អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុ​អ្វី​បាន​ជា​កាណាដា​ជជែក​តែ​អំពី​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដោយ​ចៀស​វាង​មិន​និយាយ​ពី​រឿង​សិទ្ធិមនុស្ស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ចុង​សប្តាហ៍​នេះ​ ប្រទេស​កាណាដា​ និង​ប្រទេស​ចិន​បាន​សំរេច​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ចំនួន​ជាង​ ២០ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ ២,៥ ពាន់​លាន​ដុល្លារ​កាណាដា។ កិច្ច​ព្រមព្រៀង​ក្នុង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​ដំណើរ​ទស្សនកិច្ច រយៈ​ពេល​បួន​ថ្ងៃ​របស់​លោក​នាយក​រដ្ឋមន្រ្តី​កាណាដា​ Stephen Harpher ​នៅ​ប្រទេស​ចិន។ អង្គការ​សិទ្ធិមនុស្ស​នៅ​ក្នុង​ស្រុក​បាន​ទទូច​អោយ​លោក​នាយករដ្ឋមន្រ្តី​កាណាដា​ជជែក​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ជា​មួយ​ថ្នាក់ដឹកនាំ​ចិន។​ ទោះបី​ជា​មាន​សម្ពាធ​បែប​នេះ​ក៏​ដោយ​ ថ្នាក់​ដឹកនាំ​កាណាដា​សំរេច​ផ្តោត​តែទៅ​លើ​ប្រធានបទ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ជា​ចម្បង​ ដើម្បី​ចៀសវាង​បង្កើន​ភាពតានតឹង​ផ្នែក​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ដែល​កំពុង​តែ​មាន​ស្រាប់។ 

ប្រធានាធិបតី​ចិន​ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្រ្តី​កាណាដា
ប្រធានាធិបតី​ចិន​ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្រ្តី​កាណាដា ©REUTERS/Petar Kujundzic
ផ្សាយពាណិជ្ជកម្ម

នៅ​មុន​ ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ Stephen Harper ​ទៅ​កាន់​ប្រទេស​ចិន​ បណ្តា​អង្គការ​សិទ្ធិ​មនុស្ស​ និង​បណ្តាញ​សារព័ត៌មាន​ក្នុង​ប្រទេស​កាណាដា​បាន​លើក​សំណួរ​ថា​ តើ​កាណាដា​នឹង​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​ជជែក​ជាមួយថ្នាក់​ដឹកនាំ​ចិន​ដែរឬទេ?​ លោក​ Alex Neve អគ្គលេខា​ធិការ​អង្គការ​ Amnestie International Canada បាន​ជំរុញ​អោយ​លោក​ Harper លើក​យក​ប្រធាន​បទ​នានា​ដូចជា​ បញ្ហា​អ្នកកាន់​សាសនា​ហ្វាលុងគង់​ ជនជាតិ​ភាគតិច​ អ៊ុយហ្គួរ កាន់​សាសនា​ឥស្លាម​ និង​ការឃុំឃាំង​អ្នកទោស​នយោបាយ​ជាដើម ។​ ឆ្លើយតប​ទៅ​នឹង​សំណួរ​អ្នកកាសែត​ក្រោយ​ជំនួប​ជាមួយ​សមភាគី​ចិន​ លោក​នាយក​រដ្ឋមន្រ្តី​ Stephen Harper មិន​បាន​បង្ហាញ​ជា​សាធារណៈ​ពី​ការបារម្ភ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន​ឡើយ។ ផ្ទុយ​ទៅ​វិញ​ លោក​នាយករដ្ឋ​មន្រ្តីចិន​ លី ខឺឈាំង បាន​ប្រកាស​ប្រាប់​ថា មាន​ការជជែក​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ។ ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា ជា​លក្ខណៈ​ស្មោះត្រង់​ និង​បើក​ចំហ ហើយ​ប្រទេស​ចិន​មាន​បំណង​ចង់​កែ​លំអ​ស្ថានការណ៍​ទាំង​នោះ។

 
មូលហេតុ​ដែល​កាណាដា​ចៀសវាង​មិន​លើក​យក​បញ្ហា​សិទ្ធិ​មនុស្សក្នុង​ប្រទេស​ចិន​មក​និយាយ​ជា​សាធារណៈ​ ព្រោះ​រយៈពេល​ចុង​ក្រោយ​នេះ​ ប្រទេស​ទាំងពីរ​មាន​ភាពតានតឹង​ផែ្នកការទូត​ស្រាប់​ទៅ​ហើយ។ កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ កាណាដា​បាន​ចោទ​ប្រកាន់​ចិន​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ដឹកនាំ​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធ័រណេត​មក​លើ​ក្រុមប្រឹក្សា​ជាតិ​ផែ្នក​ស្រាវជ្រាវ​កាណាដា។ ជា​ការ​ឆ្លើយតប អាជ្ញាធរ​ចិន​បាន​ចាប់​ប្តី​ប្រពន្ធ​ជនជាតិ​កាណាដា​ឈ្មោះ​ Kevin និង Julia Garratt ក្រោម​បទ​សង្ស័យ​ថា បាន​ធ្វើ​ចារកម្ម​ក្នុង​ប្រទេស​ចិន។ ប្តី​ប្រពន្ធ​នេះ​ជា​អាជីវករ​បើក​ហាងកាហ្វេ​រស់នៅ​ប្រទេស​ចិន អស់​រយៈ​ពេល​ ៣០ ឆ្នាំ​មកហើយ។ លើស​ពីនេះ ចាប់​តាំង​ពី​ឆ្នាំ​ ២០១២​ មក​ម្ល៉េះ រដ្ឋាភិបាល​កាណាដា​បាន​ទាមទារ​លក្ខខ័ណ្ឌ​ច្រើន​ដល់​វិនិយោគិន តំណាង​ក្រុមហ៊ុន​រដ្ឋ​ចិន​មួយ​ ដែល​មាន​បំណង​ចង់​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ប្រេងកាត​ចំរាញ់​ពី​ដីខ្សាច់​ (Sable bitumineux ឬ Oil sands) នៅ​ក្នុង​ខេត្ត​អាល់​ប៊ែរតា។ ​ក្រៅ​ពី​នោះ​ កាណាដា​នៅ​មិន​ទាន់​បង្ហាញ​ជំហរ​អោយ​បាន​ច្បាស់លាស់​ជុំវិញ​សំណើ​របស់​ចិន​ដែល​ចង់​អោយ​មាន​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​ប្រទេស​ទាំង​ពីរ។ តួ​យ៉ាង​ដូចជា កាល​ពី​ថ្មីៗ​នេះ ក្រោយ​ពី​ចិន​បាន​បង្ហាញ​ភាព​មិន​សប្បាយ​ចិត្ត​ កាណាដា​ទើប​តែបាន​ពន្លឿន​ការអនុម័ត​អោយ​ចូល​ជា​ធរមាន​លើ​កិច្ច​ព្រមព្រៀង​លើក​កម្ពស់​ និង​ការពារ​វិនិយោគិន​កាណាដា​ចិន។

លោក​ David Mulroney អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់ផែ្នក​កិច្ចការ​អន្តរជាតិ​ប្រចាំ​សាកល​វិទ្យាល័យ​តូរុនតូ​បាន​អោយ​ដឹង​ថា ក្នុង​ស្ថានការ​តានតឹង​បែប​ណា​ក៏ដោយ​ គេ​មិន​អាច​មើល​រំលង​ប្រទេស​ចិន​បាន​ឡើយ​ ព្រោះ​ចិន​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់។​ ថ្នាក់​ដឹក​នាំ​កាណាដា​ត្រូវ​ចេះ​លៃលក​រក​វិធីសាស្រ្ត​ជជែក​ជាមួយ​ចិន​ ប្រសិន​បើ​ខ្លួន​ចង់​អោយ​សេដ្ឋកិច្ច​របស់​ខ្លួន​មាន​កំណើន​ទៅ​មុខ។​ បើ​តាម​ការ​វិភាគ​របស់​លោក​ Paul Evans ​វិញ​ ដែល​ជា​សាស្ត្រាចារ្យ​ផែ្នក​ទំនាក់​ទំនង​អន្តរ​ជាតិ​ប្រចាំ​សាកល​វិទ្យាល័យ​ British Columbia នាទី​ក្រុង​ Vancouver ​បាន​អោយ​ដឹង​ថា​ កាណាដា​ហាក់​បន្ទន់​ឥរិយាបថ​ច្រើន​ជាមួយ​ចិន ដោយ​លោក​នាយក​រដ្ឋមន្រ្តី​កាណាដា​ Stephen Harper​ យល់​ព្រម​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​តប​តាម​ការ​អញ្ជើញ​របស់​លោក​ប្រធានាធិបតី​ ស៊ី​ ជីង​ពីង។​ នេះ​ជា​ទស្សនកិច្ច​លើក​ទី​បី​របស់​លោក​ Harper​ ចាប់​តាំង​ពី​បាន​កាន់​ចូល​តំណែង​តាំង​ពីឆ្នាំ​ ២០០៦ មក។​

ទស្សនកិច្ច​ដែល​ផ្តោត​លើ​ពាណិជ្ជកម្ម​នេះ​បាន​ឈាន​ទៅ​ដល់​ការចុះ​កិច្ច​ព្រមព្រៀង​ជាង​ម្ភៃ​ ក្នុង​វិស័យ​មួយ​ចំនួន​ដូចជា​ នុយក្លេអ៊ែរ​ ការដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​ និង​កសិចំណី​អាហារ។ នៅ​ក្នុង​នោះ​ យើង​ឃើញ​មាន​ការវិនិយោគរួម​គ្នា​ជាមួយ​ក្រុមហ៊ុន​កាណាដា Airbone China និង ក្រុមហ៊ុន Heilongjiang InterChina Water ដើម្បី​កាត់​បន្ថយ​ការបំពុល​បរិយាកាស នៅ​ប្រទេស​ចិន។ ការវិនិយោគ​រួម​គ្នា​មួយទៀត​គឺ រវាង​ក្រុមហ៊ុន​កាណាដា​ Plasco ​និង​ក្រុមហ៊ុន Shougang ​ក្នុង​ការកែច្នៃ​សំរាម​អោយ​ទៅ​ថាមពល​អគ្គសនី។ សំរាប់​ប្រទេស​កាណាដា​ចិន​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទី​ពីរ​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។ កាល​ពី​ឆ្នាំ​ ២០១៣ កន្លង​ទៅ​នេះ​ ពាណិជ្ជកម្ម​ទ្វេភាគី​ចិន កាណាដា​មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ៧៣ ពាន់​លាន​ដុល្លារ ពោល​គឺ​ស្មើ​នឹង​ ៧,៧% នៃ​ទំហំ​ពាណិជ្ជ​កម្ម​របស់​កាណាដា​ក្នុង​ពិភពលោក​ទាំងមូល។​ បច្ចុប្បន្ន​នេះ​ ជញ្ជីង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នេះ​មាន​គម្លាត​រហូត​ទៅដល់​ ៣១ ពាន់​លាន​ដុល្លារ ដោយ​កាណាដា​នាំចូល​ពី​ចិន​ក្នុង​រង្វង់​ទឹក​ប្រាក់​ ៥២,៧ ពាន់​លាន់​ដុល្លារ​ ខណៈ​ការនាំចេញ​របស់​កាណាដា​ទៅ​កាន់​ប្រទេស​ចិន មាន​ត្រឹម​តែ​ ២០,៥ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ ក្នុង​ជំនួប​ជាមួយ​អ្នក​វិនិយោគ​ចិន ​ លោក​ Stephen Harper​ ស្នើ​សុំ​ប្រទេស​ចិន​ធ្វើយ៉ាងណា​កាត់​បន្ថយ​គម្លាត​នេះ​បាន​តូច​បំផុត​ ដោយ​អនុញ្ញាត​អោយ​កាណាដា​បង្កើន​ការនាំចេញ​ច្រើន​ថែម​ទៀត ចូល​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន។ សំរាប់​អ្នក​វិនិយោគិន​កាណាដា​ដែល​មាន​វត្តមាន ក្នុង​ជំនួប​នោះ​បាន​អោយ​ដឹង​ថា ចិន​ជា​ទីផ្សារ​មាន​សក្តានុពល​ខ្ពស់​ ប៉ុន្តែ​មិនមែន​ជា​ការ​ងាយ​ស្រួល​ទេ​ក្នុង​ការ​ដណ្តើម​កន្លែង​ក្នុង​ទីផ្សារ​នេះ។​ ក្រៅ​ពី​ឧបសគ្គ​ផែ្នក​វប្បធម៌​ និង​ភាសា​ គេ​ត្រូវ​ការ​ពេលវេលា​ ដើម្បី​អោយ​អ្នក​ប្រើប្រាស់​ចិន​ស្គាល់​ផលិតផល​របស់​កាណាដា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ