អានតួអត្ថបទ
កាណាដា-ចិន

កាណាដា​ និង​ចិន​​ចុះ​ហត្ថលេខា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​

កាល​ពី​ថ្ងៃ​សៅរ៍​ទី ៧ វិច្ឆិកា ក្នុង​ដំណើរ​ទស្សនកិច្ច​ចំនួន​បួន​ថ្ងៃ នៅ​ប្រទេស​ចិន​ លោក​នាយក​រដ្ឋមន្រ្តី​កាណាដា​ Stephen Harper ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ចំនួន​ជាង​ម្ភៃ​ជាមួយ​ប្រទេស​ចិន។ កិច្ច​ព្រមព្រៀង​ទាំង​នោះ​មាន​តំលៃ​ទឹកប្រាក់​សរុប​ប្រមាណ​ ២,៥ ពាន់​លាន​ដុល្លារ​កាណាដា​ ដោយ​ផ្តោត​ទៅ​លើ​វិស័យ​មួយ​ចំនួន​ដូចជា​ នុយក្លេអ៊ែរ​ ការដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ និង​កសិចំណី​អាហារ។ គេ​រំពឹង​ថា កិច្ច​ព្រមព្រៀង​នេះ​អាច​បង្កើន​ការងារ​ថ្មី​ចំនួន​ ២ ពាន់​កន្លែង នៅ​ក្នុង​ប្រទេស​កាណាដា។ 

នាយករដ្ឋមន្រ្តី កាណាដា និង​នាយករដ្ឋមន្រ្តី​ចិន នៅក្នុង​សន្និសីទ​កាសែត ថ្ងៃ​សៅរ៍ ទី ៨​វិច្ឆិកា
នាយករដ្ឋមន្រ្តី កាណាដា និង​នាយករដ្ឋមន្រ្តី​ចិន នៅក្នុង​សន្និសីទ​កាសែត ថ្ងៃ​សៅរ៍ ទី ៨​វិច្ឆិកា ©REUTERS/Petar Kujundzic
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ជំនួប​កិច្ច​សន្ទនា​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ចិន​ លី ខឺឈាំង​ នាទីក្រុង​ប៉េកាំង​ លោក​នាយក​រដ្ឋមន្រ្តី​កាណាដា​ Stephen Harper បាន​ប្រកាស​ដំណឹង​នេះ នៅ​ចំពោះ​មុខ​អ្នក​កាសែត។ ក្នុង​ចំណោម​កិច្ច​ព្រម​ព្រៀង​ទាំង​នោះ​មាន​ដូច​ជា​ កិច្ច​សន្យា​របស់​ក្រុម​ហ៊ុន​ដឹកជញ្ជូន​សាធារណៈ​ចិន​ China Express ក្នុង​ការ​ទិញ​យន្តហោះ​ប្រភេទ​ Série C ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​កាណាដា​ Bombardier។ ប៉ុន្តែ​ សេចក្តីលម្អិត ជុំវិញ​ការសន្យា​ទិញ​នេះ​ពុំ​បាន​បញ្ជាក់​អោយ​ដឹង​ជា​សាធារណៈ​ឡើយ។

 
ក្រៅ​ពី​នោះ​ មាន​កិច្ច​ព្រមព្រៀង​ផ្សេងៗ​ទៀត​ដូច​ជា​ កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ផ្នែក​អាកាសចរណ៍​ស៊ីវិល​ និង​ថាមពល​នុយក្លេអ៊ែរ ការបង្កើត​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​រវាង​ក្រុមហ៊ុន​អាកាសចរណ៍​ Air China ​និង​ Air Canada និង​កិច្ច​សហប្រតិបត្តិការ​ផែ្នក​រដ្ឋាករ​គយ​រវាង​ប្រទេស​ទាំង​ពីរ។ ផ្លែឈើ​ពី​ប្រទេស​កាណាដា​មាន​ជា​អាទិ៍ ផែ្ល​ Cherry​ និង​ផែ្ល​ Bleuet ក៏​នឹង​ត្រូវ​បង្កើន​ការនាំ​ចេញ​ថែម​ទៀត​ចូល​ទៅ​ក្នុង​ទី​ផ្សារ​ប្រទេស​ចិន។​

លើស​ពី​នេះ​ ប្រទេស​កាណាដា​ និង​ប្រទេស​ចិន​ក៏​បាន​ប្រកាស​ឯកភាព​គ្នា បង្កើត​មជ្ឈមណ្ឌល​បំលែង​រូបិយប័ណ្ណ​រវាង​ប្រទេស​ទាំង​ពីរ​ ពោល​គឺ​ការប្តូរប្រាក់​ដុល្លារ​កាណាដា​ និង​ប្រាក់​យ័ន​ចិន ដោយ​ផ្ទាល់ ទៅ​វិញ ទៅ​មក។​ មណ្ឌល​ប្តូរ​ប្រាក់​នេះ​នឹង​មាន​ទីតាំង​នៅ​ទីក្រុង​តូរុនតូ ប្រទេស​កាណាដា ដោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ពី​ធនាគារ​កណ្តាល​ចិន​ ដើម្បី​សំរួល​ដល់​វិនិយោគិនដែល​កំពុង​បណ្តាក់​ទុន​នៅ​ក្នុង​ប្រទេស​កាណាដា​ និង​ប្រទេសចិន។​ តាមរយៈ​ការប្តូរ​ប្រាក់​ដោយ​ផ្ទាល់​នេះ​ វិនិយោគិន​នៃ​ប្រទេស​ទាំង​ពីរ ពុំ​ចាំបាច់​ប្រើប្រាស់​ដុល្លារ​អាមេរិច ដើម្បី ប្តូរ​ពាណិជ្ជកម្ម​ឡើយ។ ពួក​គេ​គ្រាន់​តែ​ប្រើប្រាស់​រូបិយប័ណ្ណ​ប្រទេស​រៀង​ខ្លួន ក្នុង​ការវិនិយោគ។ ប្រតិបត្តិការ​បែប​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា មាន​ភាព​ចំណេញ​ទាំង​ពេល​វេលា ក្នុង​ការ​ផ្ទេរប្រាក់​ និង​កាត់​បន្ថយ​ការចំណាយ​ទូទៅ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ​ លោក​នាយក​រដ្ឋ​មន្រ្តី​កាណាដា​ Stephen Harper ​ក៏​បាន​ប្រកាស​បើក​ការិយាល័យ​ពាណិជ្ជកម្ម​កាណាដា​ចំនួន​ ៤ កន្លែង​ផ្សេង​ទៀត​នៅ​តាម​បណ្តា​ទីក្រុង​សំខាន់ៗ​ក្នុង​ប្រទេស​ចិន​ដូចជា​ ទីក្រុងហាងស៊ូ​ ទីក្រុង​ស៊ាន​ ទីក្រុង​សៀមែន​ និង​ទីក្រុង​ទៀនជិន។​ ជាសរុប​ កាណាដា​មាន​ការិយាល័យ​ពាណិជ្ជកម្ម​ចំនួន​ ១៥ នៅ​ប្រទេស​ចិន​ ដើម្បី​ជួយ​គាំទ្រ​សហគ្រាស​ធុនតូច​ និងមធ្យម​របស់​ខ្លួន​អោយ​អាច​ដណ្តើម​ទីផ្សារ​ក្នុង​ប្រទេស​ចិន។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​ចិន​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ធំ​ទី​ពីរ​របស់​ប្រទេស​កាណាដា បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។​ មាន​ការងារ​ចំនួន​ប្រមាណ​កន្លះ​លាន​កន្លែង នៅ​ប្រទេស​កាណាដា​ ដែល​ពឹង​អាស្រ័យ​លើ ការប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។​ កាល​ពី​ឆ្នាំ​ ២០១៣ កន្លង​ទៅ​នេះ​ ពាណិជ្ជកម្ម​ទ្វេភាគី​ចិន-កាណាដា​មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ ៧៣ ពាន់​លាន​ដុល្លារ​ ពោល​គឺ​ស្មើ​នឹង​ ៧,៧%​ នៃ​ទំហំ​ពាណិជ្ជ​កម្ម​របស់​កាណាដា​ក្នុង​ពិភពលោក​ទាំងមូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ