉ុប​ទំាង ៤ ពិសេស​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​ស៊ី ជីនពីង​បាន​នំា​យក​ទៅ​ជាមួយ​លោក​នូវ​អ្នកជំនួញចិន​គ្រាក់ៗ​មួយ​ក្រុម​មាន​គ្នា​សរុប​ប្រមាណ​ជា ២០០នាក់។ ក្រសួង​ការបរទេស​ចិន​ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​រួច​ហើយ​ថា ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង​នៅ​ក្នុង​ទ្វីបអឺរ៉ុប គឺ​ជា​ឱកាស​មួយ​ដែល​ចិន​ត្រូវ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ជា​ច្រើន​ដែល​អឺរ៉ុប និង​ចិន ព្រម​ទំាង​ចិន ជាមួយ​ប្រទេស​ពាក់ព័ន្ធ​បាន​ព្រមព្រៀង​គ្នា​នា​ពេល​កន្លង​មក។

ជាមួយ​សហភាព​អឺរ៉ុប ចិន​គ្រោង​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចសន្យា​កម្ម៉ង់ទិញ​យន្តហោះ Airbus ចំនួន ១៥០គ្រឿង។ កន្លង​មក ចិន​ក៏​ធ្លាប់​ទិញ​យន្តហោះ Airbus របស់​អឺរ៉ុប​ដែរ តែ​មិន​សូវ​ច្រើន​ដូច​លើក​នេះ​ទេ។ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ រដ្ឋាភិបាល​ក្រុង​ប៉េកំាង​បាន​លើកឡើង​ពី​កិច្ចព្រមព្រៀង​លើ​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា វិស័យ​ឧស្សាហកម្ម វិស័យ​កសិកម្ម វិស័យ​អាកាសនាវាវិជ្ជា វិស័យ​អប់រំ និង​វិស័យ​វប្បធម៌។ ចំពោះ​ប្រទេស​បារំាង​វិញ ក្រៅ​ពី​ចុះ​ហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ទំាង ៦​ដូច​អាល្លឺម៉ង់ ចិន​ក៏​បាន​ផ្តោត​បន្ថែម​លើ​វិស័យ​ថាមពល និង​នគរោបនីយកម្ម។ ករណី​ពិសេស​មួយ​នៃ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​ក្នុង​ប្រទេស​បារំាង គឺ​ការ​បូកសរុប​លទ្ធផល​នៃ​ទំនាក់ទំនង​រវាង​ចិន និង​បារំាង​ក្នុង​រយៈពេល ៥០ឆ្នំា​កន្លង​ទៅ។

ចិន​កំពុង​ឈឺ​ក្បាល​រឿង​ដែនដី​គ្រីមេ​ដែល​រុស្ស៊ី​កំពុង​ក្រសោប​យក

ក្រៅ​ពី​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ក៏​ត្រូវ​ទៅ​ចូល​រួម​នៅ​ក្នុង​ជំនួបកំពូល​លើកទី៣ ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​ដែល​នឹង​រៀបចំ​ពី​ថ្ងៃទី២៤ ដល់​ថ្ងៃទី២៥ មីនា។ ជំនួបកំពូល​នោះ​នឹង​ត្រូវ​ចូល​រួម​ដោយ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​បរទេស​ប្រមាណ​ជា ៥០រូប ក្នុង​នោះ​ក៏​នឹង​មាន​វត្តមាន​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ដែរ។ សម្រាប់​លោក​ស៊ី ជីនពីង នេះ​ជា​ការ​ចូលរួម​លើកទីមួយ​របស់​លោក និង​ដែល​វត្តមាន​ចិន​នៅ​ក្នុង​ជំនួប​របៀប​នេះ គឺ​ជា​កាយវិការ​ដ៏​សំខាន់​មួយ​របស់​ចិន​នៅ​ក្នុង​បញ្ហា​សន្តិសុខ​អន្តរជាតិ។ នៅ​ក្នុង​ឱកាស​នោះ លោក​ស៊ី ជីនពីង​ច្បាស់​ជា​ផ្តល់​ចេញ​នូវ​យោបល់ ការ​យល់​ឃើញ និង​វិធានការ​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​នុយក្លេអ៊ែរ។

រីឯ​សំណុំរឿង​អន្តរជាតិ​អាទិភាព​មួយ​ទៀត​ដែល​លោក​ស៊ី ជីនពីង​ត្រូវ​បង្ហាញ​ជំហរ​ប្រាប់​ពិភពលោក គឺ​វិបត្តិ​នៅ​គ្រីមេ​ដែល​បស្ចិមលោក និង​ប្រទេស​រុស្ស៊ី​កំពុង​បន្ត​ប្រទាញប្រទង់​គ្នា​យ៉ាង​ខ្លំាង។ រហូត​មក​ដល់​ពេល​នេះ ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី​ហាក់​ដូច​ជា​មិន​សូវ​និយាយ​អ្វី​ច្រើន​ប៉ុន្មាន​ទេ និង​បាន​ព្យាយាម​ប្រកាន់​យក​ផ្លូវកណ្តាល។ ជាក់ស្តែង​ថ្មីៗ​នេះ ចិន​បាន​បោះឆ្នោត​អនុបវាទ​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​ដាក់​ទ័ណ្ឌកម្ម​លើ​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​នៅ​គ្រីមេ។ សម្រាប់​ចិន ដែនដី​គ្រីមេ​របស់​អ៊ុយក្រែន​ដែល​រុស្ស៊ី​កំពុង​ក្រសោប​យក​ពេល​នេះ គឺ​ជា​សំណុំរឿង​មួយ​ដែល​ខ្លួន​កំពុង​ឈឺ​ក្បាល​ខ្លំាង​ណាស់។ ឈឺ​ក្បាល​ព្រោះ​នៅ​ម្ខាង ប៉េកំាង​តែងតែ​បរិហារ​បស្ចិមលោក​ពី​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន តែ​នៅ​ម្ខាង​ទៀត ចិន​ចំា​បាច់​ត្រូវ​តែ​គំាទ្រ​សម្ព័ន្ធមិត្ត​រុស្ស៊ី​របស់​ខ្លួន។

និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​វិញ នេះ​ជា​រឿង​មួយ​ដែល​ប្រទេស​អឺរ៉ុប​មិន​អាច​មិន​លើក​យក​ទៅ​និយាយ​បាន​ទេ តែ​និយាយ​ត្រឹម​កម្រិត​ណា​នោះ វា​ជា​រឿង​មួយ​ផ្សេង​ទៅ​វិញ។ កន្លង​មក​គេ​សង្កេត​ឃើញ​ថា បស្ចិមលោក​មិន​សូវ​លើក​យក​បញ្ហា​នេះ​ទៅ​និយាយ​ជាមួយ​ចិន​ប៉ុន្មាន​ទេ ដោយ​ខ្លាច​បាត់​ប្រយោជន៍​សេដ្ឋកិច្ច។ ចំណែក​ចិន​វិញ​ក៏​មិន​ចង់​ឮ និង​មិន​ចង់​ឲ្យ​ប្រទេស​ណា​មួយ​និយាយ​ដែរ។ សម្រាប់​ចិន រឿង​សិទ្ធិមនុស្ស​របស់​ចិន គឺ​ជា​រឿង​របស់​ចិន​ដែល​ចិន​មិន​ត្រូវ​ការ​មេរៀន​ពី​អ្នក​ណា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ